នៅពេលដែលលោក ឌេបភីងឌើ ហ្គូយ៉ាល (Deepinder Goyal) កំពុងធ្វើការនៅក្រុមហ៊ុនប្រឹក្សាយោបល់មួយកាលពីរបីឆ្នាំមុន លោកបានឃើញថា សហការីរបស់លោកបានសន្សុំទុកតារាងរាយមុខម្ហូបជាច្រើន និងរៀបចំឲ្យមានលក្ខណៈងាយស្រួល ដើម្បីឲ្យពួកគេងាយស្រួលក្នុងការបញ្ជាទិញអាហារថ្ងៃត្រង់ពីភោជនីយដ្ឋានផ្សេងៗ។ ការណ៍នោះបានផ្តល់គំនិតដល់លោក ហ្គូយ៉ាល ក្នុងការបង្កើតមគ្គុទេសក៏តាមអ៊ីនធឺណិត មួយដែលណែនាំអំពីម្ហូបអាហារនិងរបៀបរស់នៅ។
«យើងបានថតចម្លង(ស្គែន)តារាងបញ្ជីរាយមុខម្ហូបទាំងនោះនិងដាក់បញ្ជីទាំងនោះនៅលើបណ្តាញអ៊ីនធឺណិត។ ដូច្នេះការចាប់ផ្តើមមុខរបររកស៊ីតាមអ៊ីនធឺណិត តាមពិតដំបូងឡើយគ្រាន់ជាការពិសោធន៍មើលប៉ុណ្ណោះ ហើយមុខរបរនេះពិតជាមានដំណើរការយ៉ាងល្អ ហើយបច្ចុប្បន្ននេះ យើងកំពុងទទួលបានមនុស្សប្រហែលពីរលាននាក់ ដែលមើលតារាងរាយមុខម្ហូបនៅលើគេហទំព័ររបស់យើងជារៀងរាល់ខែ»។
គេហទំព័ររបស់លោក ហ្គូយ៉ាលឈ្មោះ Zomato.com បានរីកលូតលាស់ មួយផ្នែកក៏ដោយសារភាពរីកដុះដាលខាងមុខជំនួញអាហារនិងភោជនីយដ្ឋាន និងមួយផ្នែកទៀតដោយសារកំណើនយ៉ាងខ្លាំងនៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅឥណ្ឌាកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
ឥឡូវនេះ ប្រទេសឥណ្ឌាមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង១១២លាននាក់ ដែលមានចំនួនប្រហែល១០ភាគរយនៃពលរដ្ឋរបស់ប្រទេសនេះ។ ប្រទេសនេះគឺជាមូលដ្ឋានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតលំដាប់ទីបីរបស់ពិភពលោក បន្ទាប់ពីប្រទេសចិននិងសហរដ្ឋអាមេរិក។ ដោយមានអ្នកប្រើប្រាស់អ៊ីនធឺណិតថ្មីៗបន្ថែមចំនួនប្រហែល៥លាននាក់ចូលប្រើជារៀងរាល់ខែ ចំនួននេះត្រូវបានរំពឹងថានឹងឡើងដល់២៥០លាននាក់នៅក្នុងរយៈពេលតិចជាងពីរឆ្នាំ។
លោក ស៊ូបូ រ៉យ (Subho Roy) ប្រធានសមាគមអ្នកប្រើប្រាស់អ៊ីនធឺណិតនិងទូរស័ព្ទចល័តរបស់ឥណ្ឌា (Internet and Mobile Users Association of India) ថ្លែងថា ការស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះបង្ហាញថា ការប្រើប្រាស់អ៊ីនធឺណិត ដែលពីដើមមានតែនៅតាមទីក្រុងធំៗ កំពុងរីកសាយយ៉ាងឆាប់រហ័សចូលទៅក្នុងទីក្រុងនិងទីប្រជុំជនតូចៗផងដែរ។
លោក រ៉យ ក៏បានឲ្យដឹងទៀតថា មនុស្សជាច្រើនកំពុងចូលប្រើប្រាស់អ៊ីនធឺណិតនៅតាមផ្ទះ ហើយការណ៍នេះបញ្ចប់ជាបណ្តើរៗនូវភាពផ្តាច់មុខរបស់ហាងអ៊ីនធឺណិតកាហ្វេ ដែលជាកន្លែងអ្នកគ្មានម៉ាស៊ីនកុំព្យូទ័រធ្លាប់ចូលទៅប្រើអ៊ីនធឺណិត។
«កាលពីឆ្នាំមុន ស្ថិតិនិន្នាការ ប្រើប្រាស់អ៊ីនធឺណិតដូចឆ្នាំមុនៗគឺនៅដដែល គឺ អ៊ីនធឺណិតកាហ្វេមានចំនួនច្រើនជាងគេ បន្ទាប់មកនៅតាមការិយាល័យ និងបន្ទាប់មកនៅតាមគេហដ្ឋាន។ ដូច្នេះ ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នេះបានកើតឡើងនៅឆ្នាំនេះ។ គឺមានការកើនឡើងយ៉ាងខ្លាំងចំពោះការប្រើប្រាស់(អ៊ីនធឺណិត)នៅតាមគេហដ្ឋាន។ មនុស្សទាំងឡាយប្រហែលជាកំពុងទិញការភ្ជាប់បណ្តាញអ៊ីនធឺណិតផ្ទាល់ខ្លួន និងចូលប្រើប្រាស់អ៊ីនធឺណិតតាមឧបករណ៍របស់ខ្លួនផ្ទាល់ ជាជាងធ្វើដំណើរទៅកាន់កន្លែងផ្តល់សេវាអ៊ីនធឺណិតរួមគ្នា»។
លោក ហ្គូយ៉ាល និយាយថា ប្រការនោះកំពុងជួយដល់មុខជំនួញជាច្រើន មានដូចជាគេហទំព័រ Zomato.com ជាដើម។
«កាលពីដើម យើងធ្លាប់មើលឃើញថា ចរាចរណ៍ប្រហែល៥០ទៅ៦០ភាគរយធ្លាប់បានកើនឡើងខ្ពស់ នៅម៉ោងពិសារអាហារថ្ងៃត្រង់ក្នុងថ្ងៃធ្វើការ។ នោះគឺដោយសារបណ្តាក្រុមហ៊ុន (និយោជិកក្រុមហ៊ុនទាំងឡាយ) ដែលបានចូលប្រើប្រាស់គេហទំព័ររបស់យើងនៅពេលដែលពួកគេធ្លាប់បញ្ជាទិញអាហារថ្ងៃត្រង់។ ឥឡូវនេះ ថ្ងៃចុងសប្តាហ៍ក៏មានចរាចរណ៍ខ្លាំងណាស់ដែរសម្រាប់ពួកយើង»។
អាជីវកម្មជាច្រើនទៀតក៏កំពុងទទួលផលប្រយោជន៍ដែរ។ ឧទាហរណ៍ ការទិញទំនិញតាមអ៊ីនធឺណិតក៏កំពុងកើនឡើងដែរ។ ក្រុមយុវវ័យដែលបានចាប់ផ្តើមកក់សំបុត្រមើលខ្សែភាពយន្ត និងសំបុត្រយន្តហោះតាមបណ្តាញអ៊ីនធឺណិត ក៏កំពុងបញ្ជាទិញទូរស័ព្ទចល័ត កុំព្យូទ័រឡេបថប់ (laptop) សៀវភៅ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ មានដូចជានាឡិកា នៅលើបណ្តាញអ៊ីនធឺណិត។ ការស្ទាបស្ទង់ផ្នែកឧស្សាហកម្មបង្ហាញថា មុខជំនួញលក់រាយតាមអ៊ីនធឺណិតកំពុងកើនឡើងចំនួន៣៥ភាគរយជារៀងរាល់ឆ្នាំ និងឈានដល់តម្លៃជិត១,៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០១៥។ អតិថិជនជិតពាក់កណ្តាលមកពីបណ្តាទីក្រុងតូចៗ ដែលនៅទីនោះទ្រព្យធននិងសេចក្តីប្រាថ្នាកំពុងកើនឡើងដែរ។
បណ្តាញសង្គម ហ្វេសប៊ុក (Facebook) បានឲ្យដឹងក្នុងខែវិច្ឆិកានេះថា ខ្លួនរំពឹងថាប្រទេសឥណ្ឌានឹងមានចំនួនអ្នកប្រើប្រាស់ហេ្វសប៊ុកច្រើនជាងគេ (ក្នុងពិភពលោក) នៅប៉ុន្មានឆ្នាំខាងមុខនេះ។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមដ៏មានប្រជាប្រិយនេះចំនួន៣០លាននាក់នៅក្នុងប្រទេសនេះ។
ចំនួនប្រជាពលរដ្ឋនៅឥណ្ឌាដែលមានម៉ាស៊ីនកុំព្យូទ័រនៅមានកម្រិតនៅឡើយ។ ប៉ុន្តែឥឡូវនេះ ចំនួនពលរដ្ឋជិតពាក់កណ្តាលមានទូរស័ព្ទចល័ត ហើយអ្នកប្រើប្រាស់ថ្មីជាច្រើនរបស់ប្រទេសនេះត្រូវបានរំពឹងថានឹងប្រើអ៊ីនធឺណិតតាមឧបករណ៍ទាំងអស់នោះ (ទូរស័ព្ទចល័ត)៕
ប្រែសម្រួលដោយ លីសុខឃាង