មេដឹកនាំបាតុកម្មជាន់ខ្ពស់ដែលមានប្រជាប្រិយភាពពីរនាក់ប្រឆំាងនឹងអំពើពុករលួយកំពុងនាំឲ្យមានការចាប់អារម្មណ៍ជាថ្មី នៅឥណ្ឌា ប៉ុន្តែក្នុងរបៀបផ្សេងៗគ្នា។ ម្នាក់ជាលោកគ្រូធ្វើសមាធិស្មឹងស្មាតយោគម្នាក់ដែលមានប្រជាប្រិយភាពនិងជាមេដឹកនាំបាតុករនៅទីក្រុងញូដេលី ដែលត្រូវប៉ូលីសបង្រ្កាបយ៉ាងខ្លាំងតាំងពីប៉ុន្មានថ្ងៃកន្លងមកនេះ បានព្រមានថា អ្នកគាំទ្ររបស់លោកនឹងប្រយុទ្ធប្រឆាំងតបវិញនាពេលខាងមុខ។ ហើយម្នាក់ទៀតជាសកម្មជនម្នាក់ដែលធ្វើកូដកម្មអត់អាហារមួយថ្ងៃបានអំពាវនាវមានឲ្យមានការស្ងប់ស្ងាត់។
លោកគ្រូធ្វើសមាធិស្មឹងស្មាធយោគជាន់ខ្ពស់ និងមានទ្រព្យធនច្រើនជាងគេ ឈ្មោះ បាបា រាំដេវ (Baba Ramdev) បានចេញសេចក្តីព្រមានដោយប្រើពាក្យពេចន៍ដូចទាហាន នៅពេលដែលលោកដាក់ទោសរដ្ឋាភិបាលពីការប្រើវិធីសាស្រ្តក្តៅផ្សេងៗរបស់ប៉ូលីស។
លោកមានប្រសាសន៍ថា លោកនឹងបង្ហាត់អ្នកគាំទ្រក្មេងៗជាច្រើន និងផ្តល់អាវុធទៅឲ្យពួកគេ។ ដោយយោងទៅតាមការធ្វើសង្រ្គាមដ៏ល្បីល្បាញក្នុងរឿងរៀមកេរ្តិ៍ឥណ្ឌាបូរាណ លោកមានប្រសាសន៍ថា យើងនឹងចាំមើលថា នឹងមានអ្វីកើតឡើង។
នៅពេលព្រឹកព្រលឹមថ្ងៃអាទិត្យក្រុមប៉ូលីសបានបំបែកហ្វូងបាតុករអត់អាហារជាសាធារណៈដឹកនាំដោយ លោក Baba Ramdev។ ក្រុមប៉ូលីសត្រូវបានដាក់ពង្រាយនៅតាមវិថីញូដេលី ដោយមានដំបងឆក់ជាច្រើន និងឧស្ម័នបង្ហូរទឹកភ្នែក។ ក្រុមប៉ូលីសបានរុនច្រានក្រុមលោក ក្នុងចម្ងាយ ២០០ គីឡូម៉ែត្រទៅរដ្ឋ អុតារ៉ាខេន (Uttarakhand) ដោយនិយាយថា ចំនួនអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅទីក្រុង គឺលើសពីចំនួនអនុញ្ញាត៥ពាន់នាក់ដែលលោកបានទទួលការអនុញ្ញាតសម្រាប់ការធ្វើជំរុំសមាធិស្មឹងស្មាធនោះ។
សម្មភាពរបស់ប៉ូលីស បានទទួលរងការរិះគន់ថាបានប្រើកម្លាំងជ្រុលហួសហេតុ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលបាននិយាយការពារខ្លួនថា វាជាការចាំបាច់ក្នុងការចាត់វិធានការគ្រប់គ្រងសន្តិសុខជាមុន។
លោក Ramdevជាបុគ្គលល្បីល្បាញម្នាក់នៅប្រទេសឥណ្ឌា ដែលគ្រប់គ្រងនូវប្រព័ន្ធព័ត៌មានទាក់ទងនឹងYoga ដែលមានចំណូលយ៉ាងកាកកប។ ប៉ុន្តែ លោកបានធ្វើឲ្យរូបលោកកាន់តែល្បីល្បាញថែមទៀត នៅប៉ុន្មានសប្តាហ៍នេះ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋឥណ្ឌាអនុវត្តប្រពៃណីអត់អាហារតាម មហាត្មៈគន្ធីដើម្បីបង្ហាញឲ្យឃើញច្បាស់ពីការផ្លាស់ប្តូរនយោបាយ។
បាតុកម្មអត់អាហារបានដឹកនាំ ដោយសកម្មជនវ័យចំណាស់ លោក Anna Hazare មានអាយុ៧៣ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃសៅរ៍មក គឺជាយុទ្ធនាការណ៍យ៉ាងទូលំទូលាយមួយចាប់ផ្តើមនៅខែមេសា ដើម្បីធ្វើការជម្រុញឲ្យមានការប្រឆាំងនឹងអំពើពុករលួយនៅគ្រប់ស្រទាប់ក្នុងស្ថាប័នរដ្ឋទាំងអស់។ ចលនានេះអាចជួយជម្រុញបន្ថែមនូវអ្វីដែលលោក A.K Anthony រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា ចាត់ទុកថាជា «ការវិវត្តន៍ប្រកបដោយតម្លាភាព» នៅប្រទេសឥណ្ឌា។
ការគម្រាមរបស់ លោកគ្រូ Ramdev ឆ្លើយតបទៅនឹងសកម្មភាពប៉ូលីសដោយប្រើអំពើហិង្សាទៅថ្ងៃអនាគត ជាការផ្ទុយពីរឿងរបស់ Anna Hazare ដែលលោកបានអត់អាហាររយៈពេលមួយថ្ងៃនៅក្នុងរដ្ឋធានីឥណ្ឌា។
លោក Hazare ប្រាប់អ្នកគាំទ្រថា ពួកគេនឹងទទួលបានជ័យជំនះនៅក្នុងសង្រ្គាមលើកទីពីរនេះ ដើម្បីសេរីភាពរបស់ឥណ្ឌា ហើយអ្នកដែលចូលរួមក្នុងការតស៊ូនេះត្រូវតែត្រៀមខ្លួនជាស្រេចចំពោះការប្រមាថនានា ប៉ុន្តែត្រូវចងចាំនូវសាររបស់មហាត្មៈគន្ធី និងដើរតាមដំបូន្មានរបស់លោក។
អំពើពុករលួយត្រូវបានគេឃើញជាទូទៅនៅប្រទេសឥណ្ឌាថា ជាបញ្ហាធំចំបងមួយ។ ការលួចបន្លំយ៉ាងជាក់ច្បាស់ នៅក្នុងការប្រកបរបរជួញដូរដីធ្លី និង ទូរគមនាគមន៍នានា បានត្រូវគេស្តីបន្ទោសថា បានលួចបន្លំប្រាក់អស់រាប់ពាន់លានដុល្លារពីរតនាគារឥណ្ឌា និងប្រជាពលរដ្ឋសាមញ្ញឥណ្ឌាអាចដឹងឮពីស្ថានការជាច្រើនដែលពួកគេត្រូវគេដាក់សំពាធឲ្យធ្វើការសូកប៉ាន់។
មន្រ្តីជាន់ខ្ពស់នានាដែលឋិតក្នុងគណបក្សកាន់អំណាចឥណ្ឌាឈ្មោះថា គណបក្សសមាជបានចោទ លោក Baba Ramdev ថាជាអ្នកនាំមុខធ្វើឲ្យមានការបែកបាក់រវាងអ្នកជាតិនិយមហិនឌូ ហើយមន្រ្តីទាំងអស់នោះបានរិះគន់ Hazare ពីការដែលលោកប្រើការគម្រាមកំហែងខាងស្មារតីដើម្បីពង្រួញដំណើរការប្រជាធិបតេយ្យ។
មេដឹកនាំប្រជាប្រិយទាំងពីរឆ្លើយតបថា ពួកគេបានរង់ចាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដើម្បីឲ្យរដ្ឋាភិបាលចាត់វិធានការណ៍ឲ្យបានច្បាស់លាស់ពី បញ្ហាពួករលួយ ហើយឆ្លើយតបទៀតថាមានតែសំពាធផ្ទាល់ពីសាធារណជនទេទើបអាចទទួលបានលទ្ធផល។ លោក Anna Hazare ព្រមានថា ប្រសិនជារដ្ឋាភិបាលមិនដាក់ចេញសេចក្តីព្រៀងច្បាប់ប្រឆាំងអំពើពុករលួយ នៅត្រឹមថ្ងៃទី១៥ សីហាទេ លោកនឹងបន្តធ្វើបាតុកម្មអត់អាហារទៀតនៅថ្ងៃបន្ទាប់។
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស