ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ប្រឆាំង​នឹង​ការ​បំផ្លាញ​ព្រៃឈើ​ប្រហែល​១០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភ្នំពេញ


ចំការ​កៅស៊ូ​នៅ​ខេត្ត​រតនគីរី
ចំការ​កៅស៊ូ​នៅ​ខេត្ត​រតនគីរី

ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​សកម្មជន​ការពារ​ព្រៃឡង់​ចំនួន​១០៦​នាក់​ត្រូវ​អជ្ញាធរ​ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់​ឃាត់​ខ្លួន​មួយរយៈ​តាម​កន្លែង​ផ្សេង​ៗ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋទាំង​នេះ​បាន​ចែក​ខិត​ប័ណ្ណនៅ​ក្រុង​ភ្នំពេញ​ដើម្បី​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឡង់។​ ពួក​គេ​អះអាង​ថាព្រៃទាំង​នោះ​កំពុង​ទទួល​រង​ការបំផ្លាញ​ដោយ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។

កាល​ពី​ព្រឹក​មិញ​សកម្មជន​ការពារ​ព្រៃ​ឈើ​ប្រមាណ​ជា​៣០០ ​នាក់ ​មក​ពី​ខេត្ត​ចំនួន​១៤​ ក្នុង​នោះ​មួយ​ចំនួន​ជា​ជនជាតិ​ភាគ​តិច​គួយ​បាន​ធ្វើ​ពិធី​បន់ស្រន់​ និង​ពិធី​តាម​ប្រពៃណី​នៃ​ជន​ជាតិ​ដើម​នៅ​មុខ​ព្រះអង្គដងកើ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដើម្បី​បួងសួង​សុំ​ឲ្យ​វត្ថុ​សក្តិសិទ្ធិ​ជួយ​ថែរក្សា​ព្រៃ​ដែល​ពួក​គេ​ពឹង​អាស្រ័យ​នោះ។​ បន្ទាប់​ពី​ប្រារព្ធ​ពិធី​សាសនា​អស់​រយៈពេល​ពីរ​ម៉ោង​ គឺ​នៅ​ម៉ោង​ប្រមាណ​ជា៩ព្រឹក​សកម្មជន​ព្រៃឈើ​ទាំង​នោះ​បាន​ចែក​គ្នា​ជា​ក្រុម​ដើម្បី​ធ្វើ​ការ​ចែក​ខិត​ប័ណ្ណពណ៌​ផ្ទៃមេឃ​នៅ​តាម​ភ្លើងស្ដុប​ចំនួន​ប្រាំបួន​កន្លែង។​ ខិតប័ណ្ណ​នោះ​បាន​និយាយ​ពី​សារៈសំខាន់​នៃ​ព្រៃឡង់​ និយាយ​ពី​ការ​បំផ្លាញ​ព្រៃឡង់​ និង​ការ​អំពាវនាវ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​នេះ​ជា​ពិសេស​តាមរយៈ​ការ​បញ្ចប់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច។

ប្រជាពលរដ្ឋ​ទាំងនេះ​និយាយ​ថា​ ក្រុមហ៊ុន​ជា​ដើម​ហេតុ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ដ៏​កម្រ​នេះ។​ ក៏​ប៉ុន្ដែ​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​ចែក​ខិត​ប័ណ្ណ​ទាំង​នោះ​បាន​បន្ដិច​ក្រុម​ប៉ូលីស​ក៏​បាន​ចាប់​ប្រមូល​ និង​នាំ​ខ្លួន​ពួក​គេ​យក​ទៅ​សាកសួរ​។ ក្រុម​មន្ដ្រី​សិទ្ធិ​មនុស្ស​ដែល​បាន​តាម​ឃ្លាំមើល​សកម្មភាព​របស់​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ទាំង​នេះ​បាន​ឲ្យ​ដឹងថា​ ប៉ូលីស​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ក្រុម​ប្រជាជានអស់​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង​នៅ​តាម​កន្លែង​និមួយៗ។

អ្នក​ស្រី​ លឹង​ ភីន​ សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​បាន​និយាយ​ថា​ ប៉ូលីស​ចាត់​ទុក​ថា​ ការ​ចែក​ខិតប័ណ្ណទាំង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខិត​ប័ណ្ណ ដែល​យើង​ចែក​ឲ្យ​អ្នក​ដំណើរ​តាម​ផ្លូវ​នោះ​ គេ​ដក​យក​មក​ទុក​ ហើយ​គេ​ថា​ យើង​ធ្វើ​នេះ​ ដើម្បី​ផ្សព្វផ្សាយ​ផល​បះពាល់​អំពី​ព្រៃឡង់​ វា​ខូច​បរិស្ថាន​តាម​ដង​ផ្លូវ។ ប៉ូលីស​គេ​និយាយ​អញ្ចឹង​ ហើយ​ពួក​ខ្ញុំ​ថា​ ពួក​ខ្ញុំ​កើត​នៅ​សហគមន៍។ ហើយ​គេ​ថា គេ​មិន​ចង់​ដឹង​រឿង​ព្រៃឡង់​អី​ទេ។​ ពួក​ខ្ញុំ​ មាន​កំហុស​អី ​គ្រាន់​តែ​ចាំ​គ្នា​ប៉ុណ្ណឹង។​ គាត់​ ថា​មិន​បាច់​ចង់​ចេះ​ចង់​ដឹង​អីទេ​ ពួក​មេក្បាល​រុយ​ ក្បាល​ខៀវ​ មេ​ក្បាល​ខៀវ ​ថា​ចឹង»។

ក្រុម​ប៉ូលីស​បាន​ព្យាយាម​សួរ​ដេញ​ដោល​ស្វែង​រក​មេដឹក​នាំ​ចលនា​ប្រជាពលរដ្ឋ​នេះ​ ហើយ​បាន​ព្យាយាម​ស្វែង​រក​ប្រភព​មូលធន​សម្រាប់​ធ្វើ​ការ​បោះពុម្ព​ខិត​ប័ណ្ណ​ទាំង​នេះ។​ នេះ​បើ​ផ្អែក​តាម​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ។

លោក​តឹក​ លី​ឡាញ់​ សកម្មជន​ព្រៃ​ឈើ​ម្នាក់​ទៀត​មាន​ប្រសាសន៍ថា​ ក្រុម​ប៉ូលីស​ព្រមាន​ថា​ ការចែក​ខិត​ប័ណ្ណ​របៀប​នេះ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ជា​មុន។​ លោក​ថ្លែង​ថា៖

«គេ​ហាម​ថា ​លើក​ក្រោយ​មុន​នឹង​ធ្វើ​អី​ ត្រូវ​ប្រាប់​សមត្ថកិច្ច​គេ។ គេ​មាន​ទីលាន​ ឲ្យ​!....ឲ្យ​...​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នៅ​វត្ត​ភ្នំ»។

លោក​ឧត្តម​សេនីយត្រី​ ទូច​ ណារ៉ុថ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។​ រី​ឯ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ទាក់ទង សុទ្ធ​តែ​បាន​បង្វែរ​សំណួរ​ទៅ​កាន់​លោក​ទូច​ ណារ៉ុថ។

លោក​ឧត្តម​សេនីយឯក​ខៀវ​ សុភគ្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ណា​មួយ​ក្នុង​ករណី​នេះ​ទេ។

លោក​ចាន់​ សាវ៉េត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ហៅ​ថា​ នេះ​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​កម្ពុជា។​ លោក​បន្ត​ថា៖

«វា​ជា​ការ​បះពាល់​ដល់​សិទ្ធិ​បុគ្គល​ សិទ្ធិ​ពលរដ្ឋ​ និយាយ​រួម​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ដែល​យើង​កំពុង​តែ​លើក​ដំកើង​ផង»។

ដោយ​ឡែក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បី​គឺ​អង្គការ​លីកាដូ​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ល្ងាច​នេះ​បាន​ចាត់​ទុក​ថា​ ប៉ូលីស​បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ក្រុម​សកម្មជន​ព្រៃឈើ ជា​ពិសេស​សិទ្ធិ​បញ្ចេញ​មតិស្ដី​ពី​កង្វល់​របស់​ពួក​គេ។​ អង្គការ​ទាំង​បី​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​ត​វ៉ា​ត​ទៅ​ទៀត។

ព្រៃ​ឡង់​គឺ​ជា​ព្រៃ​ដ៏​ធំ ​និង​ក្រាស់​ត​ជាប់​គ្នា​ក្នុង​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។​ខិតប័ណ្ណ​របស់​ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ ព្រៃ​នេះ​ជា​ជម្រក​សត្វ​ព្រៃ​ចំនួន​២៧​ប្រភេទ​ និង​មាន​រុក្ខជាតិ​ជិត​ផុត​ពូជ​ជាង​២០​ ប្រភេទ។​ កាល​ពី​ខែ​ឧសភា​ក្រុម​សហគមន៍​ការពារ​ព្រៃឡង់​បាន​ធ្វើការ​ត​វ៉ា​ម្ដង​ហើយ​ក្នុង​ក្រុង​ភ្នំពេញ​ ប៉ុន្ដែ​ការ​តវ៉ា​របស់​ពួក​គាត់​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​នោះ​ទេ៕

XS
SM
MD
LG