ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​នៅ​តែ​ជា​បញ្ហា​គោល​នយោបាយ​​ការ​បរទេស​គន្លឹះ​សម្រាប់​លោក​អូបាម៉ា


លោក​ Mahmoud Ahmadinejad​ ប្រធានាធិបតី​អ៊ីរ៉ង់​ពិនិត្យ​រោងចក្រ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម។
លោក​ Mahmoud Ahmadinejad​ ប្រធានាធិបតី​អ៊ីរ៉ង់​ពិនិត្យ​រោងចក្រ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម។

វ៉ាស៊ីនតោន៖ បញ្ហា​គោល​នយោបា​យ​ការ​បរទេស​មជ្ឈិមមួយ ដែល​រដ្ឋ​បាលលោក​អូបាម៉ា កំពុង​ប្រឈមគឺត្រូវបញ្ចុះបញ្ចូល​ប្រទេសអ៊ីរ៉ង់ឲ្យ​បញ្ចប់កម្ម​វិធីចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។

ច្រើន​ឆ្នាំ​មក​ហើយដែលសហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជឿថា ​កម្ម​វិធីចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ធ្វើ​ឡើង​ដើម្បីផលិតអាវុធ​នុយ​ក្លេ​អ៊ែរ។អ៊ីរ៉ង់​បាន​ឲ្យដឹងថា កម្មវិធី​របស់ខ្លួន ធ្វើឡើងក្នុងគោលបំណង​សនិ្តភាព​តែ​ប៉ុណ្ណោះ ដូច​ជាការផលិតឋាមពលអគ្គិសនីជា​ដើម។

ក្នុង​កិច្ច​ប្រឹង​ប្រែងដើម្បី​បញ្ចុះ​បញ្ចូលអ៊ី​រ៉ង់​ឲ្យ​បញ្ចប់​កម្ម​វិធីនុយ​ក្លេ​អ៊ែរ​របស់​ខ្លួន ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជា​ជាតិ បាន​អនុម័តសេចក្តី​សម្រេច​ចិត្តចំនួន​បួន ដែល​នឹង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិ​បាលក្រុងតេអ៊ីរ៉ង់ (Tehran)។លើសពី​នេះ​ ប្រទេស​ដទៃ​ទៀត​មួយ​ចំនួន​ ដែល​រាប់​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក​ផង បាន​ដាក់​ចេញវិធានការរបស់​ខ្លួន។

លោក អ៊ែនថូនី ហ្ស៊ីនី (Anthony Zinni) ឧត្តមសេនីយ៍កង​ម៉ារីន​ដែល​ចូល​និវត្តន៍ មាន​ប្រសាសន៍​ថា​ ទណ្ឌ​កម្មអាចជា​ដាវ​មុខ​ពីរ។លោក​បន្ត​ថា៖

«យើង​ត្រូវ​តែ​ធា​នា​ថា នៅ​ទី​បញ្ចប់ រាល់​ទណ្ឌ​កម្ម​ មិនគួរ​ប៉ះ​ពាល់ដល់ពលរដ្ឋច្រើន ​ជាង​រប​ប​ឡើយ។ក្នុង​ករណី​ជា​ច្រើន ទណ្ឌ​កម្មគឺ​ជា​ឧបករណ៍ដែល​លែង​មាន​ប្រសិទ្ធិភាពហើយ។​អ្នក​កំពុង​ព្យាយាមផ្តោត​ទៅ​លើ​របប ប៉ុន្តែនៅ​ទី​បញ្ចប់ ទណ្ឌ​កម្ម​នេះនឹងធ្លាក់​ទៅ​លើ​ប្រជាពលរដ្ឋទៅ​វិញ​ទេ»។

តែ​ទោះ​យ៉ាង​ណា អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស លោក​ឡរ៉ិនស៍ អ៊ីហ្គលប៊ឺហ្គឺ (Lawrence Eagleburger) នៃ​រដ្ឋ​បាល​លោកចច អេជ​ ដាប់​បិលយូ ប៊ូស (Goerge H. W. Bush) ថ្លែង​ថា សហគមន៍​អន្តរ​ជាតិ ត្រូវ​តែ​ដាក់​សម្ពាធច្រើនថែម​ទៀតទៅ​លើ​អ៊ីរ៉ង់។លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖

«ជា​បឋម​ សហគមន៍​អន្តរ​ជាតិអាច​ធ្វើកិច្ច​ការ​បាន​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ទៅ​ទៀត។​ខ្ញុំ​សូមបញ្ជាក់​ថា អ្វី​ដែល​មាន​អត្ថន័យ​បំផុត​នោះ​គឺ​ ​កិច្ច​ប្រឹង​ប្រែងជាអន្តរ​ជាតិ ដែល​មិន​គ្រាន់​តែជាកិច្ច​ប្រឹង​ប្រែង​របស់យើង​ទេ ប៉ុន្តែជាលក្ខណៈ​អន្តរ​ជាតិ​ ដែលនឹង​កាត់​ផ្តាច់អ៊ីរ៉ង់មិន​ឲ្យ​ទទួល​បានសម្ភារៈចាំ​បាច់សម្រាប់ផលិតអាវុធប៉ុណ្ណោះ ប៉ុន្តែ​លើសពីនេះ គឺធ្វើ​ឲ្យជីវិតសេដ្ឋកិច្ចរបស់គេមាន​ការ​លំបាក​យ៉ាង​ខ្លាំង ប្រសិនបើ​ពួក​គេនៅ​តែ​បន្តកិច្ច​ប្រឹង​ប្រែង»។

លោក​ឧត្តម​សេនីយ៍​ ហ្ស៊ីនី មាន​ប្រសាសន៍​ថា រចនា​សម្ព័ន្ធ​សន្តិ​សុខតំបន់ ត្រូវតែ​បង្កើត​ឡើងនៅ​ជុំ​វិញប្រទេស​អ៊ីរ៉ង់។លោក​បន្ត​ថា៖

«មនុស្ស​ក្នុងតំបន់​ព្រួយ​បារម្ភយ៉ាង​ខ្លាំងអំពី​អ៊ីរ៉ង់។ខ្ញុំគិត​ថា យើងមិនបានធ្វើ​ការរៀប​ចំ​សន្តិសុខ នៅ​ក្នុងផ្នែក​នោះ​នៃពិភព​លោក ​ដែល​បង្ហាញ​ថា អ៊ីរ៉ង់នឹង​ត្រូវ​ស្ថិត​ក្នុង​ភាព​ឯ​កោ​នោះទេ។ខ្ញុំ​គិត​ថា ពួក​គេ​បានផ្តល់​ការ​គំរាម​កំហែង​ដ៏​លាក់​កំបាំង​មួយ ចំពោះ​ប្រទេស​ជិត​ខាង។​ប្រទេស​ជិត​ខាងកំពុង​សម្លឹង​មក​រកយើង និង​ប្រទេស​ផ្សេង​ទៀត ដើម្បីស្វែង​រកប្រព័ន្ធការ​ពារ​ជាតិរួម​គ្នា ដែល​ប្រហែលជាការ​ការ​ពារ​រួម​តាម​ផ្លូវ​អាកាស និង​កាំ​ជ្រួច និង​កម្ម​វិធីដទៃ​ទៀត ដែល​នឹងបង្ហាញប្រាប់ពួក​គេ​ថា យើងបាន​ត្រៀម​ដោះ​ស្រាយរាល់​ការ​គំរាម​កំហែង​ទាំងឡាយ»។

ខណៈ​ដែលប្រកាន់​យកនយោបាយ​ការ​ទូតជាមួយ​អ៊ីរ៉ង់ រដ្ឋ​បាល​លោក​អូបាម៉ា បានឲ្យ​ដឹងថា ជម្រើស​ទាំង​អស់​នៅ​លើ​តុ ​ដែល​ថា ​ភាសា​ការ​ទូត​នេះ​មាន​ន័យ​ថា​ ការ​វាយ​ប្រហារដោយ​យោធា​មិនត្រូវ​បាន​ទាត់​ចោល​ឡើយ។

លោក​ឧត្តម​សេនីយ៍ ហ្ស៊ីនី យល់​ស្រប​ថា រាល់​ជម្រើស​ទាំង​អស់​គួរ​តែ​ទុក​នៅ​លើ​តុ។ប៉ុន្តែ លោកក៏បាន​ព្រមាន​ថា ការ​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​អ៊ីរ៉ង់ អាច​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ។លោក​ថ្លែង​ថា៖

«ប្រសិន​បើ​នៅ​ទី​បញ្ចប់ យើង​មាន​ជម្លោះ​មែន ដែល​នឹង​មាន​ការ​វាយ​ប្រហារ និង​ការ​វាយ​បកវិញ​នៅក្នុងតំបន់ ជម្លោះ​នោះនឹងប៉ះ​ពាល់​ដល់​ប្រភព​ឋាម​ពលដ៏​សំខាន់។​ វា​នឹងប៉ះ​ពាល់ដល់​សេដ្ឋកិច្ចពិភព​លោក។វាអាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ នៅ​ក្នុងពិភពអ៊ី​ស្លាម ប្រសិន​បើជម្លោះ​នោះត្រូវ​បាន​ចាត់​ទុក​ថា​ ជាការ​វាយ​ប្រហារ​ណាមួយ​ដោយ​មិនប្រកាសឲ្យដឹងមុន ដែល​មិន​ត្រូវ​បានបញ្ជាក់​ហេតុ​ផល។តែ​ទោះយ៉ាង​ណា ​ការ​ឃោសនា​បែប​នោះ អាច​ត្រូវ​បាន​ធ្វើ​ឡើង។សមត្ថភាពរបស់​ជន​អ៊ីរ៉ង់ ក្នុងការបាញ់​កាំ​ជ្រួចពី​ទី​តាំង​ចល័ត​ ដាក់​ម៉ីននៅ​តាម​ច្រក​សមុទ្រ ស្ត្រេត ហរ​ម៉ូស (Strait of Hormuz) ធ្វើ​ឲ្យមាន​ភាព​សកម្ម​ឡើង​វិញនូវ​ក្រុមសម្ងាត់​នៃ​បណ្តាញ​ភេរវកម្ម ​និង​ក្រុម​ភេរវកម្ម។ខ្ញុំ​ចង់​និយាយ​ថា កិច្ចការទាំងអស់​នេះ ​អាច​កើន​ឡើងដល់​ចំណុច​មួយ ដែល​យើង​ប្រឈម​នឹង​ជម្លោះ​ធំ​មួយ ហើយស្ថិត​នៅចំ​ណុច​កណ្តាលនៃ​ប្រភព​ឋាមពល ដែល​សេដ្ឋកិច្ច​ពិភព​លោកកំពុង​ពឹង​ផ្អែក»។

លោក ហ្ស៊ីនី និងក្រុម​អ្នក​វិភាគដែល​មាន​ទស្សនៈ​ដូច​គ្នា ថ្លែង​ថា សហគមន៍​អន្តរ​ជាតិអាចស្វែងរកដំណោះ​ស្រាយ​ការ​ទូត ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់​អ៊ីរ៉ង់ ដើម្បីចៀស​វាងការវាយប្រហារផ្នែក​យោធា​ដ៏​មាន​សក្តានុ​ពល ដោយមាន​ផល​វិបាកដ៏​ធ្ងន់​ធ្ងរ សម្រាប់​អ្នក​ទាំង​ឡាយដែលជាប់​ពាក់​ព័ន្ធ៕

ប្រែស​ម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG