ក្រុងឡុងដ៍៖ ផលិតកម្មនៃឈើហ៊ុបខុសច្បាប់ធ្លាក់ចុះជិត១ភាគ៤ ចាប់តាំងពីឆ្នាំ ២០០២មក។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ខាថាម ហៅស៍(Chatham House)។
នៅក្នុងប្រទេសបីនៃប្រទេសដែលមានព្រៃឈើច្រើនជាងគេនៅក្នុងពិភពលោក គឺប្រទេសកាម៉េរូន ប្រេស៊ីល និងឥណ្ឌូណេស៊ី មានការធ្លាក់ចុះពី៥០ ទៅ៧៥ភាគរយ។
លោកស៊ែម ឡសាន់ (Sam Lawson) អ្នកសរសេររបាយការណ៍នេះមានប្រសាសន៍ថា ប្រការនេះ មួយផ្នែក គឺជាលទ្ធផលមួយនៃសកម្មភាពដែលត្រូវបានចាត់ចែងឡើងដោយសាម៉ីប្រទេស។ ប៉ុន្តែលោកមានប្រសាសន៍ថា កំណែទម្រង់កើតឡើងទូទាំងសកល។ លោកថ្លែងដូច្នេះថា៖
«ការឆ្លើយតបរបស់គេឈរលើមូលដ្ឋានទូលំទូលាយណាស់។ វាមិនគ្រាន់តែសាម៉ីប្រទេសអ្នកផលិតនោះទេ ដែលចាត់វិធានការនោះ ប៉ុន្តែប្រទេសដែលប្រើប្រាស់ឈើផងដែរ ដែលទទួលខុសត្រូវចំពោះការបង្កើតតម្រូវការចំពោះឈើហ៊ុបដែលមានតម្លៃថោក។ ប្រទេសទាំងនោះកំពុងចាត់វិធានការដោះស្រាយជាមួយនឹងការប្រើប្រាស់ និងជួយប្រទេសអ្នកផលិតក្នុងការដោះស្រាយបញ្ហា»។
ច្បាប់ថ្មីមួយចំនួនត្រូវបានត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ដែលហាមការនាំចូលឈើខុសច្បាប់។ របាយការណ៍របស់ខាថាម ហៅស៍ឲ្យដឹងថា វាជាការសំខាន់សម្រាប់ប្រទេសផ្សេងៗក្នុងការអនុវត្តច្បាប់ស្រដៀងគ្នានេះ ដូចជាប្រទេសជប៉ុន ដែលជាប្រទេសនាំចូលឈើខុសច្បាប់ដ៏ធំមួយ។
លោកឡសាន់ មានប្រសាសន៍ថា ការរីកចម្រើនដ៏សម្បើមនេះ ត្រូវបានធ្វើឲ្យកើតមានឡើងកាលពីទសវត្សរ៍ចុងក្រោយនេះ ដែលលោកសំដៅ មួយផ្នែកទៅលើកិច្ចការរបស់ក្រុមដាក់សម្ពាធ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានទាញការយកចិត្តទុកដាក់របស់ពិភពលោកទៅលើបញ្ហានេះ។
ប៉ុន្តែលោកមានប្រសាសន៍ថា នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ ឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ៤០ភាគរយនៃការទាញយកផលពីព្រៃឈើ ត្រូវបានធ្វើឡើងដោយខុសច្បាប់។ លោកឡសាន់ថ្លែងថា បញ្ហាចំពោះមុខប្រហែលជាលំបាកបំផុត។ លោកបន្តថា៖
«ខ្ញុំគិតថា ផ្លែឈើនៅជិតៗដៃត្រូវបានបេះអស់ហើយ [មានន័យថា បញ្ហាតូចតាចត្រូវបានដោះស្រាយអស់ហើយ] ហើយនៅពេលដែលយើងចូលទៅក្នុងបញ្ហាកាន់តែជ្រៅ ការប្រឈមមុខក៏កាន់តែមានច្រើន»។
លោកមានប្រសាសន៍ថា ប៉ុន្តែការបញ្ចប់ការកាប់ឈើខុសច្បាប់គឺសំខាន់ចាំបាច់ណាស់។ លោកបន្តថា ការបញ្ចប់ការកាប់ឈើខុសច្បាប់ និងកាត់បន្ថយការបញ្ចេញកាបោនដៃអុក្សៃនៅជុំវិញពិភពលោក ហើយជួយការពារជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅដោយពឹងផ្អែកលើព្រៃឈើ។ លោកថ្លែងថា៖
«ពេលនេះ មនុស្សប្រហែល១ពាន់លាននាក់ នៅជុំវិញពិភពលោករស់នៅ ដោយពឹងផ្អែកដោយផ្ទាល់លើព្រៃឈើ ក្នុងការរកម្ហូបអាហារ សម្ភារៈសំណង់ និងជួនកាលឱសថ ហើយគេក៏ពឹងផ្អែកលើទឹកស្អាតចេញពីព្រៃឈើដែរ។ ជីវភាពរស់អ្នកទាំងនោះត្រូវបានបំផ្លាញ នៅពេលព្រៃឈើត្រូវបានបំផ្លាញ ហើយការកាប់ឈើខុសច្បាប់គឺជាផ្នែកមួយដែលជំរុញឲ្យមានការបំផ្លាញនោះ»។ យោងតាមរបាយការណ៍របស់ខាថាម ហៅស៍ ព្រៃឈើចំនួន១៧លានហិកតា ត្រូវបានការពារពីការបាត់បង់ក្នុងទសវត្សរ៍ចង់ក្រោយនេះ៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