ដោយបានទាក់ទាញនឹងសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងពលរដ្ឋមានវណ្ណៈកណ្តាល យ៉ាងច្រើន ភោជនីយដ្ឋានមានសាខាច្រើនរបស់សហរដ្ឋអាមេរិកមួយចំនួន កំពុងទៅប្រទេសឥណ្ឌា ដើម្បីលក់នំសាំងវិចនិងប៊ឺហ្គឺ នំផេនខេកនិងសាច់ក្រក កាហ្វេនិងការ៉េម។ ភោជនីយដ្ឋានទាំងនេះ ធ្វើតាមគំរូសាខាអាហារឆ្អិនស្រាប់អន្តរជាតិនានា ដែលមានវត្តមាននៅទីនោះរួចហើយ។
ការធ្វើជំនួញនេះ មានភាពរស់រវើក នៅតាមហាងមាន់បំពងខេនធុកឃី ឬហៅកាត់ថា KFC នៅឯទីផ្សារមួយ ក្នុងទីក្រុងញូវដេលី ខណៈដែលអតិថិជន ឈរតម្រង់ជួរដើម្បីបញ្ជាទិញនៅពេលអាហារថ្ងៃត្រង់។
ភោជនីយដ្ឋានមានសាខាច្រើនរបស់សហរដ្ឋអាមេរិក មានដូចជា KFC, Pizza Hut និង McDonald កំពុងរកប្រាក់ចំណេញពីចំណីអាហារសម្រាប់បរិភោគដែលកំពុងកើនឡើងនៅឥណ្ឌាដែលត្រូវបានដាក់លក់ នៅតាមសាខាអាហារដ្ឋាន របស់លោកខាងលិច មានដូចជា ភីហ្សា ប៊ឺហ្គឺ និងនំសាំងវិចជាដើម។
ទីផ្សារនេះត្រូវបានជំរុញ ដោយប្រទេសមួយដែលប្រជាពលរដ្ឋប្រហែល៧០០លាននាក់ មានអាយុក្រោម៣០ឆ្នាំ ហើយកំពុងរកប្រាក់ចំណូលបានច្រើនជាងមុន ដោយសារតែសេដ្ឋកិច្ចដ៏ក្លៀវក្លា និងកំពុងត្រូវការរសជាតិអាហារឆ្អិនស្រាប់របស់លោកខាងលិច និងយីហោរបស់សកលលោកយ៉ាងឆាប់រហ័ស។
«អាហារនេះអស្ចារ្យណាស់ ដូច្នេះយើងមកទីនេះ»។
«ក្នុងមួយថ្ងៃៗមានរយៈពេលពី៥ទៅ៦ម៉ោង យើងតែងតែចំណាយពេលនៅខាងក្រៅការិយាល័យរបស់យើង ដូច្នេះត្រូវរក្សាទុកអាហារថ្ងៃត្រង់ ដែលធ្វើឲ្យកញ្ចប់របស់យើងមានទម្ងន់ធ្ងន់។ ដូច្នេះវាជាការណ៍ប្រសើរដែលគ្រាន់តែចេញទៅក្រៅ ដើម្បីពិសារអាហារ»។
«ជាពិសេស សម្រាប់និស្សិតមហាវិទ្យាល័យ មានភាពសន្សំសំចៃយ៉ាងខ្លាំង ហើយក្រុមមនុស្សដ៏កកកុញ តែងតែកើតមានជាញឹកញាប់ ដោយសារតែយើងច្រើនឃើញក្រុមយុវវ័យមកទីនេះ»។
ភោជនីយដ្ឋានយុម (នៅឥណ្ឌា) បានបើកហាងលក់អាហារ មានដូចជា Pizza Hut និង KFC ។ លោកសានឌីប កាតារៀ (Sandeep Kataria) ប្រធានផ្នែកទីផ្សារ ថ្លែងថា ការពិសារអាហារនៅខាងក្រៅផ្ទះ កំពុងមានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង។
