ក្រោយពីកម្ពុជាខកខានមិនបានធ្វើការតែងតាំងសហចៅក្រមស៊ើបអង្កេតអ.ស.បដើម្បីដំណើរការនីតិវិធីនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿងបន្ថែមមកជំនុំជម្រះទោស ក្រុមអ្នកវិភាគខ្លះបានអះអាងថាបញ្ហា ចម្រូងចម្រាសនេះអាចបង្ហាញពីចុងបញ្ចប់នៃសំណុំរឿង០០៣ និង០០៤ ផងការមិនសហប្រតិបត្តិការក្នុងដំណើរការសាលាក្តី ការប៉ះទង្គិចដល់កេរ្តិ៍តំណែលនិងមុខមាត់របស់តុលាការផងដែរ។ ដោយឈរលើស្ថានភាពទាំងនេះក្រុមអ្នកវិភាគខ្លះនៅស.រ.អានិងកម្ពុជាបានផ្តល់ជម្រើសពីការដកខ្លួនថយរបស់អ.ស.ប និងអ្នកខ្លះថា អ.ស.បគួរនៅបន្តតែត្រូវប្រើឥទ្ធិពលរបស់អ.ស.បពិតប្រាកដ។
សំណុំរឿង០០៣ និង០០៤ ត្រូវសហព្រះរាជអាជ្ញាបាន ដាក់ជូនដល់ដៃសហចៅក្រមស៊ើbអង្កេតទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំ២០០៨។ សហចៅក្រមស៊ើបអង្កេត ដែលអ.ស.បបានស្នើកាលពី ខែតុលា រំពឹង ថានឹងដំណើរការនីតិវិធីរបស់ខ្លួនក្នុងការនាំខ្លួនជនសង្ស័យមក ឃុំខ្លួន ស៊ើបអង្កេតបន្ត។ ក៏ប៉ុន្តែ ប្រទេស កម្ពុជា ដែលបានជំទាស់ដាច់ខាតទៅនឹងអ.ស.បដែលចង់ នាំខ្លួនជនសង្ស័យបន្ថែមមកកាត់ទោសនោះ មិនព្រមតែងតាំងសហចៅក្រមស៊ើបអង្កេត ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper Ansermet) ដើម្បីបន្តនីតិវិធី តុលាការនោះទេ ដែលធ្វើឲ្យអ.ស.បខកចិត្ត ខ្លះៗ នឹង ប្រទេសកម្ពុជា។
ដោយមើលឃើញពីទីបញ្ចប់នៃសំណុំរឿងបន្ថែម០០៣និង០០៤ មុនជនសង្ស័យ៥នាក់ត្រូវកាត់ទោស នោះ លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានថ្លែងថាអ.ស.ប ត្រូវតែមានការសម្រេចចិត្តខ្ពស់ពេលនេះជាមួយនឹងជម្រើស៤យ៉ាង។ លោកថ្លែងតាមប្រសាសន៍ដើមដូច្នេះថា៖
«អ.ស.បមានជម្រើសជាច្រើន គឺជំរុញឲ្យបានខ្លាំងចំពោះដំណើរការសំណុំរឿង០០៣ និង០០៤។ ដកថយហើយផ្តោតការយកចិត្តទុកដាក់លើដំណើរការសំណុំរឿងដែលកំពុងកាត់ក្តី០០២។ ហើយនឹងបន្តជម្លោះតូចតាចយ៉ាងទន់ជ្រាយនេះជាមួយរដ្ឋាភិបាលរបស់លោកហ៊ុន សែន ឬ ដកខ្លួនចេញពីដំណើរការសាលាក្តីទាំងស្រុង»។
លោកស្រី នូស្ស៊ីន សាការាទី(Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា Center for Justice and Accountability បានហៅការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតថាជា ភស្តុតាងដែល រដ្ឋាភិបាលចង់បិទទ្វារការិយាល័យសហចៅក្រមស៊ើបអង្កេតដើម្បីរាំងមិនឲ្យសំណុំរឿង០០៣ និង០០៤ ដំណើរការទៅមុខ។ ក៏ប៉ុន្តែលោកស្រីជឿថាអ.ស.បនៅតែមានឥទ្ធិពល។
លោកស្រីបញ្ជាក់ថា៖
«ទោះជាយ៉ាងណាក៏ដោយយើងត្រូវរង់ចាំមើលថាតើអ.ស.បនិងអនុវត្តអំណាចរបស់ខ្លួននិងការទទួលខុសត្រូវរបស់ខ្លួន ឬទេ» ។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាដែលតាមឃ្លាំមើលសាលាក្តីខ្មែរក្រហម បានអះអាងថាអ.ស.បដល់ពេលត្រូវមានជំហររឹងប៉ឹងហើយទាក់ទងនឹងការតែងតាំងនឹងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលបានប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩នោះ។ លោកម៉ុងហៃបាន អះអាងថាបន្ទុករឿងសាលាក្តីធ្លាក់ដល់អ.ស.បថាតើត្រូវតាមកម្ពុជាឬ យ៉ាងណា? ហើយប្រទេសមហាអំណាចធំៗដែលគាំទ្រសាលាក្តីខ្មែរក្រហមត្រូវជួយអ.ស.បទាំងថវិកា និង គាំទ្រដល់អង្គការពិភពលោកនេះកុំឲ្យប៉ះពាល់ដល់មុខមាត់ផងដែរ។
«មិនគួរឲ្យអ.ស.បដែលជាអង្គការពិភពលោកសម្រាប់ពិភពលោកបរាជ័យហើយ ប៉ះពាល់ដល់កិត្តិយស និងបាត់បង់នូវជំនឿពីប្រទេសឯទៀត គឺប្រជាជនផ្សេងទៀតនៅក្នុងពិភពលោក ដែលពឹងផ្អែកទៅលើ អន្តរជាតិពិភពលោកហ្នឹងដើម្បីជួយនៅពេលមានអាសន្នអន់ក្រ»។
លោកថ្លែងទៀតថាអ.ស.បមិនត្រូវដកខ្លួនពីសាលាក្តីខ្មែរក្រហមទេ។ការធ្វើដូច្នោះនាំឲ្យមានការខាតបង់ ទាំងសងខាងគឺកម្ពុជានិងអ.ស.ប។ ទោះជាយ៉ាងណាក៏ដោយលោកបានជំរុញឲ្យកម្ពុជានិងអ.ស.បត្រូវតែ គោរពកិច្ចព្រមព្រៀងដែលបានបង្កើតឡើងមុនបង្កើតសាលាក្តីកាត់ទោសខ្មែរក្រហមដែល លោកសង្កត់ធ្ងន់ថា មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ។
អ.ស.បបានប្រតិកម្មទៅនឹងប្រទេសកម្ពុជាកាលពីសប្តាហ៍មុនចំពោះការមិនតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អង់ស៊ែរមេ (Laurent Kasper Ansermet) ដែលលោកអគ្គលេខាធិការ អ.ស.ប. បាន គីមូន (Ban Ki-Moon) បានជ្រើសតាំងជំនួសលោក ស៊ីកហ្វ្រីដ ប៊្លុង្គ (Siegfried Blunk) ដែល បានលាឈប់ពីមុខតំណែងកាលពីខែតុលា។ អ្នកនាំពាក្យអ.ស.ប លោក Martin Nesirky បានចាត់ទុក ថាកម្ពុជាមានកាត្វកិច្ចតែងតាំងសហចៅក្រមស៊ើបអង្កេត។ លោកបាន ហៅការមិនតែងតាំងគឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរផងនិងជាការរំលោភលើកិច្ចព្រមព្រៀងអ.ស.បនិងកម្ពុជាផង។ ប្រទេសកម្ពុជាបាន ប្រតិកម្ម ភ្លាមៗថាកម្ពុជាជារដ្ឋអធិបតេយ្យ ហើយ
ការតែងតាំងគឺជាការសម្រេចរបស់ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមដែលពុំគួរមានការគាបសង្កត់។
លោក James Goldston នាយកប្រតិបត្តិនៃអង្គការច្បាប់របស់ស.រ.អា ហៅថាOpen Society Justice Initiative (OSJI) បានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាថា ការខកខានមិនបានតែងតាំងសហចៅក្រម ស៊ើបអង្កេត ជាភស្តុតាងបន្ថែមទៀតដែលរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ បន្ថែមមកជំនុំជម្រះទោស និងការប៉ះពាល់បន្ថែមដល់កេរ្តិ៍ឈ្មោះតុលាការដែលកំពុងជាប់ឈ្មោះ អាក្រក់រួចហើយនោះ។
«ជារឿងសំខាន់ចំពោះសមត្ថភាពនៃអង្គជនុំជម្រះនៃសាលាក្តីកាត់ទោសខ្មែរក្រហមដែលសំណុំរឿង០០៣ និង០០៤ ឈានដល់ការបញ្ចប់តាមអង្គហេតុនិងច្បាប់ជាមូលដ្ឋាន។ ការបរាជ័យក្នុងការតែងតាំងសហចៅក្រមស៊ើបអង្កេតអាចមានន័យថាការិយាល័យសហចៅក្រមស៊ើបអង្កេតគ្មានដំណើរការ។ ដូច្នេះសំណុំរឿង០០៣ និង០០៤ មិនអាចដំណើរការដោយការស៊ើបអង្កេតនិងកាត់ក្តីបានល្អិតល្អន់ទេ។ រឿងនេះអាចបង្ហាញពីការមិនអើពើរបស់កម្ពុជាចំពោះកាត្វកិច្ចក្នុងសាលាក្តីខ្មែរក្រហម»។
លោក ប្រេដ អាដាំ (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានដាក់សំណួរទៅលើការពាក់ព័ន្ធរបស់ អ.ស.ប ជាមួយនឹងកម្ពុជារឿងតុលាការខ្មែរក្រហមដល់ទីបញ្ចប់។
«ខ្ញុំគិតថា រឿងនេះជាការរំលោភកិច្ចព្រមព្រៀងដែលអ.ស.បត្រូវតែគិតពិចារណាថាតើអ.ស.ប និងត្រូវពាក់ព័ន្ធក្នុងសាលាក្តីខ្មែរក្រហមឬមិនត្រូវ។ មិនមែនតែសំណុំរឿង០០៣ និង០០៤ទេ។ ព្រោះនេះជារឿងវិបត្តិដ៏ពិតប្រាកដដែលរដ្ឋាភិបាលបានបង្កើត»។
លោក ប្រេដ អាដាំ បានបន្ថែមទៀតថាសាលាក្តីខ្មែរក្រហមនឹងត្រូវគេកត់ត្រាថាមានយុត្តិធម៌កម្រិត តិចតួច និងយឺតយ៉ាវកើតចេញពីការកាត់ទោសជនជាប់ចោទ៤នាក់។
«ខ្ញុំគិតថានោះជាអ្វីដែលប្រវត្តិសាស្ត្រនឹងកត់ត្រា។ ជាការណ៍ពិតរដ្ឋាភិបាលកម្ពុជានឹងត្រូវគេថ្កោលទោស ពីការព្យាយាមពន្យាពេលនិងរារាំងយុត្តិធម៌។ ហើយខ្ញុំគិតថានោះគឺជាទស្សនៈនៅក្នងប្រទេស និង ទស្សនៈនៅក្រៅប្រទេសកម្ពុជា»។
នៅក្នុងជំនួបប្រជុំគ្នាកាលពីថ្ងៃអង្គាររវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាននៃប្រទេសកម្ពុជា និង លោក David Scheffer មន្ត្រីជំនាញការពិសេសរបស់អ.ស.បភាគីកម្ពុជាត្រូវគេរាយការណ៍មកថាខកខានមិនបានបង្កើតឲ្យមានការព្រមព្រៀងណាមួយទាក់ទងនឹងបញ្ហាតែងតាំងនឹងដំណើរការផ្សេងៗទៀតនោះទេ។ នេះបើតាមការបញ្ជាក់ របស់សេចក្តីថ្លែងការណ៍រួមមួយក្រោយពីជំនួបនោះ។
ទោះជាយ៉ាងណាក៏ដោយលោកផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលបានអះអាងថាកិច្ចសហប្រតិបត្តិការរវាងអ.ស.ប និង កម្ពុជានៅបន្តជាធម្មតា ក្នុងគោលដៅរួម។ លោកចាត់ទុកថារឿងការតែងតាំងឬមិនតែងតាំងគឺជារឿងដាច់ដោយឡែកពីការសហការ។
«អ្វីដែលបំណងរួមហើយទិសដៅដូចគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអ.ស.បគឺបំណងទីមួយ ឈានឲ្យទៅដល់អ្វីដែលជាជោគជ័យដ៏មានសារៈសំខាន់បំផុតគឺករណីនៃការវិនិច្ឆ័យក្តី០០២នេះឯង។ ហើយបន្ទាប់មកទៀតហ្នឹងអ្វីដែលយើងមានដូចគ្នាគឺរវាងកម្ពុជានិងអ.ស.បគឺអ្វីដែលជាមរតក៌ទុកចែក ជូនដល់មនុស្សជាតិជំនាន់ក្រោយជាពិសេសគឺកម្ពុជាដែលធ្វើឲ្យមានការផ្លាស់ប្តូរនៃកំណែទម្រង់ នៃប្រព័ន្ធយុត្តិធម៌តាមរយៈនៃការប្រតិបត្តិរបស់សាលាក្តីខ្មែរក្រហមនេះឯងបាទ»។
សំណុំរឿង០០៣និង០០៤មានជនសង្ស័យ៥នាក់ជាកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាលដែលសហ ព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ជាបឋមថាមាន ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា នៅសម័យខ្មែរក្រហមហើយគួរត្រូវនាំខ្លួនមកឃុំឃាំងនិងចោទប្រកាន់ហើយស៊ើបអង្កេត។ ជនសង្ស័យ ទាំង៥នាក់នោះ មានលោក ស៊ូ ម៉េត យឹម ទិត មាស មុត អោម អាន និង អ្នកស្រីអ៊ឹម ចែម។ នេះបើតាម ឯកសារសម្ងាត់ដែលវីអូអេទទួលបានបន្ទាប់ពីត្រូវបណ្តាញផ្សាយព័ត៌មានបរទេសផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធឺណិត។ ជនសង្ស័យ ៣នាក់ក្នុងចំណោម៥នាក់ដែលវីអូអេបានជួបជាបន្តបន្ទាប់ថ្មីៗនេះគឺលោក មាស មុត តាអាន និងអ្នកស្រីអ៊ឹម ចែមបានបកស្រាយជាមួយវីអូអេសំឡេងស.រ.អាផ្នែកខេមរភាសា ហើយបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាបរទេស។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៣នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រីការបរទេសពីបទឧក្រិដ្ឋជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងនឹងបទចោទទៅនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរស្លូតត្រង់ ជាង១លាន ៧សែននាក់។ សាលាក្តីខ្មែរក្រហមដែលចំណាយទឹកប្រាក់ជិត២០០លានដុល្លារបាន កាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលជាអតីតប្រធានគុកទួលស្លែងខ្មែរក្រហម ស ២១ ក្នុងទីក្រុងភ្នំពេញដែលទួលខុសត្រូវលើការសម្លាប់មនុស្សជាង១២.០០០នាក់៕