នៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលថ្នាក់តំបន់ដែលប្រកាន់លទ្ធិកុម្មុយនិស្ដនឹងជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយដែលគ្រប់គ្រងអំណាចយូរជាងគេនៅក្នុងពិភពលោក កំពុងតែខំប្រឹងពុះពារឲ្យមានជីវិត នៅក្នុងរដ្ឋ West Bengal ដែលគេចាត់ទុកជាយូរមកហើយថាជាកន្លែងមូលដ្ឋានរបស់ក្រុមឆ្វេងនិយម។ អ្នកដឹកនាំក្នុងតំបន់ កំពុងតែចោទជាបញ្ហាដ៏លំបាកចំពោះពួកកាន់លទ្ធិកុម្មុយនិស្ដនៅក្នុងការបោះឆ្នោតក្នុងតំបន់។ ការបោះឆ្នោតនៅច័ន្ទនៅក្នុងរដ្ឋ West Bengal កត់សម្គាល់ការបោះឆ្នោតក្នុងដំណាក់កាលទីមួយ ដែលប្រព្រឹត្ដធ្វើឡើងនៅក្នុងដំណាក់កាល៦ ក្នុងរយ:ពេលបីអាទិត្យខាងមុខនេះ។ អ្នកបោះឆ្នោតកំពុងតែជ្រើសរើសរដ្ឋាភិបាលក្នុងតំបន់។ ក៏ប៉ុន្ដែការបោះឆ្នោតនៅក្នុងរដ្ឋ West Bengal ត្រូវបានគេតាមមើលនៅទូទាំងប្រទេស ដោយមានការទស្សទាយទុកជាមុនថាគណបក្សកុម្មុយនិស្ដ នៃប្រទេសឥណ្ឌាគឺពួកម៉ាស៊ីសនិយមដែលមិនធ្លាប់ចាញ់ឆ្នោតនៅក្នុងរដ្ឋ West Bengal តាំងពីឆ្នាំ ១៩៧៧មក ទំនងដូចជានឹងត្រូវទម្លាក់ចេញពីអំណាច។
ក្រុមអ្នកធ្វើវិភាគនយោបាយនិយាយថាលោកស្រី Mamata Banerjee ដែលជាមេដឹកនាំដ៏ខ្លាំងក្លានៃគណបក្សជំទាស់ក្នុងតំបន់ ឈ្មោះ Trinamool Congress អាចទទួលយកបានសន្លឹកឆ្នោតយ៉ាងច្រើន ហើយនឹងបញ្ចប់ការគ្រប់គ្រងរបស់ពួកម៉ាស៊ីសនិយមរយ:ពេល៣៤ឆ្នាំដែលគ្មានការរអាក់រអួល។
លោកស្រី Banerjee ដែលចាត់ទុកខ្លួនឯងថាជាអ្នកជើងឯកថ្មីនៃអ្នកក្រខ្សត់ ជារដ្ឋមន្ដ្រីទទួលបន្ទុកខាងផ្លូវអយស្ម័យយាននៃប្រទេសឥណ្ឌា ជាសម្ព័ន្ធមិត្រជាមួយគណបក្ស Congress គ្រប់គ្រងអំណាចនៅទីក្រុង New Delhi។ បើលោកស្រីឈ្នះឆ្នោត លោកស្រីបានសន្យាថា នឹងធ្វើឲ្យឧស្សាហកម្ម ហើយនឹងកសិកម្មមានដូចដើមវិញ នៅក្នុងរដ្ឋដែលមានសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងទសវត្សរ៍កន្លងទៅថ្មីៗនេះ។
លោក Manesh Rangarajan អ្នកវិភាគនយោបាយ និងសាស្ដ្រចារ្យប្រវត្ដិសាស្ដ្រ នៅសាកលវិទ្យាល័យ Delhi និយាយថាមានអ្វីដែលលោកហៅថាជាចរន្ដអវិជ្ជមាន ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្ដ នៃរដ្ឋ West Bangal ។
«រដ្ឋាភិបាលនេះគ្រប់គ្រងអំណាចជាងមួយជំនាន់មនុស្សមកហើយ។ មានការរំពឹងទុកដែលកំពុងតែផ្លាស់ប្ដូរ។ ពួកនោះសម្រេចបានសមិទ្ធិផលល្អជាបង្គួរ។ ក៏ប៉ុន្ដែ៣៥ឆ្នាំជាពេលវេលាយូរណាស់។ មានមនុស្សជំនាន់ថ្មីដែលមិនធ្លាប់បានស្គាល់រដ្ឋាភិបាលផ្សេងទៀតទេ ហើយមើលទៅពួកគេហើយនឹងក្រុមមនុស្សចាស់ៗចង់បានការផ្លាស់ប្ដូរ»។
ប្រជាប្រិយភាពរបស់ពួកកុម្មុយនិស្ដ ចាក់គ្រិះដោយសារការចែកចាយដីធ្លីទៅឲ្យអ្នកក្រីក្ររាប់លាននាក់។ ក៏ប៉ុន្ដែរដ្ឋនេះអន់ថយនៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ហើយមានវិបុលភាពតិចជាងតំបន់ខ្លះទៀតនៃប្រទេសនេះជាច្រើន។ នៅពេលមួយដែលគេចាត់ទុកថាជាទីក្រុងមួយពីក្នុងបណ្ដទីក្រុងសំខាន់បំផុតនៃប្រទេសឥណ្ឌា រដ្ឋធានី Kolkata នៃរដ្ឋ West Bengal ឥឡូវនេះជាស្រុកមួយដែលទ្រុធទ្រោមជាងគេនៃរដ្ឋនេះ។
ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមធ្វើឧស្សាភាវូបនីយកម្មរដ្ឋនេះ ហើយធ្វើឲ្យទៅជារដ្ឋមានវិស័យសេដ្ឋកិច្ចដ៏រស់រវើក ទៅជាឡកមកលើពួកកម្មុយនិស្ដវិញនៅក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយក្រុមកសិករមិនព្រមលក់ដូរដីរបស់ពួកគេជាដាច់ខាតដើម្បីសាងសង់រោងចក្រផលិតរថយន្ដយ៉ាងធំសម្បើមមួយ។ ការប្រឆាំងតវ៉ាយ៉ាងហិង្សាត្រូវបានដឹកនាំដោយលោកស្រី MamataBanerjee។ ក្រុមអ្នកធ្វើវិភាគនយោបាយនិយាយថាទោះបីពួកកុម្មុយនិស្ដទទួលរងការចាញ់ឆ្នោតក៏ដោយ ពួកគេនឹងបន្ដធ្វើជាកម្លាំងដ៏ខ្លាំងមួយនៅក្នុងរដ្ឋនេះ។
សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតយ៉ាងទន់ខ្សោយនេះនៅក្នុងប្រទេសឥណ្ឌានឹងត្រូវគេរាប់នៅថ្ងៃទី១៣ខែឧសភាសម្រាប់រដ្ឋទាំងអស់។ បន្ថែមទៅលើការសម្រេចជោគជត្ដារបស់ពួកកុម្មុយនិស្ដ នៅក្នុងរដ្ឋ West Bengal លទ្ធផលក៏នឹងឲ្យសូចនាផងដែរថា ចំពោះក្រុមអ្នកបោះឆ្នោតនៅក្នុងតំបន់ដទៃៗទៀតនៃប្រទេសនេះតើបញ្ហាអំពើពុករលួយ ហើយនឹងអតិផរណាយ៉ាងខ្ពស់ នឹងមានផលប៉ះពាល់ដែរឬទេ ទៅលើប្រជាប្រិយភាពរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី Manmohan Singh ដែលដឹកនាំដោយគណបក្ស Congress។ នៅក្នុងតំបន់ទាំងនោះ ការបោះឆ្នោតក្នុងតំបន់បានប្រព្រឹត្ដធ្វើនៅដើមខែនេះ៕
ប្រែសម្រួលដោយ កងស៊ីវន