ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​អំពាវនាវ​ដល់​​ប្រជាជន​នៅ​​តំបន់​ហ្គាហ្សា​ខាង​ជើង​ត្រូវ​ចាកចេញ​ក្នុង​រយៈពេល​២៤ម៉ោង


ពលរដ្ឋប៉ាឡេស្ទីនកាន់សម្ភារៈខ្លះៗ ខណៈកំពុងភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពនៅទីក្រុងហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលបាញ់ប្រហារតាមអាកាស នៅថ្ងសទី ១៣ ខែតុលា ឆ្នាំ ២០២៣។
ពលរដ្ឋប៉ាឡេស្ទីនកាន់សម្ភារៈខ្លះៗ ខណៈកំពុងភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពនៅទីក្រុងហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលបាញ់ប្រហារតាមអាកាស នៅថ្ងសទី ១៣ ខែតុលា ឆ្នាំ ២០២៣។

កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ដល់​ពលរដ្ឋស៊ីវិលឱ្យ​ចាកចេញ​ពី​តំបន់​ទីក្រុង​ហ្គាហ្សា​ដើម្បី​សុវត្ថិភាព​និង​ការពារ​ខ្លួន។​

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ X​ ​អ្នក​នាំពាក្យកងទ័ព​អ៊ីស្រាអែល​ លោក ​Jonathan Conricus​ និយាយ​ថា៖ «កងម្លាំង​អ៊ីស្រាអែល​អំពាវនាវ​ឱ្យ​មាន​ការ​ជម្លៀស​ពលរដ្ឋ​ស៊ីវិល​ទាំង​អស់​ចេញ​ពីតំបន់​ទី​ក្រុង​ ហ្គាហ្សា​ពី​ផ្ទះ​របស់​គេឆ្ពោះទៅ​ទិសខាង​ត្បូង​ ​ដើម្បី​សុវត្ថិភាព​និង​ការពារ​ខ្លួន​ ដោយ​ត្រូវ​ទៅ​កាន់តំបន់​ខាង​ត្បូង​នៃ​ទន្លេ​ហ្គាហ្សា»។​

សេចក្តី​ថ្លែងការណ៍​នេះ​កើត​ឡើងមួយ​ថ្ងៃ​ក្រោយ​ពី​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ដែល​ថា​ មន្ត្រី​យោធាអ៊ីស្រាអែលបាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ទាំង​អស់​ក្នុង​តំបន់​ហ្គាហ្សា​ខាង​ជើង ដែល​មាន​ចំនួន​ប្រហែល ១,១ លាន​នាក់​ ត្រូវ​ប្រញាប់ប្រញាល់​ចាកចេញ​ទៅ​កាន់​តំបន់​ហ្គាហ្សា​ ខាង​ត្បូង​ក្នុង​រយៈពេល​ ២៤ ម៉ោង។​

អ្នក​នាំពាក្យអង្គការសហប្រជាជាតិលោក​ ​Stephane Dujarric ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «អង្គការសហប្រជាជាតិ​គិត​ថា​ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​បម្លាស់​ទី​ពលរដ្ឋ​ដ៏​ច្រើន​បែប​នេះ​ ដោយ​មិន​មានផលវិបាក​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ​នោះ»។ ​

លោក Dujarric ​និយាយ​ថា ការ​បញ្ជា​ឱ្យ​ចាកចេញ​នេះ ក៏​អនុវត្ត​ផង​ដែរទៅ​លើ​បុគ្គលិក​អង្គការ​សហប្រជាជាតិ និង​មនុស្ស​ទាំង​ឡាយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​អគាររបស់​អង្គការ​សហ​ប្រជាជាតិ ដែល​រួមមាន​សាលារៀន​ មណ្ឌល​សុខភាព​និង​គ្លីនិក​ព្យាបាល​ជំងឺ​ជា​ដើម។

ពលរដ្ឋ​ក្នុង​តំបន់​ហ្គាហ្សា​ កំពុង​រស់​នៅក្នុង​ស្ថានភាព​ឡោមព័ទ្ធទាំង​ស្រុង​ ដែល​ត្រូវ​បាន​ដាក់​ចេញក្នុង​សប្តាហ៍​នេះទៅ​លើ​ទឹកដី​ដែល​កំពុង​គ្រប់គ្រង​ដោយក្រុម​សកម្មជន​ហាម៉ាស់​ដែល​ជា​ការ​សងសឹក​មួយ​ ដល់​ការ​វាយប្រហារ​ដ៏​ប្រល័យរបស់​ក្រុម​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​លើទឹកដី​អ៊ីស្រាអែល​ ដែល​បាន​សម្លាប់​ជនស៊ីវិលរាប់រយនាក់។

ចំណែក​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ហ្គាហ្សានេះ​ គឺគ្មាន​ទឹក​ ភ្លើង និង​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​ទេ​នៅ​ពេល​នេះ៕

XS
SM
MD
LG