ដោយ Kate Lamb
ប្រែសម្រួលដោយ ឌី ខាំបូលី
ការស៊ើបអង្កេតជាសាកលមួយ ដោយអង្គការហ្គ្រីនភីស (Greenpeace) បានបង្ហាញថា សម្លៀកបំពាក់របស់ក្រុមហ៊ុនផលិតម៉ូតសម្លៀកបំពាក់ល្បីៗ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី (Indonesia) មានផ្ទុកសារធាតុគីមីប្រកបដោយគ្រោះថ្នាក់ចំពោះបរិស្ថាននិងសុខភាពរបស់មនុស្ស។
អង្គការហ្គ្រីនភីសនិយាយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលមានយីហោជាសាកល ដូចជាក្រុមហ៊ុន អាម៉ានី (Armani) ហ្គែព (GAP) ម៉ាកស៍ និង ស្ពែនស័រ (Marks and Spencer) និង អ៊ីស្រ្ពីត (Esprit) កំពុងផលិតសម្លៀកបំពាក់ ដែលមានសារជាតិពុលខ្លាំង នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការសិក្សាដែលមានចំណងជើងថា «សរសៃអម្បោះមានជាតិពុល ការបោកប្រាស់យ៉ាងធំធេងរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់» បានរកឃើញថា សម្លៀកបំពាក់ដែលផលិតដោយក្រុមហ៊ុនសម្លៀកបំពាក់ ដែលមានដាក់លក់នៅតាមហាង មានផ្ទុកសារធាតុ ណូនីលហ្វឺណុល អេស្សូហ្សីលែតស៍ (Nonylphenol ethoxylates) ឬហៅកាត់ថា NPEs។
អ្នកនាំពាក្យរបស់អង្គការហ្គ្រីនភីស ប្រចាំនៅប្រទេស ឥណ្ឌូនេស៊ី លោក ហ៊ីលដា មឺទៀ (Hilda Meutia) និយាយថា សារធាតុ NPEs មានគ្រោះថ្នាក់ចំពោះបរិស្ថាននិងប្រព័ន្ធបន្តពូជរបស់មនុស្សទៀតផង។
«សារធាតុ NPEs បំផ្លាញទាំងសុខភាពមនុស្សនិងបរិស្ថាន។ ខ្ញុំចង់សំដៅទៅដល់ប្រព័ន្ធបរិស្ថានទឹក ប៉ុន្តែក៏ប៉ះពាល់ទៅដល់សុខភាពមនុស្សផងដែរ ពីព្រោះការស្រាវជ្រាវបង្ហាញថា សារធាតុនេះបង្អាក់ដល់ដំណើរការនៃអ័កម៉ូនរបស់យើង»។
អង្គការហ្គ្រីនភីសនិយាយថា សារធាតុគីមីនេះបានហូរចូលទៅក្នុងទន្លេ នៅក្នុងកំឡុងពេលនៃដំណើរការផលិត និងនៅពេលដែលសម្លៀកបំពាក់ត្រូវបានបោកសម្អាត។
ប៉ុន្តែ សមាគមកាត់ដេរ លោក អាដេ ស៊ូដ្រាចាត (Ade Sudrajat) របស់ឥណ្ឌូនេស៊ី បានបដិសេធចោលការអះអាងទាំងនេះ។
លោកនិយាយថា ច្បាប់របស់ឥណ្ឌូនេស៊ី តម្រូវឱ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់ទាំងអស់ មានតម្លាភាពអំពីប្រភេទនិងកម្រិតនៃសារធាតុគីមី ដែលត្រូវបានប្រើប្រាស់ ហើយថា របាយការណ៍របស់អង្គការហ្គ្រីនភីស នឹងនាំឱ្យមានការពិនិត្យពិច័្ចយបន្ថែមទៀត។
«បទបញ្ញត្តិនេះមានភាពរឹងមាំគ្រប់គ្រាន់ល្មម សម្រាប់ឧស្សាហកម្មកាត់ដេរនៅឥណ្ឌូនេស៊ី ហើយខ្ញុំគិតថា ប្រសិនបើការស្រាវជ្រាវពឹងផ្អែកលើឧស្សហកម្មសម្លៀកបំពាក់ ភាគច្រើននៅក្នុងឧស្សាហកម្មសម្លៀកបំពាក់ ដែលសាច់ក្រណាត់ត្រូវបាននាំយកមកពីបរទេស ភាគច្រើនមកពីប្រទេសចិន និងកូរ៉េ។ នេះគឺជាសាច់ក្រណាត់ដែលជាវត្ថុធាតុដើម»។
ដោយទទួលស្គាល់ថា បទបញ្ញត្តិនាំចូលរបស់ ឥណ្ឌូនេស៊ី អាចមានភាពតឹងរឹងជាង លោក ស៊ូដ្រាចាត និយាយថា អង្គការហ្គ្រីនភីសគួរបញ្ជាក់ឱ្យបានច្បាស់ថាតើសម្លៀកបំពាក់ដែលត្រូវបានពិសោធន៍ ត្រូវបានកាត់ចេញពីសាច់ក្រណាត់នាំចូលឬយ៉ាងណា។
ឧស្សាហកម្មកាត់ដេរគឺជាការនាំចេញចម្បងមួយសម្រាប់ប្រទេស ឥណ្ឌូនេស៊ី ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលថ្មីៗនេះ ជាមួយប្រទេសចិន បានបង្កើតឱ្យមានលំហូរនៃការនាំចូល ហើយបានដាក់សម្ពាធទៅលើឧស្សាហកម្មក្នុងស្រុក។
របាយការណ៍ត្រូវបានចេញផ្សាយ នៅចំពេលដែលរដ្ឋាភិបាល ឥណ្ឌូនេស៊ី កំពុងសម្លឹងមើលទៅលើការលុបបំបាត់ពន្ធ ដើម្បីបង្កើនការប្រកួតប្រជែង ចំពេលដែលការគំរាមកំហែងពីការបាត់បង់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការសម្រេចចិត្តនៅក្នុងសប្តាហ៍នេះ ដើម្បីបង្កើនប្រាក់ឈ្នួលអប្បរមានៅក្នុងទីក្រុង ហ្សាកាតា ឱ្យបាន៤៤ភាគរយ អាចធ្វើឱ្យកម្មកររោងចក្រកាត់ដេរជាងមួយសែននាក់បាត់បង់ការងារ ដោយសារតែការបិទរោងចក្រ។
ក្រៅពីការអះអាងអំពីការប្រព្រឹត្តមិនត្រឹមត្រូវទៅលើបរិស្ថាន រោងចក្រ ឥណ្ឌូនេស៊ី សម្រាប់ក្រុមហ៊ុន ណៃគី (Nike) និងអាឌីដាស (Adidas) ត្រូវបានចោទប្រកាន់ពីបទគាំទ្រដល់ «ស្ថានភាពរោងចក្រកេងចំណេញកម្លាំងពលកម្ម» នៅក្នុងឆ្នាំនេះ សម្រាប់ការខកខានមិនបានផ្តល់ថ្លៃឈ្នួលអប្បរមា និងការប្រព្រឹត្តមិនល្អទៅលើកម្មករ។
ប៉ុន្តែ លោក ហ្វូហ្សី អ៊ីចសាន (Fauzi Ichsan) ដែលជាសេដ្ឋវិទូមួយរូបនៅឯធនាគារ ស្តែនដាដ ឆាតធឺ (Standard Chartered) និយាយថា ប្រទេស ឥណ្ឌូនេស៊ី មិនមែនជាសេដ្ឋកិច្ចដែលកេងចំណេញលើកម្លាំងពលកម្មនោះទេ។
«ឥណ្ឌូនេស៊ី លែងជាប្រទេសតតិយលោកទៀតហើយ គឺមិនមានន័យថា កម្លាំងពលកម្មត្រូវបានកេងប្រវ័ញ្ចក្នុងតម្លៃថោកនោះទេ។ ប្រសិនបើអ្នកនិយាយទៅកាន់អ្នកគ្រប់គ្រងឧស្សាហកម្ម រោងចក្រឧស្សាហកម្ម ពួកគេនឹងអះអាងថា កម្លាំងពលកម្មរបស់ ឥណ្ឌូនេស៊ី មិនត្រឹមតែកាន់តែថ្លៃនោះទេ ប៉ុន្តែ បទបញ្ញត្តិទាំងឡាយ ឧទាហរណ៍ គោលនយោបាយនាពេលថ្មីៗនេះ ក្នុងការបញ្ចប់ការផ្តល់លទ្ធភាពផលិតទៅប្រភពខាងក្រៅ នឹងធ្វើឱ្យកម្លាំងពលកម្មរបស់ ឥណ្ឌូនេស៊ី មានការប្រកួតប្រជែងកាន់តែតិចទៅៗ»។
នៅលើផ្នែកបរិស្ថាន ឧស្សាហកម្មកាត់ដេររបស់ ឥណ្ឌូនេស៊ី មិនមែនជាឧស្សាហកម្មតែមួយគត់ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនោះទេ។
ការសិក្សារបស់អង្គការហ្គ្រីនភីស បានពិសោធសម្លៀកបំពាក់ ដែលត្រូវបានផលិតដោយរោងចក្រផលិតសម្លៀកបំពាក់ទាន់សម័យជាសកលចំនួន២០ នៅក្នុងប្រទេសចំនួន២៧។ នៅទូទាំងសកលលោក សារធាតុ NPEs ត្រូវបានរកឃើញថាមានចំនួន៨៩ នៅក្នុងចំណោមគំរូសាកល្បងចំនួន១៤១ ដែលត្រូវបានពិសោធន៍។
នៅក្នុងចំណោមអ្នកប្រព្រឹត្តល្មើសធ្ងន់ធ្ងរបំផុត គឺមានស្លាកយីហោដូចជា ខាលវីនក្លេន (Calvin Klein) មែងហ្គូ (Mango) ម៉ាកស៍ និង ស្ពែនស័រ (Marks and Spencer) និង ហ្សារ៉ា (Zara)។ គំរូសាកល្បងពីរពីផលិតផលរបស់យីហោ ហ្សារ៉ា មានផ្ទុកសារធាតុដែលបង្កឱ្យមានជំងឺមហារីក ដោយសារតែការប្រើប្រាស់ថ្នាំជ្រលក់ប្រភេទ អាហ្សូ (azo)។
ប៉ុន្តែ លោក ហ៊ីលដា មឺទៀ (Hilda Meutia) នៃអង្គការហ្គ្រីនភីស និយាយថា ការសិក្សានេះមិនកំពុងព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ដល់ស្លាកយីហោណាមួយនោះទេ។
«យើងមិនបានសំដៅទៅលើស្លាកយីហោជាក់លាក់ណាមួយទេ។ មានស្លាកយីហោចំនួន២០ ដែលមានបញ្ហាដូចគ្នានេះ ហើយក្រុមហ៊ុនទាំង២០នេះ ត្រូវតែបង្កើតឡើងនូវផែនការល្អមួយ ដើម្បីបំបាត់ជាតិពុល។ អំណាចប្រជាពលរដ្ឋកាន់តែច្រើន និងសម្លេងរបស់ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងយុទ្ធនាការនេះ នឹងជួយឲ្យក្រុមហ៊ុនសាជីវកម្មទាំងឡាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបំបាត់ជាតិពុលនេះ។ មនុស្សគ្រប់រូបចាំបាច់ត្រូវមានការយល់ដឹង មិនមែនតែមនុស្ស ដែលស្លៀកសម្លៀកបំពាក់ទាំងនោះទេ ពីព្រោះវាប៉ះពាល់ដល់មនុស្សជាច្រើនផ្សេងទៀត»។
មួយសប្តាហ៍បន្ទាប់ពីការចេញផ្សាយរបាយការណ៍របស់អង្គការហ្គ្រីនភីស ក្រុមហ៊ុនទីពីរ គឺក្រុមហ៊ុន ម៉ាកស៍ និង ស្ពែនស័រ បានយល់ព្រមបន្ថយការប្រើប្រាស់សារធាតុគីមីប្រកបដោយគ្រោះថ្នាក់ឲ្យអស់ទាំងស្រុង នៅត្រឹមឆ្នាំ២០២០។
ក្រុមហ៊ុនលក់សម្លៀកបំពាក់ ដែលមានស្លាកយីហោ H&M ក៏នឹងកំពុងធ្វើដូចគ្នាផងដែរ ខណៈពេលដែលក្រុមហ៊ុន ហ្សារ៉ា និយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងដោយខ្លួនឯង៕