វ៉ាស៊ីនតោន៖ ឆ្នាំ២០១០បញ្ចប់ដោយតម្លៃម្ហូបអាហារបានឡើងថ្លៃនៅក្នុងផ្នែកជាច្រើនរបស់ពិភពលោក ហើយនឹងឃ្លាំងស្តុកម្ហូបអាហារមិនគ្រប់គ្រាន់។ ការណ៍នេះ បានធ្វើឲ្យពួកអ្នកជំនាញការខ្លះមានការព្រួយបារម្ភថា ការភ្ញាក់ផ្អើលមួយទៀត អាចធ្វើឲ្យតម្លៃម្ហូបអាហារវិលត្រឡប់ទៅកាន់កម្រិតដែលបានធ្វើឲ្យមានអំពើហិង្សាក្នុងឆ្នាំ២០០៨ ។
ឆ្នាំ២០០៨ កុប្បកម្មបានផ្ទុះឡើងយ៉ាងហោចណាស់ក៏ក្នុងប្រទេសជាង១០នៅពេលដែលតម្លៃម្ហូបអាហារឡើងថ្លៃគួរឲ្យកត់សម្គាល់។នៅឆ្នាំ២០១០ អាកាសធាតុល្អ បានធ្វើឲ្យមានការប្រមូលផលបានច្រើនឡើងហើយតម្លៃម្ហូបអាហារបានធ្លាក់ចុះ។
ក៏ប៉ុន្តែ នៅក្នុងខែកុម្ភៈ លោក ហ្សាក់ឌីអូវ (Jacques Diouf) ប្រធានអង្គការម្ហូបអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប្រាប់ វីអូអេថា ភាពគ្រោះថ្នាក់មិនទាន់ផុតទេ។
«យើងឃើញមានកត្តាផ្សេងៗទៀតដែលបានធ្វើឲ្យមានវិបត្តិតម្លៃ។ កត្តាទាំងអស់នេះ មិនបានផ្លាស់ប្តូរទេ»។
លោក Diouf ឌីអូវនិយាយថា ឥន្ធនៈជីវសាស្ត្រ នៅកំពុងប្រកួតប្រជែងជាមួយកសិផលសម្រាប់បរិភោគ។ ១ភាគ៣នៃគ្រាប់ពោតរបស់សហរដ្ឋអាមេរិក បានធ្វើជាអេតាណុលនៅឆ្នាំនេះ។
ថាមពលនៅតែមានតម្លៃខ្ពស់ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃម្ហូបអាហារ។ ប្រជាពលរដ្ឋក្នុងសាកលលោកបានកើនឡើង ហើយអាកាសធាតុក៏មិនអាចព្យាករណ៍បាន។
«ដូច្នេះ ប្រសិនបើយើងមានបញ្ហា ហើយខ្ញុំបន់ស្រន់កុំឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរ គឺទឹកជំនន់និងការរាំងស្ងួតក្នុងបណ្តាប្រទេសនាំចេញសំខាន់ៗ យើងចង់ឲ្យត្រឡប់ដូចដើមវិញហើយ»។
បន្ទាប់មកការរាំងស្ងួតក្នុងតំបន់សមុទ្រខ្មៅ បានធ្វើឲ្យធ្លាក់ចុះផលដំណាំស្រូវសាលីចំនួន ១ភាគ៣ក្នុងប្រទេសរុស្ស៊ី។
លោកហ្សិនហ្កិន ហ្វាន់ (Shenggen Fan) នាយកវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយម្ហូបអាហារអន្តរជាតិនិយាយថា កាលពីខែសីហា រុស្ស៊ី បានហាមឃាត់ការនាំចេញស្រូវសាឡី ហើយបានធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។
«ការរាំងស្ងួតបានធ្វើឲ្យប្រទេសរុស្ស៊ីហាមឃាត់ការនាំចេញ។ ហើយ ការហាមឃាត់របស់ប្រទេសរុស្ស៊ីបានធ្វើឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ»។
តម្លៃខុសគ្នា ទៅតាមតំបន់។ ក៏ប៉ុន្តែ អង្គការ FAO ប្រាប់ឲ្យដឹងថា តម្លៃស្រូវសាលី និងគ្រាប់ពោតសាកលលោកបានកើនឡើងជិត ៥០% កាលពីឆ្នាំទៅ ។
ពួកអ្នកជំនាញការ ព្យាករណ៍ថា តម្លៃរឹតតែខ្ពស់ទៀតនៅឆ្នាំក្រោយ ។ តម្លៃនៅតែមិនទាន់វិលត្រឡប់ទៅកាន់ទីកន្លែងកាលពី២ឆ្នាំមុនទេ មួយផ្នែកធំភាគហ៊ុនគ្រាប់ធញ្ញជាតិនៅឆ្នាំនេះថ្លៃជាងកាលពីឆ្នាំ២០០៨ ។
ក៏ប៉ុន្តែ លោកហ្វាន់ និយាយថា មិនមានការធានាសម្រាប់ឆ្នាំខាងមុខទៀតទេ។
«ខ្ញុំគិតថា យើងប្រាកដជាចាំបាច់ចាត់វិធានការជាបន្ទាន់ខ្លះ។ ប្រសិនបើយើង មិនចាត់វិធានការទេ ខ្ញុំធានាជាមួយអស់លោកថា យើង នឹងមានវិបត្តិម្ហូបអាហារមួយទៀត»។
លោក ហ្វាន់និយាយថា ក្នុងរយៈពេលយូរ ពិភពលោក នឹងត្រូវការចិញ្ចឹមមនុស្សកាន់តែច្រើនឡើងដោយសារដី ទឹកហើយនឹងធនធានមិនគ្រប់គ្រាន់ដូច្នេះ ប្រទេសនានា ចាំបាច់ជួយកសិកររបស់ខ្លួនឲ្យផលិតម្ហូបអាហារឲ្យបានកាន់តែច្រើនឡើង។
ក្នុងរយៈពេលខ្លី ទីផ្សារ កំពុងមើលអាកាសធាតុក្នុងតំបន់អាមេរិកខាងត្បូង ។ការប្រមូលផលមិនបានល្អនៅទីនោះ ក៏អាចជំរុញឲ្យម្ហូបអាហារឡើងថ្លៃដែរ។
ក៏ប៉ុន្តែ លោកហ្សន អិនដឺសុន (John Anderson) ជាអ្នកសេដ្ឋវិទូនិយាយថា ការវិលត្រឡប់ទៅកាន់តម្លៃខ្ពស់ក្នុងឆ្នាំ២០០៨ ជាការជៀសមិនរួច។
«ជាការពិត យើងខិតកាន់តែជិតទៅនឹងស្ថានភាពដែលយើងមិនចង់បាន ក៏ប៉ុន្តែដោយពេលវេលាឆាប់ពេកឲ្យយើងនិយាយថា យើងពិតជាមានការឡើងថ្លៃម្ហូបអាហារក្នុងកម្រិតខ្ពស់»។
លោក អិនដឺសុននិយាយទៀតថា កសិករ បានឆ្លើយតបទៅនឹងការឡើងឡើងថ្លៃខ្ពស់នោះដោយការដាំដុះរឹតតែច្រើនឡើង។ ហើយ ការរារាំងមហន្តរាយកាន់តែច្រើនឡើងដោយសារអាកាសធាតុ ដែលធ្វើឲ្យតម្លៃធ្លាក់ចុះជាយថាហេតុ។លោកនិយាយថា នេះមិនមែនជាលើកទី១ទេដែលកសិករបានប្រឈមមុខនឹងបញ្ហាដ៏លំបាកនេះ។
«យើងកំពុងមានប្រជាពលរដ្ឋកើនឡើងហើយនឹងធនធានមានកម្រិតក្នុងរយៈពេល១ម៉ឺនឆ្នាំចុងក្រោយនេះ។ ហើយ យើង បានរៀបចំចាត់ចែងដើម្បីដោះស្រាយតាមរយៈការឆ្នៃប្រឌិត ហើយនិងធ្វើឲ្យកាន់តែល្អប្រសើរឡើងនូវបច្ចេកវិទ្យារបស់យើង»។
ក៏ប៉ុន្តែ លោក និយាយថា យើងត្រូវការពេលវេលា មុនពេលការធ្វើឲ្យល្អប្រសើរឡើង ដែលអាចប៉ះពាល់ដល់តម្លៃទីផ្សារ។ ក្នុងខណៈនោះដែរ លោករំពឹងថាតម្លៃម្ហូបអាហារនឹងឡើងថ្លៃ យ៉ាងហោចណាស់ក៏បន្តិចបន្តួចដែរក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។
ប្រែសម្រួលដោយលោកជឹង ប៉ូជីន