ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​​ពី​ព្រឹត្តិ​ការណ៍​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ប្រទេស​ផ្សេងៗ​ទៀតពិចារណា​អំពី​បញ្ហា​អតិ​ផរណា​ម្ហូប​អាហារ


បុរសម្នាក់កាន់នំប៉័ងដែលទិញពីហាងលក់នំ​មួយ​នៅ​ក្នុង​​ទី​​ក្រុង​​​ឡឺកែរ (Cairo) នៅថ្ងៃ​ទី៦​ខែ​កុម្ភះ​ឆ្នាំ​២០១១។
បុរសម្នាក់កាន់នំប៉័ងដែលទិញពីហាងលក់នំ​មួយ​នៅ​ក្នុង​​ទី​​ក្រុង​​​ឡឺកែរ (Cairo) នៅថ្ងៃ​ទី៦​ខែ​កុម្ភះ​ឆ្នាំ​២០១១។

ជាមួយ​នឹង​ការស្រេក​ឃ្លាន​របស់​ប្រជា​ពលរដ្ឋ​អេហ្ស៊ីប​ចង់​បាន​សេរីភាព​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ តម្លៃ​ម្ហូប​អាហារ​ខ្ពស់​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​កម្លាំង​ជំរុញ​ទាំង​ឡាយ​ដែល​បាន​បណ្តេញ​លោក​ប្រធានាធិបតី​ ហូស្នី មូបារ៉ាក់ ​ចេញ​ពី​អំណាច​កាល​ពី​សប្តាហ៍​មុន។ ក្រុម​អ្នកជំនាញ​និយាយ​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ផ្សេង​ទៀត​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការកើន​ឡើង​នូវ​តម្លៃ​ម្ហូប​អាហារ​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ អេហ្ស៊ីប​និង​កំពុង​ពិចារណា​អំពី​ជម្រើស​ទាំង​ឡាយ​របស់​ខ្លួន។

ការបង្រ្កាប​របស់រដ្ឋាភិបាលអំពើ​ពុករលួយ ភាពគ្មាន​ការងារ​ធ្វើ និង​ភាព​ក្រីក្រ បាន​បង្រួប​បង្រួម​ក្រុម​អ្នក​តវ៉ា​ ដើម្បី​ប្រឆាំង​ទៅ​នឹង​របប​របស់​លោក​ប្រធានា​ធិបតី មូបារ៉ាក់។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​និយាយ​ថា ការកើន​ឡើង​នូវ​តម្លៃ​ម្ហូប​អាហារ​គឺ​ជាកត្តាជំរុញ​មួយ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ឡើង​នូវ​ការប្រឆាំង​តវ៉ា​ជាប្រវត្តិ​សាស្រ្ត​ទាំង​ឡាយ។

តម្លៃ​ស្រូវ​សាលី​ជាសាកល​ បាន​កើន​ឡើង​៦០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ ហើយប្រទេស​អេហ្ស៊ីប​គឺជា​អ្នក​នាំចូល​ស្រូវ​សាលី​ធំជាង​គេ​បង្អស់​នៅលើ​ពិភពលោក។

ប៉ុន្តែអ្នកស្រី​ ម៉ារី ប្រីល (Marie Brill) នៃ​ក្រុមអ្នកតស៊ូ​មតិ​ដែល​មាន​ឈ្មោះថា​ ActionAid និយាយ​ថាប្រការ​នេះ​មិនមែន​តែងតែ​ជា​មូលហេតុ​នោះ​ទេ។

«តាម​ពិត​ទៅ ខ្ញុំ​យល់​ឃើញ​ថា វា​គឺ​ជា​ការនិយាយ​ចំអក​ទៅ​វិញ​ទេ​ដែល​ថា ​ហេតុផលម្ហូប​អាហារ​គឺ​ជា​អ្វី​ដែល​បាន​បង្ក​ឲ្យ​មាន​ចលាចល​ផ្នែក​នយោ​បាយ​ចុង​ក្រោយ​នេះ​បើពិចារ​ណា​ទៅលើ​ទស​វត្សរ៍​១៩៦០ ពេល​ដែល​ប្រទេសអេហ្ស៊ីបគឺ​ជា​អ្នកផលិត​ស្រូវ​សាលី​ចម្បង​មួយ​និង​អាច​បំពេញ​តម្រូវការ​ស្រូវ​សាលី​របស់​ខ្លួន​បាន»។

ដូច្នេះ​តើ​មាន​អ្វី​ដែល​បាន​កើត​ឡើង? អ្នកស្រី​ ប្រីល និយាយ​ថា ​បញ្ហា​នេះគឺ​ត្រូវ​ត្រឡប់​មើល​ថយក្រោយ​វិញ​ក្នុងទសវត្សរ៍​១៩៨០ និង​១៩៩០ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ធនាគារ​ពិភពលោក និង​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជំរុញ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងឡាយ​ឲ្យ​នាំចូល​ស្រូវ​អង្ករ​ដែល​ត្រូវ​បាន​ផលិត​ក្នុង​តម្លៃ​ថោក​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ហើយ​ផ្តោត​វិស័យ​កសិកម្ម​របស់​ខ្លួន​ទៅ​លើ​ដំណាំ​នាំចេញ។

«នេះ​គឺ​ជា​គោលនយោ​បាយ​មួយ​ដែល​ត្រូវ​បាន​ជំរុញ​នៅ​ជុំវិញ​ពិភព​លោក​មិន​មែន​គ្រាន់តែ​នៅក្នុង​ប្រទេស​អេហ្ស៊ីប​និង​មជ្ឈិម​បូព៌ា​ប្រទេស​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​រក​ឃើញ​នោះ​គឺ​ថា​ខណៈ​ពេល​ដែល​ប្រទេស​អេហ្ស៊ីប​កាន់តែ​ពឹង​ផ្អែក​ច្រើន​ឡើងៗ​ទៅ​លើ​ការនាំ​ចូល​ស្រូវ​សាលី អេហ្ស៊ីប ក៏​កាន់តែ​ប្រឈម​កាន់​តែ​ច្រើន​ឡើងនូវ​ការឡើង​ថ្លៃ​ទំនិញ​និង​ការប្រែ​ប្រួល​តម្លៃទំនិញ»។

អ្នកជំនាញ​ផ្សេង​ទៀត​និយាយ​ថា មូលហេតុ​នៃ​បញ្ហា​ប្រឈម​របស់​អេហ្ស៊ីប​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ច្រើន​ជាង​នេះ​ខ្លាំង​ណាស់។ សកម្មជន​ប្រជាធិបតេយ្យ លោក មូហាមេដ អេលហ្សាម៉ី (Mohamed Eljahmi) បាន​ស្តីបន្ទោស​ទៅ​លើច្បាប់ស្តី​អំពីកំណែ​ទម្រង់​ដី​ធ្លី​ក្នុង​ទសវត្សរ៍​1950 និង​អភិបាលកិច្ច​មិន​ល្អ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​មិនមែន​គោលនយោបាយ​សេដ្ឋកិច្ច​ដែល​ផ្តួចផ្តើម​ឡើង​នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​នោះ​ទេ។

«ប្រការ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ដោយ​របប​ទាំងឡាយ​នៅក្នុង​ពិភព​អារ៉ាប់​ដើម្បី​និយាយ​ដោះសារ​ចំពោះបរាជ័យ​របស់​ខ្លួន។ បញ្ហា​គឺ​ថា​វាគឺ​ជាមរតក​មួយ​នៃ​អំពើ​ពុករលួយ។ មាន​ការខ្វះខាត​ការទទួលខុសត្រូវ។ ដូច្នេះ​បរាជ័យ​គឺ​ពិតជា​ស្ថិតនៅ​លើ​សារជាតិ​នៃ​រដ្ឋាភិបាល​យោធា​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​មិន​មែនមកពី​រូបិយ​វត្ថុ​អន្តរជាតិ​ឬ​អ្វី​ផ្សេង​ទៀត​នោះ​ទេ»។

ទោះ​ជា​មូលហេតុ​នៃ​បរាជ័យ​គឺ​ជា​អ្វី​ក៏​ដោយ ​ក៏ផលិតកម្ម​ម្ហូប​អាហារ​របស់​អេហ្ស៊ីប​មិន​បាន​តាម​ឲ្យ​ទាន់ជាមួយ​នឹង​កំណើន​ប្រជាពលរដ្ឋរបស់​ខ្លួន​នោះ​ទេ៕

ប្រែសម្រួលដោយ ឌី ខាំបូលី

XS
SM
MD
LG