ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល៖​ ច្បាប់​ស្ដីពី​សមាគម​​និង​អង្គការ​គឺ​ជា​ការ​គំរាម​កំហែង


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។ អង្គការ​អន្ដរជាតិ​ធំៗ​បំផុត​ក្នុង​ពិភព​លោក​ចំនួន​ប្រាំបី​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ខ្មែរ​បោះបង់​ចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​​និង​អង្គការ​មិនមែន​រដ្ឋា​ភ
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។ អង្គការ​អន្ដរជាតិ​ធំៗ​បំផុត​ក្នុង​ពិភព​លោក​ចំនួន​ប្រាំបី​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ខ្មែរ​បោះបង់​ចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​​និង​អង្គការ​មិនមែន​រដ្ឋា​ភ

បន្ទាប់​ពី​អង្គការ ​Freedom House​ នៅថ្ងៃ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ អង្គការដ៏ធំៗ​ជាង​គេ​ក្នុង​ពិភពលោក​មួយ​ក្រុម​ផ្សេង​ទៀត​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ក៏​ប៉ុន្ដែ​មន្ដ្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា​ សំណើ​នោះ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។

អង្គការ​អន្ដរជាតិ​ធំៗ​បំផុត​ក្នុង​ពិភព​លោក​ចំនួន​ប្រាំបី​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ខ្មែរ​បោះបង់​ចោល​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ដ៏​ចម្រូង​ចម្រាស់​ដោយ​សំអាង​ថា ​សេចក្ដី​ព្រាងច្បាប់​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ​នេះនឹង​ក្លាយ​ជា​ ឩបករណ៍​គំរាម​កំហែង​យ៉ាង​សំខាន់​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស។

សេចក្ដី​ស្នើ​សុំ​រួមគ្នា​នេះ​របស់​អង្គការ​ Human Rights Watch, Amnesty International, Forum Asia, ​Global ​Witness, Southeast Asia Press Alliance, Frontline Defenders, Fidh & OMCT ​នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​លើ​សេចក្ដី​អំពាវនាវ​កាល​ពី​ម្សិលមិញ​របស់​ក្រុម​អង្គការ​អន្ដរជាតិ​ចំនួន​៦២ ​ដែល​កំពុង​តែ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​អង្គការ​ទាំង​៦២​បាន​ស្នើ​ឲ្យ​សហគម​ប្រទេស​ផ្ដល់​ជំនួយ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ដ៏​រឹងមាំ​ជាសាធារ​ណៈ​និង​ជា​លក្ខណៈ​ឯកជន​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ។​ ហើយ​សំណើ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​របស់​អង្គការ​អន្ដរជាតិ​ទាំង​ប្រាំបី​ធ្វើ​ឡើង​ បន្ទាប់ពី​អង្គការ​ Freedom House​ របស់​សហ​រដ្ឋ​អាមេរិកបាន​ទាមទារ​ដូចគ្នា​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ខណៈ​ដែល​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់​ការ​ទទួល​យោបល់​សម្រាប់​ការ​កែ​លម្អ​ច្បាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ហើយ​កំពុងតែ​រៀបចំ​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​នេះ​ទៅ​កាន់​គណៈ​រដ្ឋ​មន្ដ្រី​ដើម្បី​អនុម័ត​ មុន​នឹង​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា។

លោក​ប្រេដ អាដាម​ នាយក​អង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី ​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា​ «សេចក្ដី​ស្នើ​ច្បាប់​របស់​ប្រទេស​កម្ពុជា​អាច​ប្រើ​យ៉ាង​ងាយ​បំផុត​សម្រាប់​ធ្វើ​ការ​បដិសេធ​ការ​ចុះ​បញ្ជី ​ឬ​បិទ​ទ្វារ​អង្គការ​នានា​ ដែល​បម្រើផល​ប្រយោជន៍​សាធារណជន»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​លើក​ឡើង​ថា​ ត្រង់​ចំណុច​នៃ​ការ​ចុះ​បញ្ជី​អង្គការ​ នៅ​តែ​ជា​ការ​ចាំបាច់តម្រូវ​ឲ្យ​ធ្វើ​ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ជា​ច្រើន​ដង​ឲ្យ​អនុលោម​តាម​ស្ដង់ដារ​អន្ដរ​ជាតិ​ក៏​ដោយ។​ នីតិ​វិធី​នៃ​ការ​ធ្វើ​របាយ​ការណ៍​ និង​ការ​ចុះ​បញ្ជី​ដ៏​ច្រើន​ ​ដែល​អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ និង​ទោស​ឧក្រិដ្ឋ​ដល់​អង្គការ​តូចៗ​ សមាគម​ និង​សហគមន៍​ដែល​មាន​កម្រិត​ត្រឹម​ជា​បណ្ដាញ​នោះ​ នៅ​តែ​មាន​ចែង​ក្នុង​ច្បាប់​នេះ​យ៉ាង​ទូលំ​ទូលាយ។ ​អង្គការ​ទាំង​៨​ក៏​បាន​លើក​ពី​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​ការ​ការពារ​តាម​ផ្លូវ​ច្បាប់​ កង្វះ​យន្ដការ​ក្នុង​ការ​សើរើ​ផ្នែក​យុត្តាធិការ​ដ៏​មាន​សារៈ​សំខាន់ ឬ​សិទ្ធិ​ធ្វើ​បណ្ដឹង​សារទុក្ខ​ដែល​មិន​ត្រូវ​បាន​ចែង​ និង​លើក​កង្វល់​ទាក់​ទង​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​និយម​ន័យ​នៅ​ក្នុង​សេចក្ដី​ព្រាងច្បាប់​ដើម​ ដែល​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ។

អ្នក​តំណាង​អង្គការ​អន្តរ​ជាតិ​ធំៗ​ទាំង​៨​ចោទ​សួរ​ថា ​ហេតុ​អ្វី​ក៏​កម្ពុជា​ត្រូវការ​ច្បាប់​អង្គការ​នេះ ​ខណៈ​ដែល​កម្ពុជា​មាន​ច្បាប់ ​និង​បទ​បញ្ជា​ជាច្រើន​រួច​ទៅ​ហើយ​ដែល​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល។​ ទោះ​ជាយ៉ាង​ណា ​ក៏​លោក​ឧត្តមសេនីយ៍​ឯក​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសាន៍​ថា​ កម្ពុជា​មិន​អាច​បោះបង់​ច្បាប់​នេះ​តាម​ការ​ទាមទារ​បាន​ទេ។

«បើ​យើង​បោះបង់​ចោល ​បាន​សេចក្ដីថា ​យើង​បោះបង់​ចោល​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​៩៣​របស់​យើង​ គឺ​យើង​មិន​អាច​បោះបង់​ចោល​ច្បាប់​នេះ​បាន​ទេ។ យើង​បាន​កែប្រែ​តាម​សំណើ​ហើយ​ ប៉ុន្ដែ​យើង​មិន​អាច​កែប្រែ​តាម​អ្នក​ចង់​បាន​ទេ។​ អ្នក​ផ្សេង​ទៀត​ចង់​បាន​ផ្សេង។ ​ដូច្នេះ​យើង​ពិបាក​នឹង​ស្ល​តម្រូវ​មនុស្ស​ចំនួន​ ហាហុក​សិប​នាក់»។

លោក​ឧត្តមសេនីយ៍​ខៀវ សុភ័គ​បញ្ជាក់​ថា​ ក្រសួង​មហា​ផ្ទៃ​នឹង​ពិនិត្យ​សេចក្ដី​ព្រាងច្បាប់​នេះ​ឡើង​វិញ ​ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​គណៈ​រដ្ឋមន្ដ្រី​ដើម្បី​អនុម័ត​ក្នុង​ពេល​ខាងមុខ។

ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ និង​អន្ដរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ធ្វើការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការទាមទារ​ឲ្យ​កែប្រែ​ច្បាប់នេះ​ឲ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង។ ពួកគេ​អះអាងថា​ ច្បាប់​នេះ​មិនមាន​ភាព​ចាំបាច់​ទេ។​ ក្រុម​មន្ដ្រី​អង្គការ​ទាំងនេះ​បាន​ព្យាយាម​ជួប​ជា​មួយ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការ​បរទេស​កាលពី​សប្ដាហ៍​មុន​ ប្រយោជន៍​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ថែម​ទៀត​ពី​រដ្ឋា​ភិបាល​ចំពោះ​កង្វល់​របស់​ពួក​គេ។

មាន​អង្គការ​ជាតិ​ និង​អន្ដរ​ជាតិ​ចំនួន​ប្រមាណ​ជា​៣.០០០​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​នេះ​មាន​១១​ជំពូកនិង៥៨​មាត្រា។​ ច្បាប់​នេះ​តម្រូវ​ឲ្យ​អង្គការ​នានា​ធ្វើ​របាយការ​ស្ដីពី​សកម្មភាព​របស់​ខ្លួន ​និង​របាយ​ការណ៍​ស្ដីពី​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ទៅ​ជូន​រដ្ឋាភិបាល៕

XS
SM
MD
LG