ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​លោក​អៀង​សារី​ស្មុគស្មាញ​ជាង​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត


អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​ អៀង សារី (ជួរ​ទី​២​រាប់​ពី​មុខ ខាង​ឆ្វេង) និង​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច អៀង ធីរិទ្ធ (ជួរ​ទី​២​រាប់​ពី​មុខ ទី​២​រាប់​ពី​ស្តាំ) អង្គុយ​នៅ​ក្នុង​សាល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC)
អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​ អៀង សារី (ជួរ​ទី​២​រាប់​ពី​មុខ ខាង​ឆ្វេង) និង​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច អៀង ធីរិទ្ធ (ជួរ​ទី​២​រាប់​ពី​មុខ ទី​២​រាប់​ពី​ស្តាំ) អង្គុយ​នៅ​ក្នុង​សាល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC)

សវនាការ​បឋម​លើ​សំណុំ​រឿង​លេខ​០០២​បាន​បិទបញ្ចប់​កាល​ពី​ចុង​ខែ​មិថុនា​ហើយ​ដូច​ការរំពឹងទុកករណី​កាត់ទោស​ពីរ​ដង​លើ​បទល្មើស​តែមួយ​និង​ការទទួល​បាន​ការប្រទាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រាប់​លោក​អៀង​ សារី​បាន​ក្លាយ​ជា​ចំណុច​ទាមទារ​ដ៏​ខ្លាំង​មួយ​សម្រាប់​ក្រុម​មេធាវី​យក​មក​ការពារ​ដើម្បីសុំ​ឱ្យ​តុលាការ​ដោះលែង​ កូនក្តី​របស់​ពួកគេ។​ ក្រុម​អ្នកវិភាគយល់ថាតុលាការ​កាត់​ទោស​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​នឹង​ត្រូវ​ថ្លឹងថ្លែង​ឱ្យ​បាន​ហ្មត់ចត់​លើបញ្ហានេះ។ ក្រុម​មេធាវី​ការពារក្តី​ឱ្យ​លោក​អៀង សារី​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សម័យ​ខ្មែរ​ក្រហម​បាន​ទាញ​អំណះអំណាង​ថា​បើ​យោង​តាម​ការលើក​លែង​ទោស​កន្លង​មក​គឺ​កូនក្តី​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​រួច​ទោស​ ហើយ​ថែម​ទាំង​អាច​ចាត់​ថា​ជា​អ្នក​រួម​ចំណែក​ដល់​ដំណើរការ​កសាង​សន្តិភាព​របស់​កម្ពុជា​ផង​ដែរ។

ការអះអាង​នេះ​ដោយសារ​តែ​គុណបំណាច់​ដែល​ លោក​អៀង សារី​ ដែល​ក៏​ជាអតីត​ប្រធាន​ចលនាបង្រួបបង្រួម​ជាតិ​ប្រជាធិបតេយ្យបាន​ដឹកនាំ​កងទ័ពនិង​ប្រជាជន​ជាង​២០.០០០​នាក់​ចុះចូល​ជាមួយ​នឹងរដ្ឋាភិបាលកាលពី​ថ្ងៃ១៥​ ខែសីហា​ ឆ្នាំ១៩៩៦​ ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ភាគី​ខ្មែរ​និង​ខ្មែរ។ ខុសពី​មេដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​លោក អៀង សារី​ ត្រូវ​បានព្រះមហាក្សត្រប្រទាន​ការលើកលែង​ទោស​ក្រោយ​ពី​លោក​បាន​ចុះចូល។

សម្រាប់​លោក អាង ឧត្តម ​មេធាវី​ម្នាក់​របស់​លោក​អៀង សារី ​នេះជារឿងគ្រប់​គ្រាន់​សម្រាប់​កូនក្តី​របស់​លោក​ក្លាយ​ជា​មនុស្ស​ដែល​រួចខ្លួន​ពី​ការកាត់​ក្តី​នាពេល​បច្ចុប្បន្ន​នេះ បើគិត​ទាំង​ផ្លូវច្បាប់និង​ផ្លូវ​សង្គម។ លោក​ឧត្តម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពីថ្ងៃ​សុក្រ​នេះថា​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែល​ធ្លាប់​កាត់​ទោស​ប្រហារ​ជីវិត​លោក​អៀង សារី​ក្នុង​ឆ្នាំ​១៩៧៩​ ពីបទ​ប្រល័យ​ពូជសាសន៍​គឺ​ទោសទណ្ឌនេះ​ត្រូវ​ចប់​សុពលភាព​ជាស្ថាពរ​ក្រោយពី​ប្រទេស​កម្ពុជា​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​ក្នុង​ឆ្នាំ​១៩៨៩ ហើយរដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​របស់​កម្ពុជា​ក៏​មិនមានទោស​ប្រហារ​ជីវិត​នេះ។ ដូច្នេះ​ព្រះរាជ​ក្រិត្យ​គឺ​ជា​របាំង​ដ៏មាំ​មួយ​សម្រាប់​ទប់​មិនឱ្យ​មាន​ការកាត់​ទោស​ឡើង​វិញ​ដូច​ការចោទ​ប្រកាន់​នានា​ដែល​តុលាការ​បច្ចុប្បន្នកំពុង​ប្រើ។

លោក អាង ឧត្តម​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ទៀត​ថា៖

«ហេតុអ្វី​បានជា​យើង​សុំ​ព្រះរាជក្រិត្យ​លើកលែង​ទោស​គឺ​ទាក់ទង​នឹង​អំពើទាំង​ឡាយ​ដែល​ចោទប្រកាន់​ក្នុង​សម័យ​នោះ​មិនឱ្យ​យក​មក​ចោទ​ប្រកាន់​កាត់ទោស​ទេ​ មិនអាច​ថា​លើកមុន​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ហើយ​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​នេះ​វា​គ្រប​ដណ្តប់​លើ​អំពើ​ទាំងអស់​ហើយ»។

លោក ​អាង ឧត្តម ​បាន​បញ្ជាក់ថា​ជា​ការណ៍​ល្អគឺ​តុលាការ​គួរតែ​ទទួល​យក​ការលើក​លែង​ទោស​ដែល​កូនក្តី​របស់​លោក​បាន​ទទួល​ហើយ​ជាជំនួស​វិញ​គឺ​ប្រើ​កូនក្តី​របស់​លោកជាសាក្សី​សម្រាប់​ជាប្រយោជន៍​បាន​យល់​ដឹង​ការណ៍​ពិត​ពី​របប​វាលពិឃាត​នោះ។

«ខ្ញុំថា​ល្អ​បើតាម​គំនិត​ខ្ញុំ​បើថា​ល្អ​ទុកប្រើគាត់​ជាសាក្សី​វិញ​ពីព្រោះ​យើង​ចង់​ដឹង​ការណ៍​ពិតហើយ​ប្រសិន​បើចោទ​ប្រកាន់​អ្នក​ទាំង​អស់​នោះ​គេ​ទប់​ទល់​វិញ​ហើយ។ កុំ​សង្ឃឹម​ថា​បាន​ការណ៍​ពិត ការណ៍​ពិត​ទុក​គ្រាន់​តែ​សម្រាប់​ខ្លួន​ឯង​ហ្នឹង​ទៅ​ ភាគី​ម្ខាង​ដែល​គេ​ដឹង​រឿង​គេអត់​បង្ហាញ​ការណ៍​ពិត​មកយ៉ាង​ម៉េច​បាន​ទេ​ហើយ​អ្នក​ទាំង​អស់​ហ្នឹ​ងមិនមែន​ដឹង​ទាំង​អស់​ទេ»។

ខុសពី​ការបកស្រាយ​លើកមុន​បន្តិច​ដែល​ថា​តុលាការ​នេះ​មាន​យុត្តាធិការ​គ្រប់​គ្រាន់ក្នុង​ការកាត់​ទោសលើ​លោក អៀង សារី ​នោះ​ លោក ហ៊ុយ វណ្ណៈមន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តីបាន​កែតម្រូវតាម​រយៈ​សេចក្តី​ថ្លែងការណ៍​ខ្លី​ថា​អ្វីៗ​ស្រេច​នៅ​លើ​ចៅក្រម​ជាអ្នក​សម្រេច​បើ​ទោះ​បី​ជា​ករណី​នេះ​ត្រូវ​បាន​អង្គជំនុំ​ជម្រះ​បឋម​លើក​មក​ពិភាក្សា​រួច​ហើយក៏​ដោយ។ លោក​ក៏​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«មាន​ន័យថា​មាន​តែ​ចៅក្រម​ប៉ុណ្ណោះ ​ដែល​អាច​សម្រេច​ទៅលើ​ករណី​ទាំងអស់​នេះ​ហើយ​យើង​រង់ចាំ​សម្រេច​ជាផ្លូវការ​របស់​តុលាការ​នឹង​ចេញ​ក្នុង​ពេល​ខាងមុខ​ហើយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​យើង​នឹង​ធ្វើការ​ជូន​ដំណឹង​ជូន​សាធារណជន​នៅ​ពេល​ក្រោយ​ទៀត»។

