ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​​កម្ពុជា​រក​ឃើញ​​​អ្នក​ជា​សះស្បើយ​ម្នាក់ ​កើត​ជំងឺ​កូវីដ១៩ ឡើង​វិញ


រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណាកំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​១​នាក់​ទៀត​ ដែល​កើត​លើ​ជន​បរទេស និង​អ្នក​ជំងឺ​ម្នាក់​ដែល​ជា​សះស្បើយ​ហើយ តែកើត​ជំងឺ​កូវីដ​១៩​នេះឡើង​វិញ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។

ការ​ឆ្លង​ថ្មី​ដែល​កើត​ឡើង​លើ​ជនជាតិ​ចិន​នេះ នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៨។ ក្រសួង​បញ្ជាក់​ថា ជន​ជាតិ​ចិន​ដែល​ឆ្លង​នោះ គឺ​ជា​ស្រ្តី​អាយុ​៣០​ឆ្នាំ ជា​ភ្ញៀវទេសចរ និង​មាន​បំណងរក​ស៊ី​បើ​កហាង​នៅ​កម្ពុជា ហើយ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ភ្នំពេញ។ ស្រ្តី​នោះ​ជាអ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជន​បរទេសដែល​ត្រូវ​បាន​រក​ឃើញ​ថាផ្ទុក​វីរុស​កូរ៉ូណា កាល​ពី​កន្លង​ទៅ។

ក្រសួង​បន្ថែម​ថា បុរស​ខ្មែរ​ម្នាក់​អាយុ​៤០​ឆ្នាំ រស់​នៅ​ភ្នំពេញ ដែល​បាន​ជាសះស្បើយ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​ឡើង​វិញ ក្រោយ​ពី​ជា​សះស្បើយ​១៥​ថ្ងៃ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល មនុស្ស​៦​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នះ​នៅ​ថ្ងៃ​នេះ។ គិ​ត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៦៨​នាក់។

កន្លង​ទៅ អ្នក​ដែល​ជា​សះ​ស្បើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ តែ​ពួកគេ​ត្រូវ​ត្រឡប់​មក​ធ្វើ​តេស្ត​ឡើង​វិញ ​ក្រោយ​រយៈ​ពេល​២​សប្តាហ៍។ ក្រសួង​បាន​ណែនាំ​ពួកគេ​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​រក្សា​អនាម័យ​ជា​ប្រចាំ។

លោក​ ម៉ាត់លី ​អាយុ​៤១​ឆ្នាំ នៅ​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា លោក​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា ហើយត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​នឹង​ត្រូវ​ធ្វើ​តេស្ត​ជា​ថ្មី​រក​វីរុស​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ ខែមេសា។ ប៉ុន្តែ​លោក​ថា​ សុខភាព​របស់​លោកមិន​ប្រែប្រួល​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «សុខភាព​របស់​ខ្ញុំ​នេះ​ធម្មតា ក្អក​ក៏​អត់​មាន ផ្តាសាយ​ក៏​អត់​មាន ក្តៅ​ក៏​អត់​មាន ដូច​យើង​រស់​នៅ​ធម្មតា»។ លោក​បន្ត​ថា​ការ​រស់​នៅ​ក្នុង​ផ្ទះ លោក​ស្នាក់​នៅ​ជាមួយ​មនុស្ស​៣នាក់​ផ្សេង​ទៀត រួម​មាន​កូន​២​នាក់ និង​បង​ថ្លៃ តែ​ពួកគេ​មាន​បន្ទប់​ផ្សេងៗ​គ្នា។

លោក​បញ្ជាក់​ថា៖ «នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែរ តែ​វា​តែង​តែ​ដើរ​ជួប​គ្នា​ខ្លះ​ដែរ​ហើយ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG