ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​​សន្តិសុខ​មាតុភូមិ​បង្កើត​ក្រុមឯករាជ្យ​ដើម្បី​ពិនិត្យមើល​ការប៉ុនប៉ង​ធ្វើឃាត​ លោក Trump


រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ និងអតីត​ប្រធានាធិបតី លោក Donald Trump ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយកងអង្គរក្ស​ ខណៈ​ដែល​លោក​ត្រូវ​បាន​នាំ​ទៅ​រថយន្ត​ ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ ២០២៤ នៅទីក្រុង Butler រដ្ឋ Pennsylvania។
រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ និងអតីត​ប្រធានាធិបតី លោក Donald Trump ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយកងអង្គរក្ស​ ខណៈ​ដែល​លោក​ត្រូវ​បាន​នាំ​ទៅ​រថយន្ត​ ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ ២០២៤ នៅទីក្រុង Butler រដ្ឋ Pennsylvania។

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​រដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក ​លោក Alejandro Mayorkas ​បានបង្កើត​ក្រុមឯករាជ្យ​ដែល​មក​ពី​គណបក្ស​ទាំងពីរ​ ដើម្បី​ពិនិត្យមើល​ការប៉ុនប៉ង​ធ្វើឃាត​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​កាលពី​ដើម​ខែ​នេះ។

សមាជិក​ក្រុម​នឹង​មាន​ «បទពិសោធ​អនុវត្ត​ច្បាប់ ​និង​សន្តិសុខ​យ៉ាង​ទូលំទូលាយ​ ដើម្បី​ធ្វើការ​ពិនិត្យ​ឯករាជ្យ​រយៈពេល​៤៥​ ថ្ងៃ​អំពី​ផែនការ ​និង​សកម្មភាព​ដែល​ធ្វើឡើង​ដោយ​កងអង្គរក្ស​ថ្នាក់​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក ​និង​អាជ្ញាធរ​រដ្ឋ ​និង​មូលដ្ឋាន ​មុនពេល ​អំឡុងពេល ​និង​បន្ទាប់ពី​ការជួបជុំ​ឃោសនា​នយោបាយ និង​គោល​ការណ៍​គ្រប់គ្រង​និង​នីតិវិធី​របស់​កងអង្គរក្ស​ថ្នាក់​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក»។ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ដូច​នេះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍។

មន្ត្រី​ដំបូងៗ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​ក្រុម​នេះ​គឺ​មាន​អតីត​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ ​អ្នកស្រី​Janet Napolitano​ អ្នកស្រី​Frances Townsend អតីត​ទីប្រឹក្សា​សន្តិសុខ​មាតុភូមិ​របស់​ប្រធានាធិបតី​ George W. Bush ​លោក​Mark Filip ​អតីត​ចៅក្រម​សហព័ន្ធ ​និង​ជាអនុ​រដ្ឋ​មន្ត្រី​យុត្តិធម៌​ក្នុង​រដ្ឋបាលរបស់​លោក​ប្រធានាធិបតី ​George W. Bush​ និង​លោក David Mitchell ​អតីត​រដ្ឋ​លេខាធិការ​នៃ​មន្ទីរ​សុវត្ថិភាព​សាធារណៈ ​និង​សន្តិសុខ​មាតុភូមិ​សម្រាប់​រដ្ឋ Delaware ។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា​ អ្នកជំនាញ​បន្ថែម​អាច​ត្រូវ​បាន​ស្នើសុំឱ្យ​ចូលរួម​ក្នុង​ក្រុម​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

នាយិកា​កងអង្គរក្ស​ថ្នាក់​ដឹកនាំ​ អ្នកស្រី​ Kim Cheatle ​បាន​និយាយ​ថា ​អ្នកស្រី​ស្វាគមន៍ការពិនិត្យ​នេះ។ អ្នកស្រី​Cheatle ​បាន​ផ្តល់​សក្ខីកម្ម​កាលពី​ថ្ងៃចន្ទ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​រដ្ឋសភាដោយ​អ្នកស្រី​បាន​ថ្លែង​ថា​ការប៉ុនប៉ង​ធ្វើ​ឃាត​លោក​Trump ​គឺ​ជា​«ការបរាជ័យ​ផ្នែក​ប្រតិបត្តិការ​ដ៏​ធំ​បំផុត​»​របស់​ទីភ្នាក់ងារ​នេះ​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍៕

XS
SM
MD
LG