លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេមួយរូបនៅលើពិភពលោក កំពុងទទួលការពិនិត្យជំងឺ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការបញ្ជាក់របស់លោក នៅលើទំព័រ Facebook ផ្ទាល់ខ្លួនលោក កាលពីថ្ងៃពុធទី ៣ ខែឧសភា ម្សិលមិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង ២ ល្ងាច ថ្ងៃ ៣ ឧសភា»។
លោកហ៊ុន សែន ក៏បានសុំអភ័យទោស និងការយោគយល់ពីមន្ត្រីរាជការ អាជ្ញាធរប្រចាំខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកការទូតបរទេសនានា ដោយសារលោកត្រូវសម្រេចចិត្តលុបចោលភ្លាមៗនូវកម្មវិធីជួបជុំមួយ ដែលបានគ្រោងទុករួចទៅហើយ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ ដែលខ្ញុំត្រូវជួបនៅព្រឹកនេះ តែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភ័ក្ដិបរទេស ពិសេសជប៉ុន ឥណ្ឌា បារាំង ដែលកម្មវិធីគ្រោងទុកសម្រាប់ការជួប ត្រូវបានលុបចោលទៅវិញ»។
គេក៏ឃើញមានការបង្ហោះរូបថតប៉ុន្មានសន្លឹកផងដែរ នៅលើទំព័រ Facebook របស់លោក ហ៊ុន សែន ផ្ទាល់ អំពីរូបលោកសម្រាកនៅលើគ្រែពេទ្យ ដោយមានសមាជិកក្រុមគ្រួសារលោកមួយចំនួននៅក្បែរនោះ។
លោក ហ៊ុន សែន ក៏បានបន្ថែមទៀតថា លោកគ្រោងនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃពុធ ទី ៧ ខែឧសភា សប្ដាហ៍ក្រោយ ដើម្បីបន្តការងារប្រចាំថ្ងៃរបស់លោកជាបន្តទៀត។
កាលពីឆ្នាំមុន លោក ហ៊ុន សែន ក៏ធ្លាប់បានទៅពិនិត្យសុខភាពផងដែរនៅក្នុងប្រទេសសិង្ហបុរី ដែលកាលនោះ លោកអះអាងថា ជាការពិនិត្យសុខភាពធម្មតា៕