ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពចម្រូង​ចម្រាស​រវាង​សហ​ព្រះរាជអាជ្ញា​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំរឿង០០៣


導演李安向美國之音觀眾拜年(美國之音國符攝影)
導演李安向美國之音觀眾拜年(美國之音國符攝影)

កាលពី​ថ្ងៃច័ន្ទ ​និង​ថ្ងៃអង្គារដើម​សប្ដាហ៍​នេះ សហ​ព្រះរាជ​អាជ្ញា​ជាតិ​ និង​អន្ដរជាតិ​បាន​បង្ហាញ​ជំហរ​ខ្វែង​គ្នា​សា​ជាថ្មី​ចំពោះ​សំណុំរឿង​០០៣។ សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ ​លោក​ អ៊ែនឌ្រូ ខេលី (Andrew Caley) បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​បន្ថែម​ទៀត​លើ​សំណុំ​រឿង​នេះ​ ហើយ​បាន​ស្នើ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ ទៀត​ដែល​មាន​សារៈសំខាន់​សម្រាប់​មហាជន​ ដែលព័ត៌មាន​នោះរួម​បញ្ចូល​ទាំង​អត្តសញ្ញណ​ជន​សង្ស័យ​ទៀត​ផង។ ក៏ប៉ុន្ដែ​សហ​ព្រះរាជអាជ្ញា​ជាតិ​លោក​ស្រី ជា លាង​ បាន​ជំទាស់​ថា ជន​ជាប់​សង្ស័យ​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៅឡើយ​នោះ​ថា ពួកគេ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​សម្រាប់​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេហើយ​ការកាត់ទោស​សំណុំរឿង​ចំនួន​ពីរ​ ដែល​កំពង់តែ​ដំណើរការ​នៅក្នុង​ពេលបច្ចុប្បន្ន​នេះ​គឺ​គ្រប់គ្រាន់​ហើយ។

អ្នក​សង្កេតដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ការ​ជំទាស់​របស់​ភាគី​កម្ពុជា​នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ប្រកាសអំ​ពី​ការបិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នៅ​ក្នុង​សំណុំ​រឿង​០០៣នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា ភាគី​ជាតិ​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ដើរ​តាម​លំអាន​នយោបាយ​រដ្ឋាភិបាល​កម្ពុជា។ ជំហរ​បែប​នេះ​គឺ​ជា​ឧបសគ្គ​មួយ​ដែល​ធ្វើឲ្យ​សំណុំ​រឿង​០០៣​ និង​០០៤​ មាន​ភាព​មិនច្បាស់​លាស់។

បណ្ឌិត​ឡៅ ម៉ុងហៃ ​មាន​ប្រសាន៍​នៅថ្ងៃ​សុក្រ​នេះថា ​ភាព​ចម្រូងចម្រាស់​ដោយសារ​តែ​រដ្ឋា ភិបាល​កម្ពុជា​ជ្រៀត​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​បា្រប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំថា​ រឿងនេះ​មាន​ការ​ពិបាក​នឹង​បដិសេធ​ថា​ អត់​មាន​ការជ្រៀត​ជ្រែក​ ពីព្រោះ​ជហរ​របស់​រាជ រដ្ឋាភិបាល​ហើយ​នឹង​ជំហរ​របស់​សហ​ព្រះរាជអាជ្ញា​កម្ពុជា​ដូច​អត់​ខុសគ្នា។ ដូច​កន្លែង​ខ្លះ​ខ្ញុំ​ស្តាប់​ទៅ​ដូច សម្តី​តែមួយ»។

ការ​លើកឡើង​ពី​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រ​ហម​មិនមែន​ជា​លើក​ទី១​ទេ។ ការចោទ​ប្រកាន់​បែបនេះ​បាន​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។ លោក​ ឡៅ ម៉ុងហៃ ​មើល​ឃើញថា ប្រសិន​បើ​ការ​ជ្រៀត​ជ្រែក​បែប​នេះ​នៅ​តែ​បន្ដ វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កាត់ទោស​សំណុំ​រឿង​០០៣​ ហើយ​ថា​តើ​ការ​កាត់ក្ដី​ក្នុង​សំណុំ​រឿង​នេះ​អាច​នឹង​កើត​មាន​ដែរ​ឬ​ទេ។

លោកហង្ស ឆាយ៉ា នាយក​ប្រតិបត្តិ​នៃ​វិទ្យាសា្ថន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​យល់​ឃើញ​ថា ការ​ជំទាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​កម្ពុជា​នៅក្នុង​សាលាក្ដី​ខ្មែរក្រហម​ដោយសារ​តែការភ័យ​ខ្លាច​ចំពោះ​ផល​ប៉ះពាល់​ដល់​គោលនយោបាយ​ផ្សះផ្សារ​ជាតិ​ បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ពួក​ខ្មែរ​ក្រហម​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​ឆ្នាំ១៩៩៨។ លោក​បន្ត​ថា៖

«ត្រូវ​ប្រយ័ត្ន​ដែរ​ពីព្រោះ​ផ្នែក​ខាង​យោធា​អតីត​ខ្មែរក្រហម​ គឺ​មាន​នៅ​ក្នុង​ហ្នឹង ​ហើយ​គេ​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ ឬ​ក៏​អ្វី​ដោយសារ​ការ​លើក​ឡើង​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដោយ​ប៉ះ ពាល់​ និង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៨»។

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន​ ធ្លាប់​បាន​ថ្លែង​ប្រាប់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមួន ថា កម្ពុជា​មិន​ត្រូវ​ការ​កាត់​ទោស​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ទេ។ រដ្ឋាភិបាល​កម្ពុជា​ និង​សហ​ព្រះរាជអាជ្ញា​ជាតិ​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​ចាត់​ការ​សំណុំ រឿង​ទាំង​នេះ​អាច​នឹង​បំផ្លាញ​សន្ដិសុខ​ជាតិ​ដ៏​ផុយ​ស្រួយ។

អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ទាំងពីរ​រូប​គឺ​លោក​ ឌឹម សុវណ្ណារុំ ​និង​លោក​ ឡាស អលសិន ​(Lars Olsen) មាន​ប្រសាសន៍​ថា ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ខ្វែង​គ្នា​រវាង​សហព្រះរាជ​អាជ្ញា​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ ​គឺ​គ្រាន់តែ​ជា​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ហើយ​នឹង​មិន​អាច​រារាំង​ការ​សម្រេច​នៅ​ពេល​ខាងមុខ​របស់​សហចៅក្រម​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ ឌឹម សុវណ្ណារុំ ​បញ្ជាក់​ថា ​ទោះ​ជា​មាន​ការ​សម្រេច​យ៉ាងណា​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​ពេល​ខាង​មុខនេះ​ សហ​ព្រះរាជអាជ្ញា​ដែល​មិនពេញ​ចិត្ត​អាច​នឹង​ប្ដឹង​ឧទ្ធរណ៍​បាន។ ឡោក​បាន​បញ្ជាក់​ថា៖

«នីតិ​វិធី​បន្ត​គឺជា​ការងារ​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​ តើ​ការិយាល័យ​សហ​ចៅ ក្រម​ស៊ើបអង្គេត​ និង​ឆ្លើយ​ទៅ​តាម​ការ​ស្នើសុំ​នេះ​យ៉ាង​ដូចម្តេច​ វិជ្ជាមាន​ ឬ​ក៏​បដិសេធ។ សហ​ព្រះរាជ​ អាជ្ញា​អាច​ប្តឹង​ទៅ​សាលាឧទ្ឋរណ៍​ អង្គ​បូរេ​ជំនុំជម្រះ​ ហើយ​សូម​ជម្រាប​ថា​ អ្វី​ដែល​បាន​ប្រកាស​កន្លង​មក​គ្រាន់​តែ​ជា​សេចក្តី​ថ្លែងការណ៍​របស់​សហព្រះរាជ​អាជ្ញា​ជាតិ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ»។

រហូត​មកទល់​ពេលនេះ ​ជនសង្ស័យ​ក្នុង​សំណុំរឿង​០០៣ ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។ ក៏​ប៉ុន្ដែ​បើ​យោងតាម​ការ​បង្ហាញ​ក្រៅ​ផ្លូវការ ជន​សង្ស័យ​អាច​មាន​ចំនួន​ពីរ​នាក់​ដែល​គេ​ស្គាល់ថា ជា​អតីត​មេបញ្ជាការ​កងទព័​ជើងទឹក​ខ្មែរ​ក្រហម​លោក​មាស​ មុត និងលោក ស៊ូ ម៉េត អតីត​មេបញ្ជាការ​កងទ័ព​អាកាស។ លោក​ ឡៅ ម៉ុងហៃ ​មាន​ប្រសាសន៍​ថា ការ​សម្រេច​លើ​សំណុំ​រឿង ​០០៣ ​យ៉ាង​ណានោះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ដោះស្រាយ​សំណុំរឿង​០០៤ ​ដែល​ស្ថិត​ក្នុងភាព​ចម្រូង​ចម្រាស់​ដូចគ្នា។ ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ចុង​ក្រោយ​នេះ​មាន​ចំនួន​បីនាក់។

លោកស្រី ​គ្លែរ ដាហ្វី (Clair Duffy) ​អ្នក​សម្របសម្រួល​របស់​អង្គការ​សង្គម​យុត្តិធម៌​សង្គម​សេរី​ (OSJI) នៅ​កម្ពុជា និង​ដែល​ជា​អ្នកឃ្លាំ​មើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​រូប​មាន​ប្រសាសន៍​ប្រកប​ដោយ​ការ​ព្រួយ​បារម្ភ​ថា សំណុំ​រឿង ​០០៣ ​និង​០០៤ ​នៅតែ​មាន​លទ្ធភាព​ត្រូវ​ទាត់​ចោល​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម។ ក៏ប៉ុន្ដែ​លោកស្រី​ គ្លែរ ដាហ្វ៊ី ទាមទារ​ថា ​បើ​ទោះជា​ហេតុ​ផល​បែបណា​ក៏ដោយ​ សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​បង្ហាញ​អំពី​តម្លាភាព​របស់​ខ្លួន។

សូម​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​ដែល​កំពង់​រង់ចាំ​ការ​ដោះស្រាយ​សំណុំ​រឿង​០០៣​ សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាល​ដីកា​លើ​ការ​កំណត់​ទោស​ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួលស្លែង​ជា​ចុង​ក្រោយ​នៅ​ខែ​ក្រោយ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ សវនាការ​បឋម​ក្នុង​សំណុំរឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់ ​ដែល​សុទ្ធ​សឹង​ជា​អតីត​មេដឹកនាំ​កំពូល​ខ្ពស់​បំផុត​ខ្មែរក្រហម​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៧រហូតទៅដល់ថ្ងៃទី៣០​ខែ​ក្រោយ​នេះ​ដែរ។ បន្ទាប់​មក​ការ​កាត់ទោស​ពេញ​អង្គ​នឹង​អាច​ប្រព្រឹត្តិ​នៅ​ខែ​សីហា​ ឬ​ខែ​កញ្ញា​ ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG