ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមិ​មួយ​ចំនួន​នៅ​​ឥណ្ឌូណេស៊ី​ចង់​បដិសេធ​ជំនួយ​អន្តរជាតិ


របៀប​រស់នៅ​តាម​របៀប​ប្រពៃណី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កំពុងតែ​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​កាប់​ព្រៃឈើ​។
របៀប​រស់នៅ​តាម​របៀប​ប្រពៃណី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កំពុងតែ​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​កាប់​ព្រៃឈើ​។

ឥណ្ឌូណេស៊ី៖ ភូមិ​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចង់​បដិសេធ​ជំនួយ​អន្តរជាតិ​រាប់​លាន​ដុល្លារ ដើម្បី​ចាត់​ចែង​គម្រោង​អភិរក្ស​ព្រៃឈើ​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គេ។ ពួក​គេ​បារម្ភ​ថា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​បញ្ចប់​ការ​កាប់​ឈើ​នឹង​ទប់​ស្កាត់​សហគមន៍​របស់​គេ​ពី​ការ​ប្រើ​ប្រាស់​ដី​សម្រាប់​ការចិញ្ចឹម​ជីវិត​ ដែលពួកគេ​មាន​រាប់​ជំនាន់​មក​ហើយ។ Angela Dewan ធ្វើ​ដំណើរ​ទៅ​ខេត្ត​Jambi នៅ​លើ​កោះ​ស៊ូម៉ាត្រា ជា​ទី​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​ប្តេជ្ញា​ផ្តល់​ប្រាក់​ចំនួន២៦​លាន​ដុល្លារ ​ដើម្បី​បង្កើតគម្រោង​អភិរក្ស​នេះ។

ស្ត្រី​១០​នាក់​អង្គុយ​ជា​រង្វង់​នៅ​លើ​ដី​ក្បែរ​ខ្ទមជញ្ជាំង​ឈើ​មួយ​ កំពុង​ប្រើ​ត្បាល់​ និង​អង្រែ​បុក​ខ្ញី និង​ខ្ទឹម​ស។ គេ​កំពុង​ជួយ​អ្នក​ភូមិផង​របង​ជាមួយម្នាក់​រៀប​ចំ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​កូន​របស់​គាត់​នៅ​ក្នុង​ភូមិ។

ណ័រឌា ​(Nordia) ​អាយុ​៣៣​ឆ្នាំ ​និយាយថា​ គាត់​អាច​ជួយ​អ្នក​ជិត​ខាង​គាត់​ ​ពី​ព្រោះគាត់​មិន​ធ្វើ​ការ​ទេ​ថ្ងៃ​នេះ។ ​កាល​ពី​ម្សិលមិញ​ ​គាត់ប្រមូល​ជ័រ​ពី​ដើម​កៅ​ស៊ូនៅ​ក្នុង​ព្រៃ​បាន​គ្រប់​គ្រាន់​សម្រាប់​លក់​នៅ​ផ្សារ​ហើយ។​ លុយ​នោះ​អាច​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​គាត់​មួយ​សប្តាហ៍។

គាត់​និយាយ​ថា ​សហគមន៍​ត្រូវការ​ព្រៃ​ឈើ​ដើម្បី​រស់ ​និង​សម្រាប់​ស្ថាបនា​លំនៅ​ដ្ឋាន។ ​គាត់​បន្ត​ទៀត​ថា ​ ​គេ​ត្រូវការ​ស្លឹក​ឈើ​ និង​ធន​ធាន​ផ្សេងៗ​ទៀត​ពី​ឈើ​ ​ព្រម​ទាំងដី​សម្រាប់​ប្រកប​របរ​កសិកម្ម។

នេះគឺ​លូប៊ូក​ ប៊័រីងីន ​(Lubuk Beringin) ​ជាភូមិទន្លេ​មួយ​ ​ដែល​មាន​មនុស្ស​ចំនួន​៦០០​នាក់​នៅ​ក្នុង​ខេត្ត​ចាមប៊ី (Jambi) នៅ​កោះស៊ូម៉ាត្រា​ (Sumatra) ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។​ ខ្ទម​តូចៗ​ទាំង​អស់​នៅ​ទីនេះ​សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ដែល​កាប់​ពី​ព្រៃ​ ​ហើយ​ភូមិ​នេះ​ត្រូវបាន​ទទួល​ថាមពល​ពី​ទន្លេ ​និង​ប្រើ​រហាត់​ទឹក​តូច​មួយ។

ប៉ុន្តែ​របៀប​រស់​នៅ​ជា​ប្រពៃណី​របស់​សហគមន៍​នេះ​ ត្រូវ​បាន​គម្រាម​កំហែង​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​ការ​អភិវឌ្ឍ។​ ខេត្ត​ចាមប៊ី​ បាន​បាត់​បង់​ព្រៃ​បឋម​របស់​ខ្លួន​ចំនួន​២ភាគ៣ ​ ភាគច្រើន​ដោយសារ​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​រានយក​ដី​សម្រាប់​ចម្ការ​ដូង​ប្រេង។

អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ខេត្ត​ចាមប៊ី ​ជាផ្នែក​មួយ​នៃ​ការ​ព្រួយ​បារម្ភ​ផ្នែក​បរិស្ថានជាតិ​ ​និង​អន្តរជាតិ​ដែល​កំពុង​កើនឡើង។​ យោងតាម​អង្គការ​បរិស្ថាន​អន្តរជាតិ​ហ្គ្រីនភីស ​(Greenpeace) ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​អត្រា​នៃការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រហ័ស​ជាង​គេ​នៅក្នុង​ពិភពលោក​ ​ដោយ​បាត់​បង់​៥១​គីឡូម៉ែត្រ​ការ៉េ​ជា​រៀង​រាល់​ថ្ងៃ។​ ការ​ដុត​ព្រៃ​ក៏​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ីក្លាយ​ជា​ប្រទេស ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំជាង​គេ​ទី​បី​នៅ​ក្នុង​ពិភព​លោក។

គម្រោង​មួយដែល​ត្រូវបានចាត់​ចែង​ដោយ​ប្រទេស​អូស្រា្តលីក្រោម​កម្មវិធី​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ហៅថា​ ​ការកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពី​ការ​កាប់​បំផ្លាញ ​និង​ការ​រិចរិល​ព្រៃឈើ​ ឬ​ហៅ​កាត់​ថា ​REDD ​ដែល​ក្នុង​គម្រោង​នោះ​ប្រទេស​ជឿនលឿន​ ​អាច​នឹង​ធ្វើ​សមតុល្យាភាព​ការ​បញ្ចេញ​ជាតិ​កាបោន​របស់​គេ​ ​ដោយ​ចំណាយ​លុយ​ទៅ​ឲ្យ​ប្រទេស​ក្រី​ក្រ​ដើម្បី​ការពារ​ព្រៃឈើ​របស់គេ។​ ស្រុក​មើរ៉ាងីន ​(Meragnin)​ គឺ​ជា​ការដ្ឋាន​មួយ​ក្នុង​ចំណោម​ការដ្ឋាន​ចំនួន​ប្រាំ ដែល​រដ្ឋាភិបាល​អូស្រ្តាលី ​កំពុង​ធ្វើ​ការ​ស្ទង់​មតិ​សម្រាប់​គម្រោង​REDD។

នេះគឺ​ភូមិ​ ​លូប៊ូកប៊ើរីងីន ភាគច្រើន​នៃ​ប្រជា​ពល​រដ្ឋ​នៅ​ទី​នេះ​មិនដឹង​ថា​ ​ព្រៃ​របស់​គេ​នឹង​ក្លាយ​ជា​ការដ្ឋា​នគម្រោង​ប្រកប​ដោយ​សក្តានុពល​មួយ​នោះ​ទេ។

ណេល ​ស្កត់លែនដ៍ ​(Neil Scotland) ​ដែល​ជា​នាយក​គម្រោង​មក​ពី​អង្គ​ការ​ភាព​ជា​ដៃគូ​កាបោន​ព្រៃ​ឈើ​ឥណ្ឌូណេស៊ី ​ អូស្រាលី ​មាន​ប្រសាសន៍​ថា ​កម្មវិធី​ស្ថិត​ក្នុង​ជំហាន​ដំបូង​របស់​ខ្លួន​នៅ​ឡើយ។​ គាត់​ធានា​ថា ​សហគមន៍​នឹង​ត្រូវបាន​សុំប្រឹក្សា​យោបល់។

«អ្វីដែល​យើង​ស្នើ​សុំធ្វើ​នៅ​ចាមប៊ី គឺ​ចាប់​ផ្តើម​ដំណើរ​ការ​សុំប្រឹក្សា​ទូលំទូលាយ​មួយ​ ដោយ​ពិនិត្យ​មើល​ថា តើ​យើង​អាច​ផ្តល់​ការ​គាំទ្រ​ដល់​តម្រូវការ​ដែល​មាន​ស្រាប់​ដោយ​វិធីណា។​ សេចក្តី​ប្រាថ្នា ​និង​តម្រូវការ​ប្រជាពលរដ្ឋ​មូលដ្ឋាន ​អំពី​មធ្យោបាយ​ក្នុង​ការ​គ្រប់​គ្រង​ព្រៃឈើ ​និង​ធនធាន​ព្រៃឈើ​ ហើយ​ធានា​ថា REDD ​អនុវត្ត​ទៅតាម​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ»។

ប៉ុន្តែ ​ណ័រឌា​ ដូច​មនុស្ស​ជា​ច្រើននៅ​ក្នុង​ភូមិ​របស់​គាត់​ដែរ​ មិន​ត្រូវការ​លុយ ​ឬ​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋា​ភិបាល​ទេ។

គាត់​និយាយ​ថា ​ភូមិ​របស់​គាត់​មិនចង់​ឲ្យ​អូស្រ្តាលី​ការ​ពារ​ព្រៃឈើ​ទេ​ ​ពីព្រោះ​សហគមន៍​មាន​សិទ្ធិ​ប្រើ​ប្រាស់​វា។​ គាត់​និយាយថា​ ​ ព្រៃឈើនេះ​គឺ​សម្រាប់ភូមិលូប៊ូក ប៊ើរីងីន។

ដើម្បី​មានលទ្ធភាព​ទទួលសិទ្ធិ​កាន់​កាប់​ដី ភូមិ​លូប៊ូក ប៊ើរីងីន និង​ភូមិ​ជិត​ខាង​ពីរ​ទៀត​បាន​ចរចារ​បញ្ចុះ​បញ្ចូល​ក្រសួង​រុក្ខា​កម្ម​ផ្តល់​សញ្ញាកម្ម​ថា​ ​តំបន់​នេះ​គឺ​ជា​ព្រៃ​ភូមិមួយ។​ វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មិន​អាច​ប៉ះ​ពាល់​ដីនោះ​រយៈពេល​៣៥​ឆ្នាំ។

កាល​ពីឆ្នាំ​កន្លង​ទៅ​ ​ក្រោយពី​សម្បទាន​ក្រុម​ហ៊ុន​រយៈពេល​ដ៏វែង​ចំនួន​២០ឆ្នាំ​ ​ក្នុង​ការ​កាន់​កាប់​ដី​ ត្រូវ​ផុត​កំណត់​ ​ភូមិ​លូប៊ូ​ ប៊ើរីងីន ​និង​ភូមិ​ជិត​ខាង​ពីរ​ផ្សេង​ទៀត​អនុម័ត​ច្បាប់​ក្នុង​ស្រុក​ ចែក​លក្ខខណ្ឌ​អំពី​ថា​តើ​អ្វី​ និ​ង​ចំនួន​ប៉ុន្មាន​ដែល​នឹង​ត្រូវ​ទាញ​យក​ពី​ព្រៃ​ឈើ។ ​អ្នក​ដឹកនាំ​មូលដ្ឋាន​បាន​ផ្តល់​ជា​សញ្ញា​ដល់​ដើមឈើ ​ដើម្បី​រំឭក​ប្រជាពលរដ្ឋ​អំពី​របៀប​ធ្វើ​ឲ្យ​ព្រៃឈើ​មាន​និរន្តរ​ភាព។

អ្នក​ដឹក​នាំ​ផ្សេង​ទៀត​បើក​ចំហ​ដល់​ជំនួយ​អន្តរជាតិ។​ អៃឌីល ភុត្រា ​ (Aidil Putra) ​ដែល​ជា​ប្រធាន​សហជីព​កសិករចាមប៊ី ​និយាយថា​ ​ សហគមន៍​របស់​លោក​នឹង​ទទួល​ស្វាគមន៍​អន្តរាគមន៍​អន្តរជាតិ​ ប្រសិន​បើ​វា​ជួយទប់​ស្កាត់​ អភិរក្ស​ព្រៃឈើ​ពី​ការ​ប្រើ​ប្រាស់​ពាណិជ្ជ​កម្ម​ខា្នត​ធំ។

លោក​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​នៃ​ខេត្ត​ចាមប៊ី ​យល់​ព្រម​នឹង​គម្រោង​កម្មវិធី​ជាមួយ​ប្រទេស​អូស្ត្រាលីនោះ​អូស្រា្តលី​អាច​ជួយគេ​ការពារ​ដី​របស់​គេ​ប្រឆាំង​នឹងក្រុម​ហ៊ុន។

ខណៈដែល​អនាគត​នៃ​ព្រៃ​មើរ៉ាងីន ​ស្ថិត​នៅ​ក្នុង​តំបន់​រហោឋាន​ ការ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​សម្បទាន​ព្រៃឈើ​ថ្មី​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​រយៈ​ពេល​ពីរ​ឆ្នាំ​ ផ្តល់​ពេល​តិចតួច​ដល់​សហគមន៍​មួយ​នេះ។

ការ​ផ្អាក​នេះ​ត្រូវបាន​ប្រកាសនៅ​ខែ​ឧសភា​ ដោយ​ប្រធានា​ធិបតី​ស៊ុស៊ីឡូ ​បាមបាង​ យូដូយ៉ូណូ (Susilo Bambang Yudhoyono)​ នៅ​ក្នុង​កិច្ចព្រមព្រៀង​កម្មវិធី​របស់​ REDD ដែល​មាន​តម្លៃ​១ពាន់​លាន​ដុល្លារ ​ជាមួយ​ប្រទេស​ណ័រវ៉េ ដែល​បាន​សន្យា​ផ្តល់​ប្រាក់​ដើម្បី​ចេញថ្លៃ​ការ​បញ្ចេញ​ឱស្ម័ន​កាបោន​របស់​ខ្លួន។​ ការ​ផ្អាក​បណ្តោះ​អាសន្ន​នេះ​ត្រូវបាន​រំពឹង​ថា ​ចាប់​ផ្តើមនៅ​ឆ្នាំ​ក្រោយ​ ​ប៉ុន្តែ​ក្រុមហ៊ុន​ដែល​មាន​ការ​អនុញ្ញាត​ស្រាប់​អាច​បន្ត​កាប់​ឈើ ​ដូច​ធម្មតា​បាន៕

ប្រែ​សម្រួលដោយ ​អ៊ឹម សុធារិទ្ធ។

XS
SM
MD
LG