ប្រធានាធិបតីប្រទេសកូឌីវ័រ (Ivory Coast) ថ្លែងថា យុត្តិធម៌នឹងអនុវត្តឲ្យបានស្មើៗគ្នារវាងក្រុមអ្នកគាំទ្រលោកនិងក្រុមរបស់អតីតប្រធានាធិបតីឡូរ៉ង់ បាក់បូ (Laurent Gbagbo) ដែលមានជំពាក់ទាក់ទិននៅក្នុងអំពើហិង្សាក្រោយការបោះឆ្នោត នៅក្នុងប្រទេស កាលពីពេលថ្មីៗនេះ។ និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯអង្គការសហប្រជាជាតិ លោកអាឡាសាន អ៊ូតារា (Alassane Ouattara) មានប្រសាសន៍ថា អតីតគូប្រជែងរបស់លោកនឹងត្រូវនាំខ្លួនឡើងតុលាការអំពីបទឧក្រិដ្ឋមួយចំនួននៅក្នុងប្រទេសកូឌីវ័រ ហើយសម្រាប់អ្នកដទៃទៀត រដ្ឋាភិបាលកូឌីវ័រនឹងស្វែងរកជំនួយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
លោកប្រធានាធិតីអ៊ូតារាថ្លែងថា អាទិភាពកំពូលរបស់លោកគឺការសម្របសម្រួលផ្សះផ្សាប្រទេសកូឌីវ័រ បន្ទាប់ពីប្រទេសនេះបានត្រូវបែកបាក់ដោយសារអំពើហិង្សា នៅក្រោយជម្លោះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកា។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា គ្មានភាពខុសគ្នាទេនៅក្នុងការអនុវត្តច្បាប់សម្រាប់ក្រុមអ្នកគាំទ្រលោកនិងសម្រាប់ក្រុមអ្នកគាំទ្រលោកបាក់បូ។ ក្រុមអ្នកប្រយុទ្ធនៃភាគីទាំងសងខាងត្រូវចោទប្រកាន់ ថាបានបណ្តាលឲ្យមានការបង្ហូរឈាមដែលបានសម្លាប់មនុស្សអស់ជាង៣០០០នាក់។
«ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា នឹងគ្មានការលើកលែងណាមួយទេ។ ជនជាតិកូឌីវ័រ ទាំងអស់មានសិទ្ធិស្មើគ្នា។ ពួកគេគួរបានទទួលការផ្តល់យុត្តិធម៌ឲ្យបានស្មើៗគ្នា។ គឺហេតុនេះហើយបានជាខ្ញុំបង្កើតគណៈកម្មការជាតិនៃការស៊ើបអង្កេតមួយ កាលពីសប្តាហ៍មុន ហើយគណៈកម្មការនេះនឹងពិនិត្យមើលព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងចាប់តាំងពីការបោះឆ្នោត ជាពិសេសនៅក្នុងតំបន់ភាគខាងលិចនៃប្រទេស ដែលមានមនុស្សស្លាប់ជាច្រើនរយនាក់»។
លោកថ្លែងថា ជនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋនឹងត្រូវនាំឡើងតុលាការ ហើយបើរកឃើញ ថាមានកំហុសនឹងត្រូវពិន័យទោស។
លោកអ៊ូតារាឲ្យដឹងថា លោកបាក់បូ និងភរិយាដែលការចាប់ខ្លួនអ្នកទាំងពីរកាលពីខែមេសាបានជួយបញ្ចប់វិបត្តិនយោបាយនោះ កំពុងត្រូវឃុំខ្លួននៅក្នុងវិមានប្រធានាធិបតី នៅភាគខាងជើងនៃប្រទេស។ លោកថ្លែងថា នៅក្រោមច្បាប់របស់ កូឌីវ័រ មនុស្សដែលមានឋានន្តរសក្តិដូចលោកបាក់បូ ត្រូវទទួលការថែរក្សាប្រកបទៅដោយសេចក្តីថ្លៃថ្នូរ។
