ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតិផរណា​ជា​ការ​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​ឥណ្ឌា


ស្រ្តីគ្មាន​ទីលំនៅម្នាក់នេះ​ ស​ម្រាក​​នៅក្នុង​ទីជម្រក​សម្រាប់ស្រី្ត និង​កុមារ​ដែលគ្មានទីលំនៅ​ ដែលគ្រប់គ្រងដោយ​អង្គការក្រៅ​រដ្ឋាភិបាល​​ក្នុងទីក្រុងញូដេលី​។
ស្រ្តីគ្មាន​ទីលំនៅម្នាក់នេះ​ ស​ម្រាក​​នៅក្នុង​ទីជម្រក​សម្រាប់ស្រី្ត និង​កុមារ​ដែលគ្មានទីលំនៅ​ ដែលគ្រប់គ្រងដោយ​អង្គការក្រៅ​រដ្ឋាភិបាល​​ក្នុងទីក្រុងញូដេលី​។

ញូដេលី៖ នៅប្រទេស​ឥណ្ឌា​ការព្រួយ​បារម្ភ​ថា​ អតិផរណា​ដែល​គ្រប់​គ្រងលែង​បានប៉ះពាល់​ដល់​ភាព​លូត​លាស់​សេដ្ឋកិច្ច​របស់​ខ្លួន ជា​ពិសេស​កំណើន​នៃ​តម្លៃ​ស្បៀងអាហារ។

អ្នក​ស្រី ស៊េមឡេស ទេវី (Shamlesh Devi) អាយុ​៤០​ឆ្នាំ ​បាន​រៀប​ចំ​អាហារ​ថ្ងៃត្រង់​ដ៏សាមញ្ញ​មួយ ​ដោយ​មាននំបុ័ង​របស់​ឥណ្ឌា ​ដែល​ហៅថា​ «រ៉ូទីស» និងទឹក​ជ្រលក់ធ្វើ​ពីស្លឹកជីវ៉ាន់ស៊ុយ​ សម្រាប់​កូន​ទាំង​ប្រាំ​នាក់​របស់គាត់។ អ្នកស្រី​មាន​ប្រសាសន៍​ថា ការ​ដែល​ខ្ទឹម​បារាំង​ និងដំឡូងឡើង​ថ្លៃ ​ជា​បន្ទុកមួយ​យ៉ាង​ធ្ងន់​សម្រាប់គ្រួសាររបស់គាត់។ អ្នកស្រី ​ថ្លែង​ថា ​ជន​ក្រីក្រ​មិន​អាច​ទិញអាហារ​ចាំបាច់​ទាំង​អស់នេះទេ។ អ្នក​ស្រី ស៊េមឡេស រស់​នៅ​ក្នុងរដ្ឋ​ធានីរបស់​ឥណ្ឌា ក្នុងតំបន់​អនាធិបតេយ្យ ដែលប្រាក់​ចំណូលរបស់​ក្រុម​គ្រួសារ​ភាគ​ច្រើន​មាន​ចំនួន​ប្រហែល១៥០​ដុល្លារ​ ទៅ​២០០​ដុល្លារក្នុង​មួយ​ខែ។ អ្នក​ស្រី និង​អ្នក​ជិត​ខាង​គាត់​កំពុងមួ​ម៉ៅ​ដោយ​សារ​តែតម្លៃ​អាហារ​ដ៏ខ្ពស់​ ​ដែល​បានបង្ខំឲ្យ​ពួកគេ​កាត់​បន្ថយ​ចំណែក​ខ្លះ​នៃអាហារ និងប៉ះ​ពាល់​ដល់​លទ្ធភាព​របស់​ពួក​គេក្នុង​ការសន្សំ​ប្រាក់។

អតិផរណាស្បៀង​អាហារបានកើន​ឡើងជាង​១០​ភាគ​រយកាល​ពី​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែអតិផរណា​នេះ ​បាន​ល្បី​សុះ​សាយ​ក្នុង​បណ្តាញព័ត៌មាន​សំខាន់ៗ នៅ​ពេល​ដែលអតិផរណាបានកើន​ហួស​ពី​១៨​ភាគ​រយ​ កាល​ពី​ខែ​ធ្នូ បន្ទាប់​ពីតម្លៃ​អាហារជា​ទី​ចូល​ចិត្ត​របស់​ឥណ្ឌា ​ដូចជាខ្ទឹមបារាំង​ ប៉េងប៉ោះ ​និង​ខ្ទឹម​សរ​បាន​កើន​ឡើងដល់​ចំណុច​កំពូល​។ ទឹក​ប្រាក់​យ៉ាង​ច្រើន ត្រូវចំណាយ​ទៅ​លើទឹក​ដោះ​គោ​ សាច់ ​និង​សណ្តែក។

តម្លៃ​ស្បៀង​អាហារ កំពុង​កើន​ឡើង​នៅតាម​តំបន់​ភាគច្រើន​របស់ទី្វបអាស៊ី​ ប៉ុន្តែ ​ឥណ្ឌា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងអត្រា​អតិផរណា​យ៉ាង​ខ្ពស់​បំផុតនៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ធំៗ។ លោក ​ប្រាណាប មុឃើជី (Pranab Mukherjee) មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាលកំពុង​ប្រឈម​មុខទៅ​នឹង​បញ្ហា។ លោក មុឃើជី បន្តថា៖

«ខ្ញុំ​កំពុង​ព្រួយ​បារម្ភ​អំពី​អតិផរណាស្បៀង​អាហារ។ អតិផរណា​មិន​អាច​ទទួល​យក​បាន​ទេ ដែលថា ​អតិផរណាស្បៀង​អាហារ​ស្ថិត​ក្នុង​កម្រិត​មួយ​ដ៏ខ្ពស់​បែប​នេះ»។

តម្លៃស្បៀង​អាហារ​ដ៏​ខ្ពស់​បាន​ក្លាយ​ជា​បញ្ហាកំពូលនៅ​ក្នុង​ប្រទេស​មួយ ​ដែល​ជិត​ពាក់​កណ្តាល​នៃ​ប្រជាពលរដ្ឋចំនួន១,២​ពាន់​លាន​នាក់ រស់​ក្នុង​ភាព​ក្រីក្រ ​ហើយបាន​ចំណាយ​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំរបស់​ពួក​គេ​ទៅ​លើស្បៀង​អាហារ។

អតិផរណាបានក្លាយ​បញ្ហា​ដ៏​លំបាក​សម្រាប់​អ្នក​ធ្វើ​គោលនយោបាយ នៅ​ពេល​ដែលសុទ្ទិដ្ឋិនិយមបាន​កើន​ឡើង​ខ្ពស់ចំពោះ​សេដ្ឋកិច្ច​ដែល​រីក​ចម្រើន​ឡើង​វិញដល់​កម្រិត​ជិត​៩​ភាគរយ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល​លោក។ ភាព​សុទ្ទិដ្ឋិនិយម​នោះ ​កំពុង​បង្ក​ឲ្យ​មាន​ការខឹង​សម្បារ​ ខណៈ​ដែល​ការ​ព្រួយ​បារម្ភ​មានកាន់តែច្រើន​ឡើង​ ដែល​ថា​អតិផរណាអាចចាក់​គ្រឹះ​រឹង​មាំ​តែ​ម្តង។

លោកស្រីអ៊ីឡា ប៉ាត​នីក​ (Ila Patnaik) សេដ្ឋ​វិទូនៅ​ឯ​វិទ្យាស្ថាន​ជាតិ​ហិរញ្ញវត្ថុ និង​គោល​នយោបាយ​សាធារណៈ ​នៅ​ក្នុង​ទីក្រុង​ញ៉ូដេលី បាន​ពិពណ៌នាអតិផរណា​នេះ ថា​ជាការ​គំរាម​កំហែងដ៏​ធ្ងន់​ធ្ងរ​។ លោកស្រីប៉ាតនីក ថ្លែង​ថា៖

«យើងជួប​ប្រទះ​អតិផរណាអស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ គិត​មក​ដល់​ឥឡូវ​នេះ ​ហើយ​អតិផរណា មិន​បានបាត់​ទៅ​វិញ​ទេ។ អ្នកតាក់​តែង​គោល​នយោបាយ​ ​ស្ទើរ​តែ​សង្ឃឹម​ថា អតិផរណា​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ អ្នក​បាន​យល់​ដឹង​ច្រើន​អំពី​គំនិតដែល​មិនអាច​ទៅ​រួច​ ដែល​គិត​ថា វា​ជា​បញ្ហា​ស្បៀ​ង​អាហារ​នេះ។ ដូច្នេះ​ ឲ្យ​តែ​មានទឹក​ភ្លៀង​ច្រើន​ វា​នឹង​មិន​មាន​អតិផរណាទៀត​ទេ។ ​អំឡុង​រដូវ​ភ្លៀង​មាន​អាហារច្រើន​។ ប៉ុន្តែ ខ្ញុំមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដែល​ថា ​អតិផរណា​គឺ​ជា​អ្វី​ដែល​នឹង​នៅ​ជា​មួយ​ពួក​យើងតែ​ម្តង»។

ផលិត​ភាពក្នុង​វិស័យកសិកម្មបាន​ជាប់គាំង​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​ប៉ុន្តែ​សេដ្ឋកិច្ច​រីកលូត​លាស់​ខ្លាំង​បាន​ដាក់ប្រាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុងហោ​ប៉ៅរបស់​ប្រជាពលរដ្ឋ​ ព្រម​ទាំងបាន​បង្កើតអ្នកទិញ​ទំនិញវណ្ណៈ​កណ្តាល​រាប់លាននាក់​សម្រាប់​ផលិត​ផល​ទឹក​ដោះ​គោ ​បន្លែ និង​សាច់។ បញ្ហាត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែធ្ងន់​ធ្ងរ​ឡើង​ដោយប្រព័ន្ធ​ចែក​ចាយ​ ដែលអនុញ្ញាត​ឲ្យ​បណ្តាញឈ្មួញ​កណ្តាលចូល​រួមសម្រប​សម្រួលរវាងកសិករ​ និង​អតិថិជន។ កសិករ​ទទួលបាន​តម្លៃ​ទាប​ ដែល​ធ្វើគាត់​មានទឹក​ចិត្ត ឬ​ថវិកា​តិច​តួច​ដើម្បី​វិនិយោគ​ឡើង​វិញទៅ​លើ​ដី​ស្រែ​របស់​ពួក​គាត់​ ប៉ុន្តែអតិថិជន​បាន​ចំណាយ​សោហ៊ុយដ៏ខ្ពស់។

លោក​ មុឃើជី រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ ថ្លែង​ថា បញ្ហា​ចោទ​ចំពោះ​សេចក្តី​ត្រូវ​ការផ្នែក​ការ​បែង​ចែក​ស្បៀងអាហារ​ត្រូវតែ​ដោះ​ស្រាយ។ លោក​បន្ត​ថា៖

«យើងត្រូវ​តែ​គ្រប់​គ្រងអតិផរណា ​សញ្ញាច្បាស់​លាស់គួរ​ត្រូវ​បាន​ផ្តល់ ការ​ចាត់​ចែងផ្គត់​ផ្គង់​ត្រូវ​តែ​ដោះ​ស្រាយ​ ឧបសគ្គ​រារាំងការផ្គត់​ផ្គង់​ត្រូវ​តែ​យក​ចេញ»។

សេដ្ឋ​វិទូ​មួយ​ចំនួនបាន​ឲ្យ​ដឹង​ថា ​តម្លៃស្បៀងអាហារ​ដ៏​ខ្ពស់មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​តែ​មួយ​គត់​នោះទេ។​ តម្លៃប្រេង​ឥន្ធនៈ​ និង​វត្ថុ​ធាតុ​ដើម​ផ្សេង​ៗ​ទៀត​ ដែល​ចេះ​តែ​កើន​ឡើង​ ក៏​អាចប៉ះ​ពាល់ដល់ឧស្សាហកម្ម​នេះ​ដែរ។ វិស័យ​រោង​ចក្ររបស់​ឥណ្ឌា​មាន​សកម្ម​ភាព​ធ្លាក់​ចុះ ​ហើយ​ការ​វិនិយោគ​ពី​បរទេសនៅ​ក្នុង​ប្រទេស​នេះ ​កាល​ពី​ឆ្នាំមុន​បាន​ធ្លាក់​ចុះ ​បើ​ទោះ​ជាមាន​សេដ្ឋកិច្ច​រីក​លូត​លាស់​ក៏​ដោយ។

លោកស្រីអ៊ីឡា ប៉ាតនីក សេដ្ឋវិទូ​ មាន​ប្រសាសន៍​ថា ​អតិផរណា​ដ៏​ខ្ពស់ ​អាច​កាត់​បន្ថយការ​ទាក់​ទាញ​របស់​ឥណ្ឌាសម្រាប់​ក្រុម​វិយោគិនបរទេស។ លោកស្រី​ ប៉ាតនីក និយាយថា៖

«អ្នក​មិន​អាច​ផ្តល់ឲ្យក្រុម​វិនិយោគិន​នូវ​បរិកាសធ្វើ​ជំនួញ​ដ៏​ល្អ​បាន​ទេ ​ដោយ​សារតែ​អ្នកមិនអាចប្រាប់​ពួក​គេថា​តើអ្វីជា​តម្លៃផលិត​កម្មដែល​នឹង​កើត​មាននៅ​ឆ្នាំ​ក្រោយ​ ឬឆ្នាំ​បន្ទាប់​ ហើយថា​តើពួក​គេ​នឹង​អាច​រក​ប្រាក់​ចំណេញបាន​ដែរ​ឬ​អត់»។

ធនាគារ​កណ្តាល​របស់​ឥណ្ឌា ​(Central Bank of India) បានពិពណ៌នាអតិផរណា​នេះ ថា​ជា​ការ​ព្រួយ​បារម្ភដ៏​លើស​លប់ ហើយបាន​ធ្វើឲ្យកើន​ឡើង​នូវអត្រា​ការ​ប្រាក់ចំនួន​៧​ដង កាល​ពី​ឆ្នាំ​មុន​ ​នៅក្នុង​កិច្ច​ប្រឹង​ប្រែងដើម្បី​ទប់​ទល់នឹងតម្លៃដែល​ចេះ​តែ​កើន​ឡើង​នេះ។ រដ្ឋាភិបាល ​បានបន្ធូរ​បន្ថយ​ពន្ធនាំ​ចូល​សម្រាប់​មុខ​ទំនិញស្បៀង​អាហារ​មួយ​ចំនួន​ នៅ​ចំ​ពេល​ដែលមាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ ដែល​ថា​ តម្លៃ​ដ៏​ខ្ពស់​កំពុង​ធ្វើឲ្យមានផល​ប៉ះ​ពាល់ដល់ប្រជា​ប្រិយ​ភាព​របស់​ខ្លួន។ ប៉ុន្តែសេដ្ឋវិទូ​បាន​ថ្លែង​ថា ​វិធាន​ការ​ទាំង​នេះ​អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ណាស់ ​នៅ​ក្នុង​ប៉ុន្មាន​ខែខាង​មុខ​ ហើយ​ព្រមាន​ថា ​សេដ្ឋកិច្ចក៏អាច​ធ្លាក់​ចុះ​ដែរ៕

XS
SM
MD
LG