អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃច័ន្ទនេះ បានទាមទារឲ្យសហចៅក្រមស៊ើបអង្កេតលោក យូ ប៊ុនឡេង និងលោក ស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) របស់សាលាក្ដីខ្មែរក្រហមឲ្យលាលែងពីការងាររបស់ខ្លួនដោយចោទប្រកាន់ថា ចៅក្រមទាំងពីររូបបានរំលោភលើភារកិច្ចផ្លូវច្បាប់ និងយុត្តាធិការក្នុងការបំពេញការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង ០០៤ ដ៏ចម្រូងចម្រាស់។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះចាត់ទុកថា សហចៅក្រមស៊ើបអង្កេតកម្ពុជា និងសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ បរាជ័យក្នុងការដឹកនាំការស៊ើបអង្កេតក្នុងសំណុំរឿងទាំងពីរនេះ «ប្រកបដោយភាពត្រឹមត្រូវ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព»។
លោក ប្រាដ អាដាមស៍ (Brad Adams) នាយកអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «សហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ មិនមានការកត់សម្គាល់ជាលាយលក្ខណ៍អក្សរនូវជនសង្ស័យដោយមិនមានការសម្ភាសសក្សីគន្លឹះ ឬស៊ើបអង្កេតនៅកន្លែងឧក្រិដ្ឋកម្មឡើយ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានលើកពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលចូលក្នុងសាលាក្ដីខ្មែរក្រហមផងដែរ។ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ក៏បានជំទាស់ការស៊ើបអង្កេតនិងចោទប្រកាន់ជនជាប់សង្ស័យក្នុងសំណុំរឿង ០០៣ និង ០០៤ នេះជាច្រើនលើកច្រើនសារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សសង្ស័យថា សំណុំរឿងទាំងពីរនេះនឹងត្រូវបោះបង់ចោលដោយពុំមានការស៊ើបអង្កេតម៉ត់ចត់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាបានឲ្យដឹងថា មិនទាន់មានប្រតិកម្មផ្លូវការណាមួយពីសហចៅក្រមស៊ើបអង្កេតតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះទេ។ ក៏ប៉ុន្ដែលោកបញ្ជាក់ថា សហចៅក្រមទាំងពីរកំពុងបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ។
«សូមបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតនៅតែបន្ដអនុវត្តភារកិច្ចរបស់ខ្លួនដោយឯករាជ្យ ហើយដំណើរការនិតិវិធីក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានយន្ដការក្នុងការធ្វើតុល្យភាពការងារដោយរាល់ការសម្រេចចិត្តណាមួយរបស់សហចៅក្រមស៊ើបអង្កេតគឺគេអាចប្ដឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះបានប្រសិនបើភាគីពាក់ព័ន្ធមិនពេញចិត្ត»។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ ក៏បានលើកឡើងដូចគ្នានេះដែរ។
សំណុំរឿង០០៣ និង០០៤ បានស្ថិតជាប្រធានបទនៃភាពចម្រូងចម្រាស់រវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្ដីខ្មែរក្រហម។ ទាំងសហព្រះរាជអាជ្ញា ទាំងសហចៅក្រមស៊ើបអង្កេតកម្ពុជាមិនគាំទ្រឲ្យមានការបន្ដនិតិវិធីសម្រាប់សំណុំរឿងទាំងនេះទេ។ គេដឹងក្រៅផ្លូវការថា ស៊ូ ម៉េត និង មាស មុត ជាជនសង្ស័យក្នុងសំណុំរឿង០០៣ និងក្នុងសំណុំរឿង០០៤ មាន អ៊ឹម ចែម តា អាន និង តាទិត។
ប៉ុន្ដែក្រោយពីបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ កាលពីខែមេសា សហចៅក្រមស៊ើបអង្កេតមិនបានបង្ហាញអត្តសញ្ញាណណាមួយរបស់ជនសង្ស័យដល់សាធារណៈជននោះទេ។
លោក ឡាស អលសិន បញ្ជាក់ថា សំណុំរឿងទី៣ កំពុងស្ថិតក្នុងបណ្ដឹងឧទ្ធរណ៍នៅឡើយ ហើយសំណុំរឿង ០០៤ កំពុងបន្ដទៅមុខ។
«អង្គបុរេជំនុំជម្រះ ឬក្រុមចៅក្រមនឹងត្រូវសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាអន្ដរជាតិដើម្បីឲ្យមានការធ្វើការស៊ើបអង្កេតបន្ថែមក្នុងសំណុំរឿង ០០៣។ រីឯការស៊ើបអង្កេតក្នុងសំណុំរឿង ០០៤ កំពុងតែបន្ដ»។
ដោយឡែកលោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្រុមចៅក្រមកំពុងធ្វើការវិភាគលើសំណុំរឿង ០០៣៕