ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្រ្ត​ឥណ្ឌូនេស៊ី​ថ្មី​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ដែល​មាន​នៅ​ក្នុង​ស្រុក


អ្នក​វិទ្យាសាស្រ្ត​ឥណ្ឌូនេស៊ី​ថ្មី​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ដែល​មាន​នៅ​ក្នុង​ស្រុក
អ្នក​វិទ្យាសាស្រ្ត​ឥណ្ឌូនេស៊ី​ថ្មី​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ដែល​មាន​នៅ​ក្នុង​ស្រុក

នៅ​សប្តាហ៍​នេះ​ អ្នក​វិទ្យាសាស្រ្ត​ឥណ្ឌូនេស៊ី​បាន​ជួប​ជាមួយ​ដៃគូ​វិទ្យាសាស្រ្ត​ជនជាតិ​អាមេរិក​របស់​ខ្លួន​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​និង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​គម្រោង​វិទ្យាសាស្រ្ត​ផ្សេងៗ​ ដូចជា​ប្លាស្ទិក​ដែល​ផលិត​ពី​រុក្ខជាតិ​ក្នុងស្រុក កោសិកា​ប្រេង​ឥន្ធនៈ​ថ្មី​និង​ប្រភេទ​ស្រូវ​ផ្សេងៗ​ដែល​មាន​គុណភាព​ល្អ​សម្រាប់​សុខភាព។​ Sarah Schonhardt ​បាន​ចូលរួម​សន្និសីទ​នោះ ​ហើយ​រាយការណ៍​អំពី​គំនិត​និង​គោល​បំណង​ដែល​នៅ​ពី​ក្រោយ​សន្និសីទ​វិទ្យា​សាស្រ្ត​នេះ។

Yessi Permana​និង​ Marsia Gustiananda​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធានបទពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។​ ម្នាក់​ធ្វើ​ការ​សិក្សា​ពី​គ្រឿង​ប្លាស្ទិក​ដែល​អាច​ពុក​ផុយ​ ​ហើយ​ម្នាក់​ទៀត​សិក្សា​ពី​ជម្ញឺ​ឆ្លង។

ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​បានជំរុញ​ដោយ​សេចក្តី​ប្រាថ្នា​ដែល​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​រីក​ចម្រើន​ពី​បច្ចេក​វិទ្យា​ដែល​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក។

Permana​កំពុង​តែ​ធ្វើការ​ដើម្បី​បង្កើត​ប្លាស្ទិក​ដែល​ចម្រាញ់​ចេញ​ពី​ប្រេង​សណ្តែក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។​ គោល​បំណង​ចម្បង​របស់​គាត់​គឺ​ដើម្បី​ស្វែង​ឲ្យ​មាន​ការ​ប្រើប្រាស់​រុក្ខជាតិ​តំបន់​ត្រូពិច​ដ៏​សម្បូរ​បែប​ដែល​លូតលាស់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឧស្សាហកម្ម​ឲ្យ​ច្រើន​ឡើង។​ការ​បង្កើត​ផ្លាស្ទិច​ពី​រុក្ខជាតិ​នឹង​ជួយ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​គ្រប់គ្រង​បញ្ហា​ទាក់ទង​នឹង​ការ​ចាក់​សម្រាម។

«ការ​ផ្តោត​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ការ​ប្រើប្រាស់​សក្តានុពល​របស់​ឥណ្ឌូនេស៊ី។​គ្រឿង​ជីវសាស្រ្ត​គឺ​មាន​យ៉ាង​សម្បូរបែប​នៅ​ទី​នេះ។​គោល​បំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ប្រាប់​ទៅ​ក្រុមហ៊ុន​បរទេស​ថា​ ​បើសិន​ជា​អ្នក​ចង់​មក​ប្រទេស​របស់​ខ្ញុំ​ សូម​កុំ​នាំយក​វត្ថុ​ធាតុ​ដើម​ចេញ​ទៅ សូម​ទិញ​ផលិតផល​សម្រេច​តែ​ម្តង​ទៅ»។

បើ​ទោះ​ជា​បច្ចុប្បន្ន​ក្រុមហ៊ុន​ជាច្រើន​ផលិត​ប្លាស្ទិក​ពី​ធនធាន​ដែល​កកើត​ជា​ថ្មី​ដើម្បី​ជៀស​វាង​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​គីមី​ក៏​ដោយ ក៏​Permana​និយាយ​ថា​ ការ​ស្រាវជ្រាវ​របស់​គាត់​គឺ​មាន​លក្ខណៈដាច់​ដោយ​ឡែក​ដោយសារ​តែ​វា​ប្រើប្រាស់​ផលិតផល​ដែល​មិន​អាច​បរិភោគ​បាន​ ដែល​មិន​ធ្វើ​ឲ្យ​ស្ទះ​កន្លែង​ចោល​កាក​សំណល់។

Permana​បាន​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ បន្ទាប់​ពី​ទទួល​សញ្ញា​ប័ត្រ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ​តូក្យូ​ ប៉ុន្តែ​បាន​និយាយ​ថា​ គាត់​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​គាត់​ដឹង​ពី​របៀប​ធ្វើការ​របស់​រោងចក្រ​ដែល​មាន​សាខា​ធំៗ​ជា​អន្តរជាតិ។

តាម​ដែល​គាត់​បាន​ឃើញ​ បញ្ហា​ស្ថិត​នៅ​លើ​ការ​យក​វត្ថុ​ធាតុដើម​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កែច្នៃ​ជា​ផលិតផល​សម្រេច​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​បញ្ជូន​យក​មក​លក់​វិញ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​តម្លៃ​ខ្ពស់។

អ្នក​វិទ្យាសាស្រ្ត​អាយុ​៣៦​ឆ្នាំ​នេះ​និយាយថា​ គាត់​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ប្រទេស​ជប៉ុន​ ហើយ​ត្រឡប់​មក​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ ​បន្ទាប់​ពី​ការ​ស្វែង​យល់​ដែល​គាត់​បាន​ដឹង​នៅពេល​ដែល​គាត់​ផ្លាស់​ប្តូរ​ក្រណាត់​កន្ទប​ទារក។

«ដោយ​សារ​តែ​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​ក្រណាត់​កន្ទប​ទារក​នៅ​ផ្ទះ​ ខ្ញុំ​បាន​ឃើញ​ក្រណាត់​សើម​ដែល​ត្រូវ​ការ​សម្រាប់​ទារក​ និង​ផលិតផល​ប្រេង​សម្រាប់​ទារក​ ហើយ​ខ្ញុំ​អាច​ឃើញ​ធាតុ​ផ្សំ​នៅ​ក្នុង​នោះ​ ដែល​មាន​ទៅ​ដោយ​ជាតិ​ប្រេង​សណ្តែក​ ដែល​មាន​អ៊ីដ្រូសែ្សន។​បញ្ហា​គឺ​ថា​ គេ​មិន​បាន​ទិញ​វា​ពី​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​ទេ គេ​ទិញ​ផលិតផល​សម្រេច​នេះ​ពី​ក្រុមហ៊ុន​ជប៉ុន។​ ហើយ​យើង​ឲ្យ​សណ្តែក​ដែលជា​វត្ថុធាតុ​ដើម​ទៅ​ពួក​គេ»។

អ្នក​ស្រាវជ្រាវ​ទាំងពីរ​គឺ​ជា​អ្នក​ចូលរួម​សន្និសីទ​ព្រំដែន​វិទ្យាសាស្រ្ត​ KAVLI​ដែល​ជា​សន្និសីទ​មួយ​ក្នុង​ចំណោម​សន្និសីទបន្តបន្ទាប់​ដែល​មួយ​ផ្នែក​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​បណ្ឌិត​សភា​ជាតិ​វិទ្យាសាស្រ្ត​អាមេរិក​ដែល​បាន​ប្រមូល​ផ្តុំ​អ្នក​ស្រាវជ្រាវ​មក​ពី​ជុំវិញ​ពិភព​លោក​ដើម្បី​ពិភាក្សា​ការ​ជឿនលឿន​និង​ឱកាស​ក្នុង​វិស័យ​របស់​ពួក​គេ។​ សន្និសីទ​នេះ​ធ្វើ​នៅ​ក្រៅ​ទីក្រុង​ហ្សាកាតា។

អ្នក​វិទ្យាសាស្រ្ត​ជនជាតិ​ឥណ្ឌូនេស៊ី​ដទៃ​ទៀត​នៅក្នុង​សន្និសីទ​នេះ​កំពុង​ស្រាវជ្រាវ​អំពី​បច្ចេក​វិទ្យា​បៃតង​ ដោយ​សិក្សា​ស្រាវជ្រាវ​ពី​ថាមពល​ដែល​កកើត​ឡើងវិញ​និង​ប្រើប្រាស់​សម្ភារៈ​ក្នុង​ស្រុក។​ គម្រោង​មួយ​កំពុង​តែ​ព្យាយាម​ប្រើប្រាស់​ zirconiaអនុផល​សំណប៉ាហាំង​ដើម្បី​ផលិត​កោសិកា​ប្រេង​ឥន្ធនៈ​អុកស៊ីដ​រឹង។​បច្ចេកទេស​នេះ​បច្ចុប្បន្ន​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ថាមពល​ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​អង់តែន​ទូរស័ព្ទ​ដៃ​ដែលអាច​ពង្រីក ​ដាក់​ឲ្យ​ប្រើបាន​នៅ​តាម​សហគមន៍​ជនបទ។​គម្រោង​មួយ​ទៀត​តម្រង់​ទៅ​រក​ការ​បង្កើត​ពូជ​ស្រូវ​ថ្មី​ដែល​អាច​សម្រប​បាន​ប្រសើរ​ជាង​ទៅតាម​បម្រែ​បម្រួល​អាកាសធាតុ​ ដែល​បណ្ដាល​មកពី​ការ​ប្រែប្រួល​បរិយាកាស។

អ្នក​ចូលរួម​ជា​ច្រើន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​លើក​ទឹក​ចិត្ត​គម្រោង​បែប​នេះ​ឲ្យ​កាន់​តែ​ច្រើន តាមរយៈ​ការ​ផ្តល់​មូល​និធិ​សម្រាប់​ការ​អភិវឌ្ឍ​និង​ការស្រាវជ្រាវ៕

ប្រែសម្រួល​ដោយ​ បូរី​ ស៊ីលីវណ្ណ

XS
SM
MD
LG