ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​សង្ស័យ​អំពី​ឃាតកម្ម​សម្លាប់​អ្នក​សារព័ត៌មាន​ត្រូវ​ដោះលែង


ការធ្វើ​ឃាត​លើអ្នក​កាសែត​ឈ្មោះ​ហង្ស ​​សេរី​ឧត្តម​ ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​វីរជន​ខ្មែរនេះ ​​កើត​មាន​ឡើង​ក្រោយ​ពីលោក​រាយ​ការណ៍​អំពី​សកម្មភាព​កាប់​ព្រៃ​ឈើ ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់។​
ភ្នំពេញ៖ នៅថ្ងៃ​ពុធ​នេះ​ តុលាការ​ខេត្ត​រតនគីរី​សម្រេចដោះ​លែង​មន្រ្តី​កង​រាជអាវុធ​ហត្ថ​មួយ​រូប​ដែល​ជាប់​ចោទ​ពី​បទ​សង្ស័យ​ថា បាញ់​អ្នក​កាសែត​កាលពី​ឆ្នាំ​មុន។ មូលហេតុ​ដោយ​តុលាការ​សំអាង​ថា​ ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់។​ នេះ​បើ​តាម​មេធាវី​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ និង​ភរិយា​របស់​ជន​រងគ្រោះ។​

លោក​អ៊ាន​ ប៊ុនហេង​ ហៅ​អេង​ ដែល​ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​ប្រពន្ធ​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១២ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​អ្នក​កាសែត​មួយ​រូប​ឈ្មោះ​ហង្ស សេរី​ឧត្តម​ អាយុ​៤៤​ឆ្នាំ​ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​វីរជន​ខ្មែរ ដែល​គេ​មិន​សូវ​ស្គាល់។​

ជន​រងគ្រោះ​ត្រូវ​បាន​ឃាត​ករ​សម្លាប់​ និង​ញាត់​ចូល​ក្នុង​ឃ្លុប​ឡាន​កាម៉េរី​ស៊ែរី ៩៦ ​ពណ៌​ស្លែ និង​ត្រូវ​បាន​យក​ទុក​ចោល​ក្នុង​ចម្ការ​ស្វាយ​ចន្ទី ​ក្នុង​ភូមិ​ធួយ​អំពិល​ ឃុំ​ចាអ៊ុង​ ស្រុក​អូរជុំ។​
ការធ្វើ​ឃាត​លើ​អ្នក​យក​ព័ត៌មាន​រូបនេះ​កើត​មាន​ឡើង​ក្រោយ​ពីលោក​រាយ​ការណ៍​អំពី​សកម្មភាព​កាប់​ព្រៃ​ឈើ ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់។​

អ្នក​ស្រី​អឹម​ ចន្ទី ​អាយុ​២១​ឆ្នាំ​ ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ មាន​ប្រសាសន៍​ថា ការសម្រេច​របស់​តុលាការ​ពុំ​ផ្តល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​អ្នក​ស្រី​ឡើយ​ ហើយ​អ្នក​ស្រី​អឹម ចន្ទី​នឹង​បន្ត​ស្វែង​រក​យុត្តិធម៌​នៅ​សាលា​ឧទ្ធរណ៍​ទៀត។

«ខ្ញុំ​ថា​ តុលាការ​កាត់​ក្តី​អញ្ចឹង​អយុត្តិ​ធម៌​ចំពោះ​ជន​រង​គ្រោះ​ដូច​ជា​ប្តី​ខ្ញុំ។​ គាត់​ស្លាប់​អញ្ចឹង​អយុត្តិធម៌​ពេក។​ ហើយ​ដល់​ពេល​ចាប់​បាន​អ្នក​ទោស​ហើយ​ បែរ​ជា​ដោះលែង​វិញ។​ ច្បាប់​ស្រុក​ខ្មែរ​មាន​ប៉ុន្មាន​នាក់​ទៀត​ដូច​ខ្ញុំ។ ​ប្រសិន​បើ​ប៉ះ​លើ​ក្រុម​គ្រួសារ​គាត់​វិញ​មើល ​គាត់​ឈឺ​ឬ​អត់?»​

ដោយ​ឡែក​លោក​ហេង សុធារ៉ា ​មេធាវី​ការ​ពារ​ជន​ជាប់ចោទ​មាន​ប្រសាសន៍​ថា​ ភស្តុតាង​ដែល​រក​ឃើញ​នោះមិន​ត្រឹម​ត្រូវ​ទេ។​ លោក​បន្ត​ថា​ ការ​សម្រេច​ដោះ​លែង​កូន​ក្តី​របស់​ខ្លួនគឺ​ជា​រឿង​យុត្តិធម៌​ និង​ផ្អែក​លើ​ច្បាប់​ត្រឹម​ត្រូវ។​

«ទី​១​កា​រ​បង្ក​សំ​ណុំ​រឿង​ផ្អែក​ទៅលើ​ភស្តុតាង​ដែល​ថា ​ភួយ​មាន​ឈាម​ក្នុង​ឡាន​ ស្អី​ផ្សេងៗ​គឺ​អត់​មាន​ទាំង​អស់​ គឺ​កោសល្យ​វិច័យ​ដល់​វៀត​ណាម​គឺ​អត់​មាន​ទាំង​អស់។​ សំអាង​ហេតុ​ទី២​លើ​លេខ​ទូរស័ព្ទ​គឺ​ទូរស័ព្ទ​និយាយ​គឺ​មិន​ប្រាកដ​ថា​ ជន​ជាប់​ចោទនិយាយ​ទេ។​ ហើយ​ទី៣ ​ប្រសិន​បើ​ជា​កូន​ក្តី​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​រឿង​នឹង​មែន​ គេ​មិន​ភ្លើ​ទៅ​យក​ស្បែក​ជើង​គប់​ជិត​ផ្ទះ​នោះ​ទេ»។​

ជាមួយ​គ្នា​នេះ ​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតន​គីរី ​លោក​ឆាយ​ ធី​បាន​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​តាម​ទូរស័ព្ទ​ថា​ ការ​កាត់​ក្តី​របស់​តុលាការ​ដោយ​លើក​លែង​ទោស​ជន​ជាប់​ទាំង​ពីរ​នា​ពេល​នេះ មិន​មាន​ភាព​សុក្រឹត្យ ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​និង​គ្រួសារ​នោះ​ទេ។​

«យើង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដោយ​សារ​រឿង​នេះ។​ ហេតុ​អី​បាន​ជា​មាន​ការ​ចោទ​កន្លង​មក​ហើយ​ រហូត​ដល់​មាន​ការ​ឃុំ​ខ្លួន ​ហើយ​បែរ​ជា​មាន​ការ​លើក​លែង​ការ​ចោទ​ជា​ស្ថាពរ​ទៅវិញ? ​វា​អយុត្តិ​ធម៌​ណាស់​សម្រាប់​ប្រពន្ធ​ជន​រង​គ្រោះ​ និង​កូន។ ​ជន​គ្រោះ​ស្លាប់តាំងពី​ពេល​កូន​មិន​ទាន់​ចាប់​កំណើត​រហូត​ដល់​ចាប់​កំណើត​ហើយ​នៅ​តែ​មិន​ទាន់​អាច​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​បាន»។​

លោក​ឆាយ ធី​បាន​ធ្វើ​ការ​រិះគន់​ទៅលើការ​ស៊ើប​សួរ​របស់​តុលាការ​ ដោយ​និយាយ​ថា​ មាន​ចន្លោះ​ប្រហោងដោយ​សារ​តែ​តុលាការ​នេះ​ពុំ​បាន​ត្រួត​ពិនិត្យ​ឲ្យ​ត្រឹម​ត្រូវ ​និង​ដិត​ដល់ទៅ​លើ​ភស្តុតាង​ដែល​រក​ឃើញ។​ លោក​បន្ត​ថា​ ក្រុម​មេធាវី​ជន​ជាប់​ចោទបាន​ច្រាន​ចោលភស្តុតាង​ដែល​ប៉ូលិស​ស៊ើប​អង្កេត​បង្ហាញ​ទៅ​តុលាការ។​

វីអូអេ ​បាន​ព្យាយាម​ទាក់ទង​សុំការ​បកស្រាយ​ពី​ចៅក្រមនិង​ព្រះ​រាជ​អាជ្ញា​ខេត្ត​រតនគីរី​ដែល​កាន់​សំណុំ​រឿង​នេះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅថ្ងៃ​នេះ ​ដោយអស់​លោក​បញ្ជាក់​ថា ​នៅ​ជាប់​រវល់ រួច​ក្រោយ​មក​បាន​បិទ​ទូរស័ព្ទ​ចោល៕
XS
SM
MD
LG