ដ្យាកាតា ឥណ្ឌូណេស៊ី៖ តុលាការធម្មនុញ្ញឥណ្ឌូនេស៊ីបានលុបចោលច្បាប់មួយ ដែលផ្តល់អំណាចឲ្យការិយាល័យអគ្គរដ្ឋអាជ្ញាក្នុងការហាមការបោះពុម្ពផ្សាយសៀវភៅ។
ទោះបីជាក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកនិពន្ធបានសាទរចំពោះសាលក្រមនេះ ដោយចាត់ទុកថា វាគឺជាជោគជ័យមួយសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ មន្រ្តីមួយចំនួនបាននិយាយថា ការដាក់កំហិតទៅលើសេរីភាពក្នុងការបញ្ចេញមតិ នៅតែចាំបាច់នៅឡើយ នៅក្នុងប្រទេសប្រជាធិបតេយ្យក្មេងខ្ចីមួយនេះ។
ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីប្រធានាធិបតីផ្តាច់ការ ស៊ូហារតូ (Suharto) លាលែងពីដំណែងនៅឆ្នាំ១៩៩៨មក។ រដ្ឋាភិបាលបានដកចេញនូវការដាក់កំហិតជាច្រើនទៅលើសេរីភាពក្នុងការបញ្ចេញមតិ ហើយព័ត៌មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមព័ត៌មានដែលមានការបើកចំហរ និងចម្រុះបំផុតនៅក្នុងតំបន់។
ប៉ុន្តែ បទបញ្ញត្តិផ្តាច់ការជាច្រើននៅតែមាននៅឡើយ។ រហូតមកដក់ពេលថ្មីៗនេះ មានច្បាប់មួយអនុញ្ញាតឲ្យការិយាល័យអគ្គរដ្ឋអាជ្ញាធ្វើការហាមប្រាមការបោះពុម្ពផ្សាយសៀវភៅ។ ចាប់តាំងពីការបោះឆ្នោតដោយផ្ទាល់លើកទីមួយរបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០០៤ ច្បាប់នេះ ត្រូវបានប្រើប្រាស់ក្នុងការហាមឃាត់ការបោះពុម្ពសៀវភៅចំនួន២០ ដែលសរសេរអំពីប្រធានបទមួយចំនួនដូចជាប្រតិបត្តិការយោធា និងពួកឧទ្ទាមបំបែកខ្លួននៅក្នុងខេត្តប៉ាពូ (Papua)។
នៅដើមឆ្នាំនេះ ក្រុមអ្នកនិពន្ធមួយក្រុម ដែលសៀវភៅរបស់ពួកគេត្រូវបានហាមឃាត់នៅក្នុងឆ្នាំ២០០៩ បានស្នើឲ្យតុលាការធម្មនុញ្ញ ពិនិត្យច្បាប់នេះឡើងវិញ ដែលពួកគេអះអាងថា ស្ថិតនៅក្រៅបន្ទាត់នៃតម្លៃប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ី។
កាលពីប៉ុន្មានសប្តាហ៍មុន តុលាការនេះបានយល់ព្រម ដោយបានសម្រេចថា អំណាចក្នុងការដាក់កំហិតទៅលើអត្ថបទបោះពុម្ពផ្សាយ គួរតែស្ថិតនៅក្នុងដែនអំណាចរបស់តុលាការនេះ។
ប៉ុន្តែ អ៊ូនី ហ្ស៊ុលហ្វ៊ីអានី លូប៊ីស (Uni Zulfiani Lubis) និពន្ធនាយកនៃបណ្តាញទូរទស្សន៍ឥណ្ឌូនេស៊ី (ANTV) និងជាសមាជិកមួយរូបនៃក្រុមប្រឹក្សាព័ត៌មាន ដែលត្រួតពិនិត្យការចេញផ្សាយព័ត៌មានរបស់ឥណ្ឌូនេស៊ី និយាយថា សាលក្រមនេះមិនមែនជាជោគជ័យពេញលេញមួយនោះទេ។ ដោយស្រីថ្លែងថា៖
«វាគឺជាដំណឹងល្អមួយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងមិនអាចពឹងផ្អែកទៅលើការសម្រេចចិត្តបែបនេះ ក្នុងការធានាថា រដ្ឋាភិបាល ជាពិសេសការិយាល័យអគ្គរដ្ឋអាជ្ញា ឈប់ព្យាយាមហាមឃាត់ការបោះពុម្ពផ្សាយសៀវភៅនោះ»។
ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា លោកប្រធានាធិបតី ស៊ូហារតូ ជាញឹកញយបានប្រើប្រាស់ច្បាប់ឆ្នាំ១៩៦៣ ស្តីពីការហាមឃាត់ការបោះពុម្ពសៀវភៅ ដើម្បីកៀបសង្កត់ក្រុមអ្នកប្រឆាំង។ ពួកគេនិយាយថា ការប្រើប្រាស់ច្បាប់នេះនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ បានបំផ្លាញដល់ការកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីចំពោះការលើកកំពស់លទ្ធិប្រជាធិបតេយ្យ និងបង្ហាញអំពីការមិនពេញចិត្តរបស់រដ្ឋាភិបាលដែលនៅតែមានចំពោះសេរីភាពនៃការបញ្ចេញមតិ។
សៀវភៅចំនួន៥ ដែលអគ្គរដ្ឋអាជ្ញាបានហាមឃាត់កាលពីឆ្នាំទៅសរសេរអំពីជម្លោះសាសនា អារម្មណ៍របស់អ្នកបំបែកខ្លួននៅក្នុងខេត្ត ប៉ាពូ និងព្រឹត្តិការណ៍ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលបានជួយឲ្យលោកប្រធានាធិបតី ស៊ូហារតូ ឡើងកាន់អំណាចនៅឆ្នាំ១៩៦៥។
មន្រ្តីឥណ្ឌូនេស៊ីមួយចំនួនបានបង្ហាញថា ពួកគេមិនមានឆន្ទៈក្នុងការបោះបង់ចោលទាំងស្រុងចំពោះការហាមឃាត់ការបោះពុម្ពផ្សាយសៀវភៅនោះទេ។ ទីប្រឹក្សាប្រធានាធិបតី គឺលោក តឺគូ ហ្វៃហ្សាស៊ីយ៉ាហ (Teuku Faizasyah) និយាយថា ឥណ្ឌូនេស៊ីមានការបើកចំហរចំពោះសេរីភាពបញ្ចេញមតិ ប៉ុន្តែការហាមឃាត់នឹងអាចត្រូបានធ្វើ ប្រសិនបើត្រូវធ្វើដើម្បីសន្តិភាព និងឯកភាពនៅក្នុងសង្គម។ លោកមានប្រសាសន៍ថា៖
«ក្នុងនាមជារដ្ឋាភិបាល យើងត្រូវទប់ស្កាត់ឧបទ្ទវហេតុ ដែលនាំឲ្យមានអំពើហឹង្សា និងជម្លោះរាលដាលផ្សេងៗ។ ដូច្នេះ ដើម្បីផលប្រយោជន៍សាធារណជនទូទៅ ត្រូវមានជាចាំបាច់នូវតុល្យភាពក្នុងការគ្រប់គ្រងសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែ វាក៏ត្រូវការចាំបាច់ផងដែរ ក្នុងការធានាឲ្យបាននូវសុវត្ថិភាព និងភាពសុខដមរម្យនានៅក្នុងសង្គម»។
ឥណ្ឌូនេស៊ី គឺជាកន្លែងដែលមានជនជាតិផ្សេងៗរាប់រយក្រុម ហើយទោះបីជាចំនួនភាគច្រើននៃប្រជាពលរដ្ឋប្រមាណ២៤០លាននាក់នៃប្រទេសនេះ កាន់សាសនាឥស្លាមក៏ដោយ ក៏មានអ្នកកាន់សាសនាគ្រិស្ត និងអ្នកដែលមានជំនឿទៅលើអរុក្ខអារក្សអ្នកតាច្រើនគួរសមដែរ។
នៅក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមមន្រ្តីបានព្រមានថា ជំនឿសាសនាជ្រុលនិយមគំរាមកំហែងដល់ភាពសុខដុមរមនាសាធារណៈ បន្ទាប់ពីក្រុមឥស្លាមជ្រុលនិយមមួយចំនួនតូច បានវាយប្រហារទៅលើក្រុមអ្នកកាន់សាសនាគ្រឹស្ត នៅខាងក្រៅទីក្រុងហ្សាកាតា។ អនុប្រធានាធិបតី បូអ៊ីឌីអូណូ (BoeDiono) មានប្រសាសន៍ថា ក្រុមទាំងនេះបានប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិដើម្បីសាបព្រួសការស្អប់ខ្ពើម។
លោក ហ្វៃហ្សាស៊ីយ៉ាហ និយាយថា រដ្ឋាភិបាលក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះភាពស្មុគស្មាញផ្នែកវប្បធម៌របស់ឥណ្ឌូនេស៊ីផងដែរ។ លោកបន្តថា៖
«យើងមិនត្រូវបានទទួលក្នុងកម្រិតស្មើៗគ្នានោះទេ នៅក្នុងផ្នែកជាច្រើននៃសង្គមរបស់យើង ទងទៅនឹងការបញ្ចេញគំនិត ដែលប្រឆាំងទៅនឹងវប្បធម៌ និងជំនឿសាសនាជាមូលដ្ឋានមួយចំនួន»។
លោកស្រីលូប៊ីស នៃក្រុមប្រឹក្សាព័ត៌មាននិយាយថា ការហាមឃាត់មួយចំនួនមានភាពត្រឹមត្រូវ ដូចជាការហាមផ្សាយរូបភាពអាសអាភាសរបស់កុមារ។ ប៉ុន្តែ លោកស្រីនិយាយថា ភាគច្រើននៃការត្រួតពិនិត្យរបស់រដ្ឋាភិបាល គឺត្រូវបានជំរុញដោយកត្តានយោបាយ ហើយលោកស្រីមានការព្រួយបារម្ភថា ទោះបីជាកំណត់មិនឲ្យមានការហាមឃាត់ការបោះពុម្ពសៀវភៅក្តី រដ្ឋាភិបាលនៅតែមានវិធីជាច្រើនយ៉ាងទៀត ក្នុងការធ្វើឲ្យសេរីភាពនៃការបញ្ចេញមតិក្លាយជាបទឧក្រិដ្ឋ។
នៅក្រោមសាលក្រមនាពេលថ្មីៗនេះ តុលាការនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថាតើសៀវភៅណាមួយនឹងត្រូវបានហាមឃាត់ ប៉ុន្តែអគ្គរដ្ឋអាជ្ញា និងប៉ូលីសនៅតែអាចធ្វើការស៊ើបអង្កេត និងប្តឹងអ្នកនិពន្ធ ឬអ្នកបោះពុម្ពផ្សាយទាំងឡាយណា ដែលពួកគេនិយាយថា បានរំខានដល់សណ្តាប់ធ្នាប់សាធារណ។
ច្បាប់ស្តីពីការបង្ខូចកេរ្តិ៍ឈ្មោះធ្ងន់ធ្ងរគឺជាបញ្ហាចំពោះសេរីភាពនៃការបញ្ចេញមតិនៅទីនេះ។ ក្រុមសកម្មជនសិទ្ធិមនុស្សមានការខ្វល់ខ្វាយថា ច្បាប់ស្តីពីការបោះពុម្ពផ្សាយ និងព័ត៌មានអេឡិចត្រូនិក ដែលត្រូវបានប្រើសម្រាប់ត្រួតពិនិត្យការផ្លាស់ប្តូរព័ត៌មានប្រកបគ្រោះថ្នាក់តាមប្រព័ន្ធអេឡិចត្រូនិក អាចត្រូវបានប្រើដើម្បីធ្វើយុត្តិកម្មការត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណែត។
នៅក្នុងប៉ុន្មានខែថ្មីៗនេះ ក្រុមអគ្គរដ្ឋអាជ្ញារបស់ប្រទេសនេះ បានប្រើច្បាប់ប្រឆាំងនឹងរូបភាពអាសអាភាសប្រកបដោយចំរូងចំរាស់មួយ ដើម្បីចោទប្រកាន់ អេរវីន អាណាដា (Erwin Arnada) អតីតនិពន្ធនាយកទស្សនាវដ្តី Playboy របស់ឥណ្ឌូនេស៊ី ដែលឥឡូវនេះបានបិទទ្វារទៅហើយនោះ។
ទោះបីជាការបោះពុម្ពផ្សាយរបស់ទស្សនាវដ្តីនេះ មិនមានរូបភាពអាក្រាតក្តី ក៏តុលាការកំពូលបានកាត់ទោស អាណាដា ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទប្រព្រឹត្តអំពើមិនសមរម្យ។ ក្រុមសេរីភាពព័ត៌មាន ដូចជាក្រុមអ្នកយកព័ត៌មានគ្មានព្រំដែនឲ្យដឹងថា តុលាការធ្វើការកាត់ទោសក្រោមសម្ពាធពីក្រុមឥស្លាម។
មេធាវីនៃក្រុមដែលប្រឆាំងនឹងសិទ្ធិរបស់អគ្គរដ្ឋអាជ្ញាក្នុងការហាមឃាត់ការបោះពុម្ពសៀវភៅ និយាយថា សាលក្រមគឺជាជំហានមួយនៅក្នុងទិសដៅវិជ្ជមាន។ ប៉ុន្តែ សម្ព័ន្ធភាពអ្នកយកព័ត៌មានឯករាជ្យនិយាយថា រឿងក្តីដូចជារឿងក្តីរបស់អាណាដា គឺជាភស្តុតាងមួយដែលបង្ហាញថា ប្រជាពលរដ្ឋត្រូវតែបន្តជំរុញដើម្បីសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅឥណ្ឌូនេស៊ី៕
ប្រែសម្រួលដោយ ឌី ខាំបូលី