ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ដក​តំណែង​រដ្ឋលេខាធិការ​ម្នាក់​ដោយ​ចោទ​ថា«ខ្វះ​គុណធម៌»


ការ​ប្រកាស​ដក​តំណែង​លោក ឌុច សុវណ្ណារី ធ្វើ​ឡើង​តាម​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ ឆ្នាំ​២០២១ នេះ ដោយ​មាន​ភ្ជាប់​ខ្លឹមសារ​សំណេរ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​រដ្ឋ​លេខាធិការ​រូប​នោះ​ផង។ (ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)
ការ​ប្រកាស​ដក​តំណែង​លោក ឌុច សុវណ្ណារី ធ្វើ​ឡើង​តាម​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ ឆ្នាំ​២០២១ នេះ ដោយ​មាន​ភ្ជាប់​ខ្លឹមសារ​សំណេរ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​រដ្ឋ​លេខាធិការ​រូប​នោះ​ផង។ (ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ដក​តំណែង​រដ្ឋលេខាធិការ​ម្នាក់​នៃក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភានិង​អធិការកិច្ច​ដោយ​លើក​ហេតុផល​ថា​មន្ត្រី​រូប​នោះ «មិន​សក្តិសម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌»។

ការ​ប្រកាស​ដក​តំណែង​លោក ឌុច សុវណ្ណារី រដ្ឋ​លេខាធិការ​នៃ​ក្រសួង​នេះ ធ្វើ​ឡើង​តាម​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​នេះ ដោយ​មាន​ភ្ជាប់​ខ្លឹមសារ​សំណេរនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​រដ្ឋ​លេខាធិការ​រូប​នោះ​ផង។

​តាម​ខ្លឹម​សារ​សំណេរ​របស់​លោក ឌុច សុវណ្ណារី ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​តែ​ក្រោយ​មក​បាន​ដក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋលេខាធិការ​រូប​នេះ​ បាន​សរសេរ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​មនុស្ស​ម្នាក់​ដែល​តែង​តែ​អគតិ​ចំពោះ​កូនចៅ​ក៏​ដូច​ជា​រូប​ខ្ញុំ​ បាន​លា​ចាក​លោក​ទៅ​ហើយ។ ដោយសារ​កូវីដ ខ្ញុំ​មិន​បាន​ចូល​រួម​ជូន​ដំណើរ​ទេ ហើយ​ក៏​សូម​អហោសកម្ម​ជូន​គាត់​ហើយ​សូម​បួងសួង​ បើ​ជាតិ​ក្រោយ​គាត់​មាន​សំណាង​បាន​កើត​ជា​មនុស្ស សូម​ឲ្យ​មាន​ចិត្ត​ទូលាយ ដឹង​ខុស ដឹង​ត្រូវ​ជាង​នេះ កុំ​ត្រចៀក​ស្រាល​ដូច​ជាតិ​នេះ​ទៀត»។

​នៅ​ក្នុង​សារ​នេះ លោក ឌុច សុវណ្ណារី មិន​បាន​បញ្ជាក់​ថា​មនុស្ស​ម្នាក់​នោះ​ជា​នរណា​ទេ​ ប៉ុន្តែ​ លោក​ ហ៊ុន​ សែន​ បាន​ហៅ​សារ​នេះ​ថា​បាន«ផ្ចាញ់ផ្ចាល» ចំពោះ​សព​លោក ហុង ថែម ទី​ប្រឹក្សា​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ​ព្រឹទ្ធសភានិង​អធិការ​កិច្ច ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ក្នុង​អាយុ​៨៦​ឆ្នាំ។ នេះ​បើ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក។

លោក ហ៊ុន សែន​ ចាត់​ទុក​លោក ហុង ថែម​ ​ថា​ជា​មន្ត្រី​មួយ​រូប​«ដែល​បាន​រួម​ចំណែក​កសាង​ប្រទេស​តាំង​ពី​បាត​ដៃ​ទទេ​នា​ឆ្នាំ​១៩៧៩» ហើយ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក​ ហុង ថែម​ផង​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ​ព្រឹទ្ធសភានិង​អធិការ​កិច្ច ក៏​បាន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដោយ​ផ្ទាល់​ក្នុង​ពិធី​បុណ្យ​សព​លោក ហុង ថែម។

វីអូអេ មិន​ទាន់​អាច​ទាក់​ទង​លោក ឌុច សុវណ្ណារី ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយអំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ត្រឹម​យប់​ថ្ងៃ​សុក្រ​នេះ៕​

XS
SM
MD
LG