ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អាហ្វ្រិក​បរាជ័យ​ក្នុង​ការ​សម្រប​សម្រួល​ជម្លោះ​នយោបាយ​នៅ​កូតឌីវ័រ


ស្ត្រី​ទូល​អីវ៉ាន់​ដើរ​កាត់​រថយន្ត​ក្រុង​មួយ​ដែល​ឆេះ​នៅ​ក្នុង​ភូមិ​អាបូបូ​ តំបន់​ការពារ​របស់​វ៉ាតារា​ក្នុង​ទីក្រុង​អាប៊ីហ្សុង នៅ​ថ្ងៃ​ទី៨ខែកុម្ភៈ​ឆ្នាំ២០១១។
ស្ត្រី​ទូល​អីវ៉ាន់​ដើរ​កាត់​រថយន្ត​ក្រុង​មួយ​ដែល​ឆេះ​នៅ​ក្នុង​ភូមិ​អាបូបូ​ តំបន់​ការពារ​របស់​វ៉ាតារា​ក្នុង​ទីក្រុង​អាប៊ីហ្សុង នៅ​ថ្ងៃ​ទី៨ខែកុម្ភៈ​ឆ្នាំ២០១១។

រដ្ឋាភិបាល​កំពុង​កាន់​អំណាចរបស់​ប្រទេស​កូតឌីវ័រ​ ឲ្យ​ដឹង​ថា​ ការ​សម្រុះ​សម្រួល​បង្ហាញ​ថា​ ក្រុម​មេដឹកនាំ​អាហ្វ្រិក​ខាង​លិច​បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​លើក​ស្ទួយ​អ្នក​ឈ្នះ​ឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ក្រុម​មន្ត្រី​នៃ​សហភាព​អាហ្វ្រិក​បាន​ទៅ​ដល់​ទី​ក្រុង​អាប៊ីហ្សុង ​នៅ​សប្តាហ៍​នេះ​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នកតំណាង​របស់​ប្រធានាធិបតី​ក្នុង​តំណែង​ លោក​ ឡូរិនត៍​ បាហ្កបូ​ (Laurent Gbagbo) និង​លោក​អាឡាសាន​ វ៉ាតារ៉ា​ (Alassane Ouattara)​ អ្នក​ឈ្នះ​ឆ្នោតនៅ​ក្នុង​ការ​បោះឆ្នោត ខែ វិច្ឆិកា ដែល​ទទួល​ស្គាល់​ដោយ​អសប។

ក្រុម​មន្ត្រី​ទាំង​នោះ​នឹង​ព្រាង​របាយការណ៍​មួយ​ សម្រាប់​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ ប៊ូរគីណា ហ្វាសូ (Burkina Faso)​ ឆាត (Chad) ម៉ូរីតានី (Mauritania) អាហ្វ្រិក​ខាងត្បូង​ និង​ប្រទេសតង់ហ្សានី​ ដែល​ត្រូវ​បាន​ស្នើ​ដោយ​សហភាព​អាហ្វ្រិក​ឲ្យ​មក​ជួប​ប្រជុំ​ដើម្បី​រក​វិធី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ប្រទេស​កូតឌីវ័រ​ នៅ​ដំណាច់​ខែ​កុម្ភៈ​នេះ។

ក្រុម​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាងលិច​និយាយ​ថា​ ការ​គាំទ្រ​លោក​ វ៉ាតារ៉ា ជា​សាកល​កំពុង​ងាក​ចេញ​ ពីព្រោះ​មេដឹកនាំ​រដ្ឋ​មួយ​ចំនួន​ ឥឡូវនេះ​ កំពុង​ងាក​ទៅ​គាំទ្រ​លោក​ បាហ្កបូ វិញ។ លោក​ ដ្យេមស៍ បេហូ (James Gbeho) ជា​ប្រធាន​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ឬ​ហៅ​កាត់​ថា​ ECOWAS​ មាន​ប្រសាសន៍​ថា៖

«សាមគ្គីភាព​ដែល​បាន​ផ្តើម​ក្នុង​បណ្តា​ពួក​យើង​ និង​ក្នុង​សហគមន៍​អន្តរជាតិ​ កំពុង​ត្រូវ​បាន​ប្រេះឆា​យ៉ាង​រហ័ស​ ព្រោះ​ប្រទេស​ខ្លះ​បាន​គាំទ្រ​ភាគី​និមួយៗ​ ហើយក៏​កំពុង​ជំទាស់​នឹង​សេចក្តី​សម្រេច​ដែល​បាន​ធ្វើ​ហើយ»។

លោក​ យ៉ៅ ណាមីន (Yao Gnamien) ទីប្រឹក្សា​របស់​លោក​ បាហ្កបូ ថ្លែងថា​ ការ​សម្រុះ​សម្រួល​របស់​សហភាព​អាហ្វ្រិក​បង្ហាញ​ថា​ សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ឬ​ ECOWAS​ បានទទួល​បរាជ័យ។ លោក​ ណាមីន និយាយ​ថា៖

«សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។​ ហេតុម្តេច​បាន​ជា​ពួកគេ​បន្ទោស​លោក​ប្រធានាធិបតី​ បាហ្កបូ ដោយ​គ្មាន​ស្តាប់​គាត់​អញ្ចឹង?​ ពួកគេគិត​ថា​ លោក​ប្រធានាធិបតី​ បាហ្កបូ​ មិនបាន​ជាប់​ឆ្នោត​ទេ​ឬ?​ មុន​នឹង​និយាយ​ដូច្នេះ​ ពួកគេ​គួរ​ធ្វើ​ការ​ស៊ើបអង្កេត​ជា​មុន​សិន»។

លោក​ ណាមីន បាន​និយាយ​ប្រាប់​វីអូអេ​ថា​ សហភាព​អាហ្វ្រិក​នឹង​បង្ហាញ​ច្បាស់លាស់​ថា​លោក​ បាហ្កបូ បាន​ឈ្នះ​ការ​បោះឆ្នោត​ឡើង​វិញ​នោះ។

ក្រុម​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច​ ឬ​ ECOWAS​ កំពុង​ពិចារណា​ប្រើ​កម្លាំង​យោធា​ដើម្បី​ដក​លោក​ បាហ្កបូ ហើយ​លោក បេហូ​និយាយ​ថា​ រដ្ឋាភិបាលលោក​មាន​ សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​មិន​ពឹងពាក់​លើ​ការ​សម្រេច​ណា​មួយ​របស់​សហភាព​អាហ្វ្រិក​ទេ។

ប្រែសម្រួលដោយ នុច សារីតា

XS
SM
MD
LG