ប្រជាពលរដ្ឋឥណ្ឌូនេស៊ីបានចាកចេញជាបណ្តើរប្រទេសអេហ្ស៊ីប ដោយសារភាពវឹកវរនៅក្នុងទីក្រុងគែរ។ មជ្ឈមណ្ឌលសម្រង់បញ្ជីក្រុងហ្សាការតា សម្រាប់អ្នកធម្មយាត្រា ដែលធ្វើដំណើរទៅទីក្រុងម៉េក្កា បានក្លាយជាកន្លែងជួបជុំសម្រាប់ជនជាតិឥណ្ឌូនេស៊ីដែលគេជម្លៀសចេញពីទីក្រុងឡឺគែរ។ ជនជាតិឥណ្ឌូនេស៊ីជាង៦ពាន់នាក់ រស់នៅ នៅក្នុងប្រទេស អេហ្ស៊ីប។
លោក តូហ៊ីរូដឌីន លូប៊ីស ដែលបានរស់នៅក្នុងប្រទេស អេហ្ស៊ីបជាមួយភរិយានិងកូនបីនាក់អស់រយៈ១៥ឆ្នាំកន្លងមកនេះ ជាអ្នកនៅក្នុងចំណោមក្រុមទីមួយនៃជនជម្លៀស ជាតិឥណ្ឌូនេស៊ី៤០០នាក់ដែលបានមកដល់ទីក្រុងហ្សាកាតា។ លោកនិយាយថា រឿងសុវត្ថិភាពឬសន្តិសុខមិនមែនជាមូលហេតុដែលបណ្តោយឲ្យលោកចាកចេញទេ។ លោក តូហ៊ីរូដឌីន លូប៊ីសនិយាយថា៖
«បញ្ហា គឺម្ហូបអាហារដែលបានឡើងថ្លៃខ្លាំង ជាហេតុឲ្យនាំគាត់ចាកចេញ។ ទោះបីមនុស្សមានប្រាក់ ក៏គ្មានអ្នកណាម្នាក់លក់ម្ហូបដែរ»។
រដ្ឋាភិបាលឥណ្ឌូនេស៊ីដាក់កងសមត្ថកិច្ចមួយ ដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីប ណាដែលចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារភាពវឹកវរនយោបាយ និងបាតុកម្មដែលមានបន្ត។ យន្តហោះពីរគ្រឿងត្រូវបានបញ្ជូនទៅទីក្រុងឡឺគែរជាស្រេច។
លោក តឹគូ ហ្វេហ្សាយ៉ាហ៍ អ្នកជំនួយការពិសេសនៃលោកប្រធានាធិបតីស៊ូស៊ីឡូបាមបាំងយូដូយ៉ូណូ និយាយថា អ្វីដែលត្រូវធ្វើមុនគេបង្អស់ គឺជួយអ្នកដែលងាយរងគ្រោះ។
«អ្វីដែលយើងព្យាយាមធ្វើគឺនាំត្រឡប់មកប្រទេសវិញនូវមនុស្សដែលងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ និងអ្នកដែលនៅក្នុងកាលៈទេសៈពិសេស និងមានអារម្មណ៍មិនកក់ក្តៅក្នុងការរស់នៅក្នុងទីក្រុងឡឺគែរ តទៅទៀត និងអ្នកនៅក្នុងតំបន់ឡោមព័ទ្ធ»។
លោកហ្វេហ្សាយ៉ាហ៍ និយាយថា ការស្ទះចរាចរ ការរាំងផ្លូវ និងសូម្បីតែការស្វែងរកយានជំនិះដើម្បីដឹកជញ្ជូនមនុស្សទៅចំណតយន្តហោះ នៅក្នុងទីក្រុងឡឺគែរ ក៏ជាការលំបាកខ្លះដែរសម្រាប់កិច្ចការជម្លៀសចេញ។
រដ្ឋាភិបាលនានានៅពាសពេញពិភពលោកកំពុងខ្នះខ្នែងជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុង ឡឺគែរ រួមមានទាំងប្រទេសចិន និងប្រទេសថៃ។ បុគ្គលិកការបរទេស និងទេសចរណ៍រាប់ពាន់នាក់ បានភៀសខ្លួនចេញពីប្រទេសនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕
ប្រែសម្រួលដោយ នុច សារីតា