ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែន៖ ឆ្នាំ​២០១៧ អ្នក​មាន​ប្រាក់ខែ​ចាប់​ពី​១​លាន​រៀល​ទើប​ត្រូវ​កាត់​ពន្ធ


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​កែ​ប្រែ​កម្រិត​ប្រាក់​បៀវត្សរ៍​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ដែល​នឹង​មាន​ចែង​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០១៧។

ច្បាប់​ស្តី​ពី​ថវិកា​ជាតិ​ក្នុង​ឆ្នាំ​២០១៧ នឹង​កំណត់​កំណត់​ឲ្យ​មន្រ្តី​រាជការ និង​និយោជិត​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី​១លាន​រៀល​ឡើង​ទើប​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍។ ការ​កំណត់​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា មិន​អាច​ជួយ​សម្រួល​អ្វី​បាន​ដល់​អ្នក​មាន​កាតព្វកិច្ច​បង់​ពន្ធ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​កែ​ប្រែ​កម្រិត​ប្រាក់​បៀវត្សរ៍​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ដែល​នឹង​មាន​ចែង​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០១៧។ ការ​កែប្រែ​នេះ​បាន​កំណត់​ឲ្យ​និយោជិត​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី​១លាន​រៀល​ឡើង​ទើប​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ខណៈ​ច្បាប់​សារ​ពើ​ពន្ធ​ឆ្នាំ​២០១៦ អ្នក​មាន​ប្រាក់​ខែ​ចាប់​ពី​៨០​ម៉ឺន​រៀល​ឡើង​ត្រូវ​ជាប់​ពន្ធ​បៀវត្សរ៍។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ នៅ​ថ្ងៃទី៦ ខែ​តុលា​នេះ​ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ថវិកា​ឆ្នាំ​២០១៧ នឹង​ត្រូវ​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឲ្យ​បាន​មុន​ដំណាច់​២០១៦​នេះ។ លោក​បន្ថែម​ថា ច្បាប់​នេះ​នឹង​កំណត់​ប្រាក់​ខែ​ចាប់​ពី​១លាន​ឡើង​ទើប​ត្រូវ​ជាប់​ពន្ធ​ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​មន្រ្តី​រាជការ និង​និយោជិត។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ទៅ​កាន់និស្សិត​ថា៖ «ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ ជាពិសេស​ក្នុង​ហ្នឹង​មាន​លោក​គ្រូ​អ្នកគ្រូ គ្រូ​ពេទ្យ​របស់​យើង ដែល​មាន​ចំនួន​ប្រមាណ​ជា​១៤​ម៉ឺន​នាក់ គឺ​យើង​បាន​រំកិល​ពី​៨០​ម៉ឺន​ទៅ​១​លាន អញ្ចឹង​ចាប់​ពី​មួយ​លាន​ទៅ អា​ហ្នឹង​បាន​ជាប់​ពន្ធ ប៉ុន្តែ​ក៏​មាន​ដែរ​មួយ​លាន​ដល់​ប៉ុន្មាន​អា​ហ្នឹង​បាន​ជាប់​ប៉ុន្មាន​ភាគរយ មួយ​លាន​ដល់​ប៉ុន្មាន​ជាប់​ប៉ុន្មាន​ភាគរយ ប៉ុន្តែ​មិន​មែន​យក​អា​មួយ​លាន​ហ្នឹង​ទៅ​បូក​ទាំងអស់​ទេ ដូច​ថា ​មួយ​លាន​ម្ភៃ​ម៉ឺន អញ្ចឹង​គេ​យក​តែ​ម្ភៃ​ម៉ឺន​ទេ​មក​គិត​ប៉ុន្មាន​ភាគ​រយ អញ្ចឹង​បង់​ទៅ​វា​តែ​ប៉ុន្មាន​ពាន់​រៀល​តែ​ប៉ុណ្ណឹង​ទេ»។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ជូន​គ្រូ​បង្រៀន​ដល់​ជាង​៩៥ម៉ឺន​រៀល​ ហើយ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ត្រូវ​ដំឡើង​ក្នុង​ចំនួន​១៥៣​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៧។

លោក​ សន​ ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA)​ ប្រាប់​ VOA​ ថា ការ​ប្រកាស​កាត់​ពន្ធ​ប្រាក់​ខែ​ដែល​មាន​ចំនួន​ចាប់ពី​មួយ​លាន​រៀលនេះ គ្រាន់​តែ​ជា​រូបភាព​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​បង់ពន្ធ​ដែល​មាន​ប្រាក់​ខែ​ទាប​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការ​ប្រមូល​ពន្ធ​លើ​ប្រាក់​ខែ ​ជា​ទូទៅ​ត្រូវ​ប្រមូល​ពី​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់ ដើម្បីជួយ​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប។ ដូច្នេះ​លោក​ថា ​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​ផ្សេង​ដែល​អាច​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​បាន​ពិត​ប្រាកដ។

លោក​ សន ជ័យ បញ្ជាក់​ថា៖

«ទោះ​បី​ជា​ជាប់​ពន្ធ​ក្នុង​កម្រិត​មួយ​លាន​រៀល​ហ្នឹង​ក៏​ជា​ពន្ធ​មួយ​ដែល​ជាប់​តិចតួច​ដែរ​ទេ អញ្ចឹង​សំខាន់​គឺ​រដ្ឋ​ត្រូវ​មាន​យន្តការ​មួយ​ដែល​ត្រូវ​ប្រមូល​ពន្ធ​ពី​អ្នក​មាន​ស្តុកស្តម្ភ​ហ្នឹង​ឲ្យ​បង់​កាតព្វកិច្ច​ពន្ធ​ហ្នឹង​ឲ្យ​បាន​គ្រប់គ្នា​ទៅ​ ខ្ញុំ​គិត​ថា ​ពេល​ហ្នឹង​ចំណូល​សេដ្ឋកិច្ច​ជាតិ ចំណូល​ថវិកា​ជាតិ​ហ្នឹង​ក៏​វា​អាច​ហ្នឹង​កើន​ឡើង​ទៅតាម​ហ្នឹង​ដែរ។ យក​អា​ថវិកា​ពន្ធ​ហ្នឹង​មក​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​សេវា​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកដែល​ក្រី​ក្រ​ហ្នឹង»។

ការ​កំណត់​អត្រា​បង់ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ ត្រូវ​ធ្វើ​ស្រប​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ក្នុង​នោះ​ការ​កំណត់​មាន​ចាប់ពី​០​ភាគរយ ទៅ​២០​ភាគរយ ​អាស្រ័យ​តាម​ចំនួន​ប្រាក់​ខែ​របស់​អ្នក​មាន​កាតព្វកិច្ច​បង់ពន្ធ៕

XS
SM
MD
LG