ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក បានស្នើឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយនៅក្នុងទីក្រុង Aleppo ហើយក្រុមសម្ព័ន្ធមិត្តនេះក៏បានថ្កោលទោសប្រទេសរុស្ស៊ីចំពោះការជ្រៀតជ្រែកទៅលើការព្យាយាមផ្តល់ជំនួយមនុស្សធម៌ទៅកាន់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងរបស់ស៊ីរីមួយនេះ។
«ទីក្រុង Aleppo បានក្លាយទៅគោលដៅទម្លាក់គ្រាប់បែកនិងការវាយប្រហារដោយកាំភ្លើងធំជារៀងរាល់ថ្ងៃដោយរបបស៊ីរី ដែលគាំទ្រដោយរុស្ស៊ីនិងអ៊ីរ៉ង់។ មន្ទីរពេទ្យនិងសាលារៀននានាបានក្លាយទៅគោលដៅវាយប្រហារនៅក្នុងការប៉ុនប៉ងកម្ចាត់មនុស្សម្នា។ រូបភាពនានាដែលបង្ហាញពីកុមារដែលស្លាប់គឺគួរឲ្យរន្ធត់ណាស់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដែលចេញដោយក្រុមសម្ព័ន្ធមិត្តដែលមានសមាជិកទាំង៦ប្រទេស។
មេដឹកនាំនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងសហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរីឯកភាពទៅលើផែនការរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុង Aleppo និងអនុញ្ញាតឲ្យដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុងនោះបាន។
ក្រុមឧទ្ទាមស៊ីរីបានឯកភាពទៅនឹងបទឈប់បាញ់មួយដែលមានរយៈពេល៥ថ្ងៃ ដើម្បីធានាដល់ការជម្លៀសជនស៊ីវិលពីផ្នែកខាងកើតនៃទីក្រុង Aleppo នោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry គ្រោងនឹងបើកកិច្ចប្រជុំជាមួយនឹងមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់នៅល្ងាចថ្ងៃពុធម៉ោងក្នុងស្រុក។ មន្ត្រីការទូតទាំងពីរបានបើកកិច្ចប្រជុំជាច្រើនជាមួយនឹងគ្នា ដោយសង្ឃឹមថានឹងទទួលបានដំណោះស្រាយការទូតទៅលើសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី៕