នៅពេលគេចោទសួរ ថាតើលោកបាក់បូនឹងត្រូវកាត់សេចក្តីនៅក្នុងប្រទេសកូឌីវ័រ ឬនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្រុងឡាអេ (The Hague) លោកអ៊ូតារាថ្លែងថា មានជម្រើសពីរ។
«ជម្រើសទីមួយគឺចំពោះអំពើដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មសេដ្ឋកិច្ច ចំពោះការប៉ុនប៉ងរក្សាអំណាចដោយគ្មានការបោះឆ្នោត ដែលយើងនិយាយាជាភាសាបារាំងថា ‘អំពើធ្វើឲ្យមានអស្ថិរភាព’ (tentative de destabilisation)។ រឿងទាំងនេះនឹងកាត់សេចក្តីនៅក្នុងប្រទេសកូឌីវ័រ ពីព្រោះយើងមានមធ្យោបាយដើម្បីធ្វើ។ ក៏ប៉ុន្តែប្រព័ន្ធយុត្តិធម៌មានការអាក់ខាន ហើយថែមទាំងមានការបំផ្លាញ ក្នុងពេល១០ឆ្នាំកន្លងទៅនេះ។ សម្រាប់ឧក្រិដ្ឋកម្មសំខាន់ៗ ឧក្រិដ្ឋកម្មធ្ងន់ៗ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មដទៃទៀត យើងបានសុំឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិជួយយើងជាមួយនឹងឧក្រិដ្ឋកម្មប្រភេទនេះ»។
លោកបានបន្ថែមថា លោកបាក់បូនឹងបានទទួលការកាត់សេចក្តីដ៏យុត្តិធម៌មួយ។
នៅក្នុងពេលមានវិបត្តិ លោកបាក់បូត្រូវបានចោទ ថាបានជួលអ្នកស៊ីឈ្នួលជាតិ លីបេរី (Liberian) ឲ្យជួយលោកបន្តកាន់អំណាច។ លោកអ៊ូតារាថ្លែងថា លោកមានការព្រួយបារម្ភអំពីការគំរាមទៅលើសន្តិសុខដែលអាចនៅមានរ៉ាំរ៉ៃ ដោយសារបុគ្គលទាំងនេះ ហើយលោកបានយល់ព្រមជាមួយប្រទេសលីបេរី (Liberia) នៅក្នុងការប្តូរព័ត៌មានគ្នាអំពីពួកអ្នកស៊ីឈ្នួលដែលឆ្លងកាត់ព្រំដែនរវាងប្រទេសកូឌីវ័រ និងលីបេរី។ លោក ថ្លែងថា លោកក៏កំពុងធ្វើផែនការមួយសម្រាប់សន្តិសុខនៅតាមព្រំដែនដែរ។
នៅពេលមុននេះ លោកអ៊ូតារាបានជួបជាមួយលោកបាន គីមូន (Ban Ki-moon) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា លោកទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទាក់ទងទៅនឹងការពង្រឹងស្ថាប័នរដ្ឋ ការរៀបចំឲ្យមាននីតិរដ្ឋ និងសិទ្ធិមនុស្សឡើងវិញ និងការប្រយុទ្ធទល់នឹងនិទណ្ឌភាព និងធ្វើការបង្រួបបង្រួមជាតិ។ លោកអគ្គលេខាធិការបានសម្តែងសេចក្តីសង្ឃឹមថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានឹងទាក់ទាញឲ្យមានការចូលរួមដ៏ទូលំទូលាយ មានរួមទាំងគណបក្សប្រឆាំងផង។
លោកអ៊ូតារាថ្លែងថា លោកសង្ឃឹមថា ការបោះឆ្នោតជ្រើសរើសរដ្ឋសភានឹងប្រព្រឹត្តធ្វើនៅចុងខែវិច្ឆិកាឬដើមខែធ្នូខាងមុខ។ លោកមានប្រសាសន៍ថា វាជារឿងសំខាន់មួយ ដែលត្រូវចាប់ផ្តើមឆ្នាំថ្មី ដោយមានស្ថាប័នរដ្ឋត្រឹមត្រូវ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