សន្និសិទអន្តរជាតិមួយស្តីពីជំនួយបានបញ្ចប់កាលពីសប្តាហ៍មុននេះដោយមានកិច្ចព្រមព្រៀងបង្កើតភាពជាដៃគូសកលលោកថ្មីមួយដើម្បីធ្វើឲ្យប្រាកដថាជំនួយត្រូវបានចែកចាយកាន់តែមានប្រសិទ្ធិភាពឡើង។
សន្និសិទរយៈពេល៣ថ្ងៃហៅថាវេទិកាជាន់ខ្ពស់ទី៤ស្តីពីប្រសិទ្ធិភាពជំនួយ បានត្រូវធ្វើឡើងនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង។ សន្និសិទនោះមានការចូលរួមពីប្រតិភូជាង២ពាន់នាក់មកពីប្រទេស១៦៤ដែលតំណាងឲ្យរដ្ឋាភិបាល ពាណិជ្ជករ អង្គការសង្គមស៊ីវិលនិងអង្គការសប្បុរសធម៌។ សេចក្តីប្រកាសដោយប្រតិភូបានប្រាប់ឲ្យដឹងថាភាពជាដៃគូថ្មីនិងមានការរួមបញ្ចូលគ្នាហើយនឹងតំណាងឲ្យទាំងប្រទេសទទួលជំនួយហើយនឹងសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍហៅកាត់ថា OECD។ សេចក្តីប្រកាសនោះប្រាប់ឲ្យដឹងថា ភាពជាដៃគូថ្មី នឹងផ្តល់ឲ្យនូវកម្មវិធីបើកចំហរ ការឱបក្រសោបយកភាពទីទៃពីគ្នាហើយនឹងផ្តល់វេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹងហើយនឹងសើរើពិនិត្យមើលឡើងវិញជាប្រចាំដល់ដំណើរការនេះ។
រួមនៅក្នុងភាពទីទៃពីគ្នាមានប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើងដែលកំពុងបង្កើតកម្មវិធីជំនួយនិងវិនិយោគទុនដ៏សំខាន់ ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងប្រទេសអាហ្វ្រិកខាងត្បូង។ប៉ុន្តែយោងទៅតាមឯកសារចុងក្រោយ ការប្រកាន់ខ្ជាប់របស់ពួកគេដល់គោលការណ៍បានត្រូវធ្វើឡើងដោយសមាជិកអង្គការOECDមិនមានការបង្ខំឲ្យធ្វើតាមទេ។គោលដៅរួមមានការសម្របសម្រួលកម្មវិធីជំនួយរបស់ប្រទេសម្ចាស់ជំនួយដើម្បីបញ្ចៀសការត្រួតស៊ីគ្នាហើយធ្វើឲ្យកាន់តែមានប្រសិទ្ធិភាពនិងការសម្របសម្រួលកាន់តែខ្លាំងឡើងនៅក្នុងការប្រើប្រាស់ជំនួយនោះ។ ហត្ថលេខី ក៏ព្រមព្រៀងគ្នាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទទួលជំនួយដើម្បីបង្កើតកម្មវិធីកាត់បន្ថយភាពក្រីក្ររបស់ខ្លួនផ្ទាល់ហើយនឹងលប់ចោលលក្ខខណ្ឌពីជំនួយដែលធ្វើឡើងដោយប្រទេសម្ចាស់ជំនួយ។
ចិននិងប្រទេសផ្សេងទៀតបានយល់ព្រមដល់ឯកសារនេះ។
ប៉ុន្តែ ពួកមន្រ្តី OECD បានហៅឯកសារនោះថាជាចំណុចចាប់ផ្តើមហើយ លោកAndrew Mitchell រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអង់គ្លេស បាននិយាយថាឯកសារនោះ តំណាងឲ្យការទទួលស្គាល់គោលដៅរួមហើយនឹងចែករំលែកការតាំងចិត្តដែលជាចំណាត់ការណ៍ក្នុងទិសដៅដូចគ្នា ទោះបីជាមានល្បឿនផ្សេងគ្នាក៏ដោយ។
លោក Brian Atwood ជាអតីតប្រធានទីភ្នាក់ងារ USAID ហើយជាប្រធាននៃគណៈកម្មាធិការជំនួយអភិវឌ្ឍន៍(DAC) នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍហៅកាត់ថា OECD។ លោកមានប្រសាសន៍ថាកិច្ចព្រមព្រៀងនោះបានពិចារណាពីរបៀបដោះស្រាយផ្សេងៗដើម្បីផ្តល់ជំនួយប្រទេសនានានៅផ្នែកខាងត្បូង ជាពិសេសចំពោះជំនួយអភិវឌ្ឍន៍បរទេស(ODA)។
«មានការបញ្ជាក់យ៉ាងច្បាស់នៅក្នុងឯកសារថាប្រពៃណីនៃកិច្ចសហប្រតិបត្តិការណ៍រវាងតំបន់ខាងត្បូងនិងខាងត្បូងជាការខុសគ្នាមួយ។ យើងទទួលស្គាល់បញ្ហានេះក៏ប៉ុន្តែ យើងបាននិយាយដែរពីអ្វីដែលមានសារៈសំខាន់ពិតប្រាកដគឺ លទ្ធផលទៅតាមកម្រិតប្រទេស ហើយ យើងព្រមព្រៀងសម្របសម្រួលសកម្មភាពរបស់យើងនៅកម្រិតនោះ។ យន្តការណ៍អនុវត្តនោះគឺស្ថិតនៅក្នុងប្រទេសខ្លួនគេផ្ទាល់។ ពួកគេចង់មានកម្មវិធីរបស់ខ្លួនឯង ដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ខ្លួនឯងផ្ទាល់ហើយមានម្ចាស់ជំនួយនិងអ្នកផ្តល់ជំនួយធ្វើការជាមួយគ្នាដើម្បីឲ្យបានទទួលលទ្ធផល។ ដូច្នេះ យើងបន្តមានវិធីដោះស្រាយខុសៗគ្នា។
ប្រទេសផ្តល់ជំនួយរវាងតំបន់ខាងត្បូងនិងខាងត្បូង មិនចង់បានរបបដូចគ្នាដែលយើងប្រើប្រាស់ដើម្បីវាស់វែងនឹងផ្តល់ជំនួយក្នុងតំបន់ខាងជើងទេហើយគណៈកម្មាធិការជំនួយអភិវឌ្ឍន៍របស់ OECDដូចក្នុងការរាប់ចំនួនជំនួយអភិវឌ្ឍន៍បរទេស (ODA) ហើយបានព្រមព្រៀងគ្នាមិនឲ្យប្រទេសផ្តល់ជំនួយដាក់លក្ខខណ្ឌជំនួយរបស់យើង។ ប៉ុន្តែ យើងមិនរំពឹងថាពួកគេ នឹងយល់ព្រមចំពោះរឿងនេះទេ។ អ្វីដែលយើងត្រូវតែតស៊ូដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀងមួយសម្រាប់ភាពជាដៃគូសកលមួយ។ នេះជាសមិទ្ធិផលនៃសន្និសិទទីក្រុងBusan។»
លោក Atwood មានប្រសាសន៍បន្តទៀតថាប្រទេសនានានៃអង្គការ OECD និងសមាជិកនៃតំបន់សកលខាងត្បូងកំពុងធ្វើការងារជាមួយគ្នានៅក្នុងអ្វីដែលលោកហៅថាកិច្ចខិតខំប្រឹងប្រែងកម្មវិធីត្រីកោណក្នុងប្រទេសទី៣ឬប្រទេសជាម្ចាស់ផ្ទះ។
«កម្មវិធីត្រីកោណ មានការកើនឡើងយ៉ាងខ្លាំងដែលប្រទេសម្ចាស់ផ្ទះនឹងធ្វើការងារឧទាហរណ៍ជាមួយចិននិងអាមេរិក ឬប្រេស៊ីលដែលធ្វើការងារជាមួយម៉ិចសិចនិងអាមេរិក។ យើងបានឃើញការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រភេទនៃកម្មវិធីទាំងនោះ។ យើងចង់វាយតម្លៃកម្មវិធីទាំងនោះហើយពិនិត្យមើលការអនុវត្តយ៉ាងល្អបំផុត។ នេះជាចំណុចវិជ្ជមានមួយ។ ការណ៍ដែលអស់លោកអ្នកកំពុងអនុវត្តគម្រោងផ្ទាល់ជាមួយប្រទេសផ្សេងទៀតដែលចេញមកពីប្រពៃណីខុសគ្នាជាការរៀនអនុវត្តនិងបង្កើតចំណុចរួមគ្នាមួយ។»
ប្រតិភូដែលចូលរួមសន្និសិទក៏បានព្រមព្រៀងគ្នាផ្តោតការយកចិត្តទុកដាក់លើជំនួយជូនបណ្តាប្រទេសដែលងាយប្រេះឆាដែលមានស្ថាប័នរដ្ឋាភិបាលទន់ខ្សោយដូចជាប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាដើម។ ប្រទេសជាច្រើនមានការព្រួយបារម្មថាពួកគេ នឹងមិនមានសមត្ថភាពឈោងទៅដល់ទិសដៅអភិវឌ្ឍន៍សហស្សវត្សររបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងកាត់បន្ថយយ៉ាងខ្លាំងដល់ភាពក្រីក្រនិងការស្លាប់ស្រ្តីជាមាតានិងកូន។ លោកAtwood បានពណ៌នាអំពីប្រភេទនៃជំនួយនេះដែលរដ្ឋចម្រុះមិនរឹងមាំ( Coalition of fragile states) ដែលគេហៅ G7+ ចង់បានមកពីវេទិកានោះ។
«ពួកគេចង់កំណត់គោលដៅថ្មីសម្រាប់សេចក្តីត្រូវការពិសេសរបស់ខ្លួនគេ។ពួកគេចង់ធ្វើឲ្យមានអាទិភាពដល់នយោបាយតាមផ្លូវច្បាប់ដែលមានន័យថាជួយពួកគេក្នុងការបោះឆ្នោតហើយនឹងបង្កើតសភា សន្តិសុខរបស់ពលរដ្ឋដែលទាក់ទិនដល់អារម្មណ៍របស់ពលរដ្ឋអំពីសន្តិសុខក្នុងលំនៅដ្ឋានរបស់ខ្លួនគេផ្ទាល់ ដោយមិនមានយោធានៅក្បែនោះ ហើយនឹងប្រព័ន្ធយុត្តិធម៌មួយដែលមានដំណើរការទាំងអស់នេះជាគោលដៅសម្រាប់ពួកគេ។ ប្រទេសទាំងអស់នោះចង់បានកម្មវិធីដែលខ្លួនគេដឹកនាំផ្ទាល់ហើយពួកគេចង់មានសមត្ថភាពដើម្បីអនុវត្តកម្មវិធីនោះដោយខ្លួនឯងផ្ទាល់។»
សន្និសិទក៏សង្កត់លើការជឿនលឿនរបស់ OECD លើតម្លាភាព គម្រោងដែលកាន់កាប់ដោយប្រទេសម្ចាស់ផ្ទះហើយនឹងការគាំទ្រស្រ្តី។
សហរដ្ឋអាមេរិក បានយល់ស្របចូលរួមកិច្ចផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិដែលជាកិច្ចប្រឹងប្រែងមួយដែលចេញផ្សាយហើយនឹងការតាំងចិត្តជំនួយជាលម្អិតនិងការផ្តល់ប្រាក់ជំនួយជាប្រចាំ។ កិច្ចផ្តួចផ្តើមក៏គាំទ្រការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានសម្រាប់រៀបចំចាត់ចែងជំនួយផងដែរ។
លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសគ្លីនតុន បានមានប្រសាសន៍ថាឧទាហរណ៍មួយកាលពីពេលថ្មីៗនេះនៃការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់តម្លាភាពគឺការបង្កើត website កាលពីពេលថ្មីៗនេះដើម្បីតាមមើលការវិនិយោគទុនជំនួយរបស់សហរដ្ឋអាមេរិកហៅថាជំនួយបរទេសប៉ាណូបរិធានស្ទង់(Foreign Assistance Dashboard)។Websiteនោះមានគេហទំព័រwww.Foreignassistantce.gov។ លោកស្រីរដ្ឋមន្រ្តីការបរទេសបានប្រកាសកិច្ចខិតខំប្រឹងប្រែងរួមថ្មីដោយរដ្ឋាភិបាលនិងអង្គការអន្តរជាតិមួយចំនួនដែលហៅថា EDGE ឬភស្តុតាងនិងទិន្នន័យសម្រាប់សមភាព Gender ។កិច្ចផ្តួចផ្តើមនោះ នឹងផ្តល់ទិន្នន័យស្តីពីភាពជាសហគ្រិននិងទ្រព្យសម្បត្តិរបស់ស្រ្តី។ មន្រ្តីសហរដ្ឋអាមេរិកនិយាយថាព័ត៌មាននេះនឹងជួយធ្វើកំណែទម្រង់នយោបាយឥណទាន ច្បាប់កម្មសិទ្ធិនិងទទួលកេរ្ត៏មរតកដែលរើសអើងប្រឆាំងស្រ្តី។
ប្រទេសទទួលជំនួយក៏បានបង្ហាញពីការជឿនលឿននៅក្នុងការបើកថវិការបស់ខ្លួនដើម្បីឲ្យគេពិនិត្យពិច្ច័យនឹងក្នុងការរៀបចំកម្មវិធីជំនួយផ្ទាល់របស់ពួកគេ។ នៅឆ្នាំនេះប្រទេស Kenya បានបញ្ចេញនូវកិច្ចផ្តួចផ្តើមទិន្នន័យបើកចំហររបស់ខ្លួនដែលអនុញ្ញាតិឲ្យសាធារណៈពិនិត្យមើលថវិការនិងព័ត៌មានការចំណាយ។
«ខ្ញុំមានការកោតសរសើរដល់ប្រព័ន្ធរបស់ប្រទេស Cape Verde ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដានជំនួយដែលចូលមកក្នុងប្រទេសរបស់ខ្លួនដើម្បីស្ទង់មើលលទ្ធផលនោះ។ ប្រទេស Rwanda បានធ្វើការងារនេះបានយ៉ាងល្អបំផុតដោយមានក្រុមអភិវឌ្ឍន៍ដ៏ខ្លាំងមួយដែលពួកគេធ្វើផែនការយុទ្ធសាស្រ្តនិងសម្របសម្រួលហើយពួកគេដឹកមុខម្ចាស់ជំនួយដោយប្រាប់ពីអ្វីដែលពួកគេចង់ធ្វើឲ្យបានសម្រេច។ ហ្គាណាមានប្រព័ន្ធល្អដែរ។»
លោកAtwoodបានមានប្រសាសន៍ថាសន្និសិទនេះក៏បានសង្កត់លើការរីកចម្រើនក្នុងចំណោមសមាជិករបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍOECDស្តីពីការផ្តាច់ល័ក្ខខ័ណ្ឌចេញពីជំនួយដែលត្រូវបានកំណត់ដោយប្រទេសម្ចាស់ជំនួយ។
លោកមានប្រសាសន៍បន្តទៀតថាសព្វថ្ងៃនេះជំនួយប្រហែល៧០ភាគរយត្រូវបានកាត់ផ្តាច់ល័ក្ខខ័ណ្ឌចោល។ លោកនិយាយទៀតថាប្រទេសជាច្រើនទទួលស្គាល់ថាគេត្រូវតែកាត់បន្ថយសាហ៊ុយចាយវាយឲ្យបានច្រើនហើយនឹងធ្វើឲ្យមានប្រសិទ្ធិភាពកាន់តែច្រើនឡើងដោយការប្រើប្រាស់ប្រភពធនធានក្នុងស្រុកសម្រាប់ធ្វើសម្ភារៈនិងសេវាកម្មហើយនឹងដោយប្រើប្រាស់ការដាក់ដេញថ្លៃបើកចំហរដល់គម្រោងនានាដោយក្រុមហ៊ុននិងអង្គការមិនយកកម្រៃ។
ប៉ុន្តែ លោក Atwood មានប្រសាសន៍បន្តទៀតថាការធ្វើឲ្យជំនួយគ្មានចំណងទាំងស្រុងចេញពីសេចក្តីត្រូវការក្នុងស្រុករបស់ប្រទេសម្ចាស់ជំនួយ ប្រហែលជាការពិបាកមួយ។ ការណ៍នេះពីព្រោះតែការភ្ជាប់ជំនួយបរទេសទៅនឹងទំនិញនិងសេវាកម្មដែលធ្វើនៅសហរដ្ឋអាមេរិកជួយធ្វើឲ្យប្រាកដប្រជាដល់ការគាំទ្រជំនួយបរទេសនៅក្នុងចំណោមអ្នកបង់ពន្ធដារសាធារណៈ៕
ប្រែសម្រួលដោយជឹង ប៉ូជីន