«ខណៈដែលប្រជាពលរដ្ឋកាន់តែមានសភាពកកកុញ ពួកគេកំពុងស្វែងរកកន្លែងណាដែលអាចទៅពិសារអាហារខាងក្រៅ រកឱកាសកំសាន្ត និងគេចចេញពីទម្លាប់បរិភោគអាហារនៅផ្ទះជារៀងរាល់ថ្ងៃ។ និយាយតាមត្រង់ទៅ ឱកាស និងជម្រើស ដើម្បីការកំសាន្តនៅឥណ្ឌា មានកម្រិតតិចតួចខ្លាំងណាស់។ បច្ចុប្បន្ននេះ អ្វីដែលក្រុមគ្រួសារធម្មតាពិតជាចង់ធ្វើនៅក្នុងប្រទេសឥណ្ឌា គឺត្រូវធ្វើរួមគ្នាជាមួយនឹងការទិញទំនិញ ទស្សនាខ្សែភាពយន្ត និងការពិសារអាហារនៅខាងក្រៅផ្ទះ។ អាស្រ័យហេតុនេះហើយ នោះជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនដូចជាពួកយើង»។
វាហាក់ដូចជាថា ការរកស៊ីនេះ នឹងកាន់តែមានលក្ខណៈធំធេង និងប្រសើរជាងមុន។ ការកើនឡើងតួលេខក្រុមគ្រួសារតូចៗ និងកាលវិភាគធ្វើការងារដ៏មមាញឹក ក៏កំពុងជួយហាងលក់អាហារឆ្អិនស្រាប់ ឲ្យទទួលបានប្រជាប្រិយ៍ភាព នៅតាមប្រទេស ដែលអាហារចម្អិននៅតាមគេហដ្ឋាន និងសម្លការីតាមប្រពៃណី បានគ្របដណ្តប់អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
សក្តានុពលដ៏ធំនៃទីផ្សារនេះ បានផ្តល់កម្លាំងជំរុញដល់ភោជនីយដ្ឋានមានសាខាច្រើន ដែលមិនទាន់មានវត្តមាននៅឥណ្ឌានៅឡើយ។ កាលពីដើមខែនេះ អ្នកតំណាងមកពីសាខាហាងលក់អាហារមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយចំនួនមានដូចជាភោជនីយដ្ឋាន Denny’s Corp, Wendy’s, Pollo Tropical and CKE បានមកធ្វើទស្សនកិច្ចនៅតាមទីក្រុងធំៗ ដូចជាមុំបៃ (Mumbai) ហ៊ីឌើរ៉ាបេត (Hyderabad) និងញូវដេលី (New Dheli) ដើម្បីពិនិត្យអង្កេតរកដៃគូជំនួញដែលចង់ដាក់យីហោរបស់គេ។ ហាងដទៃទៀត មានដូចជា ហាងកាហ្វេStarbucks និង ហាងនំDunkin’ Donuts គ្រោងនឹងចាប់ផ្តើមដំណើរការ នៅប៉ុន្មានខែខាងមុខនេះ។
ភោជនីយដ្ឋានទាំងនេះ ចង់លក់នំសាំងវិច និងប៊ឺហ្គឺ នំផេនខេកនិងសាច់ក្រក កាហ្វេ នំក្រៀមនិងការ៉េម នៅក្នុងប្រទេសដែលមានពលរដ្ឋចំនួន ១,២ពាន់លាននាក់។
លោក រ៉ាហ្កាវ ហ្គូបតា (Raghav Gupta) ទីប្រឹក្សាជាន់ខ្ពស់នៃហាងលក់រាយ នៅទីក្រុងញូវដេលី បានឲ្យដឹងថា មានឱកាសសម្រាប់អ្នករកស៊ីច្រើនថែមទៀត នៅក្នុងឧស្សាហកម្ម ដែលកំពុងរីកលូតលាស់ពីប្រហែល២០ទៅ២៥ភាគរយ ក្នុងមួយឆ្នាំៗ។
«ដោយសារតែមានពេលវេលាតិចជាងមុនសម្រាប់អ្នកដែលចង់ចម្អិនអាហារនៅផ្ទះ ដូច្នេះហើយ ឧស្សាហកម្មនោះ កំពុងជំរុញឲ្យអ្នកទាំងនោះ ពិសារអាហារនៅខាងក្រៅផ្ទះកាន់តែច្រើនឡើងៗ។ ជាលទ្ធផល នៅក្នុងប្រទេសឥណ្ឌា ការពិសារអាហារនៅខាងក្រៅផ្ទះ តែងតែជំរុញចិត្តទៅតាមឱកាសតែប៉ុណ្ណោះ ដូច្នេះមនុស្សពិសារអាហារនោះ នៅពេលមានពិធីបុណ្យខួបកំណើត ឬពិធីអ្វីមួយដែលត្រូវបានបារព្ធ។ ប៉ុន្តែខ្ញុំគិតថា ការពិសារអាហារនៅខាងក្រៅផ្ទះ ដែលជំរុញទៅតាមឱកាស កំពុងផ្លាស់ប្តូរឆ្ពោះទៅការពិសារដែលជំរុញដោយភាពចាំបាច់ផងដែរ»។
នោះមិនមានន័យថា ការតម្រូវចិត្តទៅតាមរសជាតិអាហារបែបឥណ្ឌា ជាភារកិច្ចដ៏ងាយស្រួលនោះទេ។ មុខម្ហូបជាច្រើននៅលើតារាងរាយមុខម្ហូប នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវដកចេញពីបញ្ជីរបស់ហាងដូចជា McDonalds ដោយសារតែប្រជាពលរដ្ឋកាន់សាសនា ហីនឌូ ដ៏លើសលប់ មិនពិសារសាច់គោទេ។ ហើយមុខម្ហូបសាបៗ ក៏មិនមែនជារសជាតិដ៏ឆ្ងាញ់ សម្រាប់អតិថិជនដែលរីកធំធាត់ដោយពិសារសម្លការីមានរសជាតិហិរនោះដែរ។
ដូច្នេះ តារាងរាយមុខម្ហូប ត្រូវកែច្នៃដោយដាក់បញ្ចូលគ្រឿងផ្សំដើម្បីផ្គាប់ចិត្តជនជាតិឥណ្ឌា មានដូចជាខ្ទឹមបារាំង ខ្ទឹមស និងហ្វ្រូម៉ាដុំៗតាមរបៀបឥណ្ឌា។ លោក សានឌីប កាតារៀ នៃភោជនីយដ្ឋានយុម ថ្លែងថា ប៊ឺហ្គឺ និងភីហ្សា ត្រូវបានច្នៃតាមរសជាតិក្នុងស្រុក។
«ពលរដ្ឋឥណ្ឌា ពិតជាចូលចិត្តអាហារមានរសជាតិហិរខ្លាំង។ កត្តាផ្សេងទៀតនោះគឺថា ពលរដ្ឋឥណ្ឌាភាគច្រើន ជាអ្នកពិសារអាហារបួស ឬពិសារអាហារបួសស្ទើរតែពេញមួយសប្តាហ៍។ អាស្រ័យហេតុនេះហើយ តារាងរាយមុខម្ហូប ត្រូវតែពិនិត្យមើលកត្តាទាំងនោះផង។ មុខម្ហូបថ្មីៗជាច្រើនសម្រាប់អ្នកពិសារអាហារបួស ត្រូវបានបង្កើតឡើងនៅឥណ្ឌា»។
ភោជនីយដ្ឋានថ្មីៗជាច្រើន ដែលកំពុងចូលទៅឥណ្ឌា គ្រោងចម្លងតាមហាង ដែលកំពុងបើករកស៊ីនៅឥណ្ឌារួចហើយ ព្រមទាំងបានច្នៃគ្រឿងផ្សំរបស់ខ្លួន ឲ្យស្របទៅតាមរសជាតិក្នុងស្រុក។
ខណៈដែលភោជនីយដ្ឋានដែលកំពុងចូលទៅឥណ្ឌា បានគ្រោងថានឹងបើកហាងនៅតាមទីក្រុងធំៗ ហាងទាំងឡាយដែលបានបង្កើតរួចហើយ មានដូចជា McDonalds និង Pizza Hut កំពុងពង្រីកយ៉ាងលឿនតាមរយៈការបង្កើនហាងរបស់ខ្លួននៅតាមទីក្រុងធំៗ និងវាយលុកចូលទៅក្នុងទីក្រុងតូចៗទៀតផង៕
ប្រែសម្រួលដោយ លី សុខឃាង