តុលាការអន្ដរជាតិបានចេញបញ្ជាដល់ប្រទេសថៃ និងកម្ពុជាឲ្យដកកងទ័ពចេញយ៉ាងឆាប់រហ័សពីព្រំដែនជម្លោះដែលទាហានពីប្រទេសទាំងពីរ បានប៉ះទង្គិចគ្នាកាលពីដើមឆ្នាំនេះ។ ប្រទេសទាំងពីរទទួលស្វាគមន៍សេចក្ដីសម្រេចចិត្ដដូច្នោះរបស់តុលាការអន្ដរជាតិនៃទីក្រុងឡាអេ ដែលជាដំណើរការតុលាការដែលសម្រេចភាគីណាមួយមានកម្មសិទ្ធិស្របច្បាប់ធ្វើជាម្ចាស់ដែនដី។
តុលាការអន្ដរជាតិនៃទីក្រុងឡាអេ បានប្រកាសកាលពីថ្ងៃច័ន្ទថា ទីកន្លែងជម្លោះនៃព្រំដែនរវាងកម្ពុជានិងថៃ ត្រូវស្ថិតនៅជាតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន។
តុលាការនោះបានសម្រេចថា ភាគីទំាងសង្ខាងត្រូវដកកងកម្លាំងរបស់ខ្លួនចេញភ្លាម ពីតំបន់នៅជុំវិញប្រាសាទបុរាណ ហើយត្រូវអនុញាតឲ្យក្រុមអ្នកសង្កេតការណ៍នៃសមាគមអាស៊ីអាគ្នេយ៍ចូលទៅជួយចៀសវាងមិនឲ្យមានការប៉ះទង្គិចគ្នាថ្មី។
តុលាការបានចេញបញ្ជាថា រហូតដល់ពេលដែលតុលាការចេញសេចក្ដីសម្រេចចិត្ដចុងក្រោយបង្អស់ តុលាការនេះត្រូវតែទទួលបានព័ត៌មានគ្រប់សព្វដែលពាក់ព័ន្ធនឹងករណីនេះ។
រដ្ឋមន្ដ្រីការបរទេសខ្មែរ និង ថៃ បានចូលរួមក្នុងសម័យប្រជុំរបស់តុលាការ ហើយភាគីទាំងពីរបានសម្ដែងការពេញចិត្ដរបស់ខ្លួន មកលើសេចក្ដីសម្រេចរបស់តុលាការ ដោយ និយាយថា ខ្លួននឹងគោរពសាលក្រម។
តុលាការអន្ដរជាតិនិយាយថា វិធានការនោះជាការចាំបាច់ ដោយ ឆាប់រហ័ស ដើម្បីចៀសវាង អ្វី ដែលតុលាការហៅថា «ការខូចខាតដ៏ដំណំ» ខណៈ ដែលតុលាការសម្រេចថានរណាមួយជាម្ចាស់ដែនដីនោះ។
ចៅក្រម ហាសាស្ហ៊ី អូវ៉ាដា (Hisashi Owada) ប្រធានតុលាការ បានអានសេចក្ដីសម្រេចនោះ។
«តាមសម្លេង ១១ ទល់ នឹង ៥ ភាគីទាំងពីរ ត្រូវដកកងទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័ស ចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ននៅបច្ចុប្បន្នកាលនេះដូចចែងនៅក្នុងមាត្រា ៦២ នៃបទបញ្ជាបច្ចុប្បន្ននេះ។ ហើយត្រូវបញ្ឈប់មិនឲ្យមានវត្ដមានយោធា នៅក្នុង តំបន់គ្មានកងទ័ពហើយមិនត្រូវមានសកម្មភាពប្រដាប់អាវុធណាមួយ តម្រង់ទៅរកតំបន់នោះទេ»។
តុលាការក៏បានបដិសេធការទាមទាររបស់ប្រទេសថៃសុំឲ្យទម្លាក់ចោលសេចក្ដីស្នើរបស់ប្រទេសកម្ពុជាដែលសុំឲ្យបកស្រាយសិទ្ធិស្របច្បាប់មកលើដែនដីដែលស្ថិតនៅជុំវិញប្រាសាទខ្មែរហិណ្ឌូអាយុ៩០០ឆ្នាំនោះ។
នៅឆ្នាំ ១៩៦២ តុលាការអន្ដរជាតិបានសម្រេចថា ប្រាសាទនោះជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា តែរដ្ឋាភិបាលទីក្រុងភ្នំពេញនិងបាងកក មានការខ្វែងគំនិតគ្នា នៅលើទំហំដី នៅជុំវិញប្រាសាទ។ ជម្លោះនោះបានផ្ទុះឡើងនៅឆ្នាំ ២០០៨ ពេលដែល អង្គការសហប្រជាជាតិបានប្រកាសថា ប្រាសាទនេះជាបេតិកភណ្ឌពិភពលោក បណ្ដាលឲ្យមានប្រតិកម្មស្នេហាជាតិ នៅក្នុងប្រទេសទាំងពីរ។ កាលពីដើមឆ្នាំនេះ ប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការអន្ដរជាតិបកស្រាយសេចក្ដីសម្រេចចិត្ដដំបូង របស់តុលាការ។
លោក ម៉ាយឃើល ម៉ុងតេសាណូ (Michael Montesano) អ្នកស្រាវជ្រាវគោចរនៃវិទ្យាស្ថានអាស៊ីអាគ្នេយ៍ កនុងទីក្រុងសិង្ហបូរី។ លោកថ្លែងថាសេចក្ដីសម្រេចរបស់តុលាការអាចបកស្រាយថា ជាជ័យជម្នះ ដល់អ្នកជាតិនិយមថៃ ដែលយុទ្ធនាការឃោសនារបស់ខ្លួន ប្រឆាំងការទាមទារយកដែនដី របស់កម្ពុជា បាន ជំរុញឲ្យបង្កើតភាពតានតឹងជាថ្មីឡើងវិញ។
«គេអាចយល់បានថា ហេតុអ្វីក៏កម្ពុជាអាចប្រហែលជាអាក់អន់ចិត្ដចំពោះសេចក្ដីសម្រេចនេះដោយសារតែភាពតានតឹងអំពីរឿងប្រាសាទ កើតចេញមកពីនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ។ នេះ ជាការបើកមុខដំបៅចាស់នៃភាគីថៃដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន។ ហើយស្រាប់តែឥឡូវនេះ កម្ពុជាក៏ត្រូវតុលាការអន្ដរជាតិចាត់ទុកខ្លួនដូចថៃដែរ»។
ទាហានយ៉ាងតិច ២០ នាក់ព្រមទាំងជនស៊ីវិលផងដែរ បានស្លាប់ចាប់តំាងពីមានការប្រយុទ្ធម្ដងម្កាល រវាងយោធារបស់ប្រទេសទាំងពីរ។ ចៅក្រមបានចេញបញ្ជាដល់ប្រទេសថៃ ថា មិនត្រូវបង្កឧបសគ្គមកលើប្រទេសកម្ពុជាទេ ហើយត្រូវ អនុញាតឲ្យមានសេរីភាពក្នុង ការចេញចូលទៅក្នុងប្រាសាទ។ តែយ៉ាងណាម៉ិញ កម្ពុជាចាត់ចែងប្រាសាទ ហើយថៃ ត្រួតត្រាផ្លូវធំចូលទៅដល់ប្រាសាទ៕
ប្រែសម្រួលដោយ អ៊ូ ធួក