ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុន និងម៉ាឡេស៊ី។
លោក អាណានដ៍ ស្សារម៉ា (Anand Sharma) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចជាមួយសមភាគីម៉ាឡេស៊ី របស់លោកក្នុងក្រុងកូឡា ឡាំពូរ កាលពីថ្ងៃសុក្រ ពីរថ្ងៃក្រោយពីលោកបានបញ្ចប់កិច្ចព្រមព្រៀងស្រដៀងគ្នានេះមួយនៅក្នុងរាជធានី តូក្យូនៃប្រទេសជប៉ុន។ កិច្ចព្រមព្រៀងទាំងនេះមានគោលដៅកាត់បន្ថយ ឬបំបាត់ពន្ធដារលើទំនិញភាគច្រើនក្នុងរយៈពេលដប់ឆ្នាំខាងមុខ។ កិច្ចព្រមព្រៀងទាំងនេះក៏នឹងពង្រីកឱកាសវិនិយោគរវាងឥណ្ឌានិងប្រទេសទាំងពីរនេះក្នុងទ្វីបអាស៊ីខាងកើតនិងបន្ធូរពាណិជ្ជកម្មក្នុងវិស័យសេវាកម្មផងដែរ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ស្សារម៉ា មានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះនឹងមានឥទ្ធិពលជាក់លាក់ក្នុងតំបន់ និងជួយឱ្យមានការបញ្ចូលគ្នាខាងសេដ្ឋកិច្ចធំជាងមុនក្នុងទ្វីបអាស៊ី។ កាលពីមួយទសវត្សរ៍មុននេះ ឥណ្ឌាបានសម្លឹងមើលហួសពីដៃគូពាណិជ្ជកម្មយូរយាមកហើយរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប និងស.រ.អ. ហើយពង្រីកពាណិជ្ជកម្មជាមួយទ្វីបអាស៊ីខាងកើត និងអាស៊ីអគ្នេយ៍។
លោក អេស ខេ ម៉ូហានទី (S.K. Mohanty) ធ្វើការនៅកន្លែងស្រាវជ្រាវខាងសេដ្ឋកិច្ចមួយឈ្មោះ ថា ប្រព័ន្ធព័ត៌មាន និងស្រាវជ្រាវ (Research and Information Systems) ដែលមានមូលដ្ឋាននៅក្នុងក្រុងញូដេលី។ លោកនិយាយថា ម៉ាឡេស៊ី និងជប៉ុនមិនគ្រាន់តែផ្តល់ទីផ្សារ និងឱកាសថ្មីដល់ឥណ្ឌាប៉ុណ្ណោះទេ តែប្រទេសទាំងពីរនេះក៏ជាប្រភពមួយនៃការនាំទំនិញចូលមានតម្លៃថោកសម្រាប់ប្រជាពលរដ្ឋជាងមួយពាន់លាននាក់នៃប្រទេសឥណ្ឌាផងដែរ។ លោកថ្លែងថា៖
«ផ្សារក្នុងប្រទេសឥណ្ឌាកំពុងលូតលាស់លឿនណាស់ ហើយសេចក្តីត្រូវការទំនិញក្នុងស្រុកក៏បានចូលរួមចំណែកធំមួយដល់ការកើនទ្បើងនៃការលូតលាស់របស់យើងដែរ។ ដូច្នេះ ការនាំទំនិញចូលក្នុងតម្លៃថោក និងមានគុណភាពពីតំបន់នោះក៏ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចឥណ្ឌាដែរ។ នៅពេលជាមួយគ្នានេះយើងក៏ចូលដោយផ្ទាល់ទៅក្នុងតំបន់នោះ ហើយអាចពង្រីកពាណិជ្ចកម្មរបស់យើងជាមួយតំបន់នោះថែមទៀត»។
កាលពីឆ្នាំ២០០៩ ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងដប់ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ហៅកាត់ថាអាស៊ាន។ ពួកអ្នកសេដ្ឋសាស្ត្រនិយាយថា កិច្ចព្រមព្រៀងទាំងនេះបានជួយឥណ្ឌាឱ្យចូលរួមបានល្អប្រសើរជាងមុនក្នុងតំបន់មួយដែលមានសេដ្ឋកិច្ចរស់រវើក ដែលមានប្រជារាស្ត្រ៦រយលាននាក់ដែលនៅទីនោះអត្រានៃការលូតលាស់មានខ្ពស់ជាងក្នុងបស្ចឹមប្រទេសទៅទៀត។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើទ្បើងនៅពេលសំខាន់មួយដែលទ្វីបអាស៊ីកំពុងលេចទ្បើងជាមជ្ឈមណ្ឌលសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ចសាកល។
ប្រែសម្រួលដោយ ឈឹម សុមេធ