ភ្នំពេញ៖ ប៉ូលិសបានរារាំមិនឱ្យអ្នកតវ៉ាចូលទៅជិតកន្លែងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសម្តែងទុក្ខកង្វល់អំពីការបណ្តេញចេញដោយបង្ខំ ខណៈដែលមេដឹកនាំកម្ពុជា និងអង្គការសហប្រជាជាតិកំពុងពិភាក្សាពីដំណើរការសាលាក្តីខ្មែរក្រហម បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការផ្លាស់ប្តូរប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា។
នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំឲ្យលោកBan Ki-moon អគ្គលេខាធិការ អង្គការសហប្រជាជាតិដកលោក Christopher Peschau ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយអះអាងថា លោកបានលំអៀងទៅរកគណបក្សប្រឆាំង។
ក្រោយពីជំនួបនេះ លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកមិនមែនជាអ្នកធ្វើការងារសិទ្ធិមនុស្សជាមួយរដ្ឋាភិបាលទេ ប៉ុន្តែលោកធ្វើការជាអ្នកនាំពាក្យឱ្យគណបក្សប្រឆាំង។
«លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសុំឱ្យលោក Ban Ki-moon ផ្លាស់លោក Christopher ចេញ។ បើអង្គការសហប្រជាជាតិមិនផ្លាស់លោក Christopher ចេញទេ រដ្ឋាភិបាលនឹងបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា»។
លោកហោ ណាំហុងបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជម្រាបលោក Ban Ki-moon ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនកើតឡើងដោយសារការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាសេដ្ឋកិច្ចនោះទេ។ ជម្លោះព្រំដែនកម្ពុជា-ថៃបានកើតឡើងដោយសារថៃឈ្លានពានកម្ពុជា។
នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោក Ban Ki- moon កងសន្តិសុខប៉ូលិស បានរារាំងអ្នកភូមិបឹងកក់ជាង១០០នាក់ ដែលប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគាត់ មិនឱ្យតវ៉ានៅក្បែរទីស្តីការគណៈរដ្ឋមន្ត្រីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជួបពិភាក្សាការងារជាមួយលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិនោះទេ។
លោក Ban Ki-moon បានធ្វើដំណើរពីក្រុងបាងកកមកទីក្រុងភ្នំពេញកាលពីយប់ថ្ងៃអង្គារ ដើម្បីធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ និងបណ្តាប្រទេសសមាគមអាស៊ាននៅទីក្រុងហាណូយ។
ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់បានលើកបដាចំនួន៥ផ្ទាំងដោយអំពាវនាវឱ្យលោក Ban Ki-moon ជួយធ្វើអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងគោរពសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
ភ្លាមៗនោះ កងសន្តិសុខប៉ូលិសបានរឹបអូសយកបដាទាំងនោះដោយកម្លាំងបាយ ដែលមានការប្រទាញប្រទង់គ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ារយៈពេលប្រមាណ១៥នាទី ប៉ុន្តែគ្មានភាគីណាមួយបានទទួលរងរបួស និងគ្មានអ្នកតវ៉ាណាម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍នេះទេ។
ក្រុមអ្នកតវ៉ាបានស្រែកជេរប្រមាថដល់កងសន្តិសុខ បន្ទាប់ពីបដាទាំងអស់របស់ពួកគាត់ត្រូវបានរឹបអូសដោយកងសន្តិសុខ។
កាលពីថ្ងៃច័ន្ទ អ្នកភូមិបឹងកក់បានដាក់ញត្តិទៅអង្គការ UNDP សុំជួបជាមួយលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបណ្តេញពួកគេចេញពីផ្ទះសម្បែងដែល បានរស់នៅតាំងពីទសវត្សរ៍ឆ្នាំ១៩៨០។
រដ្ឋាភិបាលកម្ពុជាបានជួលតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុនស៊ូកាកូអ៊ីនរបស់លោកឡៅ ម៉េងឃីម សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍទីក្រុងទំនើបដោយការបូមខ្សាច់ចាក់បំពេញបឹង។ ប្រជាពលរដ្ឋជាង៣០០០គ្រួសារត្រូវបានបណ្តេញចេញ។
អ្នកស្រី បេ ផារ៉ុម រស់នៅភូមិ២២ នៃសហគមន៍បឹងកក់ បានបញ្ជាក់ថា រដ្ឋាភិបាលមិនបានគោរពសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបឹងកក់ទេ នៅពេលដែលប្រជាពលរដ្ឋបឹងកក់ កំពុងតែប្រឈមនឹងការបណ្តេញចេញ។
«គោលបំណងរបស់ពួកខ្ញុំចង់ជួបលោក Ban Ki-moon នេះ គឺចង់សម្តែងនូវទុក្ខលំបាករបស់ពួកខ្ញុំទាំងអស់គ្នា ដែលរស់នៅក្នុងសហគមន៍បឹងកក់នេះ ដែលរដ្ឋាភិបាលបានអភិវឌ្ឍឱ្យប្រជាពលរដ្ឋទាំងអស់គ្នាលំបាកវេទនា ដោយសារការបូមទឹកពន្លិចផ្ទះរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យលោក Ban Ki-moon ជួយដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរសព្វថ្ងៃនេះ ឱ្យជួយដោះស្រាយសិទ្ធិលំនៅដ្ឋាន និងផ្ទះសម្បែងរបស់ពួកយើងទាំងអស់គ្នា។ ខ្ញុំចង់ជួបលោក Ban Ki-moon ដើម្បីឱ្យលោកដាក់សម្ពាធទៅលើរដ្ឋាភិបាល ហើយការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
អ្នកស្រី ម៉ីយ សុខា នៅភូមិ២៣ នៃសហគមន៍បឹងកក់បានថ្លែងថា អ្នកស្រីចង់ជួបលោក Ban Ki-moon សុំឲ្យជួយដោះស្រាយបញ្ហាទុក្ខកង្វល់របស់អ្នកស្រី និងជួយរកយុត្តិធម៌ឱ្យអ្នកស្រី ពីព្រោះរដ្ឋាភិបាល បានបណ្តេញប្រជាពលរដ្ឋចេញដោយគ្មានហេតុផល។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា អាជ្ញាធរគួរតែអនុញ្ញាតឱ្យមានការតវ៉ាដោយសន្តិវិធី ដើម្បីបញ្ចេញទុក្ខកង្វល់អំពីសិទ្ធិលំនៅដ្ឋានរបស់ពួកគាត់ ដែលនឹងត្រូវបណ្តេញចេញដោយបង្ខំ។
លោក ណើប លី ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍នៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំមានគោលបំណងយកញត្តិជូនលោក Ban Ki-moon ដោយផ្ទាល់ដៃ ប៉ុន្តែវាមិនបានសម្រេចទេ ដោយសារអាជ្ញាធរបានរារាំង។
«ខ្ញុំគិតថា នេះជាការរារាំងសិទ្ធិសេរីភាពក្នុងការសម្តែងមតិយោបល់របស់ប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញ»។
Aimee Brown អ្នកនាំពាក្យសម្រាប់ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បាននិយាយថា លោក Ban Ki-moon បានដឹងអំពីសំណើទាំងនេះ។ លោក Ban Ki-moon ប្រាកដជាដឹងថា មានអ្នកតវ៉ា ហើយលោកយកចិត្តទុកដាក់លើញត្តិទាំងនេះដែលលោកទទួលបាន៕