នៅថ្ងៃច័ន្ទនេះ សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានធ្វើការចោទប្រកាន់ អតីតមេដឹកនាំកំពូលខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនបីនាក់ថា ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា។ ការចោទប្រកាន់ដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍បើកការកាត់ទោសពេញអង្គសេចក្តីនៃសំណុំរឿង០០២ នៅចំពោះជនជាប់ចោទអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ និងនួន ជា អតីតប្រធានសភាប្រជាជនខ្មែរក្រហម។
ក្នុងការកាត់ទោសដែលគ្រោងប្រព្រឹត្តទៅនៅក្នុងរយៈពេលបួនថ្ងៃនៅសប្តាហ៍នេះ លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានថ្លែងរៀបរាប់អំពីការជម្លៀសប្រជាជនកម្ពុជា ចេញពីកន្លែងដែលពួកគេរស់នៅដោយបង្ខំ។ ពួកខ្មែរក្រហមបានធ្វើទុកបុកម្នេញជនជាតិចាម និងជនជាតិវៀតណាមក្នុងបំណងបំបាត់ពូជសាសន៍ពួកគេ។ ការចាប់បង្ខំឲ្យរៀបការ ការដាក់ឃុំឃាំង ការកាប់សម្លាប់ និងការបង្អត់អាហារ។
លោកស្រី ជា លាង បានលើកពីបទចោទប្រកាន់ថា ពួកអតីតមេដឹកនាំខ្មែរក្រហមទាំងនេះ ត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ហើយមានភ័ស្តុតាងបញ្ជាក់ថា ពួកគេជាអ្នកទទួលខុសត្រូវចំពោះបទចោទទាំងនេះ។
«បទឧក្រិដ្ឋមកលើប្រជាជនកម្ពុជាគឺជាផ្នែកមួយនៃការវាយប្រហារមួយទូទៅ និងជាប្រព័ន្ធមកលើប្រជាជនកម្ពុជាទាំងអស់ និងដាក់ប្រជាជនទាំងអស់ឲ្យទៅជាទាសករ នៅក្នុងសហករណ៍ និងការដ្ឋាន។ មន្ទីរសនិ្តសុខជាង២០០កន្លែងបានដំណើរការ និងមនុស្សរាប់រយនាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ទទួលរងការធ្វើទារុណកម្ម និងសម្លាប់។ ចំនួនមនុស្សដោយសារការវាយប្រហារនេះ ត្រូវបានគេប៉ាន់ប្រមាណ មានប្រហែលពីចន្លោះ១លាន៧សែន ទៅ២លាន២សែននាក់។ ដោយសារតែមូលហេតុនេះ ពួកគេត្រូវតែទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទឧក្រិដ្ឋនីមួយៗ»។
សវនាការនៅថ្ងៃនេះគឺគ្រាន់តែជាសវនាការស្តាប់សេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញារតែប៉ុណ្ណោះ។
លោក អាន់ឌ្រូខាលី (Andrew Cayley) សហព្រះរាជអាជ្ញារបរទេសបានលើកឡើងថា មេដឹកនាំខ្មែរក្រហមទាំងបីជាអ្នកគូសវាសខ្សែរសង្វាក់ឧក្រិដ្ឋកម្ម។
«ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនីស្តនួន ជា អៀង សារី និងខៀវ សំផន បង្កើតនិងប្រព្រឹត្តនយោបាយឧក្រិដ្ឋកម្មដែលដាក់ប្រជាជាតិទាំងមូលជាទាសករ បណ្តាលឲ្យប្រជាពលរដ្ឋស្លាប់អស់ជិត២លាននាក់ និងធ្វើឲ្យប្រជាជនកម្ពុជាដែលនៅសេសសល់ទទួលរងនូវលក្ខខណ្ខ នៃមនុស្សជាតិយ៉ាងអាក្រក់បំផុត»។
លោក ឡុង បញ្ញាវុធ មន្រ្តីនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជា ដែលជាផ្នែកមួយនៃអង្គការOSJI របស់សហដ្ឋអាមេរិកបាននិយាយថា សហព្រះរាជអាជ្ញារបានផ្តល់សេចក្តីថ្លែងការណ៍យ៉ាងរឹងមាំ សម្រាប់បើកការកាត់ទោស។
ដោយឡែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការកាត់ទោសនៅថ្ងៃនេះ គឺជាការចាប់ផ្តើមដ៏ល្អសម្រាប់យុត្តិធម៌ដែលជនរួមជាតិកម្ពុជាកំពុងតែរងចាំ៕