នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា បានបដិសេធការចោទប្រកាន់ទាំងឡាយដែលថារដ្ឋាភិបាលដឹកនាំដោយគណបក្ស Congress Party របស់លោក បានសូកប៉ាន់ក្រុមអ្នកតាក់តែងច្បាប់ ដើម្បីធ្វើឲ្យឈ្នះក្នុងការបោះឆ្នោតលើសេចក្តីទុកចិត្តមួយ នៅក្នុងឆ្នាំ២០០៨។ ការចោទប្រកាន់នេះដែលយោងតាមសារទូរលេខ Wikileaks មួយ បានបង្កើនការប្រឆាំងជំទាស់យ៉ាងខ្លាំងពីក្រុមគណបក្សប្រឆាំង និងការទាមទារឲ្យមានការចុះចេញពីតំណែងរបស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ម៉ាន់ម៉ូហាន់ ស៊ីង បានប្រាប់សភាកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកមិនបានជាប់ទាក់ទងនៅក្នុងការសូកប៉ាន់ដល់ក្រុមអ្នកតាក់តែងច្បាប់ដើម្បីធានាការគាំទ្ររបស់ពួកគេសម្រាប់ការបោះឆ្នោតលើសេចក្តីទុកចិត្តមួយ ដែលរដ្ឋាភិបាលលោក ស៊ីង បានឈ្នះយ៉ាងប្រកិតៗ នៅកំឡុងនៃអាណត្តិពីមុនរបស់ខ្លួន ក្នុងឆ្នាំ២០០៨។
«ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ ថាគ្មានអ្នកណាម្នាក់ពីខាងគណបក្ស Congress Party ឬពីខាងរដ្ឋាភិបាល បានប្រព្រឹត្តនូវអំពើមិនស្របច្បាប់ណាមួយ នៅក្នុងអំឡុងការបោះឆ្នោតលើសេចក្តីទុកចិត្ត ក្នុងខែកក្កដាឆ្នាំ២០០៨នោះទេ»។
ការបោះឆ្នោតលើសេចក្តីទុកចិត្តនោះ ត្រូវបានស្នើឡើងបន្ទាប់ពីគណបក្សនយោបាយឆ្វេងនិយមដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាល បានដកការគាំទ្រចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែស៊ីវិលមួយ ជាមួយនឹងសហរដ្ឋអាមេរិក។
ការចោទប្រកាន់ថារដ្ឋាភិបាលបានឈ្នះដោយសារទិញសន្លឹកឆ្នោតនោះ បានបែកចេញ ដោយសារ សារទូរលេខ Wikileaks មួយ ដែលបាននិយាយថា អ្នកការទូតអាមេរិកាំងម្នាក់បានត្រូវគេបង្ហាញនូវហិបប្រាក់ពីរ ដោយអ្នកជំនួយការម្នាក់នៃមន្ត្រីជាន់ខ្ពស់របស់គណបក្ស Congress Party។ ប្រាក់នោះទំនងត្រូវកំណត់ទុកសម្រាប់ជូនដល់ អ្នកតាក់តែងច្បាប់បួនរូប ដែលត្រូវបានទទួលជាងពីរលានដុល្លារក្នុងម្នាក់ៗ សម្រាប់ការគាំទ្ររបស់ពួកគេនៅក្នុងការបោះឆ្នោតសេចក្តីទុកចិត្ត។
មន្ត្រីនៃគណបក្ស Congress Party អ្នកជំនួយការរបស់លោក និងក្រុមអ្នកតាក់តែងច្បាប់បានបដិសេធការចោទប្រកាន់នោះ។
លោកនាយករដ្ឋមន្ត្រី ស៊ីង បានបញ្ជាក់ថាគណៈកម្មាធិការមួយដែលបានស៊ើបអង្កេតការចោទប្រកាន់ទាំងឡាយអំពីការសូកប៉ាន់ក្រោយពេលបោះឆ្នោត បានរកឃើញភស្តុតាងមិនគ្រប់គ្រាន់ដើម្បីអាចសន្និដ្ឋានថាមាន ការសូកប៉ាន់នោះ។
លោក ស៊ីងបានសម្តែងការខកចិត្តថា គេបានជឿលើសារទូរលេខ Wikileaks មួយនោះ។
ប្រែសម្រួលដោយ នុច សារីតា