យោងតាម​នីតិវិធី​របស់​តុលាការ​ គឺ​សេចក្តី​សម្រេច​ជា​សាធារណៈ​នឹង​ចេញ​ក្នុង​ពេល​ខាងមុខ​គឺ​អាច​នឹង​ចេញ​នៅ​មុន​ពេល​ការចាប់​ផ្តើម​សវនាការ​លើ​អង្គហេតុ​សម្រាប់​ករណី​០០២​ដែល​គ្រោង​ធ្វើ​ក្នុង​ពេល​ចុង​ឆ្នាំ​ខាងមុខ។

អ្នកវិភាគ​បាន​ហៅថា​ករណី​របស់​លោក​អៀង សារី​គឺ​មិន​មែន​ជាករណី​ដែល​ងាយៗ​ក្នុង​ការសម្រេច​ទេ​វា​អាច​មាន​ការប្រទាំង​ប្រទើស​ច្រើន​រវាង​ការគោរព​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ទល់​នឹង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាច្រើន​និង​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ​ដែល​បាន​ដឹកនាំ​កម្លាំង​ចូលមក​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​នូវ​ការធ្វើ​សង្គ្រាម​ដែល​ហែកហួរនិងសម្លាប់ជនជាតិ​ឯង។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អតីត​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​គណៈ​កម្មការសិទ្ធិ​មនុស្សអាស៊ី​បាន​បញ្ជាក់​ថា៖

«អំណះអំណាង​មួយ​ថា​សុពលភាព​ដោយ​ផ្តេកផ្តួល​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង​គឺ​លើ​ច្បាប់​ហើយ​នឹង​ឋានានុក្រម​ច្បាប់​ហើយ​នីតិវិធី​លើកលែងទោស​វាត្រឹមត្រូវ​ ក៏ប៉ុន្តែ​អំណះអំណាង​មួយទៀត​ថា​ធ្វើអញ្ចឹង​វាអយុត្តិធម៌​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​ជនរងគ្រោះ​ដែល​មាន​រាប់​លាន​នាក់​ និង​អំណះអំណាង​មួយ​ទៀត​វាអយុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ»។

យ៉ាង​ណាក៏ដោយ ​លោក​អាង ឧត្តម​ បញ្ជាក់​ថា​បើ​ទោះបីជា​តុលាការ​សម្រេច​មិន​ទទួល​យក​តាម​ការទាមទារ​របស់​លោកក្នុង​ការកាត់ទោសលើក​នេះ​ក៏លោក​និង​ក្រុម​ការពារ​មិនបោះ​បង់​ចោល​ការទាមទារ​ទេ។ លោក​នឹង​ពិចារណា​ប្តឹង​បន្ត​ទៅ​តុលាការ​កំពូល​ទៀត។

ជនជាប់​ចោទ​បីនាក់​ទៀត​ដែល​កំពុង​រង់ចាំ​ការកាត់​ទោស​ក្នុង​សំណុំ​រឿង​លេខ​០០២​ជាមួយ​នឹង​អៀង​ សារី ​ដែរ​ គឺ​មាន​លោក នួន ជា ​អតីត​មេមនោគម​វិជ្ជា​ខ្មែរ​ក្រហម លោក​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ និង ​លោកស្រី​អៀង ធិរិទ្ធ ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​សង្គមកិច្ច។

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ចោទប្រកាន់ថា​បាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​បាត់​បត់​ជីវិត​ប្រមាណ​១,៧​លាន​នាក់​ដោយ​ការកាប់​សម្លាប់​ ការបង្អត់បាយ ​ការបង្ខំឱ្យ​ធ្វើការ​ជាទម្ងន់​និង​ជំងឺដម្កាត់​ជាដើម៕

XS
SM
MD
LG