ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​នឹង​ថ្លែង​ពី​ការស្វែង​រក​សណ្តាប់​ធ្នាប់​ពិភពលោក​ថ្មី​នៅជប៉ុន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចាប់ដៃគ្នាបន្ទាប់ពីកិច្ចប្រជុំរួម​គ្នាមួយនៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ចាប់ដៃគ្នាបន្ទាប់ពីកិច្ចប្រជុំរួម​គ្នាមួយនៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

សន្និសីទ​ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​នៅ​តំបន់​អាស៊ី​​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ឧសភា​ ឆ្នាំ​២០១៩។ សន្និសីទ​នេះ​នឹង​លើក​យក​បញ្ហា​ជា​ច្រើន​ ដូច​ជា​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន​ និង​អាមេរិក ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​យក​ឧត្តមភាព​ខាង​បច្ចេក​វិទ្យា​យោធា។

នៅ​ថ្ងៃអង្គារ​នេះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ បាន​ប្រកាស​ជាថ្មី​ម្តងទៀតលើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​លោក​ថា​ លោក​នឹង​ផ្តល់​សុន្ទរកថា​ មួយ​ផ្តោត​លើ​ «កា​រ​ស្វែងរក​សណ្តាប់​ធ្នាប់​ថ្មី​របស់​ពិភពលោក និង​ការ​ត្រៀម​ជម្នះ​លើ​ភាព​វឹក​វរ»។

សុន្ទរកថា​នេះនឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន ទី​ដែល​លោក​ហ៊ុន សែន​ នឹង​ចូលរួមសន្និសីទ​អន្តរជាតិ​ប្រ​ចាំ​ឆ្នាំ​លើក​ទី ​២៥​ ស្តី​ពី​អនាគត​របស់​អាស៊ី។

អ្នក​វិភាគ​កិច្ចការ​តំបន់​ បាន​ថ្លែង​ថា​ មេដឹកនាំ​កម្ពុជា​ ទំនង​នឹងជា​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នៃ​ការ​កើន​ឡើង​អំណាច​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​មួយ​ចំនួន​ដូចជា​ចិន​ ប្រេស៊ីល ​ឥណ្ឌា​ និង​រុស្ស៊ី​ ដែល​បង្កើត​បាន​ពហុប៉ូល​នៃ​ទំនាក់​ទំនង​ថ្មី​ និង​តួនាទី​របស់​អាស៊ាន​ក្នុង​បរិបទ​នៃ​ពហុប៉ូល ក៏​ដូចជា​គោល​នយោបាយ​អព្យាក្រឹត​របស់​កម្ពុជា។

លោក​ហ៊ុន សែន​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​តូក្យូប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​នេះ​ ក៏​នឹង​ចែក​រំលែក​ទស្សនៈ​វិស័យ​ ពាក់​ព័ន្ធ​ទៅ​នឹង​បរិបទ​សាកល​លោក​បច្ចុប្បន្ន​ និង​ចក្ខុវិស័យ​របស់​លោក​នាពេល​អនាគត​ និង​ការ​រួម​ចំណែក​របស់​កម្ពុជា​ ក្នុង​«ការ​លើក​កម្ពស់​ភាព​សុខដុម​ សន្តិភាព​ និង​វិបុល​ភាព​រួម​នៅ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ និង​ក្នុង​ពិភពលោក»។

សន្និសីទ​ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​នៅ​តំបន់​អាស៊ី នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ខែ​ឧសភា​ ឆ្នាំ​២០១៩។ សន្និសីទ​នេះ​នឹង​លើក​យក​បញ្ហា​ជា​ច្រើន​ ដូច​ជា​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ចិន​ និង​អាមេរិក ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​យក​ឧត្តមភាព​ខាង​បច្ចេក​វិទ្យា​យោធា ​និង​ការ​កើន​ឡើង​នៃ​ការ​គាំពារ​និយម​ខាង​ពាណិជ្ជ​កម្ម។

​លោក​បណ្ឌិតឈាង​ វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ មាន​ប្រសាសន៍​ប្រាប់​ VOA ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ថា​ មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កំពុង​នាំ​ប្រទេស​កម្ពុជា​ ទៅរក​ទំនាក់​ទំនង​ពិភពលោក​ពហុប៉ូល​មួយ​ថ្មីទៀត​ ដែល​អាមេរិក​លែង​ឈប់​ធ្វើ​ជា​ឆ្មាំ​របស់​ពិភពលោក​ ក្នុងពេល​មាន​ការ​កើន​ឡើង​អំណាច​ថ្មី​ពី​បណ្តា​ប្រទេស​មួយ​ចំនួន រួមមាន​ប្រទេស​ចិន​ ឥណ្ឌា​ និង​ប្រទេស​រុស្ស៊ី​ជាដើម។

«​នៅក្នុង​បរិបទ​ហ្នឹង​ហើយ​បាន​ជា​កម្ពុជា​ចាប់​យក​ចិន​ កម្ពុជា​ចាប់​យក​ជប៉ុន​ កម្ពុជា​ខំ​ចាប់​យក​រុស្សី​ និង​ឥណ្ឌា​ជាដើម​ ដើម្បី​ស្រូប​យក​ផល​ប្រយោជន៍​ចូលៗ​ក្នុង​ សម្រេច​បាន​នូវផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន»។

អ្នក​វិភាគ​កិច្ចការ​តំបន់​រូប​នេះ​ ​បាន​បន្ថែមថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ប្រហែល​ជា​លើក​ឡើង​ពី​បរិបទ​នៃ​ពហុ​ភាគី​និយមថ្មី​នេះ​ នៅ​ក្នុង​សុន្ទរកថា​ របស់​លោក​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

«អ៊ីចឹង​ទេ​ message​ [សារ]​ ប្រហែល​ជា​គាត់​លើក​យក បញ្ហា​ពហុប៉ូល​ហ្នឹង​ តួនាទី​របស់​អាស៊ាន​ ហើយ​និង​ការ​ប្រកួត​ប្រជែង​អំណាច​ រវាង​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​អាស៊ី​ ហើយ​គោលនយោបាយ​ការបរទេស​កម្ពុជា​ ដែល​មិន​ងាក​ទៅខាង​ណា​ ហើយ​ប្រកាន់​នូវ​គោល​នយោបាយ​អព្យាក្រឹត​ហ្នឹងជាដើម»។

យោង​តាម​ព័ត៌មាន​សង្ខេប​ខ្លី​ដដែល​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​ហ៊ុន សែន​ នឹង​ថ្លែង​សុន្ទរកថា​នៅ​ព្រឹកថ្ងៃ​ទី​៣០​ ខែ​ឧសភា។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ហ៊ុន សែន​ ក៏នឹង​ជួប​ជា​លក្ខណៈ​ទេ្វភាគី​ជាមួយ​លោក​ ស៊ីហ្សូ​ អាបេ (Shinzo Abe)​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផង​ដែរ។

ក្នុង​ជំនួប​នោះ​ មេដឹកនាំ​ទាំង​ពីរ​ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចុះកិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ គឺ​«ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម (សាងសង់​ស្ថានីយ​កុងតឺណឺ​ដែល​មាន​ទឹក​ប្រាក់ ​២០០​លាន​យ៉េន​ជប៉ុន​ ឬ​ស្មើនឹង​ប្រមាណ​ជា​ជិត​២លាន​ដុល្លារ​សហរដ្ឋអាមេរិក) និង​ការ​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​ដែលមាន​ទឹកប្រាក់​ ៣៣៩​លាន​យ៉េន​ជប៉ុន​ (ឬ​ស្មើ​នឹង​ប្រមាណ​ជា​ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)។

ខណៈ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​ សកម្មជន​និង​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​គ្រោង​នឹង​ធ្វើការ​ប្រមូល​ផ្តុំប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ចលនា​សង្រ្គោះ​ជាតិ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ​ដែល​ VOA ​ទទួល​បាន។

យ៉ាងណា​ក៏ដោយលោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​អះអាង​កន្លង​មកថា​គម្រោង​តវ៉ានឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​របស់​លោក​ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ជប៉ុន​នោះ​ដែរ។

ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​លើក​នេះ​ លោក​ហ៊ុន សែន​ ក៏​នឹង​ជួប​ជាមួយ​ឥស្សរៈជន​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន។ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​គោលដៅ​វិនិយោគ​នាំ​មុខ​របស់​ជប៉ុន ​តាម​រយៈ​គម្រោង​បើក​ផ្លូវ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ​ឬ​ ​Japan Inc។​ គម្រោង​នេះ​បើក​លទ្ធភាព​ដល់​គ្រឹះ​ស្ថាន​ឯកជន​ ​និង​ទុន​វិនិយោគ​គិន​ជប៉ុន​ឆ្ពោះ​មក​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍៕

XS
SM
MD
LG