ប្រទេសឥណ្ឌូណេស៊ីបានហាមឃាត់ការជក់បារីនៅកន្លែងសាធារណៈហើយកំពុងព្យាយាមទប់ស្កាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់។ ទោះជាយ៉ាងណាក៏ដោយ គំនិតដែលថាថ្នាំជក់ជាសារធាតុញៀន កំពុងត្រូវគេតវ៉ាប្រឆាំងនៅក្នុងតុលាការធម្មនុញ្ញរបស់ឥណ្ឌូណេស៊ី។ រយៈពេលជាងពីរខែកន្លងមកនេះតុលាការបានស្តាប់ពួកមន្រ្តីនិងអ្នកជំនាញការដែលនិយាយថាថ្នាំជក់មិនមានគ្រោះថ្នាក់ មិនបណ្តាលឲ្យមានជំងឺមហារីកសួត ហើយថែមទាំងអាចមានអត្ថប្រយោជន៍ដល់សុខភាពថែមទៀត។
ច្បាប់សុខភាពមួយដែលបានអនុម័តនៅឆ្នាំ២០០៩ ដែលបានទទួលស្គាល់ថាថ្នាំជក់ជាសារធាតុញៀន បានស្ថិតនៅក្រោមការពិនិត្យពិច័យឡើងវិញនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាទីកន្លែងដែលឧស្សាហ៍កម្មថ្នាំជក់មិនធ្លាប់ជាប់ឈ្មោះថាមានសារធាតុញៀននេះកាលពីអតតីកាលមកទេ។
ពួកអ្នកជំនាញការបានប្រាប់តុលាការធម្មនុញ្ញនៅសប្តាហ៍នេះថា ខមួយដែលកំណត់ថ្នាំជក់ថាបានធ្វើឲ្យញៀន ជាការរើសអើងប្រឆាំងនឹងពួកកសិករដាំថ្នាំ
ជក់ ក៏ប៉ុន្តែអ្នកជំនាញការផ្សេងៗទៀតផ្តល់សក្ខីកម្មកាលពីពេលមុនថា ថ្នាំជក់មិនមែនញៀនទេ។
លោក Saldi Isra ជាសាស្រ្តាចារ្យច្បាប់រដ្ឋម្មនុញ្ញនៅសកលវិទ្យាល័យ Andalas កោះស៊ូម៉ាត្រាភាគខាងលិច បានប្រាប់តុលាការថា ខនោះមិនស្របនឹងរដ្ឋធម្មនុញ្ញ។
«លោកអ៊ីស្រាផ្តល់កសិណសាក្សីថា រដ្ឋធម្មនុញ្ញចែងថាមនុស្សគ្រប់រូបមានសិទ្ធិចិញ្ចឹមជីវិត។ ហើយការរើសអើងប្រឆាំងក្រុមមនុស្សណាមួយក្នុងរឿងក្តីនេះ គឺកសិករដាំថ្នាំជក់ ជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ»។
លោក Bambang Sukarno ជាមេធាវីម្នាក់មកពីតំបន់ដាំថ្នាំជក់ក្នុងកោះជ្វាភាគកណ្តាល បានសុំឲ្យតុលាការសើរើពិនិត្យច្បាប់នោះឡើងវិញ។ ប្រសិនបើតុលាការសម្រេចទទួលយកខនោះ ក្រុមហ៊ុនថ្នាំជក់អាចប្រឈមមុខនឹងការហាមឃាត់ការផ្សាយពាណិជ្ចកម្មទាំងស្រុង។
សុរាបានត្រូវគេទទួលស្គាល់រួចហើយ ថាជាគ្រឿងញៀនហើយការផ្សាយពាណិជ្ជកម្មចំពោះសុរានោះជាការខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ីអស់រយៈពេល១០ឆ្នាំមកហើយ។
លោក Sukarno ហើយនឹងពួកអ្នកគាំទ្ររបស់លោកនិយាយថា បើតាមបច្ចេកទេស ថ្នាំជក់មិនមែនជាគ្រឿងញៀនទេ ក៏ប៉ុន្តែវាមានសារធាតុញៀនមួយគឺនីកូទីន។ សាក្សីដែលគាំទ្រលោកបានផ្តល់កសិណសាក្សីថា ថ្នាំជក់អាចត្រូវគេកែឆ្នៃឲ្យមានជាតិញៀនតិចជាងមុន ហើយអាចទាំងមានអត្ថប្រយោជន៍ដល់សុខភាពថែមទៀត។ វេជ្ជបណ្ឌិត Sutiman Sambang Sumitro សាស្រ្តាចារ្យខាង ជីវវិទ្យាម៉ូលីគុលនៅសាកលវិទ្យាល័យ Brawijawa នៅកោះជ្វាភាគខាងកើតបានប្រាប់តុលាការកាលពីខែមុនថា តាមរយៈវិទ្យាសាស្រ្តគីមី Nanochemistry ថ្នាំជក់អាចត្រូវគេកែឆ្នៃនិងប្រើប្រាស់ដើម្បីព្យាបាលជំងឺ រួមមានជំងឺមហារីកផង។
«លោកនិយាយថា ជាតិពុលអាចត្រូវកែឆ្នៃដើម្បីផ្តល់ប្រយោជន៍ដល់សុខភាពទៅវិញ គេក៏អាចបំបាត់ចោលអាតូមសេរីដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ដល់អ្នកជក់បារីនិងអ្នកស្រូបផ្សែងបារី»។
លោក Aris Widodo ជាសាស្រ្តាចារ្យខាងឱសថវិទ្យានៅសកលវិទ្យាល័យដដែល បានប្រាប់តុលាការថា លោកមិនដែលឮមនុស្សណាម្នាក់ស្លាប់ដោយសារការជក់បារីទេ។ លោកនិយាយទៀតថាការជក់បារីអាចបំបាត់ការថប់បារម្ភ ធ្វើឲ្យផ្តោតអារម្មណ៍បានល្អ និងរម្ងាប់សរសៃប្រសាទ។
«លោក Widodo និយាយថា ការតានតឹងក្នុងចិត្តជាកត្តាដ៍សំខាន់មួយក្នុងជំងឺមួយចំនួនដែលជារឿយៗត្រូវគេស្តីបន្ទោសថា មកពីថ្នាំជក់។ ក៏ប៉ុន្តែការតានតឹងក្នុងចិត្ត អាចត្រូវគេជម្នះបានយ៉ាងស្រួលដោយការជក់បារី ជាជាងការប្រើប្រាស់ឱសថថ្លៃៗ»។
ភាពចម្រូងចម្រាស់ទាក់ទងនឹងការញៀនរបស់ថ្នាំជក់នេះ បានចាប់ផ្តើមនៅពេលដែលខដែលគេមិនទាន់ប្រាកដច្បាស់លាស់ថាត្រឹមត្រូវនោះ ត្រូវបានគេលុបដោយអាថ៌កំបាំងចេញពីសេចក្តីព្រាងច្បាប់សុខភាពចុងក្រោយក្នុងឆ្នាំ២០០៩ ដែលការណ៍នេះបង្កើនការមន្ទិលសង្ស័យថារដ្ឋាភិបាលបានសម្របតាមឧស្សាហ៍កម្មថ្នាំជក់។
ឧប្បត្តិហេតុរំឭកឡើងវិញនូវភាពចម្រូងចម្រាស់ក្នុងឆ្នាំ១៩៩២ នៅពេលដែលពួកសមាជិកសភាបានលប់ចោលខដូចគ្នានោះដែរ បន្ទាប់ពីការបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុនថ្នាំជក់។
ក្រសួងសុខាភិបាលបានអះអាងថាខដែលបាត់ក្នុងឆ្នាំ២០០៩មកពីការលុបដោយច្រឡំ។
លោកវេជ្ជបណ្ឌិត Hakim Sorimuda Pohan ជាសមាជិកគណបក្សប្រជាធិបតេយ្យដែលបានជួយព្រៀងសេចក្តីព្រាងច្បាប់នោះ គិតថាក្រុមអ្នកបញ្ចុះបញ្ចូល ជាថ្មីម្តងទៀតបានស្ថិតនៅពីខាងក្រោយការជំរុញឲ្យលប់ខនោះចោល។ លោកក៏និយាយដែរថា រឿងដែលថ្នាំជក់ជាគ្រឿងញៀននោះ ជាការពិតមិនអាចប្រកែកបាន។
«ថ្នាំជក់ជាគ្រឿងញៀនបើតាមវិទ្យាសាស្រ្តជាមូលដ្ឋាន នៅក្នុងវិទ្យាសាស្រ្តវេជ្ជសាស្រ្ត។ មិនមានមនុស្សណាម្នាក់និយាយថាវាមិនមែនជាគ្រឿនញៀនទេ។ ប្រសិនបើនរណានិយាយដូច្នេះ ពួកគេប្រាកដជាកំពុងនិយាយកុហក។វិទ្យាសាស្រ្តមូលដ្ឋានច្រានចោលទស្សនៈបែបនោះ»។
ការប្រើកលល្បិចខាងនយោបាយនិងមធ្យោបាយប្តឹងផ្តល់នៅតុលាការលើបញ្ហាថ្នាំជក់មិនមែនជារឿងដែលមានតែនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ។ ឧទាហរណ៍ ក្នុងឆ្នាំ១៩៩៤ នាយកនីតិប្រតិបត្តិក្រុមហ៊ុនថ្នាំជក់៧នាក់ បានផ្តល់សក្ខីកម្មក្នុងសភាសហរដ្ឋអាមេរិកថាពួកគេមិនជឿថាថ្នាំជក់ជាសារធាតុញៀន។
ក៏ប៉ុន្តែ ការសិក្សាអន្តរជាតិជាច្រើនលើសលុបបង្ហាញថាថ្នាំជក់ជាគ្រឿងញៀនហើយមានគ្រោះថ្នាក់ដល់សុខភាព។
ការសិក្សាមួយចំនួន ដូចជាការសិក្សាមួយដោយវិទ្យាស្ថានជាតិការពារការប្រើថ្នាំញៀនរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ជាតិនីកូទីនជាសារធាតុញៀនបំផុតមួយ។ ការសិក្សាខ្លះបានប្រាប់ឲ្យដឹងថា វាមានជាតិញៀនច្រើនជាងហេរ៉ូអ៊ីន Cocaine និងសុរាទៅទៀត។
អង្គការសុខភាពពិភពលោកប្រាប់ឲ្យដឹងថាថ្នាំជក់បានសម្លាប់ពួកអ្នកជក់ថ្នាំជក់ ប្រហែលពាក់កណ្តាល ឬស្មើនឹងមនុស្សជាង៥លាននាក់ក្នុងមួយឆ្នាំៗ។ អង្គការ WHO ប្រាប់ឲ្យដឹងទៀតថា វាមានជាប់ទាក់ទងទៅនឹងជំងឺមហារីកមួយចំនួនដូចជាមហារីកសួត ក្រពះ ផ្លោកនោម សុដន់ និងមហារីកពោះវៀនធំ ក៏ដូចជាជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន