ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធានការ​ដឹក​សព​ក្នុង​ឧបទ្ទវហេតុ​កោះពេជ្រ​ចេញ​ពី​មន្ទីរ​ពេទ្យ


លោក​សង្ឃ​សូត្រមន្ត​នៅ​​កន្លែង​​ដែល​​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​​គ្នា​។
លោក​សង្ឃ​សូត្រមន្ត​នៅ​​កន្លែង​​ដែល​​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​​គ្នា​។

ឧបទ្ទវហេតុ​នៅ​កោះពេជ្រ​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ជា​ច្រើន​រយ​នាក់​ ដែល​សាក​សពទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​លំនៅដ្ឋាន​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី តែ​អ្នក​រងរបួស​ស្នាក់​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​ដើម្បី​ទទួល​ការ​ព្យាបាល។

លោក ​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក​ញឹម វណ្ណដា ​អនុប្រធាន​ទីមួយ​នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​បង្ហាញថា អ្នក​ស្លាប់ពី​ឧបទ្ទហេតុនេះ​មាន​ចំនួន ៣៥៤នាក់​ និង​របួស​ចំនួន ​៣៩៥នាក់​ តែ​ប្រភព​ផ្សេង​ទៀត​ ដូចជា​ក្រសួង​សង្គមកិច្ច​មាន​តួលេខអ្នក​ស្លាប់ និង​របួស​លើស​ពីនេះ។

លោក ម៉ម ប៊ុនហេង បាន​ប្រាប់​វីអូអេ​ផ្នៃកខេមរភាសា​ថា សាកសព​ត្រូវ​បាន​បញ្ចូន​ចេញ​ពី​មន្ទីរ​ពេទ្យ​នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទៅ​លំនៅ​ដ្ឋាន​អស់​ហើយ។

លោក ​ញឹម វណ្ណដា ក៏បាន​បញ្ជាក់ផង​ដែរ​ថា គ្រប់​មន្ទីរ​ទាំងអស់​គ្មាន​នៅសល់​សាកសព​ទៀត​ទេ ប៉ុន្តែ​មាន​នៅសល់​អ្នក​រងរបួស​ប្រមាណ ​១៥០ នាក់​ទៀត។ លោក​ញឹម វណ្ណដា ​បាន​បញ្ជាក់ថា ក្នុង​ចំណោម​សាកសព​ចំនួន​៣៥៤នាក់​ ខេត្តដែល​មាន​អ្នក​ស្លាប់​ច្រើន​រួមមាន​ ខេត្ត​ព្រៃវែង​មាន​អ្នកស្លាប់​៤៣ នាក់​ ខេត្ត​កំពង់ចាម​ ៤០នាក់ ​និង​ខេត្ត​តាកែវ​៣៥នាក់​។ លោក​វណ្ណដា ថ្លែង​ដូច្នេះ​ថា៖

«សាកសព​ទាំងអស់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ ត្រូវ​បាន​ដឹក​ដល់​លំនៅដ្ឋាន។ គ្រួសារ​សព​បាន​ទទួល​យក​សពទៅធ្វើ​ពីធី​បូជា​តាម​ប្រពៃណី​នៅ​តាមវត្ត ​ហើយ​ទទួល​យក​ប្រាក់​ឧបត្ថម្ភ​ប្រាំលានរៀល​របស់​រដ្ឋាភិបាល​ និង​សម្បុជន​ផ្សេងៗទៀត​ រួមមាន​ លោក​ពង្ស ខៀវសែ​ ម្ចាស់​មជ្ឈមណ្ឌល​កោះពេជ្រ​បាន​ឧបត្ថម្ភ ១ ០០០​ដុល្លា​អាមេរិក ​និង​ព្រះមហាក្សត្រ ​សម្តេចតា ​និង​សម្តេច​យាយ​ចំនួន​៤០០ដុល្លាអាមេរិក ​ព្រមទាំង​សប្បុរសជន​ផ្សេងៗទៀត»។

លោក​បាន​បន្តថា សមាជិក​គ្រួសារ​បាន​បូជា ឬ​កប់​សាកសព​ទាំងនេះ​នៅតាម​វត្ត​និង​ឈាបនដ្ឋាន​ផ្សេងៗតាម​ប្រពៃណី។

លោក​ស៊ុន វីរៈ ​អាយុ​២៧ឆ្នាំ ​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​ សព​ភរិយា​របស់​លោក​គឺ​អ្នកស្រី​ស៊ុំ ចាន់ធឿន ​អាយុ​២៤ឆ្នាំ ​ដែល​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះពេជ្រ​ កាលពី​យប់​ថ្ងៃច័ន្ទ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ ២០១០ ត្រូវ​បាន​បូជា​កាលពី​រសៀល​ថ្ងៃ​អង្គារ។ លោក​ស៊ុន វីរៈ ​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​២៤០០​ដុល្លារអាមេរិក​ពី​រដ្ឋាភិបាល ម្ចាស់​មជ្ឈមណ្ឌល​កំសាន្ត​កោះពេជ្រ ​សាលាក្រុង​ភ្នំពេញ​ និង​សមាគម​នារី​នៅ​ព្រឹក​ថ្ងៃពុធនេះ ​បន្ទាប់ពី​បាន​បូជា​សាកសព​ភរិយា​របស់​លោក។ ប៉ុន្តែ​លោក​មិនទាន់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​៤០០ដុល្លា​រ ពី​ព្រះមហាក្សត្រ ​សម្តេចតា​ និងសម្តេច​យាយ​នៅឡើង​ទេ។ លោក​វីវៈ ថ្លែង​ថា៖

« លោក​បាន​ទទួល​ប្រាក់​ប្រាំលាន​រៀល​ពី​រដ្ឋាភិបាល​ ១ ០០០ដុល្លា​អាមេរិក​ពី​លោក​ពង្ស ខៀវសែ​ ម្ចាស់ មជ្ឈមណ្ឌល​កោះពេជ្រ ​៥០០.០០០រៀល​ និង​អង្ករ​មួយ​ការ៉ុង​ពី​សាលាក្រុង​ភ្នំពេញ ​និង​១០.០០០រៀល​ពី សមាគម​នារី​ »។

លោក​ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បា​នជូន​ដំណឹង​ដល់​ម្ចាស់​ក្លឹបកម្សាន្ត​ទូទាំង​ប្រទេស​ មិនឱ្យ​ ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ពេញ​មួយ​ថ្ងៃ​ដែល​ជាថ្ងៃ​កាន់ទុក្ខ​ទូទាំង​ប្រទេស​សម្រាប់​ អ្នកស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ៕

XS
SM
MD
LG