អតីតកងទ័ពខ្មែរក្រហម នៅក្នុងស្រុកសំឡូត បានជំរុញឲ្យសាលាក្តីខ្មែរក្រហម បោះបង់ចោលសំណុំរឿង០០៣ និង០០៤ ដោយទាមទារឲ្យសាលាក្តីពិសេស គិតដល់ការផ្សះផ្សា និងការអភិវឌ្ឍទើបប្រសើរជាជាង។
ថ្លែងក្នុងឱកាសចោទជាសំណួរ នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយសាលាក្តីខ្មែរក្រហម នៅក្នុងទីរួមស្រុកសំឡូត កាលពីព្រឹកថ្ងៃសុក្រ លោកពេញ លឹម អតីតទាហានខ្មែរក្រហមម្នាក់បកស្រាយថា ប្រជាពលរដ្ឋរងគ្រោះមានការចងកំហឹងលើមេដឹកនាំខ្មែរក្រហម ក៏ប៉ុន្តែ ប្រទេសកម្ពុជា ចង់បានការអភិវឌ្ឍជាជាងការចាប់ខ្លួន និងការកាត់ទោសបន្ថែមទៀត។
«ក៏សូមឲ្យអស់លោកទាំងអស់នេះ ចាប់អារម្មណ៍ខ្ពស់ កាត់ទោសចំពោះតែថ្នាក់ដឹកនាំខ្ពស់ៗចុះពីព្រោះ កំហុសខុសឆ្គងកន្លងមក គឺមិនមែននៅលើថ្នាក់ក្រោមទេ គឺថ្នាក់ខាងលើដែលជាថ្នាក់ដឹកនាំ។ (ករណី)០២ ០៣ ០៤ អីតទៅទៀតទៅ។ ការដឹងឮបញ្ហានេះ ចេះតែច្រើនឡើងៗ មិនចេះចប់ទេ»។
ការលើកឡើងរបស់អតីតទាហាននៃកងទ័ពខ្មែរក្រហមរូបនេះ ធ្វើឡើងបន្ទាប់ពីលោក វាំងសង់ ដឺ វីល ដឺ អេស្មាអែល (Vincent De Wille De' Estmael) ជំនួយការជាន់ខ្ពស់របស់សហព្រះរាជអាជ្ញាអន្តរជាតិ បានបង្ហាញប្រាប់នៅក្នុងវេទិកា ដើម្បីផ្សព្វផ្សាយពីការវិវត្ត នៃសាលាក្តីខ្មែរក្រហមនោះថា សំណុំរឿងបន្ថែម ០០៣ និង០០៤ កំពុងតែដំណើរការ។ ទីតាំងនៃឧក្រិដ្ឋកម្មត្រូវបានបង្ហាញ ហើយសំណុំរឿងនេះមានជនជាប់សង្ស័យចំនួនប្រាំនាក់ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹង អំពីការចាប់នាំខ្លួនជនជាប់សង្ស័យទាំងនេះមកកាត់ទោសនោះទេ។ ទោះជាយ៉ាងណា មន្រ្តីសាលាក្តីខ្មែរក្រហមដដែល មិនបង្ហាញអត្តសញ្ញាណ នៃជនជាប់សង្ស័យនៅក្នុងសំណុំរឿងទាំងពីរ ដែលបង្កឲ្យមានភាពចម្រូងចម្រាសជាខ្លាំង រវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីខ្មែរក្រហមទេ។
តាមការបង្ហាញព័ត៌មានក្រៅផ្លូវការ មានអតីតកម្មាភិបាលខ្មែរក្រហមចំនួនប្រាំរូប នៅក្នុងនោះមានអតីតមេបញ្ជាការជាន់ខ្ពស់កងទ័ពខ្មែរក្រហម គឺលោក មាស មុត និងលោក ស៊ូ មេត និងអតីតកម្មាភិបាលខ្មែរក្រហមបីនាក់ផ្សេងទៀត រួមមានយាយចែម តាទិត្យ និងតាអាន ដែលជនទាំងនេះមួយចំនួន មានវ័យកាន់តែចាស់ជរា និងមានជំងឺជាប់នឹងខ្លួនទៀតផង។
អតីតទាហានខ្មែរក្រហមម្នាក់ទៀត ឈ្មោះ ហួនក៏បានផ្តោតទៅលើការទាមទារឲ្យមានការអភិវឌ្ឍប្រសើរជាជាងការកាត់ទោសបន្ថែមទៀតដែរ។
«បើយើង កាត់បន្ត ០០១កាត់ហើយ ឈានដល់០០២ ឈានដល់០០៣ ឈានដល់០០៤ តើវាមានប្រយោជន៍អ្វី? តើមានប្រយោជន៍អ្វី? ប្រជាជនខ្មែររាល់ថ្ងៃ បើតាមតែខ្ញុំទេ ដូចបងប្អូនទាំងអស់ សូមឲ្យតែទំនេរស្រុក មានការអភិវឌ្ឍ ជួយប្រទេសខ្មែរឲ្យរុងរឿង ធ្វើឲ្យមានសាមគ្គី មហាសាមគ្គី ការពារប្រទេសជាតិ កសាងប្រទេស គឺជាការបញ្ចប់»។
មានការផ្តល់យោបល់ ពីក្រុមអតីតកងទ័ពខ្មែរក្រហម នៅក្នុងវេទិកាដែលមានមនុស្សចូលរួមប្រមាណជាង ២០០នាក់ ភាគច្រើនគឺជា អតីតសមាជិកចលនាតស៊ូកុម្មុយនីស្តខ្មែរក្រហម ឲ្យមានការគោរពតាមព្រះពុទ្ធសាសនា ហើយជៀសវាងការចងពារ តាមរយៈការស្វែងរកជនសង្ស័យបន្ថែមយកមកកាត់ទោស។
លោកវាំងសង់ ដឺ វីល ដឺអេស្មាអែល បានធានានៅក្នុងវេទិកានោះថា នឹងមិនមានការតាមចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យលើសពីចំនួនដប់នាក់នោះទេ។
«សំណុំរឿងពី ០១ ០២ ០៣ ០៤ មានទាក់ទងនឹងបុគ្គលតែចំនួនដប់រូបតែប៉ុណ្ណោះ មិនមានចំនួនលើសពីដប់រូបទេ»។
លោកសុខ គង់ អភិបាលរងខេត្តបាត់ដំបង ដែលធ្វើជាអធិបតីនៅក្នុងវេទិកានោះ ក៏បានថ្លែងធានាដែរថា រដ្ឋាភិបាលនៅតែរក្សាការផ្សះផ្សា នឹងបង្រួបបង្រួមជាតិ ហើយនឹងពុំមានការកាត់ទោសកម្មាភិបាលខ្មែរក្រហមតូចតាចនោះទេ។
«គឺច្បាស់ណាស់ថា តុលាការមិនធ្វើការកាត់ទោសថ្នាក់ក្រោម និងកម្មាភិបាលតូចតាចនោះទេ»។
សំឡូត គឺជាអតីតតំបន់ប្រយុទ្ធយ៉ាងខ្លាំងក្លារវាងកងទ័ពតស៊ូខ្មែរក្រហម ជាមួយកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញ។ ខ្មែរក្រហមនៅតំបន់នេះ បានចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅឆ្នាំ១៩៩៦។
លោក ឡាស់ អលស៊ិន (Lars Olsen) មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់ របស់សាលាក្តីខ្មែរក្រហម និងលោក អាង ឧត្តមសហមេធាវីកម្ពុជាការពារក្តីឲ្យអៀង សារី ដែលជាជនជាប់ចោទម្នាក់នៅក្នុងចំណោមជនជាប់ចោទចំនួនបួននាក់ នៅក្នុងសំណុំរឿង០០២ បានពន្យល់អតីតកងទ័ពខ្មែរក្រហម ពីបេសកកម្មស្វែងរកយុត្តិធម៌របស់សាលាក្តីខ្មែរក្រហម៕