ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចរហូតដល់ប្រាំភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលការនាំចេញសម្លៀកបំពាក់ និងការមកដល់របស់ភ្ញៀវទេសចរណ៍តាមយន្តហោះ កំពុងតែមានសន្ទុះកើន ឡើងវិញ រវាងពី១០ភាគរយទៅ២០ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំ២០១០នេះ។ ប៉ុន្តែ អ្នកសេដ្ឋកិច្ច ជាន់ខ្ពស់ IMF បានបញ្ជាក់ថា ដ្ឋាភិបាលកម្ពុជា ត្រូវការធ្វើឱ្យគោលដៅទ្វេគុណនៃការថែរក្សាការ វិនិយោគសាធារណៈ ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព។ ឯគណបក្សប្រឆាំងវិញ បាននិយាយថា កំណើនសេដ្ឋកិច្ចប្រាំភាគរយនេះមិនគ្រប់គ្រាន់ទេសម្រាប់ប្រទេសកម្ពុជា បើប្រៀបធៀបនឹងកំណើន ប្រជាពលរដ្ឋខ្មែរ និងអតិផរណានោះ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បាននិយាយនៅថ្ងៃសុក្រនេះថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងរហូតដល់ប្រាំភាគរយនៅក្នុងឆ្នាំ២០១០នេះ ដោយសារការនាំចេញសម្លៀកបំពាក់ និងចំនួនរបស់ភ្ញៀវទេសចរណ៍បរទេសបានចាប់ផ្តើមកើនឡើងវិញ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានធ្លាក់ចុះរហូតដល់កម្រិតអវិជ្ជមានដែលមិនធ្លាប់មាននៅ ក្នុងឆ្នាំ២០០៩ ដែលជាឆ្នាំនៃការកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក Olaf Underoberdoerster អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានថ្លែង ប្រាប់សន្និសីទកាសែតថា កំណើនសេដ្ឋកិច្ចពិតត្រូវបានគ្រោងនឹងសម្រេចដល់៤,៥ភាគរយទៅ ៥ភាគរយនៅក្នុងឆ្នាំ២០១០ ដែលងើបចេញពីកម្រិតសេដ្ឋកិច្ចកម្ពុជាដ៏អាក្រក់នៅក្នុងឆ្នាំ២០០៩។
លោក Olaf Underoberdoerster បានបញ្ជាក់ថា ការងើបឡើងនៃការនាំចេញដ៏ទូលំទូលាយនេះ កំពុងតែបន្តកើតមានចាប់តាំងពីដើមឆ្នាំ២០១០។
«ការនាំចេញសម្លៀកបំពាក់ និងការមកដល់របស់ភ្ញៀវទេសចរណ៍ ជាពិសេសតាមយន្តហោះ កំពុងតែមានសន្ទុះកើនឡើងវិញ ដែលទាំងការនាំចេញសម្លៀកបំពាក់ និងចំនួនភ្ញៀវទេសចរណ៍កំពុងកើនឡើងរវាងពី១០ភាគរយទៅ២០ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០១០នេះ»។
ទោះជាយ៉ាងនេះ ក៏សកម្មភាពសំណង់ហាក់ដូចជានៅមិនសូវសកម្ម ការនាំចូលភាគច្រើននៅតែអវិជ្ជមាន ហើយការចាប់ផ្តើមនៃរដូវវស្សាយឺត។ កត្តាទាំងនេះ អាចធ្វើឱ្យប៉ះពាល់ដល់កំណើនទិន្នផលកសិកម្ម។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចកម្ពុជាគ្រោងនឹងសម្រេចបានដល់ទៅប្រាំ ភាគរយនៅក្នុងឆ្នាំ២០១០។
លោកOlaf Underoberdoersterបានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងពីប្រមាណ ប្រាំមួយភាគរយទៅដល់ប្រាំពីរភាគរយពីឆ្នាំ២០១១ដល់ឆ្នាំ២០១២ ដោយសារសក្តានុពលកំណើន សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកទៅលើផែនការវិនិយោគដែលមានស្រាប់ ប្រជារាស្ត្រ កំណើនក្នុងកម្លាំងពលកម្មនៅកម្ពុជាទាក់ទងនឹងយុវជន និងបន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការធ្វើឱ្យ ប្រសើរ នូវបរិយាកាសវិនិយោគ ដោយប្រើប្រាស់តម្លៃវិនិយោគ និងបង្កើតបរិយាកាសប្រកួតប្រជែង បន្ថែមទៀត។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF រូបនេះ បានបន្ថែមថា ការប៉ាន់ប្រមាណ កំណើននេះបានផ្តោតទៅលើការធ្វើឱ្យប្រសើរនូវការចែកចាយសេវាសាធារណៈ ដើម្បីធ្វើឱ្យប្រាកដ ប្រជាថា ការវិនិយោគសាធារណៈសម្រេចទៅដល់គោលដៅនៃការវិលត្រឡប់ទៅរកកំណើនដ៏ខ្ពស់ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពសង្គម។
លោកOlaf Underoberdoerster បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឲ្យបាននូវគោលដៅទ្វេគុណនៃការថែរក្សា ការវិនិយោគសាធារណៈ ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា កំណើនសេដ្ឋកិច្ចប្រាំភាគរយនេះ មិនគ្រប់គ្រាន់ទេ បើប្រៀបធៀបនឹងកំណើនប្រជាពលរដ្ឋខ្មែរក្នុងមួយឆ្នាំៗដែលកើនឡើងរហូតដល់ជាងបីភាគរយ និងអតិផរណាបានកើនរហូតដល់១០ភាគរយ។
«បើយើងគិតមើលការកើនឡើងទាំងអតិផរណា និងទាំងកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចប្រាំភាគរយមិនមែនជាមោទនភាពសម្រាប់ប្រទេសកម្ពុជាទេ។ យើងទាមទារឱ្យរដ្ឋាភិបាលពិនិត្យមើល និងទប់ស្កាត់អំពើពុករលួយ ការិយាធិបតេយ្យ និងការបែងចែកផលធនធាន ដែលបានមកពីកំណើនសេដ្ឋកិច្ចឱ្យមានសមធម៌»។
ប្រជាពលរដ្ឋខ្មែរប្រមាណ៣០ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ១៤លាននាក់កំពុងរស់នៅ ក្រោមបន្ទាត់នៃភាពក្រីក្រដែលរកប្រាក់ចំណូលបានតិចជាង ៤០០០រៀលក្នុងមួយថ្ងៃ៕