ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចោទ​ភ្នាក់ងារ​អ៊ីរ៉ង់​ម្នាក់​ថា​មាន​ផែនការ​ធ្វើ​ឃាត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក


ខិត្តបណ្ណ​ប្រកាស​តាមចាប់ខ្លួន​របស់​ទីភ្នាក់ងារ FBI បង្ហាញរូប Shahram Poursafi ដែល​ត្រូវបាន​គេ​ស្គាល់​ថា Mehdi Rezayi ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក ក្រោយពី​ត្រូវបាន​ចោទប្រកាន់​ពី​បទរៀបចំ​ផែនការ​ធ្វើឃាត​លោក John Bolton។
ខិត្តបណ្ណ​ប្រកាស​តាមចាប់ខ្លួន​របស់​ទីភ្នាក់ងារ FBI បង្ហាញរូប Shahram Poursafi ដែល​ត្រូវបាន​គេ​ស្គាល់​ថា Mehdi Rezayi ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក ក្រោយពី​ត្រូវបាន​ចោទប្រកាន់​ពី​បទរៀបចំ​ផែនការ​ធ្វើឃាត​លោក John Bolton។

ភ្នាក់ងារ​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ផែនការ​សម្ងាត់​ដើម្បី​ធ្វើ​ឃាត​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton ដែល​នេះ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​នាយ​ឧត្តមសេនីយ៍​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​អ៊ីរ៉ង់​កាលពី​ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ជន​សង្ស័យ​ដែល​មាន​ឈ្មោះ​ថា Shahram Poursafi ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​កំណត់​ថា​ជា​សមាជិក​ម្នាក់​នៃ​យោធា​របស់​ប្រទេស​អ៊ីរ៉ង់។ ឥឡូវ​នេះ ជន​នេះ​កំពុង​ត្រូវ​បាន​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) របស់​សហរដ្ឋ​អាមេរិក​តាម​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ផែនការ​ឃាតកម្ម​ស៊ីឈ្នួល​សម្ងាត់។

រដ្ឋអាជ្ញា​បាន​បញ្ជាក់​ថា ផែនការ​សម្ងាត់​ដើម្បី​ធ្វើ​ឃាត​លោក Bolton ដែល​ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​ក្នុង​សម័យ​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ ទំនងជា​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មករា ឆ្នាំ ២០២០ ដែល​បាន​សម្លាប់​នាយ​ឧត្តមសេនីយ៍​អ៊ីរ៉ង់​លោក Qassem Soleimani។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា ជន​ឈ្មោះ Poursafi នេះ​បាន​ព្យាយាម​ជួល​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទឹក​ប្រាក់​ចំនួន ៣០០.០០០ ដុល្លារ​អាមេរិក ដើម្បី​សម្លាប់​លោក Bolton នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ឬ​ក៏​នៅ​រដ្ឋ Maryland ដែល​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន។

ផែនការ​សម្ងាត់​នេះ​ត្រូវ​បាន​លេច​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​តាំង​ពី​ចុង​ឆ្នាំ​មុន​មក ដោយ​មាន​ពេល​មួយ​ជន​ឈ្មោះ Poursafi នេះ​បាន​ប្រាប់​អ្នក​ដែល​ជន​នេះ​ត្រៀម​ជួល​នៅ​សហរដ្ឋ​អាមេរិក​ថា «ខ្លួន​រង​សម្ពាធ​ពី «ពលរដ្ឋ​ខ្លួន»» ដើម្បី​ឱ្យ​ការ​ធ្វើ​ឃាត​នេះ​ធ្វើ​ឡើង​ឱ្យ​បាន​លឿន។ ឥឡូវ​នេះ ជន​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​បរទេស។

អ៊ីរ៉ង់​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នេះ​មាន​លក្ខណៈ​នយោបាយ៕

XS
SM
MD
LG