សហមេធាវីការពារក្តីរបស់ អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចខ្មែរក្រហមដែលកំពុងរង់ចាំទទួលការកាត់ទោសបានប្តឹងដិតចិត្តទាមទារឲ្យដកចៅក្រមចំនួនប្រាំរូបរបស់អង្គជំនុំជម្រះសាលាដំបូង ដោយចោទប្រកាន់ថា ចៅក្រមទាំងប្រាំរូបនោះមានភាពលម្អៀង។
នៅក្នុងបណ្តឹងចំពោះមុខអង្គជំនុំជម្រះសាលាដំបូងកាលពីសប្តាហ៍មុន លោកស្រី ដៃអាណា អែល្លីស (Diana Ellis) បានរៀបរាប់ថា លោកចៅក្រម និល ណុន លោកស្រីចៅក្រម ស៊ីលវា ខារត៍រៃត៍ (Sylvia Cartwright) លោកចៅក្រម ធូ មណី លោកចៅក្រម ឌ្យីន ម៉ារក៍ ឡាវេញ (Jean- Marc Lavegne) និងលោកចៅក្រម យ៉ា សុខន មានភាពលម្អៀងនៅក្នុងការកាត់ក្តីក្នុងសំណុំរឿង០០១ របស់ឌុច ដែលជាអតីតប្រធានគុកទួលស្លែងដ៏ទារុណកម្ម។ ការកាត់ទោសឌុច ដែលបានចប់សព្វគ្រប់ដំណាក់កាលដំបូង កាលពីខែមិនា ឆ្នាំ២០១០។
លោកស្រីសហមេធាវី ដៃអាណា អែល្លីស (Diana Ellis) បានទាមទារឲ្យប្តូរចៅក្រមទាំងប្រាំរូបនេះចេញ សម្រាប់ការកាត់ទោសនៅក្នុងសំណុំរឿង០០២ ដោយចាត់ទុកថា ភាពលម្អៀងនោះនឹងអាចកើតឡើងម្តងទៀតសម្រាប់ការកាត់ទោសសំណុំរឿង០០២ ។
សំណុំរឿងនេះ ដែលមានជនជាប់ចោទសុទ្ធសឹងជាអតីតមេដឹកនាំកំពូលខ្មែរក្រហម រួមមាន នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធឋ។
សេចក្តីទាមទារនេះ ត្រូវបានធ្វើឡើងស្របពេលដែលសាលាក្តីខ្មែរក្រហមគ្រោងនឹងកាត់ទោសជនសង្ស័យទាំងបួននាក់នៅក្នុងអំឡុងខែមិនា ឆ្នាំ២០១១នេះ។
លោក ផាត់ ពៅសៀង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ ពន្យល់ថា ភាពលម្អៀងរបស់សាលាដំបូងនៅក្នុងសាលាក្តីខ្មែរក្រហមបានបង្ហាញនៅក្នុងការចោទប្រកាន់ឌុចពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការចោទប្រកាន់ដោយផ្អែកលើមូលដ្ឋានឧក្រិដ្ឋកម្ម ដែលតាមច្បាប់របស់កម្ពុជា ឧក្រិដ្ឋកម្មនោះបានផុតអាជ្ញាយុកាលរួចទៅហើយ បន្ទាប់ពីបទឧក្រិដ្ឋបានកើតឡើងផុតរយៈពេល៣០ឆ្នាំ។ លោក ពៅសៀងបន្តថា៖
«ដូចជាករណីបទល្មើសជាតិ អាជ្ញាយុកាលវាត្រូវផុតឧក្រិដ្ឋកម្មសង្គ្រាម ក៏គាត់ពិនិត្យឃើញថាការចោទប្រកាន់ ក៏វាអត់ត្រឹមត្រូវដែរ។ មានសង្រ្គាមគ្រាន់តែថា ជាសង្គ្រាមតូចតាចរវាងព្រំប្រទល់ជាតិមួយនិងជាតិមួយវាមិនមែនជាសង្គ្រាមអន្តរជាតិ។ សង្គ្រាមមនោគមវិជ្ជាតើទាស់គ្នាបន្តិចបន្តូច។ យើងដឹងហើយថា បក្សកុម្មុយនីស្តវៀតណាម ជាមួយបក្សកុម្មុយនីស្តខ្មែរនាសម័យនោះ»។
យោងតាមលោកឡាស់ អលសិន (Lars Olsen) មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថា ចៅក្រមដែលទទួលរងការទាមទារឲ្យដកចេញពីការកាត់ទោសនោះ និងមិនអាចចូលរួមធ្វើសេចក្តីសម្រេចទៅលើការទាមទារនោះបានទេ។ ពោលគឺចៅក្រមបម្រុងរបស់សាលាដំបូង និងចៅក្រមមកពីអង្គជំនុំជម្រះផ្សេងទៀតរបស់សាលាក្តី នឹងធ្វើការសម្រេចទៅលើការទាមទារនេះ។ ក៏ប៉ុន្តែ លោកមិនអាចបញ្ជាក់បានទេថា តើការសម្រេចទៅលើបណ្តឹងទាមទារនេះ និងធ្វើឡើងនៅពេលណានោះ។
នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ឋ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋ កម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី ៥ និងទី៦ ខែមេសាខាងមុខនេះ ដើម្បីរៀបចំកម្មវិធីបើកសវនាការកាត់ទោសជនសង្ស័យទាំងបួននាក់នេះ៕