អតីតបងធំទីបីនៃរបបខ្មែរក្រហម អៀង សារី បានប្រកាសថា ខ្លួននឹងមិនផ្ដល់សក្ខីកម្មនៅក្នុងពេលកាត់ទោសលើរូបគាត់នោះទេ ហើយបានទាមទាររក្សាភាពស្ងៀមស្ងាត់មិននិយាយស្ដីនៅគ្រប់ដំណាក់កាល នៃការកាត់ទោសទាំងអស់។ ស្របពេលជាមួយគ្នានេះ សហមេធាវីបរទេសរបស់ នួន ជា ស្នើសុំឲ្យមានការពន្យារពេលការកាត់ទោសពេញអង្គសេចក្ដី។
នេះបើយោងតាមសំណើរបស់ អៀង សារី ទៅកាន់អង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃច័ន្ទ និងលិខិតរបស់ក្រុមមេធាវី នួន ជា ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃពុធនេះ។
លោក អាង ឧត្តម សហមេធាវីកម្ពុជារបស់ អៀង សារី បានអះអាងថា លោក អៀង សារី បានជូនដំណឹងទៅកាន់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមរួចហើយកាលពីថ្ងៃច័ន្ទ។
«គាត់បានជូនដំណឹងខ្លួនគាត់ទៅតុលាការផ្ទាល់។ គាត់នឹងរក្សាការស្ងៀមស្ងាត់ មិននិយាយ មិនឆ្លើយឆ្លង ពីព្រោះគាត់មានមេធាវីហើយ។ មេធាវីអាចធ្វើកិច្ចការបាន ហើយសិទ្ធិរបស់គាត់អាចធ្វើដូច្នេះបាន។ គាត់ជ្រើសរើសយកអីញ្ជឹងទៅ»។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម គ្រោងនឹងចាប់ផ្ដើមធ្វើការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង ០០២ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១១នេះ។ ប៉ុន្តែមេធាវីរបស់ នួន ជា លោក ម៉ាឃើល ផេសម៉េន (Michiel Pestman) និងលោក វិចធើ កូបប៉េ (Victor Koppe) បានស្នើដល់អង្គជំនុំជម្រះសាលាដំបូងថា សាលាដំបូងគួរតែលើកពេលសវនាការនេះ ដោយសារ តែមានការជ្រៀតជ្រែកផ្នែកនយោបាយ និងកង្វះឯករាជ្យភាព ហើយបញ្ហាទាំងនេះត្រូវដោះស្រាយជាមុន។
លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាដំបូងបានទទួលការជូនដំណឹងរបស់អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមរួចហើយ។ ប៉ុន្ដែសាលាដំបូងមិនទាន់បានទទួលសំណើរបស់ក្រុមមេធាវីបរទេសរបស់ នួន ជា ទេ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា សាលាដំបូងនឹងត្រូវធ្វើការសម្រេចលើសំណើទាំងពីរនៅពេលខាងមុខនេះ។
យ៉ាងណាក៏ដោយលោកបញ្ជាក់លើសំណើរបស់ អៀង សារី ថា នេះគឺជាគោលការណ៍នៃការអនុវត្តន៍សិទ្ធិរបស់ជនជាប់ចោទ។
«នេះគឺជាសិទ្ធិ។ សិទ្ធិតាមផ្លូវច្បាប់ តាមរដ្ឋធម្មនុញ្ញ ក៏ដូចជាសិទ្ធិក្នុងនីតិវិធីនៃការកាត់ក្ដីដោយយុត្តិធម៌ និងត្រឹមត្រូវដែលជនជាប់ចោទមានសិទ្ធិនៅស្ងៀមមិនឆ្លើយតាមនីតិវិធី»។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក យល់ឃើញថា ការស្នើសុំពន្យារពេលបើកសវនាការ គឺជារឿងដែលពិបាកនឹងធ្វើទៅរួច ត្បិតសវនាការនេះត្រូវបានកំណត់ពេលជាក់លាក់ហើយ គឺជាសវនាការ ដែលត្រូវសហគមន៍ជាតិ និងអន្ដរជាតិរង់ចាំបំផុត។
មួយវិញទៀតលោក ឡាត់ គី ចាត់ទុកថា ការស្នើសុំមិនផ្ដល់សក្ខីកម្មដោយផ្ទាល់របស់អៀង សារី គឺជាយុទ្ធសាស្រ្ដរបស់មេធាវីក្រុមការពារ ហើយក៏ជាការបង្ហាញការមិនសហការជាមួយសាលាក្ដីដែរ។
«ខ្ញុំយល់ថា វិប្បដិសារីជាជំងឺផ្លូវចិត្តមួយយ៉ាងធ្ងន់ធ្ងរសម្រាប់មេដឹកនាំខ្មែរក្រហមទាំងអស់។ ដូច្នេះពេលវេលាហ្នឹងហើយជាពេលដែលពួកគាត់គួរផ្ដល់ការពិតជូនដល់ជនរងគ្រោះក៏ជាការលុបលាងកំហុសទាំងឡាយណាដែលខ្លួនបានធ្វើខុសនៅចំពោះមុខជនរងគ្រោះរាប់លាននាក់»។
តាមគម្រោង អង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីក្នុងសំណុំរឿង ០០២ នៅថ្ងៃទី២១ ខែវិច្ឆិកា ហើយនឹងបន្ដទៀតនៅថ្ងៃទី ២៨ ខែដដែល រួចហើយនឹងឈប់សម្រាកនៅពាក់កណ្ដាលខែធ្នូ មុននឹងបន្ដសវនាការឡើងវិញនៅខែមករាឆ្នាំ ២០១២៕