ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រីថៃ​ថ្លែងថា​កម្ពុជា​គួរ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​អប់រំ


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ​ (ស្តាំ) អង្គុយ​ជាប់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ (ឆ្វេង) នៅ​ក្នុង​ឱកាស​ដែល​លោក ថាក់ស៊ីន ធ្វើ​បទ​ឧទ្ទេសនាម​ទៅ​កាន់​អ្នក​សេដ្ឋកិច្ច​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ​ (ស្តាំ) អង្គុយ​ជាប់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ (ឆ្វេង) នៅ​ក្នុង​ឱកាស​ដែល​លោក ថាក់ស៊ីន ធ្វើ​បទ​ឧទ្ទេសនាម​ទៅ​កាន់​អ្នក​សេដ្ឋកិច្ច​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​Thaksin Shinawatra​ បាន​ថ្លែង​កោត​សរសើរ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង​ ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​ព្យាករណ៍​អំពី​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១១នេះ។

លោក​ Thaksin​ បាន​ធ្វើ​បទ​ឧទ្ទេសនាម​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​អាស៊ី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ បើ​ប្រៀបធៀប​នឹង​កំណើន​សេដ្ឋកិច្ច​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ​Thaksin ​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​អាច​ជា​តំណាង​ឲ្យ​សេដ្ឋកិច្ច​នៅ​អាស៊ី ​និង​អាច​មាន​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។

លោក ​Thaksin ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ក្រុម​អ្នក​សេដ្ឋកិច្ច​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ជម្រើស​នានា​ សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អប់រំ​ព្រម​ទាំង​ធ្វើ​ទំនើបកម្ម​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស។

លោក ​ចាន់ ​សុផល ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បាន​តាម​អ្វី​ដែល​លោក​ Thaksin ​ចង់​បាន​ ដើម្បី​ដើរ​ឲ្យ​ទាន់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជិត​ខាង​ជឿន​លឿន​ជាង​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​កម្ពុជា ​មាន​សក្តានុពល​ល្អ​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​ជឿន​លឿន ​និង​មាន​អំណោយ​ផល​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវការ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ និង​ការ​ដឹកនាំ​ ដែល​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ខ្ពស់​យូរ​អង្វែង។

«ខ្ញុំ​ជឿ​ថា​ប្រសាសន៍​របស់​លោក ​Thaksin ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​កម្ពុជា​យើង​ខិតខំ​ចាប់​យក​ផ្លូវ ​ឬ ​ក៏​មាគ៌ា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ខ្ពស់​ គឺ​ហៅ​ថា​ជា​មធ្យម​ជុំវិញ​១០​ភាគរយ។​ អ្នក​ដឹក​នាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​ Thaksin ​ ហើយ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​ដូច​ដែល​គំនិត​របស់​លោក​ Thaksin ​ចង់​បាន»។

លោក​ សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​ថ្លែង​ថា​ ប្រទេស​ម្ពុជា​ ជា​ប្រទេស​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ​ប្រមាណ​ ២.០០០​លាន​ដុល្លារ​អាមេរិច​ក្នុង​មួយ​ឆ្នាំ​ និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​ប្រមាណ​ ៥០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច​ទន់​ខ្សោយ​របស់​កម្ពុជា ​ហើយ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់។

«យើង​គ្រាន់​តែ​ស្តាប់​ពាក្យ​សម្តី​ទាំង​នេះ​ហួស​ពី​ការ​ពិត​ហួស​ហេតុ។ ​យើង​និយាយ​ឲ្យ​សាមញ្ញ ​គឺ​ជា​សម្តី​បញ្ជោរ​ដែល​ឲ្យ​យើង ​ជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​មន្ត្រី​នយោបាយ​ថៃ​ជើង​ចាស់​រូប​នេះ​ និយាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ។​ ដូច្នេះ​ការ​និយាយ​បែប​នេះ​ គឺ​ជា​ការ​និយាយ​ដែល​យើង​អាច​សន្និដ្ឋាន​ថា​ គេ​កំពុង​តែ​បញ្ជោរ​យើង​ ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ហើយ»។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ លោក​ Thaksin ​នឹង​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា​យក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​របស់​លោក។​ ដូច​ដែល​លោក​ចង់​បាន​តំបន់​កោះកុង​ ធ្វើ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​លោក​ និង​បញ្ហា​ប្រេង​ជា​ដើម។

«ខ្ញុំ​មើល​ឃើញ​ថា​ ការណ៍​ដែល​គាត់​លើក​នេះ ​គឺ​ការ​ជាក់ស្តែង​នោះ ​តិច​ណាស់ ​ហើយ​ការ​ប្រមើល​មើល​ពិត​ដូច​គាត់​ថា​នោះ ​វា​តិច​ណាស់។ វា​មិន​ពិត​ទេ។​ ភាគ​ច្រើន​ការ​ដែល​គាត់​លើក​កោត​សរសើរ​នេះ​ ដើម្បី​បញ្ជោរ​លាក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដើម្បី​បើក​ឱកាស​ឲ្យ​គាត់​មក​ឆក់​យក​ប្រយោជន៍​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុនហ្នឹង»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​លោក​ Thaksin ​ផ្នែក​ចំណេះ​ដឹង​ និង​បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​ហើយ​លោក​នឹង​មិន​ពិភាក្សា​អំពី​បញ្ហា​ប្រេង​ និង​ផលប្រយោជន៍​ រវាង​ប្រទេស​ទាំង​ពីរ​ជាមួយ​លោក ​Thaksin ​ទេ៕

XS
SM
MD
LG