ភ្នំពេញ៖ ការិយាល័យអង្កេតឃ្លាំមើល ដើម្បីការពារសិទ្ឋិមនុស្សបាននិយាយថា អ្នកការពារសិទ្ឋិមនុស្សនៅ កម្ពុជាប្រឈមមុខនិងភាពតូចចង្អៀតនៃទំហំលិទ្ឋិប្រជាធិបតេយ្យ។ ការអះអាងនេះ បានធ្វើឡើងនៅក្នុងលទ្ឋផលនៃបេសកម្មស្វែងរកការពិតមួយដែលបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តរតនគីរី ពីថ្ងៃ១៤ដល់ថ្ងៃ ២៤ ខែកុម្ភះ ឆ្នាំ ២០១០។
ការិយាល័យឃ្លាំមើលដើម្បីការពារសិទ្ឋិមនុស្ស ដែលមានការចូលរួមពីសហជីពមកពីប្រទេសហូឡង់ អ្នកស្រាវជ្រាវមកពីប្រទេសអូស្រ្តាលី សហព័ន្ឋសហជីពអន្តរជាតិ អង្គការសិទ្ឋិមនុស្ស LICADHO និងសមាគមសិទ្ឋិមនុស្ស ADHOC នៅថ្ងៃព្រហស្បត៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានចាត់ទុកថា ការបញ្ចេញមតិដែលរួមមាន ការប្រមូលផ្តុំ នៅមានសភាពតូចចង្អៀតនៅឡើយនៃទំហំលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។
ការអះអាងរបស់ការិយាល័យឃ្លាំមើលនេះ បានផ្អែកទៅលើលទ្ឋផលនៃបេសកកម្មស្វែងរកការពិតជាអន្តរជាតិមួយដែលបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តរតនៈគីរី នៅក្នុងរយៈពេល ចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០១០នេះ។
ការិយាល័យនេះ បានរកឃើញថា មេដឹកនាំសហជីព សកម្មជនការពារសិទ្ឋិមនុស្ស សកម្មជនការពារ សិទ្ឋិដីធ្លី និងអ្នកសារព័ត៌មានជាច្រើន បានប្រឈមមុខនឹងការរំលោភសិទ្ឋិមនុស្សយ៉ាងធ្ងន់ធ្ងរ។
យ៉ាងតិចមានមេដឹកនាំសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជាចំនួនបីរូប ដែលរួមមាន លោកជា វិជ្ជា លោករស់ សុវណ្ណារ៉េត និងលោកហ៊ី វុទ្ឋី ត្រូវបានឃាតករបាញ់សម្លាប់ ហើយឃាតករពិតប្រាកដមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។
លោក Jens Tinga អ្នកតំណាងសហជីពមកពីប្រទេសហូឡង់ បានថ្លែងប្រាប់នៅក្នុងអង្គសន្និសីទការ សែត នៅថ្ងៃព្រហស្បត៍នេះថា ការរំលោភសិទ្ឋិប្រជាពលរដ្ឋរឿងវិវាទដីធ្លី ការបណ្តេញចេញដោយបង្ខំ និង សិទ្ឋិបញ្ចេញមតិផ្សេងៗ ត្រូវបានគាបសង្កត់ នៅពេលដែលពួកគេទាមទារសិទ្ឋិអ្វីមួយនោះ។
«អ្នកណាដែលហ៊ាននិយាយចេញ ហើយរិះគន់ គឺត្រូវបានការចោទ ពីការបរិហារកេរ្ត៍ ផ្សាយព័ត៌មាន មិនពិត ញ៉ុះញ៉ុង ហើយទាំងបីហ្នឹង គឺជាបទព្រហ្មទណ្ឌទៅទៀត ហើយអានេះ អត់មានទេនៅអ៊ឺរ៉ុប គេអត់ធ្វើ អញ្ចឹងទេ ចា! »។
លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលធ្លាប់ជាប់ពន្ឋនាគារចំនួន២៨៧ថ្ងៃក្រោមបទចោទ ប្រកាន់ពីបទបរិហាកេរ្ត៍និងផ្សព្វផ្សាយព័ត៌មានមិនពិត បានបញ្ជាក់ថា ក្រោយពីលោកជាប់ពន្ឋនាគាររួចមក លោកគិតថា សេរីភាពនៅកម្ពុជាកំពុងធ្លាក់ចុះ។
លោកបាននិយាយទៀតថា រដ្ឋាភិបាល គួរតែបើកបេះដូងឲ្យទូលំទូលាយ ដើម្បីទទួលយកនូវការរិះគន់ និងទទួលយកនូវការពិចារណា ជាជាងការប្រើប្រាស់នូវភាពផ្តាច់ការរបស់ខ្លួនប្រឆាំងទៅនឹងអ្នករិះគន់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យឃ្លាំមើលដែលបានចេញផ្សាយនៅឆ្នាំ២០១០នេះ ក៏បានលើកយកស្ថានភាពទំនាស់ដីធ្លីនៅស្រុកជីក្រែងខេត្តសៀមរាប ដែលក្នុងទំនាស់នេះ មានការចាប់ប្រជាពលរដ្ឋចំនួន ១២នាក់ យ៉ាងតិចដាក់ពន្ឋនាគារ។
ព្រះភិក្ខុលួន សុវ៉ាត គង់នៅវត្តស្លែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានសាច់ញាតិរបស់ព្រះអង្គ ត្រូវបានចាប់ខ្លួនដាក់ពន្ឋនាគារ ដោយសាររឿងទំនាស់ដីធ្លីដែរនោះ បានមានសង្ឃដីកាប្រាប់ VOA សំឡេង សហរដ្ឋអាមេរិកថា៖
«យើងអត់ឃើញថា យុត្តិធម៌ត្រូវបានដោះ តែទីបំផុត វាត្រូវបានដាក់អយុត្តិធម៌ជំនួសទៅវិញ ដូច្នេះបញ្ហាមិនស្រាយបែរជារឹតចងនូវបញ្ហា រឹតតែបន្ថែមនូវបញ្ហាធ្វើឲ្យពីមួយថ្ងៃ ពីមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកជាម យៀប សមាជិករដ្ឋសភា ខាងគណបក្សប្រជាជនកម្ពុជា បានជំទាស់ទៅនឹងការចោទ ប្រកាន់នេះ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងកែទម្រង់ទៅលើបញ្ហាសិទ្ឋិមនុស្ស ។
«យើងកំពុងតែធ្វើយ៉ាងម៉េចពង្រឹងជាបណ្តើរៗ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ មិនមែនយើង ទាញថយក្រោយ ដូចអ្នកខ្លះបានទិតៀន រយៈកាលកន្លងមកថា នៅកម្ពុជា លិទ្ឋិប្រជាបធិបតេយ្យដើរថយក្រោយ ឬក៏ការគោរពសិទ្ឋិមនុស្សដើរថយក្រោយ មិនមែនអញ្ចឹងទេ»។
គិតរហូតមកដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០០៩នេះ យ៉ាងតិចមានសកម្មជនការពារសិទ្ឋិដីធ្លីចំនួន៥២នាក់ ហើយ ត្រូវបានចាប់ដាក់ពន្ឋនាគារក្នុងប្រទេសកម្ពុជា។ នេះ បើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្កេតនិងឃ្លាំមើល។