ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ​សែន​ចង​ក្រង​សម័្ពន្ធ​ភាព​កង​ទ័ព​ នគរ​បាល ​ស្ថាប័ន​ស៊ីវិល


កាល​ពីខែ​កុម្ភៈ​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ស្តី​ពី​ការ​កែ​សម្រួល​ និង​រៀប​ចំ​ការ​ចង​ក្រង​សម័្ពន្ធ​មេត្រី​ភាព​រវាង​អង្គភាព​កង​ទ័ព​កង​នគរ​បាល​ជាតិ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល​ នៅ​ក្នុង​សេចក្ដី​សម្រេច​ ដែល​បាន​ចេញ​ផ្សាយ​លេខ​ពិសេស​មួយ។​ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ជំនួញ​ ប្រមាណ​៣​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ Global​ Witness​និង​ជា​មន្រ្តី​គណ​បក្ស​កាន់​អំណាច​ បាន​សន្យា​ជួយ​ អង្គភាព​កង​ទ័ព​ចំនួន​៥​ភូមិ​ភាគ។​ ក៏​ប៉ុន្តែ​មាន​ឧកញ៉ា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​និយាយ​ថា ​សេចក្តី​ សម្រេច​នេះ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្នេហា​មាតុ​ភូមិ​របស់​ពួក​គេ​ចំពោះ​ប្រទេស​កម្ពុជា។​ ការ​ព្រួយ​បារម្មណ៍​នេះ​ បាន​កំពុង​កើត​ឡើង​ថា​ យោធា​ទាំង​អស់​នោះ​មិន​បាន​ធ្វើការ​ ដើម្បី​បម្រើ​ឆន្ទៈ​របស់​ពល​រដ្ឋ​ទេ។

លោក​ ហេង​ រស្មី ​រាយ​ការណ៍​លម្អិត​ដូច​ត​ទៅ៖

ចាប់​តាំង​ពី​មាន​រឿង​ទំនាស់​ដី​ធ្លី ​នៅ​ក្នុងកំ​ឡុង​ខែ​មិនា ​រវាង​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ ​ជា​មួយ​និង​លោក​ឧកញ៉ាលី ​យ៉ុង​ផាត់​ សមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប ​មក​ពី​គណ​ បក្ស​គ្រប់​គ្រង​អំណាច​ ក្រុម​ប្រជា​ពល​រដ្ឋ​បាន​និយាយ​ថា​ ការ​ប្រកប​របប​ទទួល​ទាន ​ការ​ធ្វើ​អាជីវ​កម្ម​ចិញ្ចឹម​ជីវិត​ ការ​ធ្វើ​កសិកម្ម​ និង​ដំណាំ​ចម្ការ​ ពុំ​សូវ​មាន​ការ​ជាប់​លាប់​ដូច​បណ្តា​ឆ្នាំ​មុនៗ​ទេ។

ក្រុម​អ្នក​ស្រុក​ទាំង​នោះ ​បាន​និយាយ​ថា ​ផល​លំបាក​នេះ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា ​លី ​យ៉ុង​ផាត់ ​បាន​យក​កម្លាំង​យោធា​របស់​វីរៈ​សេនា​តូច​លេខ​៣១៣ ​ដើម្បី​ការ​ពារ ​និង​រុញ​ច្រាន​ប្រជា​ពល​រដ្ឋ​ ចេញ​ពី​ទី​តាំង​ដី​ដែល​មានទំនាស់។

"វា​ប៉ះ​ពាល់​តាំង​ពី​ព្រៃ​មើល​គោ ​តាំង​ពី​ដី​ស្រែ​ចម្ការ។​ អ្នក​ខ្លះ​មួយ​ចំនួន​បាន​ភ្ជួរ ​បាន​រាស់​លុប​របស់​គ្នា​ ទៅ​វាស់​វែង​ដី​ហើយ​គ្នា​រក​ដាំ​អីៗ ​មាន​ទាហាន​ទៅ​ដេញ​គ្នា​អត់​ឲ្យ​ដាំ ​អត់​ឲ្យ​អី​ទៀត"។

វីរៈ​សេនា​តូច​លេខ​៣១៣​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យោធ​ភូមិ​ភាគ​ទី​៣ ​ដែល​មាន​ទី​តាំង​នៅ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ។​ ក៏​ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​លោក​ឧកញ៉ាលី ​យ៉ុង​ផាត់ ​ចំណែក​ឯ​វីរៈ​ សេនា​តូច​លេខ​៧០៣ ​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​និង​អាជ្ញាធរ​អគ្គិ​សនី​កម្ពុជា។

លោក​ឧកញ៉ា​លី ​យ៉ុង​ផាត់ ​បាន​បញ្ជាក់​ប្រាប់​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​ទូរ​ស័ព្ទ​មក​ថា​ ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្តមិន​មាន​ការ​បង្ខិត​បង្ខំ​ទេ។​ ក៏​ប៉ុន្តែ​មន្រ្តី​សិទ្ធិ​មនុស្ស​ ក្នុង​ស្រុក​ និង​អ្នក​ត​ស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ ​បាន​និយាយ​ថា ​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គ​ភាព​ កង​ទ័ព ​កង​នគរ​បាល​ជាតិ​ជា​មួយ​និង​ស្ថាប័ន​អង្គភាព​ស៊ីវិល បាន​ធ្វើ​ឲ្យ​មន្រ្តី​យោធា​ប៉ះ​ពាល់​ដល់​អភិបាល​ កិច្ច​ល្អ ​និង​លទ្ធិ​ប្រជាធិប​តេយ្យ​ដ៏ក្មេង​ខ្ជី​នៅ​កម្ពុជា។

លោក​ស្រី ​Eleanor ​Nichol ​អ្នក​ស្រាវ​ជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​បរិដ្ឋាន​អន្តរ​ជាតិ​មួយ​ ដែលមាន​ឈ្មោះ​ថា ​Global ​Witness​ បាន​និយាយ​ថា ​សេចក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​ អំពី​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ បាន​ធ្វើ​ឲ្យ​មន្រ្តី​យោធា​កម្ពុជា ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជា​ជន​ទេ។

លោក​ស្រី​បាន​លើក​ឡើង​ទៀត​ថា ​នេះ​គឺ​ជា​ភាព​ខ្សោយ​នៃ​នីតិរដ្ឋ ​និង​អភិ​បាល​កិច្ច​ល្អ។

"គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ ប្រមូល​ផ្តុំ​ដោយ​ការ​ការ​ពារ​ពី​សំណាក់​យោធា ​និង​ក្រុម​អ្នក​ជំនាញ​ហើយ​ពួក​គេ​ និង​បាន​ត្រឡប់​មក​វិញ​នូវ​ការ​គាំទ្រ​ផ្នែក​ថវិកា​នេះ​ មាន​ន័យ​ថា ​ក្រុម​យោធា​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ទូទៅ​នោះ​ទេ។​ ប៉ុន្តែ​ពួក​គេ​បាន​បម្រើ​ផល​ប្រយោជន៍​ក្រុម​ពាណិជ្ជករ​ ហើយ​នៅ​ទី​បំផុត​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រព័ន្ធ​ច្បាប់ ​អភិបាល​កិច្ច​ និង​គោលនយោ​បាយ​នៅ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​អន្ត​រាយ"។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​អ្នក​គាំទ្រ​ ដែល​នាំ​ឲ្យ​មាន​គំនិត​ផ្តួច​ផ្តើម​នេះ​ បាន​និយាយ​ថា​ ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​ កំពុង​តែ​ប្រឈម​មុខ​គ្នា​ដោយ​ប្រដាប់​អាវុធ ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ។

លោក​ឧកញ៉ា​ម៉ុង​ ឫទ្ធី​ ប្រធាន​ក្រុម​ហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប​ ដែល​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​និង​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​ និង​វីរៈ​សេនា​តូច​លេខ​៨២៧ ​របស់​យោធ​ភូមិ​ភាគ​ទី​៣ ​បាន​និយាយ​ថា​ យើង​ជា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​ត្រូវ​តែ​ជួយ​កង​ទ័ព ​បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​នឹង​ជួប​ការ​លំបាក។

"​មាន​អ្នក​ណា​បង្ខំ​យើង។ ​មាន​អី​ឲ្យ​ហ្នឹង​ទៅ។​ ដូច​នៅ​លើ​ភ្នំ​កោះកុង​ ដែល​គ្នា​នៅ​លើ​ភ្នំ​ហ្នឹង​ អត់​មាន​ ជម្រក​អត់​មាន​អី។​ ខ្ញុំ​ទៅ​ទិញ​សង្កសី​ ហើយ​ដាក់​សូឡា​ឲ្យ​គ្នាបាន​ភ្លឺ​អញ្ចឹង​ទៅ"។

ចំណែក​លោក​ឧកញ៉ា​ឡាវ ​ម៉េង​ឃីន​ និង​លោក​ឧកញ៉ា​ ​គង់​ទ្រីវ ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចង​ សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​នឹង​កង​ពល​តូច​លេខ​៦ ​បាន​និយាយ​ដូចៗ​គ្នា​ថា ​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ បញ្ហា​ព្រំដែន​ យើង​ត្រូវ​តែ​ជួយ​កង​ទ័ព។ ​នេះ​គឺ​ជា​កាតព្វ​កិច្ច​ស្នេហា​ជាតិ។

"ប្រជា​ជន​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ គឺ​គេ​ស្នេហា​ជាតិ។​ ប្រទេស​ខ្មែរ​នៅ​ព្រំដែន​មាន​បញ្ហា​ច្បាំង​គ្នា​ ប្រជា​ជន​ គេ​ត្រូវ​ជូន​រង្វាន់​ជូន​អី​ទៅ​ឲ្យ។​ អានេះ​ជា​ធម្មតា​ទេ"។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​ ជា​សាធារណៈ​ ដែល​បាន​ឧបត្ថម្ភ​ដល់​កង​ទ័ព​នៅ​តាម​តំបន់​ព្រំដែន​ ចាប់​ពី​យោធ​ភូមិ​ភាគ​ទី១​រហូត​ដល់​យោធ​ភូមិ​ភាគ​ទី៥​ និង​យោធ​ភូមិ​ភាគ​ពិសេស​ បាន​បង្ក​ឲ្យ​មាន​ បញ្ហា​ខ្លះ​ដល់​ប្រជា​ពល​រដ្ឋ ​ដូច​ជា​វីរៈ​សេនា​តូច​លេខ​៣១៣​ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​ដី​របស់​ក្រុម​ហ៊ុន​ កំពង់​ស្ពឺ​SUGAR។

មន្រ្តី​យោធា​របស់​វរៈ​សេនា​តូច​លេខ​៣១៣​ មួយ​រូប​ ដែល​និយាយ​ក្នុង​លក្ខ​ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយទេ។

"បាទ​ អត់​បាន​ទេ​ ព្រោះ​បើ​ចង់​ឲ្យ​មាន​បទ​សម្ភាសន៍​ជា​មួយ​ទាល់​តែ​មាន​បទ​បញ្ជា​ពី​មេ​បញ្ជា​ការ​ភូមិ​ភាគ"។

លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ ​សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា​ លោក​ពុំ​ ទាន់​ទទួល​សេចក្តី​រាយ​ការណ៍​ណា​មួយ​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​នឹង​ធ្វើ​ការ​ ស្រាវ​ជ្រាវ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

"ចាំ​មើល​ខ្ញុំ​ពិនិត្យ​ឲ្យ​ប្អូន​ណាស់​ ព្រោះ​ឥឡូវ​ខ្ញុំ​អត់​ទាន់​បាន​ដំណឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ព្រោះ​ពិនិត្យ​ទៅ​តាម​កង​ពល ​ឬ​អង្គ​ភាព​ខាង​ក្រោម​មើល​ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ទេ។​ និយាយ​រួម​អត់​ទាន់​បាន​ទទួល​ដំណឹង​ របាយ​ការណ៍​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ប្អូន"។

ក្រុម​ហ៊ុន​កំពង់​ស្ពឺ​SUGAR ​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ​នេះ ​បាន​ដាក់​កម្លាំង​យោធា​ដើម្បី​ការពារ​ ដី​របស់​ក្រុម​ហ៊ុន​នេះ​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO ​សមាគម​សិទ្ធិ​មនុស្ស​ADHOC ​និង​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​បាន​និយាយ​ដូចៗ​គ្នា​ថា​ ការ​ដាក់​កម្លាំង​យោធា​នេះ​ គឺ​ជា​ការ​រំលោភ​ទៅ​លើ​សន្តិ​សុខ​ជាតិ។

លោក​សុខ​ សំអឿន​ នាយក​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ បាន​និយាយ​ថា​ តាម​ផ្លូវ​ច្បាប់​យោធា​ គ្មាន​សិទ្ធិ​អំណាច​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ឯក​ជន​ទេ។

"គិត​ជា​ផ្លូវ​ច្បាប់​ គាត់​អត់​មាន​សិទ្ធិ​អំណាច​អី​ទេ។​ ហើយ​ក្នុង​ចំណុច​ហ្នឹង​ ខ្ញុំ​គិត​ថា​ ខាង​កង​ទ័ព​ គាត់​គួរ​ តែ​មាន​គោល​ជំហរ​របស់​ខ្លួន​ច្បាស់​លាស់​ដែរ​ គឺ​ថា​ រឿង​កង​ទ័ព កង​ទ័ព។​ រឿង​ឯក​ជន​ឯក​ជន​ មិន​អាច​យក​កង​ទ័ព​ទៅ​បម្រើ​ឯក​ជន​បាន​ទេ"។

ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា​លី ​យ៉ុង​ផាត់​ វិញ​ បាន​និយាយ​ថា ​ការ​ដាក់​ពង្រាយ​ កម្លាំង​យោធា​ការ​ពារ​ក្រុម​ហ៊ុន​របស់​លោក​នេះ​ គឺ​ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​តែ​ប៉ុណ្ណោះ​ មិន​ដាក់​ ដើម្បី​បង្រ្កាប​ប្រជា​ពល​រដ្ឋ​នោះ​ទេ។

"តំបន់​យើង ​កន្លែង​ហ្នឹង។​ វា​កន្លង​មក​ប្រជា​ជន​មក​លេង​ មក​ដុត​ផ្ទះ​ ដុត​សម្បែង​របស់​ក្រុម​ហ៊ុន​ណា៎។​ យើង​សុំ​កម្លាំង​ខ្លះ​មក​ជួយ​ការ​ពារ​តំបន់​យើង​ប៉ុណ្ណឹង​ទេ។​ តំបន់​ការ​ពារ​គ្រឿង​ចក្រ​ក៏​ដោយ ​កន្លែង​ក្រុម​ហ៊ុន​ក៏ដោយ​អញ្ចឹង​ណា៎។ កុំ​ឲ្យ​វរៗ​ប្រជា​ជន​ វា​គិត​អី​ខុស​ មក​អី​ទៅ។​ វា​មក​លេង​ដុត​ទៀត។ ​ កុំ​ឲ្យ​មាន​ការ​កើត​ឡើង​ទៀត"។

លោក​អំ សំអាត ​មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​LICADHO ​បាន​មាន​ប្រសាសន៍​ថា ការ​យក​កម្លាំង​មក​ប្រើ​ប្រាស់​ ដើម្បី​ផល​ប្រយោជន៍​ឯក​ជន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​កង​ទ័ព​កម្ពុជា​ពុំ​ឯក​រាជ្យ​ទៅ​តាម​ប្រទេស​ដែល​ប្រកាន់​នីតិ​រដ្ឋ​នោះ​ទេ៕

ពី​ទី​ក្រុង​ភ្នំពេញ ​ ខ្ញុំ​ ហេង​ រស្មី ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG