ភ្នំពេញ៖ នាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ នៅក្នុងសប្ដាហ៍នេះ នឹងចាប់ផ្កើមធ្វើការស៊ើបអង្កេតទៅលើអ្នកទោសមួយរូបជាអតីតស្នងការប៉ូលិសខេត្តរតនគីរី ដែលត្រូវបានអនុញ្ញាតឲ្យចេញក្រៅមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ អតីតស្នងការរូបនេះ បន្ទាប់ពីបានចេញពីពន្ធនាគារ បានបើករថយន្តខ្លួនឯងរហូតបង្កគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្ដាលឲ្យមនុស្សបីនាក់រងរបួស។
លោកហេង ហាក់ ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះថា នៅសប្តាហ៍ក្រោយនេះ លោកនឹងចាត់ឲ្យមន្រ្តីរបស់ លោកទៅធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីមួយក្នុងការដោះលែងអ្នកទោសឲ្យនៅក្រៅឃុំខុសច្បាប់ដោយអនុរក្សពន្ធនាគារខេត្តរតនគីរី។
«រឿងនេះ យើងខ្ញុំអត់ទាន់ច្បាស់ទេ ហើយអាជ្ញាធរនៅខេត្ត គឺខាងស្ថានប័នតុលាការ គេកំពុងតែពិនិត្យបញ្ហាហ្នឹងដែរ។ អញ្ចឹង គឺយើងខ្ញុំនឹងចាត់មន្រ្តីចុះទៅសហការដើម្បីបំភ្លឺរឿងនេះច្បាស់លាស់»។
កាលពីសប្តាហ៍មុននេះ ពិរុទ្ធជនយឿង បាលួង អតីតស្នងការប៉ូលិសខេត្តរតនគីរី ត្រូវបានអនុរក្ស ពន្ធនាគារសម្រេចដោះលែងឲ្យនៅក្រៅឃុំ ដោយគ្មានច្បាប់អនុញ្ញាត ក្នុងខណៈពេលដែលទោសកំហុសរបស់លោកមិនទាន់បានផុតអាជ្ញាយុកាលនៅឡើយ នេះបើតាមការអះអាងរបស់មន្រ្តីសិទ្ធិមនុស្ស។
លោកប៉ែន ប៊ុនណា មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOC ប្រចាំខេត្តរតនគីរី បានមានប្រសាសន៍ថា លោកយឿង បាលូងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាមួយ និងលោកខំា ខឿន អតីតអភិបាលខេត្តរតនគីរី ឲ្យជាប់ពន្ធនាគាររហូតដល់១៣ឆ្នាំ កាលពីឆ្នាំ២០០៦ ពីបទជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ នៅតំបន់កន្ទុយនាគ។លោកបានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ លោកយឿង បាលួងទើបតែជាប់ពន្ធនាគាររយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ នៅក្នុងទោសកំហុសសរុបចំនួន១៣ឆ្នាំ ហើយត្រូវបានអនុរក្ស ពន្ធនាគារអនុញ្ញាតឲ្យនៅក្រៅឃុំ ដោយមិនមានការពិភាក្សាជាមួយនិងខាងមន្រ្តីតុលាការ។
«អ្វីដែលច្បាស់ការសម្រាប់សមាគមADHCOស៊ើបអង្កេតគឺពិតជាលោកយឿង បាលួងហ្នឹងបានចេញក្រៅកាលពីថ្ងៃទី១៥មែន។ អារឿងហ្នឹងត្រូវមានការទទួលខុសត្រូវពីប្រធានពន្ធនាគារ ពីព្រោះតាមព័ត៌មានបន្ថែមទៀត យើងដឹងថា ការដែលពន្ធនាគារឲ្យលោកយឿង បាលួងចេញទៅក្រៅឃុំនេះអត់មានការសុំអនុញ្ញាតពីព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្តរតនគីរីទេ»។
លោករស់ សារាំ ព្រះរាជអាជ្ញារងខេត្តរតនគីរី នៅថ្ងៃពុធនេះ ពុំអាចស្នើសុំទំនាក់ទំនងបានទេ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។
ចំណែកលោករ៉ាយ រ៉ៃ ស្នងការប៉ូលិសខេត្តរតនគីរី បានមានប្រសាសន៍យ៉ាងខ្លីថា «រវល់ណាស់»។
លោកប៉ែន ប៊ុនណាបានមានប្រសាសន៍ទៀតថា បន្ទាប់ពីការដោះលែងចេញពីពន្ធនាគារ លោក យឿង បាលួងបានទៅចូលរួមពិធីបុណ្យប្រពៃណីមួយរបស់ជនជាតិទំពូន ហើយនៅពេលត្រឡប់មក វិញ លោកបានបើកបររថយន្តដោយខ្លួនឯងនៅក្នុងភាពស្រវឹង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្តាលឲ្យមនុស្សចំនួនបីរូបបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ជនរងគ្រោះឈ្មោះសំ កែវ អាយុ១៩ឆ្នាំ និងលោកថាំង ពេជ្រ អាយុ២១ឆ្នាំ បានរងរបួស បាក់ជើង និងបាក់ដៃ ហើយលោកឆេង ងួន ដែលជាអ្នកបើកម៉ូតូ បានទទួលរងរបួសត្រង់ជើង។ អ្នកទាំងបីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។
លោកសុខ វុទ្ធី អាយុ៣៦ឆ្នាំ ជាឪពុកមារជនរងគ្រោះសំ កែវនិងថាំង ពេជ្រ បាននិយាយថា លោក ចង់ឲ្យក្រុមគ្រួសាររបស់លោកយឿង បាលួងចេញថ្លៃព្យាបាលដល់ជនរងគ្រោះរហូតដល់បានជាសះ ស្បើយ។
លោកសុខ វុទ្ធីបានស្តីបន្តោសដល់មន្រ្តីអនុរក្សពន្ធនាគារដែលបានអនុញ្ញាតឲ្យអ្នកទោសចេញក្រៅឃុំដោយខុសច្បាប់នោះថា គួរតែប្រឈមចំពោះមុខច្បាប់។
«អ្នកគ្រប់គ្រងនៅកន្លែងគុកហ្នឹង គាត់ធ្វើអញ្ចឹងអត់មានយុត្តិធម៌ទេ។ ក្នុងចិត្តរបស់ខ្ញុំ អ្នកហ្នឹងមិនគួរនៅកាន់តំណែងតទៅទៀត ពីព្រោះ បើសិនជាទុកតទៅទៀត ថ្ងៃហ្នឹងប៉ុណ្ណឹង ចុះបើថ្ងៃក្រោយទៀតទៅជាយ៉ាងម៉េច? វាមានបន្តទៅទៀត ពីព្រោះលើកទីមួយហ៊ានប៉ុណ្ណឹងទៅហើយ»។
លោកងិន នែល ប្រធានពន្ធនាគារខេត្តរតនគីរី ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកហេង ហាក់ ប្រធាននាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បាន និយាយថា លោកបានទទួលសេចក្តីរាយការណ៍ជំហ៊ានដំបូងថា លោកយឿង បាលួងបានសុំច្បាប់អនុញ្ញាតទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ។
លោកហេង ហាក់បានមានប្រសាសន៍ទៀតថា លោកនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតចំពោះករណីនេះ៕