ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​សុំទោស​ដែល​ជំនួប​រវាង​លោក​និង​អ្នកកាសែត​មាន​ការកំណត់


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

​មុន​ជំនួប​​នេះ​ប៉ុន្មាន​ថ្ងៃ​ ​លោក​អ៊ុក គឹមសេង ​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​​បាន​ប្រាប់​ VOA ​ថា​ ក្រសួង​នឹង​អញ្ជើញ​​អ្នក​សារ​ព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​ទាំង​អស់​ ទាំង​ស្ថាប័ន​ព័ត៌មាន​គាំទ្រ​ និង​ស្ថាប័ន​ព័ត៌មាន​​រិះគន់​រដ្ឋាភិបាល​ រួម​ទាំង​មាន​ការ​​​សួរ​សំណួរ​ផ្ទាល់​ជាមួយ​លោក​ហ៊ុន សែន​ផង​ដែរ។ ​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនបាន​សុំទោស​អ្នកសារ​ព័ត៌មាន ​ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ជំនួប​លើក​ទី១​រវាង​លោក​និង​អ្នកសារ​ព័ត៌មានជាង​១​ពាន់​នាក់។ ​អ្នកសារ​ព័ត៌មាន​ដែល​មិន​បានអញ្ជើញ​ឲ្យ​ចូល​រួម ​ភាគ​ច្រើន​ជា​អ្នក​សារ​ព័ត៌មាន​ធ្វើការ​ក្នុង​ស្ថាប័ន​ដែលឯករាជ្យ ហើយ​ហ៊ាន​ផ្សព្វផ្សាយ​ពី​ភាព​អវិជ្ជ​មានក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

លោក​ហ៊ុន សែន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួបជុំ​លើក​ទី១​រវាង​លោក​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ នៅ​ល្ងាច​ថ្ងៃទី​១៤ ​ខែ​មករា ​ហើយ​លោក​បាន​ប្រកាស​ថា​ លោក​សម្រេច​យក​ថ្ងៃ​ទី១៤​ ខែ​មករា​ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ​អ្នកសារ​ព័ត៌មាន​ក្នុងស្រុក​ជា​រៀងរាល់​ឆ្នាំ។​ ជំនួប​ដែល​មាន​ការ​បរិភោគ​អាហារ​ និង​ការ​រាំរែក​រវាង​លោក​ហ៊ុន សែន​ជាមួយ​អ្នក​សារ​ព័ត៌មាន​នេះ ​ប្រព្រឹត្ត​ទៅ​ខុស​ពី​ការ​លើក​ឡើង​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន។​

​មុន​ជំនួបនេះ​ប៉ុន្មាន​ថ្ងៃ​ ​លោក​អ៊ុក គឹមសេង ​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មានបាន​ប្រាប់​ VOA ​ថា​ ក្រសួង​នឹង​អញ្ជើញអ្នក​សារ​ព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​ទាំង​អស់​ ទាំង​ស្ថាប័ន​ព័ត៌មាន​គាំទ្រ​ និង​ស្ថាប័ន​ព័ត៌មានរិះគន់​រដ្ឋាភិបាល​ រួម​ទាំង​មាន​ការ​សួរ​សំណួរ​ផ្ទាល់​ជាមួយ​លោក​ហ៊ុន សែន​ផង​ដែរ។ ​ប៉ុន្តែ​ក្នុង​ជំនួប​កាល​ពី​ល្ងាច​ថ្ងៃទី​១៤​នេះ​ ​វិទ្យុសំឡេង​សហ​រដ្ឋ​អាមេរិក​ (VOA) ​ ​វិទ្យុ​អាស៊ី​សេរី ​(RFA)​ និង​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​(VOD) ​ជាដើម ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាប័ន​ដែល​ឯករាជ្យ​ ហើយ​ហ៊ាន​រិះ​គន់​ការ​ដឹកនាំ​ និង​ភាព​អវិជ្ជមានរបស់​រដ្ឋាភិបាល​ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យចូលរួម។ ​ហើយ​ក្នុង​កម្ម​វិធី​នេះក៏​មិន​មាន​ការ​សួរ​សំណួរ​ផ្ទាល់​រវាង​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូលរួម​ជាមួ​យ​លោក​ហ៊ុន សែន ​ដូច​ការ​លើក​ឡើង​នោះ​ដែរ។​

ថ្លែង​ចំពោះ​មុខ​មន្រ្តី​រដ្ឋាភិបាល ​និង​អ្នក​សារ​ព័ត៌មាន​ជាង​១ពាន់​នាក់​ ដែល​ភាគ​ច្រើន​ជា​អ្នក​សារ​ព័ត៌មាន​មក​ពី​ស្ថាប័ន​ដែលកម្រ​សរសេរ​រិះ​គន់រដ្ឋាភិបាល​ លោក​ហ៊ុន សែន​លើក​ឡើង​ថា​ មាន​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​បង្ហាញ​ពី​ការ​ខកចិត្ត​ដែល​មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម។ ​លោក​បន្ថែម​ថា ​លោក​សុំ​ទោស​ដែល​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម ​ដោយសារ​លោក​ជាប់​រវល់​លេង​វាយ​កូន​គោល ​មិន​បាន​ត្រួត​ពិនិត្យ​ការ​អញ្ជើញ​របស់​ក្រសួង​ព័ត៌មាន។

បន្តិច​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​លោក​ហ៊ុន សែន​បាន​បង្ហោះ​សារ​បន្ថែម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​សូម​អភ័យ​ទោស​ជំនួស​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​មិន​បាន​អញ្ជើញអ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ។​

លោក​បន្ថែម​ក្នុង​សម្រង់សំណេរ​ដើម​ថា៖​«ឆ្នាំ​ក្រោយ​គឺ​យើង​អាច​អញ្ជើញ​បង​ប្អូន​អ្នក​សារ​ព័ត៌មាន​ពី​៣​ទៅ៤​ពាន់​នាក់ ​ក្នុង​នោះ​គឺ​យើង​នឹង​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ពេញ​ទី​នៅ​ទីនេះ។ ​យើង​រស់​នៅ​ក្នុង​ប្រទេស​តែ​មួយ​ ​ទោះបី​យើង​មាន​ទស្សនៈ​ខុស​គ្នា ​ដូចជា​អ្នក​ខ្លះ​គាំទ្រ​រដ្ឋាភិបាល ​អ្នក​ខ្លះ​គាំទ្រ​គណបក្ស​ប្រឆំាង ​គឺ​យើង​អាច​ជួប​គា្ន​បាន»។​

លោក​ហ៊ុន សែន​បាន​ណែនាំ​អ្នក​សារ​ព័ត៌មាន​ឲ្យ​ផ្សព្វ​ផ្សាយ​តែ​ព័ត៌មាន​ពិត ដោយ​កុំ​ខ្លាច​មាន​គេ​ប្តឹង​ ហើយ​ថា ​កុំ​ទទួល​យក​ផល​ប្រយោជន៍​ជា​ថ្នូរ​នឹង​ការ​លាក់​បាំង​ព័ត៌មាន​ណា​មួយ។​

លោក​បញ្ជាក់​ថា៖​ «មាន​អ្នក​មាន​ប្រាក់​កាស មាន​អំណាច​ខ្លះ​ធ្វើ​ខុស ​ហើយ​សារ​ព័ត៌មាន​ខ្លះ​គេ​ចាប់​បាន​ អីចឹងដើម្បី​ទិញ​យក​អា​សារព័ត៌មាន​ហ្នឹង​កុំ​ឲ្យ​ផ្សាយ ​ឬ​ផ្សាយ​បំភ្លៃ​ ដោះ​ដូរ​ជាមួយ​លុយ​កាក់​ ​ សារព័ត៌មាន​បែប​នេះ​មិន​អាច​បម្រើសង្គម​បាន​ទេ ​មាន​តែ​ជំរុញសង្គម​ឲ្យប្រព្រឹត្ត​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ»។​

លោកអ៊ុក គឹមសេង ​អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ​បាន​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ទី​១៥​ ខែ​មករា​នេះ​ថា ​មូលហេតុ​ដែល​ក្រសួង​មិន​បាន​អញ្ជើញ​ស្ថាប័ន​ដែល​តែង​សរសេរ​រិះគន់​រដ្ឋាភិបាល​ទាំង​នោះ​ គឺ​ដោយសារ​តែ​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​មាន​ចំនួន​ច្រើន​ពេក។​

លោក​បញ្ជាក់​ថា៖​

«ក្រសួង​ព័ត៌មាន​គ្រោង​អញ្ជើញ​អ្នក​កាសែត​ក្នុងស្រុក​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់​ ហើយ​ថែម​ពី​ហ្នឹង​យើង​មាន​អ្នកនាំ​ពាក្យ​មក​ពី​គ្រប់​ខេត្ត​រាជធានី​ មាន​អ្នកនាំ​ពាក្យ​របស់​ស្ថាប័ន​ថ្នាក់​ជាតិ​ ក្រសួង​មន្ទីរ​ ក្រសួង​ថ្នាក់​ជាតិ ​អីចឹង​ទៅ​ចំនួន​កាន់តែ​ច្រើន​ទី១។​ ទី២​មាន​សារ​ព័ត៌មាន​ខ្លះ​ក៏​ត្រូវ​បាន​អញ្ជើញ​ សារ​ព័ត៌មាន​ខ្លះ​ក៏​អត់​បាន​អញ្ជើញ​ អីចឹង​ហើយ​ល្ងាច​មិញ​សម្តេច​នាយក​គាត់​បានថា ​ឲ្យ​រៀបចំឲ្យ​ធំ​ជាង​នេះ​ទៀត​ដើម្បី​ផ្តល់​ទីតាំង ​ទី​កន្លែង​ឲ្យ​មាន​ការចូល​រួម​បាន​ច្រើន​ជាង​មុន។ ​មូល​ហេតុ​ប៉ុណ្ណឹង»។​

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​យល់​ថា ​ការ​មិន​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ដែល​ហ៊ាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋា​ភិបាល​ចួលរួមក្នុង​ជំនួប​នេះ​ បង្ហាញ​ពី​ការ​មិន​ទទួល​យក​ការ​កែ​លម្អ​ដើម្បីឲ្យ​មាន​ការ​អភិវឌ្ឍ។​

លោកមាស នី ​អ្នក​ស្រាវជ្រាវការ​អភិ​វឌ្ឍសង្គម លើ​ក​ឡើង​ថា ​ជា​ទម្លាប់ រដ្ឋាភិបាល​មិន​ចូលចិត្ត​ទទួល​យក​ការ​រិះ​គន់​ពី​អ្នក​ដទៃ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ដែល​តែង​សរសេរពី​ភាព​អវិជ្ជមាន​ក្នុង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល ​មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម។​ លោក​បន្ថែម​ថា ​ទម្លាប់​នេះ​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​អភិវឌ្ឍ​ឈាន​ទៅ​មុខ​បាន​ល្អ​ប្រសើរ​ដូច​បណ្តា​ប្រទេស​ដទៃ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដោយ​សារ​រដ្ឋាភិបាល​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ការរិះ​គន់​ហ្នឹង​ហើយ ​ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​នៅ​តែ​ជា​ប្រទេស​មួយដែល​ក្រ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន។ ​យើងឃើញ​ហើយ​ថា​ ​របាយ​ការណ៍ថ្មីៗ​នេះ ​ប្រាក់​ចំណូល​របស់​ខ្មែរ​យើង​ហ្នឹង​គឺ​ទាប​ជាង​គេបំផុត​នៅ​ក្នុង​ប្រទេស​ទាំង​១០​ សូម្បី​តែ​ឡាវ​ក៏​យើង​ទាប​ជាង​គេ​ដែរ។ ​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ការ​ដឹកនាំ ​ឬក៏​សម្រាប់​សមត្ថភាពអ្នក​ដឹក​នាំ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ហ្នឹង ​ហើយ​បើសិនជា​យើង​នៅ​តែ​បន្ត​ដឹក​នាំតាមបែប​នេះ​ ហើយ​យើង​ខ្លាច​ការ​រិះគន់ ​ខ្ញុំ​គិត​ថា​ ​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍស្រុក​យើង​អត់​ដើរ​ទៅ​ណា​រួច​ទេ»។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៥​ ​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៤ ​កម្ពុជា​មាន​ស្ថាប័ន​វិទ្យុ​ចំនួន​១៧៥​ ទូរទស្សន៍​ចំនួន​២៤ ​និង​កាសែត​ជាតិ​ចំនួន​៤៥៦​នៅ​ទូទាំង​ប្រទេស។​ ទោះ​ជា​យ៉ាង​ណា​ គេ​មើល​ឃើញ​ថា ​ស្ថាប័ន​ព័ត៌មាន​ដែល​កំពុង​ដំណើរ​ការ​មិន​មាន​ចំនួន​ច្រើន​ដូច​ក្នុង​របាយ​ការណ៍​នោះ​ទេ។​

គម្រោង​«ឃ្លាំ​មើល​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ» ​របស់​អង្គការ​អ្នក​រាយ​ការណ៍​គ្មាន​ព្រំដែន​ (Reporters Without Borders)​ ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី២ ​ខែ​ធ្នូ ឆ្នាំ​២០១៥​ រក​ឃើញ​ថា ​ក្នុង​ចំណោម​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​២៧​នៅ​កម្ពុជា ​រួម​មាន​ទូរទស្សន៍ ​វិទ្យុ ​សារព័ត៌មាន​បោះពុម្ព និង​សារព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ មាន​ចំនួន​៩​ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ​ឬ​ជា​អ្នក​មាន​ឥទ្ធិពល ​ដែល​ជា​អ្នក​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច ​ហើយ​ពួកគេ​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស៕

XS
SM
MD
LG