ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​ចង់​ដាក់​សិទ្ធិ​មនុស្ស​ជា​អាទិភាព​មួយ​សម្រាប់​អាស៊ាន


រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។
រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Gia Khiem (ឆ្វេង) និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (R) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​របស់​អាស៊ាន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ឆ្នាំ​២០១០។

រដ្ឋមន្រ្តី​ការបរទេស​ប្រទេស​ឥណ្ឌូនេស៊ី​ថ្លែងថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ដាក់​សិទ្ធិ​មនុស្ស​ជា​អាទិភាព​របស់​សមាគម​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍​ហៅ ​អាស៊ាន។

ឆ្នាំ​នេះ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​មុខ​នាទី​ជា​ប្រធាន​របស់​សមាគម​អាស៊ាន។​ នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រម្សិល​មិញ​ ​លោក​ម៉ាធី ណាតាល់ហ្គាវ៉ា (Marty​ Natalegawa)​ រដ្ឋមន្រ្តី​ការ​បរទេសឥណ្ឌូនេស៊ី​ មាន​ប្រសាសន៍​ថា​ ​ឥណ្ឌូនេស៊ី​មាន​ផែនការ​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​ជា​គោលដៅ​អាទិភាព​កំពូល​សម្រាប់​សមាគម​ក្នុង​តំបន់​មួយ​នេះ។

លោក​ថ្លែង​ថា​ ​ឥណ្ឌូនេស៊ី​សង្ឃឹម​ថា​ ​ក្នុង​ឆ្នាំ​២០១១​ គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​នៅ​ក្នុង​ការ​បំពេញ​អាណត្តិ​របស់​ខ្លួន​ដើម្បី​លាត​ត្រដាង​បង្ហាញ​សេចក្តី​ប្តេជ្ញា​របស់​អាស៊ាន​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស។

សមាគម​អាស៊ាន​ផ្លាស់​វេណ​មុខ​នាទី​ប្រធាន​រាល់​ឆ្នាំ​ក្នុង​ចំណោម​ប្រទេស​សមាជិក​របស់​ខ្លួន។

លោក​ ប៉ាវីន ចាចាវ៉ាល់ពុងពុន (Pavin​ Chachavalpongpun)​ អ្នក​វិភាគ​ម្នាក់​នៃ​ស្ថាប័ន​វិជ្ជាសិក្សា​កិច្ច​ការ​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​សឹង្ហបូរី​ ​ថ្លែង​ថា​ ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សមាគម​អាស៊ាន​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ពី​អតិតកាល។

លោក​ថ្លែង​ថា​ ​អង្គការ​ក្នុង​តំបន់​មួយ​នេះ​បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​វិស័យ​នៃ​កិច្ច​ព្រម​ព្រៀង​ទូលំ​ទូលាយ​ ​ដូច​ជាការ​លើក​ដំកើង​ពាណិជ្ជកម្ម​សេរី​ និង​បញ្ហា​សន្តិសុខ​តំបន់​ជា​ដើម។

ក៏​ប៉ុន្តែ​លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​ ​ការ​លើក​យក​បញ្ហា​មិន​ស្រុះ​ស្រួលគ្នា​ ​ដូច​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ដើម​មក​ដោះ​ស្រាយ​ ​អាច​ធ្វើ​ឲ្យ​សមាជិក​ខ្លះ​មើល​ឃើញ​ថា​ ​ជា​ការ​រំលោភ​ទៅលើ​គោល​ការណ៍​នៃ​ការ​មិន​ចូល​ជ្រៀត​ជ្រែកនៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់សមាជិក​ផង​ខ្លួន។

«សមាជិក​នឹង​រីក​រាយ​និយាយ​អំពី​រឿង​នេះ​ ​ដរាប​ណា​វា​មិន​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ខ្លះ​នៅ​ក្នុង​ប្រទេស​ផ្ទាល់របស់​ខ្លួន។​ ក៏​ប៉ុន្តែ​ចំពោះ​បញ្ហា​សំខាន់ៗ​ ​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ជា​ដើម​ ​យើង​ត្រូវ​ទទួល​ស្គាល់​ថា​ ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​អាស៊ាន​មិន​មែន​សុទ្ធ​តែ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ»។

ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ លាវ​ និង​វៀតណាម​ជា​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​តែ​មួយ​ ​ដឹក​នាំ​ដោយ​គណបក្ស​កុម្មុយនិស្ត។​ ហើយ​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​រដ្ឋាភិបាល​យោធា​របស់​ប្រទេស​ភូមា​នៅ​ក្នុង​ចំណោម​ប្រទេស​ផ្តាច់​ការ​បំផុត​នៅ​ក្នុង​ពិភពលោក។

ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ភូមា​ ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ​មីអាន់​ម៉ា​ដែរ​នោះ​ ​បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ឲ្យ​ឡើង​មក​នៅ​មុខ​គេ​ ​ក្នុង​ចំណោម​សមាជិក​របស់​អាស៊ាន។​ ពួក​អ្នក​រិះគន់​រដ្ឋាភិបាល​និយាយ​ថា​ ​រដ្ឋាភិបាល​ភូមា​បានគ្រប់​គ្រង​ឆាកបោះ​ឆ្នោត​នេះ​ ​ដើម្បី​ធានា​ឲ្យ​កង​យោធា​នៅ​កាន់​អំណាច។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​រិះគន់​សមាគម​អាស៊ាន​អំពី​ការ​មិន​ប្រឈម​មុខ​ទល់​និង​ប្រទេស​ភូមាក្នុង​បទ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ។

លោក​ ប៉ាវីន ចាចាវ៉ាល់ពុងពុន (Chachavalpongpun)​ ថ្លែង​ថា​ ​បើ​សិន​ជា​ឥណ្ឌូនេស៊ី​ចង់​ធ្វើ​ការ​ឲ្យ​ហ្មត់​ចត់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ ​នោះ​ឥណ្ឌូនេស៊ី​ត្រូវ​ការ​លុប​ចោល​គោលការណ៍​មិន​ចូល​ជ្រៀត​ជ្រែក​របស់​អាស៊ាន។

«ខ្ញុំ​ក៏​គិត​ដែរ​ថា​ ​ពេល​វេលា​ប្រហែល​បាន​មក​ដល់​ហើយ​សម្រាប់​ឲ្យ​អាស៊ាន​និយាយ​អំពីការ​ដាក់​ទណ្ឌកម្ម​អ្វី​មួយ​ ​ប្រហែល​មិន​ដល់ទៅ​កម្រិតនៃ​ការដេញ​ចេញ​ទេ។​ គឺ​គេ​ត្រូវ​មាន​ការ​គោរព​អ្វី​មួយ​ ​ហើយ​និង​ត្រូវដាក់​ទណ្ឌកម្ម​ប្រភេទ​បែប​ណា​ទៅ​លើ​សមាជិក​ខ្លះ​ ក្នុង​ករណី​ដែល​សមាជិក​នោះ​ ជាក់​ស្តែង​ មិន​បាន​គោរព​តាម»។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ ណាតាល់ហ្គាវ៉ា (Natalegawa)​ ថ្លែង​ថា​ ​ស្ថានការណ៍​ឆ្នាំ​មុន​នៅ​ប្រទេស​ភូមា​បាន​ដំឡើង​សេចក្តី​ប្តេជ្ញា​របស់​ប្រទេសលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សមាគម​អាស៊ាន។​ ក៏​ប៉ុន្តែ​លោក​មិន​បាន​ស្នើ​សកម្មភាព​ជាក់លាក់​ណា​មួយ​ទេ​ ហើយ​ថា​ ​ស្ថាន​ការណ៍​នៅ​ទី​នោះ​ (គឺភូមា)​ មាន​ភាព​ប្រសើរ​ជាង​មុននៅ​ក្រោយ​ការ​បោះ​ឆ្នោត។

លោក​បាន​កត់​សំគាល់​ជា​ឧទាហរណ៍​ថា​ ​លោក​ស្រី​ អ៊ុងសានស៊ូជី (Aung​ San​ Suu​ Kyi) មេ​ដឹក​នាំ​ពួក​អ្នក​ប្រឆាំង​បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។

«ពិត​មែន​ហើយ​ ក្នុង​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​នេះ​ ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា។​ ការ​បោះ​ឆ្នោត​ជា​ការ​កត់​សំគាល់។​ ក៏​ប៉ុន្តែ​ ​លើស​ពី​នេះ​ទៀត​ យើង​មាន​ការ​ដោះ​លែង​លោក​ស្រី​ Aung​ San​ Suu​ Kyi។​ ដូច្នេះ​ ព្រឹត្តិការណ៍​សំខាន់​ទាំង​ពីរ​នេះត្រូវ​យក​មកត្រិះ​រិះ​ពិចារណា​ ឲ្យ​បាន​ជ្រួត​ជ្រាប​ ដើម្បី​ឲ្យ​អាស៊ានអាច​គិត​ទៅ​អនាគត។​ តើ​យើង​អាច​ធានា​ថា​ ​បញ្ហា​នៅ​ប្រទេស​ភូមា​ ឬ​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ភូមា​ នឹងមាន​ទី​បញ្ចប់​មួយ​ក្នុង​ឆ្នាំ​២០១១​ បាន​យ៉ាងដូច​ម្តេច?»

ជា​ជាង​ដាក់​ទណ្ឌកម្ម​អ្នក​រំលោភ​ ​លោក​ ណាតាល់ហ្គាវ៉ា (Natalegawa)​ ថ្លែង​ថា​ ឥណ្ឌូនេស៊ី​ មាន​បំណង​ប្រើ​ការ​ទូត​ដោយ​ស្ងៀម​ស្ងាត់​ និង​ការ​ស្ថាបនា​មតិ​ទូទៅ​ ដើម្បី​បញ្ចុះ​បញ្ចូល​សមាជិក​អាស៊ាន​ឲ្យ​គោរព​សិទ្ធិ​មនុស្ស៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG